២១:២៤
៥.៦.២០២២
- សំឡេងអ្នកបោះឆ្នោត៖ លោក ហម វាសនា អាយុ ៥៩ ឆ្នាំ ជាសន្តិសុខឯកជនរស់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ក្រុងភ្នំពេញបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតសាលាវិចិត្រសិល្បៈ។ លោកក៏បានឱ្យដឹងដែរថា៖ «មេឃុំដែលខ្ញុំចង់បានគឺជាមេឃុំដែលស្អាតស្អំហើយមេឃុំដែលបម្រើប្រជាពលរដ្ឋដោយពុំប្រកាន់និន្នាការគណបក្សនយោបាយពេលដែលខ្ញុំសម្រេចបោះឆ្នោតនេះគឺខ្ញុំបានមើលឃើញបុគ្គលហ្នឹងហើយគឺគាត់មានសមត្ថភាពបុគ្គលហ្នឹងគឺគាត់បម្រើប្រជារាស្រ្តដោយរលូនអាហ្នឹងគឺខ្ញុំបោះឆ្នោតឱ្យគាត់។ចៅសង្កាត់អត់មានរើសអើងប្រជាពលរដ្ឋនៅពេលដែលធ្វើលិខិតស្នាមអីគឺខ្ញុំចង់បានចៅសង្កាត់ហ្នឹង»។
២១:២៩
៥.៦.២០២២
- សំឡេងអ្នកបោះឆ្នោត៖ អ្នកស្រីដានី អាយុ ៣៣ ឆ្នាំជាស្ត្រីមេផ្ទះរស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញទើបតែបោះឆ្នោតរួចបានឱ្យដែរថា អ្នកស្រីមិនប្រកាន់បក្សណានោះទេសំខាន់បុគ្គលណា ដែលបម្រីប្រជាពលរដ្ឋបានល្អប្រសើរអ្នកស្រីបោះឱ្យបុគ្គលនោះ។ អ្នកស្រីបានឲ្យដឹងដែរថា៖ «គាត់ហ្នឹងហើយដែលគេហៅថាមេបារបស់យើង ចង់និយាយថា យើងអាចពឹងពាក់បានអីចឹង យើងអត់គិតថាលើបក្សឬមិនលើបក្សទេ សំខាន់មើលបុគ្គលណា គាត់អភិវឌ្ឍភូមិឃុំយើងអត់ ពីព្រោះខ្ញុំមើលតែបុគ្គលមិនមើលលើបក្សទេ ខ្ញុំមើលលើបុគ្គលថា គាត់មិនមែនតែយើងទេអ្នកផ្សេងទៅពឹងពាក់អីចឹងបានឬអត់ យើងមិនមែនប្រកាន់បក្សណាបក្សណីទេ ក៏ប៉ុន្តែសំខាន់អ្នកណាយើងអាចពឹងពាក់បានយើងបោះឱ្យអ្នកហ្នឹង»។
២១:៤៩
៥.៦.២០២២
- ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន បានចាត់ទុកការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ថា មិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាមលោក ថាច់ សេដ្ឋា ដែលបានប្រាប់ដល់សារព័ត៌មានវីអូឌី។
២៣:២៧
៥.៦.២០២២
- នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ បង្ហាញពីការតស៊ូរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបាត់បង់ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។ លោកចាត់ទុកការបោះឆ្នោតមួយនេះ «អាក្រក់ជាងពេលណាៗទាំអស់» ដោយសារមានការគំរាមកំហែងនៅមុនការបោះឆ្នោត និងភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតផងដែរ។