- ដោយ វីអូអេ ខ្មែរ
ពលរដ្ឋអាមេរិកាំងក្នុងរដ្ឋ Virginiaចេញបោះឆ្នោតទាំងព្រឹកព្រលឹម
បោះឆ្នោត ទី៣ ខែវិច្ឆិកានេះ។ មកទល់ពេលនេះ អ្នកបោះឆ្នោតមុនថ្ងៃកំណត់ មានដូចជាអ្នកបោះឆ្នោតតាមប្រៃសណីយ៍ និងដោយផ្ទាល់នៅទូទាំងប្រទេស មានចំនួនជិត ១០០ លាននាក់ គឺប្រមាណ ៦៥ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតសរុប ១៥០លាននាក់។ តួលេខអ្នកបោះឆ្នោតមុនថ្ងៃកំណត់ដ៏ខ្ពស់នេះ បង្ហាញថាចំនួនអ្នកទៅបោះឆ្នោតនៅឆ្នាំ ២០២០ អាចជាចំនួនខ្ពស់បំផុតក្នុងមួយសតវត្សរ៍ចុងក្រោយនេះ។
ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020
- ដោយ សុខ ខេមរា
សំឡេងអ្នកបោះឆ្នោត៖ លោក សែម ឌួង (Sam Duong) ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Charlotte រដ្ឋ North Carolina
នៅថ្ងៃបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០២០ នេះ ពលរដ្ឋខ្មែរអាមេរិកាំង ក៏ដូចជាពលរដ្ឋអាមេរិកាំងដទៃទៀតដ៏ច្រើនសន្ធឹកសន្ធាប់ បានចេញទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី និងសមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំតាមរដ្ឋនិងក្រុង នៅទូទាំងសហរដ្ឋអាមេរិក។ លោក សែម ឌួង ពលរដ្ឋខ្មែរអាមេរិកាំងមកពីទីក្រុង Charlotte ជាគ្រូគង្វាលព្រះវិហារសាសនាគ្រិស្តម្នាក់ ថ្លែងប្រាប់ VOA ថា៖ «បោះឆ្នោតនេះគឺថាជាសេរីភាពរបស់ខ្ញុំ ដែលខ្ញុំចង់បានសំឡេងខ្លួនខ្ញុំហើយខ្ញុំចង់រើសប្រធានាធិបតី ដែលខ្ញុំស្រឡាញ់ហើយ ដែលខ្ញុំដឹងថា គាត់នឹងមានសមត្ថភាពដើម្បីដឹកនាំប្រទេសនេះឲ្យបានជោគជ័យនូវអ្វី ដែលខ្ញុំប្រាថ្នាចង់បានដូច្នេះសំខាន់។ ដូច្នេះអត់មាននរណាបង្ខំខ្ញុំ ឃ្លាំមើលខ្ញុំឬក៏គំរាមខ្ញុំដើម្បីឲ្យខ្ញុំទៅបោះឆ្នោតទេ»។
ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020 #voaelections2020
ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋមួយចំនួនទទួលបានការហៅទូរស័ព្ទចូលស្វ័យប្រវត្តិដោយមិនដឹងពីប្រភព ដែលប្រាប់ឲ្យពួកគេស្នាក់នៅក្នុងផ្ទះនៅថ្ងៃបោះឆ្នោត។ នេះបើយោងតាមក្រុមមន្ត្រីនៅតាមរដ្ឋ និងមន្ត្រីរបស់គណបក្សនយោបាយ។ ប៉ុន្តែគ្មានសញ្ញាពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតទេ។
ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020
អ្នកបោះឆ្នោតខ្មែរអាមេរិកាំងខ្លះ ផ្តោតលើសេដ្ឋកិច្ច សនិ្តសុខ និងការបរទេស
អ្នកបោះឆ្នោតខ្មែរអាមេរិកាំងដែលរស់នៅតាមបណ្តារដ្ឋមួយចំនួនផ្តោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជាសេដ្ឋកិច្ច សន្តិសុខ និងគោលនយោបាយការបរទេសដែលពួកគេចង់ឃើញប្រធានាធិបតីដែលជាប់ឆ្នោតអាណត្តិថ្មីនេះធ្វើកំណែទម្រង់។
ពលរដ្ឋខ្មែរអាមេរិកាំងចូលរួមការបោះឆ្នោតថ្នាក់ជាតិនេះ ដែលមិនត្រឹមតែជាការជ្រើសរើសបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូបក្នុងចំណោមបេក្ខជនពីររូបគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកអតីតអនុប្រធានាធិបតីចូ បៃឌិន មកពីគណបក្សប្រជាធិបតេយ្យនោះទេ។
ប៉ុន្តែវាក៏ជាការចូលរួមជ្រើសរើសអ្នកដឹកនាំអ្នកតំណាងនានា រួមទាំងអភិបាលរដ្ឋអភិបាលក្រុង ចៅក្រមអាជ្ញាធរមូលដ្ឋានដែលដើរតួនាទីជួយដល់ការដឹកនាំសហរដ្ឋអាមេរិកដែលគេស្គាល់ថាជាបិតាប្រជាធិបតេយ្យនិងជាមហាអំណាចទី១លើពិភពលោក។