ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ប្រកួតយកតំណែងប្រធានាធិបតីនេះ។ VOA ផ្តល់ព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីនេះ ជាអត្ថបទ រូបភាព និងវីដេអូ។

០៩:១៣ ៨.១១.២០២០

ការ​ថ្លែង​សុន្ទរកថា​របស់​លោក Joe Biden និង​អ្នកស្រី Kamala Harris ដែល​ត្រូវព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​និង​អ្នកស្រី Kamala Harris បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រូវបាន​ព្យាករណ៍​ថា​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង Wilmington រដ្ឋ Delaware ដែល​ជា​ទី​កន្លែង​កំណើត​របស់​លោក បន្ទាប់​ពី​ត្រូវបាន​ព្យាករណ៍​ថា​ឈ្នះ​នៅ​រដ្ឋ Pennsylvania និង​រដ្ឋ Nevada ដោយ​ទទួលបាន​សំឡេង​ប្រតិភូ​អង្គ​បោះឆ្នោត​សរុប ២៧៩ លើស​ចំនួន​អង្គបោះឆ្នោត​យ៉ាង​តិច ២៧០ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត។

០៧:១៨ ៨.១១.២០២០

អ្នកស្រី Kamala Harris ត្រូវព្យាករណ៍ថានឹងឈ្នះឆ្នោតក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូងបង្អស់របស់អាមេរិក

អ្នកស្រី Kamala Harris បាន​បង្កើត​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ឈ្នះ​ការបោះឆ្នោត​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ដែល​ឈរ​ឈ្មោះ​ជាមួយ​នឹង​លោក​អតីត​អនុប្រធានាធិបតី Joe Biden ដែល​ត្រូវ​បាន​ព្យាករណ៍​ថា ​ឈ្នះ​ការ​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី។

អ្នកស្រី Kamala Harris​ នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​ជាប់​ឆ្នោត​ជា​ស្ត្រី​ដំបូង​បង្អស់ ជា​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ដំបូង​បង្អស់ និង​ក៏​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ដំបូង​បង្អស់ ដែល​បាន​ឈ្នះ​ចូល​កាន់​តំណែង​ខ្ពស់​បំផុត​ទី​ ២ នៅ​សហរដ្ឋអាមេរិក​នេះ​ផង​ដែរ។

អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​នឹង​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​យ៉ាង​ប្រាកដ​ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០២៤ ខាង​មុខ ប្រសិនបើ​លោក Joe Biden ដែល​នឹង​មាន​អាយុ ៧៨ ឆ្នាំ នៅ​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ខាង​មុខ​នេះ សម្រេច​ចិត្ត​ថា លោក​មិន​ចង់​ចូលរួម​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី ២ របស់​លោក​នោះ។ ប៉ុន្តែ​ អ្នកស្រី Kamala Harris មិន​បាន​បញ្ចេញ​យោបល់​ជា​សាធារណៈ​លើ​ការ​យល់ឃើញនេះ​ទេ។

វិទ្យាស្ថាន​ស្រាវជ្រាវ Edison Research និងបណ្តាញ​ទូរទស្សន៍​ធំៗ​របស់​សហរដ្ឋអាមេរិក ​កាល​ពី​ថ្ងៃសៅរ៍ បាន​ព្យាករណ៍​ពី​ជ័យ​ជម្នះ​របស់​អ្នកស្រី Kamala Harris និងលោក Joe Biden ដោយ​ផ្អែក​លើ​លទ្ធផល​ចុង​ក្រោយ​ក្រៅ​ផ្លូវ​ការ​ បើ​ទោះ​បី​ជា​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច​គឺ​លោក Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​ប្តេជ្ញា​បន្ត​ការ​ប្រជែង​ដោយ​ដាក់ពាក្យ​បណ្តឹង​ផ្សេងៗនៅ​តុលាការ​ក៏​ដោយ។

ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​មក​ពី​រដ្ឋ California អ្នកស្រី Harris មាន​ប្រវត្តិការងារ​ដែល​បំបែក​កំណត់​ត្រា​នានា។ អ្នកស្រី​បាន​បម្រើ​ការងារ​ជា​មេធាវី​ស្ត្រី​ដំបូងបង្អស់​នៅ​ទីក្រុង San Francisco និង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូងបង្អស់​ក្នុង​រដ្ឋ California ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គរដ្ឋអាជ្ញា​នៅ​ក្នុង​រដ្ឋនោះ។

បទពិសោធន៍​របស់​អ្នកស្រី Harris​ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ឧក្រិដ្ឋកម្ម អាច​ជួយ​រដ្ឋបាល របស់​លោក Biden ដោះស្រាយ​បញ្ហា​សមភាព​ជាតិ​សាសន៍​និង​បញ្ហា​ភាពឃោរឃៅរបស់​ប៉ូលិស បន្ទាប់​ពី​ប្រទេស​នេះ​ត្រូវ​បាន​ជួប​ការតវ៉ា​ជាច្រើន​នៅឆ្នាំនេះ។ អ្នកស្រី Harris ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​អ្នកប្រឹក្សា​ជាន់​ខ្ពស់​បំផុត​ម្នាក់ ក្នុង​ការ​តែង​តាំង​ចៅ​ក្រម​នានា។

អានព័ត៌មានលម្អិត

០១:០៤ ៨.១១.២០២០

លោក Joe Biden ត្រូវបាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ ២០២០

អតីត​ប្រធានាធិបតីលោក Joe R. Biden Jr. ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​អាមេរិក​មួយ​រូប ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ ហើយ​ត្រូវ​ព្យាករណ៍​ថា នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា ឆ្នាំ ២០២១​ ខាង​មុខ ដោយ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី៤៦ ហើយមានវ័យ​ចាស់​ជាង​គេ ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

នៅ​រសៀល​ថ្ងៃ​សៅរ៍ លោក Biden ​ត្រូវបាន​ព្យាករណ៍​ថា​ឈ្នះ​នៅ​រដ្ឋ Pennsylvania ដោយ​ទទួល​បាន​សំឡេង​ប្រតិភូ​អង្គ​បោះឆ្នោត ២០ បន្ថែម​ទៀត ដែល​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​អង្គ​បោះឆ្នោត​សរុប ២៧៣ មក​ទល់​ពេល​នេះ លើស​សំឡេង​អង្គបោះឆ្នោត​ចាំបាច់តិចបំផុត ២៧០ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

ដោយ​ឡែក ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​តែ​ធ្វើ​បន្ត​ទៀត នៅក្នុង​រដ្ឋ​សេសសល់​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា ​រដ្ឋ Georgia រដ្ឋ Alaska រដ្ឋ​ Arizona រដ្ឋ Nevada និង​រដ្ឋ North Carolina។

កាល​ពីថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Trump បាន​ធ្វើ​ការចោទ​ប្រកាន់​ដោយគ្មាន​ភស្តុតាងលើ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ ពី​ការ​រៀបចំឲ្យ​មាន​ការលួច​បន្លំ​ និង​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ ដើម្បី​រារាំង​លោក​មិន​ឲ្យ​ជាប់​ឆ្នោត​ធ្វើ​ជាប្រធានាធិបតី​អាណត្តិ​ទី ២។

លោក​ប្រធានាធិបតី Trump បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ពេល​នោះ​ថា៖ «នេះ​ជា​ករណី​ដែល​ពួកគេ​កំពុង​ព្យាយាម​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត ហើយ​យើង​មិន​អាច​អនុញ្ញាតឲ្យ​បញ្ហា​នេះ​កើត​ឡើង​បាន​ទេ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែលកំពុង​តស៊ូ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បន្ត​ប្តឹង​តវ៉ា​ដល់​ការរាប់​សន្លឹក​ឆ្នោត​ ទោះបី​ជា​មិន​បាន​ជោគជ័យ​ចំនួន​ពីរដង​ នៅ​ក្នុង​រដ្ឋ​ដែល​មាន​ជម្លោះ​សំខាន់ៗ​ពីរ ដើម្បី​ឈ្នះ​ការបោះឆ្នោត​ក៏ដោយ។

នៅក្នុងរដ្ឋ Nevada ដែល​ជា​រដ្ឋ​លម្អៀងទៅរក​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យលោក Joe Biden បាន​រក្សា​ការនាំមុខលោក Trump បន្តិច​ នៅ​ក្នុង​ការរាប់​សន្លឹក​ឆ្នោតនោះ យុទ្ធនាការ​ឃោសនា​ការបោះឆ្នោត​របស់​លោក Trump និង​គណបក្ស​សាធារណរដ្ឋ​របស់​រដ្ឋ​នោះ បាន​ប្រកាស​ការប្តឹងផ្តល់​ ដោយអះអាង​ថា​ មាន​អ្នក​ចំនួន​យ៉ាង​តិច​ ១ ម៉ឺន​នាក់ ​ដែល​មិន​មែន​ជា​អ្នក​រស់នៅ​ក្នុង​រដ្ឋ​នោះ ​បាន​បោះឆ្នោត​ដោយ​ខុសច្បាប់​ នៅ​ក្នុង​រដ្ឋ Nevada ហើយថា​ សន្លឹក​ឆ្នោត​របស់​អ្នកទាំងនោះ​បាន​ត្រូវ​គេ​រាប់៕

២៣:៥៦ ៧.១១.២០២០

លោក ចូ បៃឌិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ព្យាករណ៍​ថា បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ ២០២០ ដោយ​ទទួលបាន​អង្គ​បោះឆ្នោត​សរុប ២៧៣ បន្ទាប់​ពី​ត្រូវបាន​ព្យាករណ៍​ថា ឈ្នះ​នៅ​រដ្ឋ Pennsylvania។

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG