អ្នកបោះឆ្នោតខ្មែរអាមេរិកាំងដែលរស់នៅតាមបណ្តារដ្ឋមួយចំនួនផ្តោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជាសេដ្ឋកិច្ច សន្តិសុខ និងគោលនយោបាយការបរទេសដែលពួកគេចង់ឃើញប្រធានាធិបតីដែលជាប់ឆ្នោតអាណត្តិថ្មីនេះធ្វើកំណែទម្រង់។
ពលរដ្ឋខ្មែរអាមេរិកាំងចូលរួមការបោះឆ្នោតថ្នាក់ជាតិនេះ ដែលមិនត្រឹមតែជាការជ្រើសរើសបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូបក្នុងចំណោមបេក្ខជនពីររូបគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកអតីតអនុប្រធានាធិបតីចូ បៃឌិន មកពីគណបក្សប្រជាធិបតេយ្យនោះទេ។ ប៉ុន្តែវាក៏ជាការចូលរួមជ្រើសរើសអ្នកដឹកនាំអ្នកតំណាងនានា រួមទាំងអភិបាលរដ្ឋអភិបាលក្រុង ចៅក្រមអាជ្ញាធរមូលដ្ឋានដែលដើរតួនាទីជួយដល់ការដឹកនាំសហរដ្ឋអាមេរិកដែលគេស្គាល់ថាជាបិតាប្រជាធិបតេយ្យនិងជាមហាអំណាចទី១លើពិភពលោក។
មកដល់ថ្ងៃបោះឆ្នោតទី៣ ខែវិច្ឆិកា នេះ អ្នកបោះឆ្នោតមុនថ្ងៃកំណត់តាមប្រៃសណីយ៍និងដោយផ្ទាល់នៅទូទាំងប្រទេសមានចំនួនជិត១០០ លាននាក់ ប្រមាណ ៦៥ ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតសរុប ១៥០លាននាក់។ ខណៈដែលតួលេខអ្នកបោះឆ្នោតមុនថ្ងៃកំណត់ដ៏ខ្ពស់នេះ បង្ហាញថាចំនួនអ្នកទៅបោះឆ្នោតនៅឆ្នាំ ២០២០ អាចជាចំនួនខ្ពស់បំផុតក្នុងមួយសតវត្សរ៍ចុងក្រោយនេះ ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំង ជ្រើសរើសបេក្ខជនប្រធានាធិបតីដែលគិតគូរពីគោលនយោបាយដែលពួកគេចង់បាន។
មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យហើយមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៧៨ លោក បួរវ៉ាត់ សិទ្ធិ អាយុ៦៦ឆ្នាំជាបុគ្គលិកចូលនិវត្តន៍នៃការិយាល័យសង្កាត់ផ្នែកអប់រំទទួលបន្ទុកកម្មវិធីយុវជន។ រស់នៅសង្កាត់ King County ក្នុងរដ្ឋ Washington លោកបានថ្លែងប្រាប់VOA ថា លោកបានបោះឆ្នោតតាមប្រៃសណីយ៍រួចហើយ។
លោក បួរវ៉ាត់ សិទ្ធិ និយាយថា លោកចង់បានដំណើរការសេដ្ឋកិច្ចជំនួញរីកលូតលាស់កាន់តែខ្លាំងហើយនិងចង់ឲ្យមានការគោរពច្បាប់និងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខល្អក្នុងតំបន់ទីក្រុង Seattle រដ្ឋ Washington។
លោក បួរវ៉ាត់ សិទ្ធិ ថ្លែងថា៖ «ពេលណាមានព្រឹត្តិការណ៍អីកើតឡើងយើងនៅរដ្ឋវ៉ាស៊ីនតោនហ្នឹងជារដ្ឋដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យហើយគណបក្សប្រជាធិបតេយ្យគេលើកដម្កើងណាស់រឿងបាតុកម្ម ការទាមទារសេរីភាពប៉ុន្តែបាតុកម្មដែលជារឿយៗដែលកើតឡើងនៅក្នុងទីក្រុង Seattle នៅរដ្ឋ Washington ហ្នឹងគឺមានការដុតឡានប៉ូលិសបិទថ្នល់មិនឲ្យអ្នកភូមិចូលគឺថាតំបន់ណាដែលពួកបាតុករវាកាន់កាប់វាមិនឲ្យអ្នកណាចូលវាកើតជាតំបន់អាណាធិបតេយ្យ។វាហាក់ដូចជាទីក្រុង Seattle ហ្នឹងក្លាយជាទីក្រុងអត់មានច្បាប់ទីក្រុងអាណាធិបតេយ្យហើយជំនួញ វាចាប់ផ្តើមពេលណាអត់មានសុវត្ថិភាព សន្តិសុខចាប់ផ្តើមចេញហើយកាលណាចាប់ផ្តើមចេញវាប៉ះពាល់សេដ្ឋកិច្ច»។
ដោយយោងលើអំពើហិង្សាកាលពីខែកញ្ញាកន្លងទៅនិងកាលពីអតីកាលផងនោះលោក បួរវ៉ាត់ សិទ្ធិ ថាការមិនគោរពច្បាប់និងសណ្តាប់ធ្នាប់សង្គមធ្វើឲ្យមានការបារម្ភរឿងសន្តិសុខដែលអាចឲ្យក្រុមហ៊ុននានាដកចេញ។ លោកបញ្ជាក់ថា នៅក្នុងសង្កាត់ King County គឺមានសេដ្ឋកិច្ចមុខជំនួញសំខាន់ៗរោងចក្រសហគ្រាសដូចជាក្រុមហ៊ុនយន្តហោះ Boeing ដែលត្រូវបានដកចេញមួយផ្នែកទៅកាន់រដ្ឋ South Carolinaដែលជារដ្ឋមានអ្នកបោះឆ្នោតភាគច្រើនគាំទ្រគណបក្សសាធារណរដ្ឋ។ លោកបន្តថាលោកចង់ឃើញសេដ្ឋកិច្ចដំណើរការដោយប្រសើរការងារចូលមកពីចិនវិញក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។ តែលោកមិនមានសង្ឃឹមថាលោកTrumpនឹងកើនសំឡេងច្រើននៅរដ្ឋ Washington ទេ ដោយសារនេះជារដ្ឋមានអ្នកបោះឆ្នោត គាំទ្រគណបក្សប្រជាធិតេយ្យច្រើនជាងគណបក្សសាធារណរដ្ឋតាំងពីយូរណាស់មកហើយ។
លោកបួរវ៉ាត់ សិទ្ធិយល់ឃើញថាមានមនុស្សច្រើនក៏មានការផ្លាស់ប្តូរដែរបន្ទាប់ពីពួកគេបានឃើញពីការដឹកនាំខ្លាំងរបស់លោក Trump។
«តែបងជឿថាមនុស្សច្រើនប្តូរពីគណបក្សប្រជាធិបតេយ្យមកគណបក្សសាធារណរដ្ឋខ្ញុំជឿថាមានច្រើនតាំងពីគេបានឃើញមានបាតុកម្មដុតផ្ទះដុតអីហ្នឹងខ្ញុំជឿថាមានបងប្អូនអាមេរិកាំងគេត្រឡប់មកគាំទ្រគណបក្សសាធារណរដ្ឋដោយសារគេឃើញទី១ លោក Trump នាំកិច្ចការត្រឡប់មកពីចិនហើយបង្កើតការងារ ហើយទី២គេឃើញលោក Trump ហ្នឹងជាមនុស្សដែលខ្លាំងហ៊ានប្រឈមមុខជាមួយចិនអារឿងកិច្ចចរចាខាងពាណិជ្ជកម្មគាត់ខ្លាំងរឿងគាត់ហ្នឹងជាមនុស្សដែលបន្ធូរបន្ថយលុយជំពាក់deficit(ឳនភាពថវិកា)»។
តែលោក អួង រិទ្ធី ខ្មែរអាមេរិកាំងមកពីរដ្ឋ Massachusetts និងជាអតីតក្រុមប្រឹក្សាក្រុងឡូវែលដំបូងគេក្នុងប្រទេសអាមេរិក ថ្លែងថាលោកបានទៅបោះឆ្នោតដោយចង់ឃើញមានការផ្លាស់ប្តូរក្នុងប្រទេសផ្នែកសេដ្ឋកិច្ចការងារ សន្តិសុខការមិនប្រកាន់ជាតិសាសន៍និង ការដែលមានមេដឹកនាំល្អម្នាក់។
លោក អួង រិទ្ធី ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញហើយមករស់នៅសហរដ្ឋអាមេរិកក្នុង១៩៨០ បាននិយាយថា៖ «អីចឹងចំពោះខ្ញុំ ខ្ញុំចង់ឃើញគណបក្សប្រជាធិបតេយ្យឈ្នះចង់ឃើញលោក Biden ឈ្នះចង់ឃើញថាមានការផ្លាស់ប្តូរខ្លះៗជាពិសេសពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិសង្ឃឹមថាព្រោះថាបើសិនជាផ្លាស់ប្តូរទៅក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យប្រហែលជាសេដ្ឋកិច្ចអាចខ្លាំងឡើងវិញ»។
លោក អួង រិទ្ធី ថ្លែងដូច្នេះដោយអះអាងថាលោក Trump ក្អេងក្អាងបង្កើតចលាចលក្នុងសង្គម ការរើសអើងជាតិសាសន៍ដែលធ្វើឲ្យសង្គមប្រេះឆាហើយបានបង្កជម្លោះជាមួយចិននិងប្រទេសនានាក្នុងពិភពលោក។ លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការណ៍ដែលលោកត្រាំ បានបង្កទំនាស់ជាមួយចិនធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយចិននិងប្រទេសដទៃគ្មានដំណើរការល្អការងារក្នុងស្រុកមិនសូវមានហើយនឹងការបង្កអរិភាពជាមួយប្រទេសជាច្រើនក្រោយពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនានាដូចជាបរិស្ថានពិភពលោកអាវុធនុយក្លេអ៊ែ និងពាណិជ្ជកម្មមួយចំនួនទៀត។
ទោះជាយ៉ាងណាលោក រិទ្ធី គាំទ្រការសម្រេចចិត្តរបស់ពលរដ្ឋក្នុងការប្រើសេរីភាពបោះឆ្នោតទោះបីពួកគេបោះឆ្នោតជូនបេក្ខជនណាមួយនិងមានសំឡេងតិចក្តី។
លោក អួង រិទ្ធី និយាយបន្តថា៖ «ក្នុងនាមជាពលរដ្ឋអាមេរិកាំងនេះសូមចេញទៅបោះឲ្យបានគ្រប់គ្នាព្រោះជាភារកិច្ចនិងជាកាតព្វកិច្ចរបស់យើងជាពលរដ្ឋពេញសិទ្ធិហើយជ្រើសរើសតំណាងរបស់យើងជ្រើសរើសបេក្ខជនរបស់យើងដែលយើងតាមដានដែលយើងជឿជាក់ថាគេនឹងអាចដឹកនាំប្រទេសធ្វើច្បាប់ទៅតាមអ្វីដែលយើងចង់បានចង់ឃើញ»។
លោក ជា មាស ដែលជាមន្ត្រីសង្គមកិច្ចរស់នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania មានដើមកំណើតនៅស្រុកជើងព្រៃខេត្តកំពង់ចាមនិងបានមករស់នៅក្នុងប្រទេសអាមេរិកតាំងពីឆ្នាំ១៩៨៥។ លោកថាលោកបានចេញទៅបោះឆ្នោតរួចហើយនៅក្បែរផ្ទះលោកហើយលោកមានការពេញចិត្តនឹងនយោបាយសេដ្ឋកិច្ចនិងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី Trump។
លោក ជា មាស ថ្លែងថា៖ «ទី១ខ្ញុំពេញចិត្តនយោបាយការបរទេសរបស់លោក Donald Trumpក្រោយពេលបិទសហរដ្ឋអាមេរិកកាលពីខែមីនាមកគាត់ចាត់វិធានការក្តៅមួយគឺថាកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនយោបាយជាមួយចិនកាត់ភ្លាមតែម្តង»។
លោកបន្តថានយោបាយការបរទេសលោកTrump អាចធ្វើឲ្យក្រុមហ៊ុនអាមេរិកាំងជាច្រើនវិលមកអាមេរិកវិញហើយផ្តល់ការងារដល់ពលរដ្ឋអាមេរិកាំងច្រើនជាងមុន។ ហើយលោកថា លោក Trump ផ្តល់សន្តិសុខដល់ពលរដ្ឋអាមេរិកាំងនៅអាមេរិកនិងនៅអន្តរជាតិទោះបីមានការគំរាមកំហែងសន្តិសុខជាតិពី អ៊ីរ៉ង់ និងសន្តិសុខពិភពលោកពីប្រទេសកូរ៉េខាងជើង។
លោក ជា មាស និយាយថា៖ «បីបួនចំណុចហ្នឹងដែលខ្ញុំពេញចិត្តនិងខាងគណបក្សសាធារណរដ្ឋដែលគាត់អាចដោះស្រាយបានតែបញ្ហារឿងកូវីដខ្ញុំឃើញចំណាត់ការរបស់គាត់ដំបូងដៃហ្នឹងឃើញថាគាត់គិតថាដំបូងដៃហ្នឹងមិនដល់ប៉ុណ្ណឹង»។
ពលរដ្ឋខ្មែរអាមេរិកាំងពលរដ្ឋអាមេរិកាំងដើមកំណើតផ្សេងទៀត និងពលរដ្ឋអាមេរិកាំងប្រមាណ១០០លាននាក់ក្នុងចំណោមពលរដ្ឋសរុបប្រមាណ១៥០លាននាក់ដែលមានសិទ្ធិបោះឆ្នោតបានបោះឆ្នោតមុនកាលកំណត់តាមប្រៃសណីយ៍និងដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានាពាសពេញសហរដ្ឋអាមេរិកទៅតាមអ្វីដែលគេចង់បានការផ្លាស់ប្តូរក្នុងប្រទេសក្នុងរដ្ឋ និងសហគមន៍ដែលគេរស់នៅរៀងខ្លួន។លទ្ធផលនៃការបោះឆ្នោតនេះត្រូវគេដឹងថាទំនងគ្រាន់តែអាចដឹងបឋមៗក្រៅផ្លូវការពីការនាំមុខរបស់បេក្ខជនណាមួយក្នុងចំណោមបេក្ខជនប្រធានាធិបតីទាំងពីរប៉ុណ្ណោះនៅពេលបិទបញ្ចប់ការិយាល័យបោះឆ្នោតនៅយប់ម៉ោង ៧និង៣០ ឬម៉ោង៨ យប់នៅថ្ងៃបោះឆ្នោតតាមរដ្ឋនានា។ តែលទ្ធផលជាផ្លូវការត្រូវគេបញ្ជាក់ឲ្យដឹងថានឹងមិនអាចដឹងភ្លាមៗបានទេដោយសារតែការបោះឆ្នោតតាមប្រៃសណីយ៍រអាចនឹងត្រូវការពេលរាប់ច្រើនហើយពាក្យបណ្តឹងមួយចំនួនអាចត្រូវការពេលវេលាដោះស្រាយ។
សម្រាប់លោក ទូច វិបុល ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងHigh Point រដ្ឋNorth Carolinaដែលជារដ្ឋមានការប្រទាញប្រទង់ខ្លាំងរវាងបេក្ខជនប្រធានាធិបតីទាំងពីរបានថ្លែងថាលោកបានបោះឆ្នោតរួចហើយដើម្បីចង់ឃើញមានការផ្លាស់ប្តូរពីគោលនយោបាយខ្លះដែលលោកយល់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់បានអនុវត្តន៍។
លោក ទូច វិបុល និយាយថា៖ «អ្វីដែលយើងចង់ឃើញទៅខាងមុខហ្នឹង គឺការប្រែប្រួលគោលនយោបាយថ្មី ដែលសហរដ្ឋអាមេរិកខកខានមិនបានធ្វើកាលពីរយ:ពេល៤ឆ្នាំកន្លងមក»។
គោលនយោបាយទាំងនោះត្រូវបានលោកទូច វិបុលអះអាងថាគឺការដោះស្រាយបញ្ហាវិបត្តិកូវីដ១៩បញ្ហាជនអន្តោប្រវេសន៍ដែលមានការចាប់បញ្ជូនពលរដ្ឋចេញទៅក្រៅប្រទេសការមិនបានអនុគ្រោះដល់ជនភៀសខ្លួនក្នុងការទទួលបានសិទ្ធិរស់នៅសហរដ្ឋអាមរិកនិងបញ្ហាសេដ្ឋកិច្ចដែលត្រូវតែរឹងម៉ាំនៅអាណត្តិរដ្ឋាភិបាលក្រោយនេះ។
«សេដ្ឋកិច្ចដែលយើងចង់ឃើញហ្នឹងគឺចង់ឃើញគោលនយោបាយសហរដ្ឋអាមេរិកឈរកាន់តែរឹងម៉ាំជាមួយនឹងប្រទេសចិនជាពិសេសដែលជាដៃគូពាណិជ្ជកម្មដ៏ធំនៅក្នុងការអភិវឌ្ឃសេដ្ឋកិច្ចរបស់ខ្លូនយើងចង់ឃើញសហរដ្ឋអាមេរិកមានគោលការណ៍ដូចថាពាក់ព័ន្ធនឹងការផលិតនូវឧបករណ៍សម្ភារ:ប្រើប្រាស់នានាផ្នែកសុខាភិបាលយើងចង់ឃើញសហរដ្ឋអាមេរិកបង្វិលក្រុមហ៊ុនធំនានាមកវិនិយោគទុននៅក្នុងសហរដ្ឋអាមេរិកវិញវាមិនគ្រាន់តែធានាផ្នែកសុវត្ថិភាពប៉ុណ្ណោះទេតែវាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិកកាន់តែច្រើនឡើង»។
បេក្ខជនប្រធានាធិបតីទាំងពីរបានបញ្ចេញគម្រោងការនានាដើម្បីធានាជាមួយម្ចាស់ឆ្នោតចំពោះការរីកចម្រើនសេដ្ឋកិច្ចសន្តិសុខ មានការងារធ្វើច្រើនសុខមាលភាពសង្គមធ្វើឲ្យមានការគោរពច្បាប់ជាដើម។នៅកន្លែងខ្លះលោកអតីត:អនុប្រធានាធិបតីចូ បៃឌិនបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានផ្តោតការយកចិត្តទុកដាក់របស់លោកខាងសេដ្ឋកិច្ច ខាងជំងឺកូវីដ និងការធានារ៉ាប់រងសុខភាពពលរដ្ឋអាមេរិកាំងហើយវាយប្រហារដៃគូប្រជែងរបស់លោកគឺលោកប្រធានាធិតីត្រាំពីការមិនគិតគូពីសុខភាពពលរដ្ឋអាមេរិកាំងការរើសអើងជាតិសាសន៍ការធ្វើឲ្យធ្លាក់ចុះសេដ្ឋកិច្ច។លោក ត្រាំវិញបានផ្តោតលើសន្តិសុខសង្គមការគោរពច្បាប់និងការធានាសេដ្ឋកិច្ចនិងបង្កើនការងារហើយស្តីបន្តោសលោក បៃឌិន និង គណបក្សប្រជាធិបតេយ្យថាបានធ្វើឲ្យសេដ្ឋកិច្ចចុះអន់ថយដោយសារតែបណ្តោយឲ្យចិនធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ហើយទាញយកការងារវិនិយោគពីក្រុមហ៊ុនអាមេរិកដែលច្រើននាំឲ្យបាត់បង់ការងារក្នុងស្រុកជាដើម។
បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោកប្រធានាធិបតី Donald Trump បានស្វះស្វែងរកសំឡេងឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៤ កាលពីថ្ងៃច័ន្ទនេះ រីឯបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden វិញ បានផ្តោតលើរដ្ឋ Pennsylvaniaនិងរដ្ឋ Ohio នៅក្នុងថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ។
លោក Trump ស្ថិតនៅក្រោយលោក Biden នៅក្នុងការស្ទង់មតិថ្នាក់ជាតិ មុនថ្ងៃបោះឆ្នោតចូលមកដល់នៅថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែ ការប្រកួតប្រជែងនេះត្រូវបានគេមើលឃើញថាមានលក្ខណៈប្រកៀកប្រកិតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដែលលោក Trump នៅតែអាចឈ្នះបានប្រតិភូចំនួន២៧០នាក់ នៃប្រតិភូសរុបចំនួន ៥៣៨នាក់នៃអង្គបោះឆ្នោត ដែលជាចំនួនភាគច្រើនដើម្បីឈ្នះការបោះឆ្នោត។
កាលពីថ្ងៃច័ន្ទនេះ លោក Trump បានឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ North Carolina រដ្ឋ Pennsylvania រដ្ឋ Wisconsin និងរដ្ឋ Michigan។ លោក Trump នឹងបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅក្នុងទីក្រុង Grand Rapids រដ្ឋ Michigan ដែលជាកន្លែងដដែល ដែលលោកបានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ ២០១៦។
ចំណែកឯលោក Biden និងអ្នកស្រី Kamala Harris ដែលជាបេក្ខជនអនុប្រធានាធិបតីរបស់លោក រួមទាំងក្រុមគ្រួសាររបស់អ្នកទាំងពីរ បានចំណាយពេលភាគច្រើននៅថ្ងៃច័ន្ទនេះនៅរដ្ឋ Pennsylvania ដោយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងរដ្ឋនោះ ដែលលោក Biden សង្ឃឹមថា ជារដ្ឋដ៏សំខាន់ដើម្បីឈ្នះការបោះឆ្នោតនេះ។
លោក Biden ដែលគេចាត់ទុកថាបាននាំមុខលោកត្រាំក៏បានឆ្លៀតចូលឃោសនានៅក្នុងរដ្ឋ Ohio ដែលនៅក្បែរនោះផងដែរ។រដ្ឋ Ohioនេះគឺជារដ្ឋដែលលោកTrump បានឈ្នះកាលពីឆ្នាំ ២០១៦ ប៉ុន្តែការស្ទង់មតិបច្ចុប្បន្នបានបង្ហាញថា លោក Trump និងលោក Biden មានការគាំទ្រប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋនេះ៕