លោក សម រង្ស៊ី បានអះអាងតាមទំព័រហ្វេសប៊ុករបស់លោកថា លោកបានឡើងយន្តហោះចេញពីទីក្រុងប៉ារីសហើយកាលពីថ្ងៃសុក្រទី៨ ខែវិច្ឆិកា នៅមួយថ្ងៃក្រោយពីលោកត្រូវបានរារាំងមិនឲ្យឡើងយន្តហោះអាកាសចរណ៍ថៃមកកាន់ទីក្រុងបាងកក។ លោកមិនបានបញ្ជាក់ថាគោលដៅថ្មីជាទីណានោះទេ។
តំណាងរាស្រ្តអាមេរិកាំង៨រូបសរសេរលិខិតទៅលោកហ៊ុន សែន សម្តែងការព្រួយបារម្ភ
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួន៨រូប បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសម្តែងការព្រួយបារម្ភពីសុវត្ថិភាពថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលគ្រោងនឹងវិលទៅដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍នេះ។
អ្នកតំណាងរាស្ត្រទាំង៨រូបមកពីគណបក្សទាំងពីរនៅក្នុងសភាតំណាងរាស្ត្រគឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ រួមមានលោកអាឡាំង ឡូវឹនសល លោកស្ទីវ ឆាបុត្រ លោកអ៊ីលៀត អ៊ីងហ្កល លោកថេត យូហូ លោកប្រែដ សឺមឹន លោកជែម ម៉ាក់ហ្កូវឺន លោកស្រីឡូរី ត្រាហាន់ និងលោកជេរ៉ល ខូណូលី។
អ្នកតំណាងរាស្រ្តទាំង៨រូបបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាពួកគេបានដឹងពីដំណើរនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅកម្ពុជានិងព្រួយបារម្ភខ្លាចមានហិង្សាណាមួយកើតមានឡើង។
លិខិតរបស់អ្នកតំណាងរាស្ត្រដែលបានចេញផ្សាយនៅថ្ងៃសុក្រ ហើយវីអូអេទទួលបានច្បាប់ចម្លងមួយបញ្ជាក់ថា៖
«យើងព្រួយបារម្ភយ៉ាងខ្លាំងនឹងអត្ថាធិប្បាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគំរាមកំហែងនិងបណ្តោយឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកទាំងនេះ នៅពេលដែលពួកគេត្រឡប់ទៅវិញ»។
- ដោយ ទែន សុខស្រីនិត
អ្នកនយោបាយលោកខាងលិចស្នើឲ្យមេដឹកនាំខ្លួនគាំទ្រមាតុភូមិនិវត្តន៍របស់បក្សប្រឆាំងនៅកម្ពុជា
បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងសមាជិក រួមទាំងសកម្មជនគណបក្សមួយចំនួនត្រូវបានរារាំងមិនឲ្យធ្វើដំណើរឆ្លងកាត់ប្រទេសទីពីរ ដើម្បីវិលចូលប្រទេសកម្ពុជាវិញ អ្នកនយោបាយនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់លោកខាងលិច បានជំរុញឲ្យរដ្ឋាភិបាលរបស់ខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំនិងសមាជិកបក្សប្រឆាំងកម្ពុជា។
សមាជិកសភាបារាំងចំនួន១៩នាក់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ដោយស្នើឲ្យរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប «ធានានិងគាំទ្រគម្រោងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ» ក្នុងការធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជាវិញ បើទោះបីជាមានការគំរាមកំហែងនិងការទប់ស្កាត់ពីសំណាក់រដ្ឋាភិបាលកម្ពុជាក៏ដោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោក André Gattolin សមាជិកព្រឹទ្ធសភាបារាំងម្នាក់ប្រចាំតំបន់ Hauts-de-Seine នៃប្រទេសបារាំង ដែលត្រូវបានចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Mediapart កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅនេះ។
- ដោយ ស៊ុន ណារិន
សមត្ថកិច្ចបន្តរឹតបន្តឹងការឆ្លងកាត់ព្រំដែនប៉ោយប៉ែតដោយឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរ
សមត្ថកិច្ចចម្រុះរាប់រយនាក់ ដែលមាននគរបាល ប៉េអឹម និងទាហាន ដែលប្រដាប់ដោយកាំភ្លើងវែងនិងខ្លី នៅរសៀលថ្ងៃសៅរ៍នេះ បន្តរឹតបន្តឹងការឆ្លងកាត់ចូលទៅព្រំដែនប៉ោយប៉ែត។
សមត្ថកិច្ចម្នាក់បានប្រកាសតាមឧបករណ៍ឧគ្ឃោសនស័ព្ទប្រាប់ទៅពលរដ្ឋដែលឈររង់ចាំ និងតាមដានស្ថានភាពនៅតាមបណ្តោយផ្លូវជាតិលេខ៥ថា កម្មករដែលធ្វើការនៅកាស៊ីណូ និងជនបរទេសដែលឆ្លងកាត់ទៅប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យចូល។ ប៉ុន្តែពលរដ្ឋខ្មែរដែលត្រូវឆ្លងកាត់ និងចូលទៅរកស៊ីនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ មិនត្រូវបានអនុញ្ញាតឲ្យចូលនោះទេ។
ការរឹតបន្តឹងសន្តិសុខនេះធ្វើឡើង ក្នុងពេលដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ មានគម្រោងវិលត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនប៉ោយប៉ែតនៅថ្ងៃសៅរ៍នេះ។