លោក សម រង្ស៊ី នៅតែប្ដេជ្ញាធ្វើមាតុភូមិនិវត្តន៍ ទោះរដ្ឋាភិបាលថៃបដិសេធមិនឲ្យឆ្លងកាត់
បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសមិនអនុញ្ញាតឲ្យលោក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឆ្លងកាត់ប្រទេសថៃដើម្បីចូលមកកម្ពុជា លោក សម រង្ស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP តាមរយៈទូរស័ព្ទពីទីក្រុង ប៉ារីស ថា លោកមានការខកចិត្តចំពោះគោលជំហររបស់រដ្ឋាភិបាលថៃ។
លោកបានថ្លែងថា៖ «ខ្ញុំនឹងមិនចុះចាញ់នោះទេ។ ខ្ញុំនឹងព្យាយាមរហូតដល់នាទីចុងក្រោយ។ ខ្ញុំគិតថា គ្មាននរណាម្នាក់គួរគាំទ្រលោក ហ៊ុន សែន នោះទេ។ លោកគឺជាមេដឹកនាំផ្ដាច់ការ»។
- ដោយ កាន់ វិច្ឆិកា
នាយករដ្ឋមន្រ្តីថៃប្រកាសមិនឲ្យលោក សម រង្ស៊ី ឆ្លងកាត់ថៃដើម្បីចូលកម្ពុជានោះទេ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃពុធនេះថា លោកមិនអនុញ្ញាតឲ្យលោក សម រង្សី មេដឹកនាំគណបក្សប្រឆាំងរបស់កម្ពុជាប្រើប្រាស់ប្រទេសថៃជាទីកន្លែងសម្រាប់សកម្មតវ៉ាប្រឆាំងណាមួយនោះទេ។
លោក ប្រាយុទ្ធ ថ្លែងបែបនេះ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលប្រកាសត្រៀមចូលកម្ពុជាវិញ បានបង្ហោះជាសាធារណៈនូវលិខិតដែលលោកស្នើទៅលោក ប្រាយុទ្ធ សុំអនុញ្ញាតឆ្លងកាត់ប្រទេសថៃដោយសុវត្ថិភាព ដើម្បីធ្វើដំណើរមកកម្ពុជា នៅថ្ងៃសៅរ៍នេះ។
លោក សម រង្ស៊ី ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើមាតុភូមិនិវត្តន៍
អ្នកនយោបាយខាងគណបក្សប្រឆាំងដ៏សំខាន់បំផុតរបស់កម្ពុជា លោក សម រង្ស៊ី និយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងការជាប់ពន្ធនាគារឬការស្លាប់ នៅពេលដែលលោកត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីទម្លាក់លោក ហ៊ុន សែន មេដឹកនាំយូរអង្វែងរបស់កម្ពុជាពីតំណែង។
លោក សម រង្ស៊ី ដែលជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា លោកសង្ឃឹមថា ផែនការធ្វើមាតុភូមិនិវត្តន៍របស់លោកនៅថ្ងៃសៅរ៍នេះ នឹងនាំឲ្យមានចលនារើបម្រាស់ដ៏ធំមួយពីសំណាក់ប្រជាជនដោយអហិង្សា ដើម្បីបង្ខំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
លោក សម រង្ស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទ ក្នុងរដ្ឋធានី ប្រ៊ុចសែលថា៖ «ខ្ញុំរំពឹងថា នឹងនាំមកនូវការផ្លាស់ប្ដូរប្រជាធិបតេយ្យមួយ ដែលមានន័យថា នឹងបញ្ចប់របបក្នុងពេលបច្ចុប្បន្ននេះ ដែលជារបបផ្ដាច់ការដ៏សាហាវឃោរឃៅមួយ។
- ដោយ ស៊ុន ណារិន
រដ្ឋាភិបាលត្រៀមកម្លាំងចម្រុះនៅតាមព្រំដែនដើម្បីទប់ទល់ការមកដល់របស់លោក សម រង្ស៊ី
កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ កម្លាំងចម្រុះបានចាប់ផ្តើមយាមកាមនៅទីតាំងក្បែរព្រំដែនប្រទេសថៃនិងច្រកព្រំដែនតូចៗ ក៏ដូចជាខ្សែបន្ទាត់ព្រំដែននានា ដើម្បីត្រៀមទប់ទល់នឹងការមកដល់របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង មន្រ្តីជាន់ខ្ពស់របស់គណបក្សនិងអ្នកគាំទ្រ។
នៅតាមព្រំដែន ដូចជានៅច្រកជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្បែរផ្នូរប៉ុល ពត តាមភ្នំដងរ៉ែក កម្លាំងចម្រុះប្រហែល១០០នាក់ រួមមាននគរបាល កងរាជអាវុធហត្ថ និងទាហាន បានឈរជើងនៅទីនោះរួចជាស្រេច។ ចំណែកនៅតាមព្រៃ ដែលអាចឆ្លងកាត់បាន ក៏ត្រូវបានយាមកាមផងដែរ។