យុវជននៅតែបន្តជួបឧបសគ្គក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយ ដោយសារមានការរឹតត្បិតលម្ហនៃការចូលរួម និងភាពភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន។ នេះបើតាមអង្គការមិនមែនរដ្ឋាភិបាល និងក្រុមយុវជន។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងក្នុងវេទិកាយុវជនថ្នាក់ជាតិដើម្បីអបអរទិវាយុវជនអន្តរជាតិឆ្នាំ ២០២២ នៅថ្ងៃទី ១០ ខែសីហា នេះថា យុវជនប្រមាណ ៨០% នៃយុវជនសរុបនៅកម្ពុជា បានដឹងអំពីបញ្ហាក្នុងសង្គម ប៉ុន្តែមានយុវជនតិចជាង ៣០% ប៉ុណ្ណោះ ហ៊ានចូលរួមធ្វើសកម្មភាពជំរុញឱ្យមានដំណោះស្រាយ។
លោកបានថ្លែងថា៖ «យុវជនភាគច្រើនគាត់ដឹងបញ្ហាប្រឈមរបស់ជាតិ ជាពិសេសទាក់ទងនឹងរឿងអំពើពុករលួយ គណនេយ្យភាពសង្គម រឿងបរិស្ថាន រឿងបម្រែបម្រួលអាកាសធាតុ និងការចូលរួមលើកកម្ពស់សិទ្ធិមនុស្សផ្សេងៗ គាត់យល់ដឹង។ ហើយគាត់ដឹងថា បញ្ហាហ្នឹងបើនៅតែបន្តនឹងប៉ះពាល់ដល់ជាតិរបស់គាត់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម រួមទាំងវិស័យអប់រំជាដើម»។
លោក ប៉ិច ពិសី បន្តថា៖ «ក៏ប៉ុន្តែពេលដែលយើងសួរយោបល់របស់គាត់ ថាតើគាត់ចង់ចូលរួម ឬក៏ហ៊ានចូលរួម ឬអត់ ភាគច្រើនគាត់ថា គាត់អត់ហ៊ានចូលរួមទេ ដោយសារខ្លាច ដោយសារគាត់រវល់ ដោយសារឱកាសហ្នឹងមិនសូវមាន»។
លោក ប៉ិច ពិសី បានឱ្យដឹងទៀតថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការបើកលម្ហសេរីភាពសម្រាប់យុវជនក្នុងការចូលរួមរាល់សកម្មភាពសង្គម និងនយោបាយ ព្រមទាំងសកម្មភាពផ្សេងៗគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍស្របតាមប្រទេសប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោកថ្លែងថា៖ «កាលណាកិច្ចការសង្គម ពលរដ្ឋដែលជាម្ចាស់ប្រទេស ម្ចាស់សង្គមហ្នឹងអត់ចូលរួមទេ ប្រទេសហ្នឹងយឺតយ៉ាវហើយ។ រាល់ការអភិវឌ្ឍគ្រប់វិស័យទាំងអស់ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល សង្គម វិស័យបរិស្ថាន គឺយើងនឹងប៉ះពាល់។ អ៊ីចឹងខ្ញុំសំណូមពរឱ្យមានការបើកចំហនូវរំហូរនៃការចូលរួមរបស់ប្រជាពលរដ្ឋ ហើយគោរពសិទ្ធិនៃការចូលរួមគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយតែម្តង ដែលមានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ និងគោលនយោបាយជាតិដទៃទៀត»។
បើតាមជំរឿនជាតិឆ្នាំ ២០១៩ ប្រជាជនអាយុក្រោម ៣០ឆ្នាំ មានប្រមាណជា ២/៣ នៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ ឬស្មើប្រមាណជា ៦០%។
កញ្ញា ណាន់ ពេជ្រភារី និស្សិតឆ្នាំទី ៣ ផ្នែកសិក្សាកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមក្នុងវេទិកាយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ដែរនោះ ប្រាប់ VOA ថា កញ្ញាឃើញមានយុវជនច្រើនជាងមុនដែលចាប់អារម្មណ៍ចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយ។ ប៉ុន្តែកញ្ញាយល់ថា ការចូលរួមនេះនៅមានចំនួនតិចនៅឡើយ ដោយសារកត្តាគ្រួសារ កង្វះឱកាសក្នុងការចូលរួម និងកត្តាភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន។
កញ្ញា ណាន់ ពេជ្រភារី បានថ្លែងទៀតថា យុវជនត្រូវការការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ដើម្បីអាចចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយបានពេញលេញ។
កញ្ញាថ្លែងថា៖ «យើងនិយាយរឿងបរិស្ថានមួយ បើសិនជាមានអង្គការផ្សេងៗ គាត់បង្កើតឡើង គាត់ផ្តល់ឱកាសឱ្យយុវជនចូលរួម អ៊ីចឹងយុវជនទាំងអស់ ខ្ញុំជឿជាក់ថា គាត់មានកម្លាំងចិត្តក្នុងការចូលរួមណាស់។ ហើយមួយទៀតការគាំទ្រ និងការគាំពារពីរដ្ឋាភិបាលដូចគ្នា ពេលខ្លះយើងឃើញមានសកម្មភាពជាច្រើន ប៉ុន្តែយើងអត់អាច access [ចូលរួម] យើងអត់បានចូលរួមពេញលេញ។ ឧទាហរណ៍ ការបង្កើតគោលនយោបាយអីមួយ»។
ក្នុងវេទិកាយុវជនថ្នាក់ជាតិដើម្បីអបអរទិវាយុវជនអន្តរជាតិឆ្នាំ ២០២២ នេះ មានការចូលរួមពីយុវជនជាង ១០០ នាក់ មកពីបណ្តាខេត្ត និងរាជធានីភ្នំពេញ ដោយមានការតាំងពិព័រណ៍គម្រោងសហគមន៍របស់យុវជន និងកិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធនឹងបញ្ហារបស់យុវជនជាដើម។
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា លោក ជីវ រដ្ឋា លើកឡើងថា លោកមិនទាន់យល់ស្របនឹងរបាយការណ៍ដែលរកឃើញថា យុវជនច្រើនកំពុងមានឧបសគ្គក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយនោះទេ។ លោកអះអាងថា រាល់ការធ្វើការស្ទង់មតិណាមួយត្រូវមានភាពលម្អិត ដើម្បីអាចទទួលបានលទ្ធផលដែលឆ្លុះបញ្ចាំងពីការពិត ដែលអាចយកមកអនុវត្តបានទាំងអស់គ្នា។
លោក ជីវ រដ្ឋា បានថ្លែងទៀតថា ក្រសួងអប់រំបាននិងកំពុងធ្វើការងារជាមួយយុវជនជាច្រើន ដើម្បីជំរុញឱ្យយុវជនចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗបន្ថែមទៀត។
លោកថ្លែងថា៖ «យុវជនដែលគាត់បានចូលរួមក្នុងកម្មវិធីរបស់ពួកខ្ញុំទាំងអស់ ដែលមានកម្មវិធី VMC [ការស្ម័គ្រចិត្តដើម្បីសហគមន៍] កម្មវិធី NOBY [ធុរកិច្ចជាតិសម្រាប់យុវជន] មួយឆ្នាំ ៦ ពាន់នាក់។ យុវជនមួយឆ្នាំ ៦ ពាន់។ ហើយអ្នកដែលចូលរួម គាត់តែងមានគំនិតប្លែក គំនិតច្នៃប្រតិដ្ឋ ហើយគាត់មានឱកាសធ្វើអីច្រើន។ ប៉ុន្តែដោយសារយើងវាច្រើនពេក អ៊ីចឹងសកម្មភាពរបស់យើងមិនទាន់ reach out [ឈានដល់] គ្រប់កន្លែង អ៊ីចឹងវានៅមានបញ្ហាខ្លះហើយ ប្រៀបដូចគ្រួសារកូនច្រើន ជាការពិត យើងមិនអាចគេចវេសបានទេ»។
បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ក្នុងឆ្នាំ ២០២០ យ៉ាងហោចណាស់សកម្មជនដែលជាយុវជនចំនួន ១៦ នាក់ ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិ។ ចំណែកយុវជនមួយចំនួនក៏ត្រូវបានឃាត់ខ្លួនឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះសាររិះគន់ផ្សេងៗលើបណ្តាញសង្គមផងដែរ។
របាយការណ៍ស្រាវជ្រាវមួយផ្សេងទៀតស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ដ្រី និងយុវជននៅក្នុងប្រទេសកម្ពុជា» ចេញដោយអង្គការតម្លាភាព កាលពីខែមីនា ឆ្នាំ ២០២១ ដែលបានសម្ភាសន៍យុវជនជិត ៦០០ នាក់បានបង្ហាញថា ស្រ្តី និងយុវជន មានចំនួនតិចតួចនៅឡើយដែលបានចូលរួមក្នុងវិស័យសាធារណៈ និងតួនាទីដឹកនាំនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
របាយការណ៍ដដែលនេះលើកឡើងថា ឧបសគ្គសម្រាប់យុវជន គឺពាក់ព័ន្ធនឹងបញ្ហាទំនុកចិត្តលើសមត្ថភាពយុវជនខ្លួនឯង និងកត្តាមួយចំនួនទៀត ដូចជាការរារាំងពីឪពុកម្តាយ ដោយខ្លាចកូនពួកគេមានបញ្ហាពេលចូលរួមកិច្ចការសង្គម ឬនយោបាយ និងការរើសអើងអាយុ ការចូលរួមក្នុងវិស័យនយោបាយនៅមានកម្រិត ការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារ បញ្ហាបក្ខពួកនិយម កង្វះជំនាញទន់ និងបញ្ហាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម៕