របាយការណ៍ថ្មីមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូឲ្យដឹងថាប្រជាពលរដ្ឋប្រមាណ១៦០នាក់ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិរបស់ពួកគេលើប្រព័ន្ធអនឡាញដែលអង្គការនេះចាត់ទុកថាជាការបៀតបៀនមួយដែលគួរត្រូវបានបញ្ឈប់។
អង្គការលីកាដូបានអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ពន្ធនាគារដែលគ្រាន់តែបញ្ចេញមតិរបស់ពួកគេនៅលើបណ្តាញសង្គម។នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១ស្តីពីបច្ចុប្បន្នភាពស្ថានភាពនៃ«ការបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកម្ពុជា»។
របាយការណ៍ដែលមាន៤៤ទំព័ររបស់អង្គការលីកាដូឲ្យដឹងថានៅឆ្នាំ២០២០ប្រជាពលរដ្ឋចំនួន១៥៨នាក់ក្នុងនោះស្រ្តី៣៤នាក់ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ។ហើយគិតត្រឹមចុងឆ្នាំ២០២០មនុស្ស៧៣នាក់កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។
អង្គការលីកាដូបញ្ជាក់ថាការសន្ទនាជាលក្ខណៈឯកជនតែងតែជាភស្តុតាងតែមួយប្រភេទគត់ក្នុងការបង្ហាញនៅក្នុងសវនាការ។
បើតាមរបាយការណ៍អាជ្ញាធរតែងតែធ្វើទុក្ខបុកម្នេញនិងចាប់ខ្លួនអ្នកការពារបរិស្ថាននិងអ្នកការពារសិទ្ធិមនុស្សគូប្រជែងនយោបាយអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់ពន្ធនាគារដោយសារការសម្តែងមតិរបស់ពួកគេនៅលើប្រព័ន្ធអនឡាញដែលត្រូវបានអនុញ្ញាត«ដោយអំណាចតាមដានដ៏លើសលប់និងគ្មានតម្លាភាព»។
អង្គការលីកាដូស្នើបញ្ឈប់ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតនិងដោះលែងឲ្យបានឆាប់រហ័សនិងដោយគ្មានលក្ខខណ្ឌនូវសកម្មជនទាំងអស់និងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេតាមប្រព័ន្ធអនឡាញ។អង្គការក៏ស្នើឲ្យបញ្ឈប់ការធ្វើទុក្ខមុកម្នេញលើស្ត្រីភេទពាក់ព័ន្ធនឹងជម្រើសនៃការស្លៀកពាក់ឬការសម្តែងមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ។
អង្គការលីកាដូក៏ជំរុញឲ្យបញ្ឈប់«ការតាមដានដ៏លើសលប់»និង«គ្មានតម្លាភាព»ដោយធ្វើនិរាករណ៍ឬធ្វើវិសោធនកម្មច្បាប់ស្តីពីទូរគមនាគមន៍អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិត។អង្គការសិទ្ធិមនុស្សលីកាដូក៏ស្នើឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននិងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនិងស្នើឲ្យធ្វើនិរាករណ៍ឬធ្វើវិសោធនកម្មច្បាប់ដែលមានលក្ខណៈទូទៅនិងស្រពេចស្រពិល។
អ្នកស្រី ព្រុំ ចន្ថា ម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារប្រាប់វីអូអេថាកូនរបស់អ្នកស្រីបានប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម(Telegram)រិះគន់រដ្ឋាភិបាលកាលពីកន្លងទៅរហូតអាជ្ញាធរចាប់ខ្លួនកូនប្រុសកាលពីខែមិថុនាឆ្នាំ២០២១។ អ្នកស្រីយល់ថាអាជ្ញាធរឬរដ្ឋាភិបាលមិនគួរបិទសិទ្ធិប្រជាពលរដ្ឋក្នុងការរិះគន់លើភាពអសកម្មរបស់រដ្ឋាភិបាលឡើយពីព្រោះប្រជាពលរដ្ឋមានសិទ្ធិក្នុងការរិះគន់អាជ្ញាធរឬរដ្ឋាភិបាលនៅពេលធ្វើអ្វីមួយមិនសមរម្យ។
អ្នកស្រីចង់ឲ្យរដ្ឋាភិបាលត្រូវតែគោរពសិទ្ធិមនុស្សនិងដោះលែងសកម្មជននយោបាយនិងទម្លាក់ចោលការចោទប្រកាន់លើរូបកូនប្រុសរបស់អ្នកស្រីដែលគ្រាន់តែប្រើសិទ្ធិក្នុងការបញ្ចេញមតិដែលមានចែងក្នុងច្បាប់តែប៉ុណ្ណោះខណៈកូនប្រុសត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការរយៈពេល២ឆ្នាំ។
អ្នកស្រីបញ្ជាក់ថា៖ «យើងហ៊ានបញ្ចេញមតិឬធ្វើអ្វីខុសមួយគឺគេចាប់គេគំរាមកំហែងអ៊ីចឹងអត់មានសិទ្ធិអត់មានគោរពច្បាប់គោរពលទ្ធិប្រជាធិបតេយ្យបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងស្រុងតែម្តង។អ៊ីចឹងពិបាកខ្លាំងណាស់ក្នុងការនិយាយស្តី»។
អ្នកស្ត្រីបន្តថា៖«បើសិនជារដ្ឋាភិបាលគោរពសិទ្ធិមនុស្សហើយមិនចង់ឲ្យគេឃើញថាបន្តិចទៀតលោកជាម្ចាស់[ប្រធាន]អាស៊ានហ្នឹងដែលថាកុំឲ្យកុម្មុយនីស្តមកក្រោយវិញហ្នឹង លោកធ្វើម៉េចគួរតែគោរពសិទ្ធិមនុស្សទៅហើយដោះលែងពួកគាត់មកវិញមក»។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេថាការលើកឡើងរបស់អង្គការលីកាដូគឺជាសិទ្ធិរបស់អង្គការសង្គមស៊ីវិល ហើយប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែមិនមែនអាចធ្វើអ្វីបានទាំងអស់នោះទេគឺត្រូវតែគោរពទៅតាមច្បាប់របស់ប្រទេសកម្ពុជា។ លោកបន្ថែមថាប្រសិនបើបុគ្គលណាម្នាក់មិនសុខចិត្តរឿងអ្វីមួយគឺអាចរកមេធាវីក្នុងការការពារក្តីរបស់ខ្លួនតាមផ្លូវតុលាការ ។
លោកថ្លែងថា៖ «ប៉ះពាល់សិទ្ធិរបស់គេ ។ គេហៅមកសុំទោសមានទៅពិបាកអ្វី!អាហ្នឹងជារឿងធម្មតា។ហើយប្រជាធិបតេយ្យគេហៅមកសុំទោសគេគឺចប់ហើយចាំបាច់ទៅរករឿងអី។ សិទ្ធិមានព្រំដែនមិនមែនសង្គមប្រជាធិបតេយ្យមានសិទ្ធិប៉ាតណាប៉ាតណីឯណា»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតចាត់ទុកថាការគំរាមកំហែងនិងការរំលោភបំពានការសន្ទនាជាលក្ខណៈឯកជនភាពគឺធ្វើឲ្យប៉ះពាល់សិទ្ធិយ៉ាងធ្ងន់ធ្ងរ។លោកស្នើឱ្យរដ្ឋាភិបាលធានានូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឲ្យបានពេលលេញដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិនានាស្តីអំពីសិទ្ធិមនុស្សដោយមិនត្រូវគំរាមកំហែងឬបៀតបៀននោះទេជាពិសេសមិនត្រូវរំលោភឯកជនភាពឬការសន្ទនារបស់បុគ្គលណាម្នាក់តាមប្រព័ន្ធអនឡាញនោះទេ»។
លោកបញ្ជាក់ថា៖ «សំណុំរឿងមួយចំនួននៅក្នុងតុលាការគេយកភស្តុតាងនៃការសន្ទនារវាងឯកជនតាមប្រព័ន្ធអ៊ីនធឺណិតឬប្រព័ន្ធអនឡាញនេះធ្វើជាភស្តុតាងក្នុងការចោទប្រកាន់ទៅលើជនដែលត្រូវចោទ។អ៊ីចឹងយើងឃើញថាករណីនេះវាប៉ះពាល់សិទ្ធិធ្ងន់ធ្ងរទាក់ទងនឹងសិទ្ធិឯកជនភាពរបស់បុគ្គលមួយៗដែលមានសិទ្ធិនៅក្នុងការសន្ទនាជាលក្ខណៈឯកជនដែលមិនត្រូវបានយាយីបៀតបៀននោះទេ»។
លោកអំ សំអាតបន្តថាប្រជាពលរដ្ឋមួយចំនួនបានកំហិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួនដោយសារតែការភ័យខ្លាច។ ហើយប្រសិនបើរដ្ឋាភិបាលមិនផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋនោះទេ នោះរដ្ឋាភិបាលនឹងមិនចំណេញអ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញកម្ពុជាអាចនឹងខាតបង់ប្រយោជន៍ក្នុងទំនាក់ទំនងការបរទេសនិងការអនុគ្រោះពន្ធលើទំនិញនាំចេញជាដើម។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា អាហ្នឹងវាមិនមានអ្វីផ្តល់ផលចំណេញទេការរឹតត្បិតនៃសេរីភាពសម្រាប់ការបញ្ចេញមតិឬក៏សេរីភាពក្នុងការជួបជុំប្រមូលផ្តុំដោយសន្តិវិធីនោះ។ ផ្ទុយទៅវិញអាចនឹងត្រូវទទួលការរិះគន់ឬក៏ប៉ះពាល់ទៅដល់ផលប្រយោជន៍របស់កម្ពុជាយើង»។
លោកអំ សំអាតក៏កត់សម្គាល់ដែរថាស្ថានភាពនយោបាយតានតឹងក៏ជាហេតុបណ្តាលឲ្យមានការរឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពផ្សេងៗទៀតផងដែរ៕