ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​លីកាដូ​សង្ខេប​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​រយៈពេល​១០​ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ


រូបឯកសារ៖ អ្នកគំាទ្រ​អ្នកស្រី ឡុង សុគន្ធី ដែល​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​មាន​វិវាទ​ដីធ្លី​ជាមួយ​សេដ្ឋី​ម្នាក់ មក​ផ្តុំគា្ន​នៅមុខ​សាលា​ដំបូង​ខេត្តបន្ទាយ​មានជ័យ​ ដើម្បី​តវ៉ា​ទាម​ទារ​ឲ្យ​ដោះលែង​អ្នកស្រី ឡុង សុគន្ធី កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ២០១៨។

របាយការណ៍​នោះ​ផ្ដោត​លើ​សិទ្ធិ​ដីធ្លី នយោបាយ ការងារ សង្គម​ស៊ីវិល និង​សិទ្ធិ​បញ្ចេញ​មតិ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ និង​រំឭក​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​​ទាំង​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ​នៅ​សប្ដាហ៍​នេះ បាន​ចាប់​ផ្ដើម​ចេញ​របាយ​ការណ៍​សង្ខេប​ពីព្រឹត្តិ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់ៗ​នានា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ និង​រំឭករដ្ឋាភិបាល​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការដោះ​ស្រាយ​បញ្ហាទាំង​នោះ​។

​ចាប់ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩​មក អង្គការ​លីកាដូ​បាន​បង្ហោះ​របាយ​ការណ៍​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់ៗដែល​ប្រមូល​ក្នុង​រយៈពេល​១០​ឆ្នាំ ​លើ​ទំព័រ​ហ្វេសប៊ុក និង​គេហទំព័រ​របស់​ខ្លួនជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ព្រឹត្តិការណ៍​ទាំង​នោះ​ ផ្ដោត​សំខាន់​លើ​សិទ្ធិ​ដីធ្លី សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ ដោយ​មាន​ការ​កត់​សម្គាល់​បន្ថែម​ ​អំពី​ការ​បាញ់​ប្រហារ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​លើ​ប្រជាពលរដ្ឋ​ ការប្រើ​ហិង្សា​ ការ​រំលោភ​ដីធ្លី និង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារជាដើម។​ ​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា របាយ​ការណ៍​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​យក​តែ​ព្រឹត្តិការណ៍​ធំៗ ឬ​សំខាន់ៗ​មួយ​ចំនួនតាម​ឆ្នាំ​នីមួយៗ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ព្រឹត្តិការណ៍សង្ខេប​ចម្បង​ៗ​នេះ ត្រូវ​បាន​ចងក្រង​ចាប់​ពី​ឆ្នាំ​២០១០ ​ដល់​ឆ្នាំ​២០១៩។ ​បើ​ពិនិត្យ​ចាប់​ពី​ឆ្នាំ​២០១៧​មក ​ស្ថានភាព​សិទ្ធិមនុស្ស​ កាន់​តែ​មាន​សភាព​អាក្រក់​ទៅៗ។

«ស្ថានភាព​ការ​រឹតត្បិតសេរីភាព​មួយ​ចំនួន​របស់​ពលរដ្ឋ ជា​ពិសេស​គឺសេរីភាព​ជា​មូលដ្ឋាន​របស់​ពល​រដ្ឋ​ សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ ការ​ប្រមូល​ផ្ដុំ ការ​បញ្ចេញ​មតិ ការ​ទទួល​ព័ត៌មាន ឬ​ក៏​សេរីភាព​ខាង​ព័ត៌មាន​អី​ជា​ដើម​ហ្នឹង ​ត្រូវ​បាន​រឹតត្បិត ឬ​ក៏​មាន​ការ​បិទ​វិទ្យុ ឬ​ក៏​ការ​ចាប់​អ្នក​សារព័ត៌មាន​អី​ជា​ដើម ហើយ​សកម្មជន​គណបក្ស​នយោបាយ​ហ្នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ជាច្រើន​ដោយ​ពាក់ព័ន្ធសកម្មភាព​ចូល​រួម​សិទ្ធិ​នយោបាយ​អី​ជាដើម»។

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​រូប​នេះ​បន្ថែម​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ទាំង​នោះ​ជាទូទៅ​កើត​ឡើង​ដោយ​សារ​ការ​ជាប់​គាំង​នយោបាយ ក្រោយ​ការ​បោះ​ឆ្នោត ​ដែល​លោក​ថា អ្នក​នយោបាយ ជា​ពិសេស​រដ្ឋាភិបាល​ គួរ​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។

«បញ្ហា​នយោបាយ ​បើ​យើង​មិន​បាន​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី​ទេ គឺ​ធ្វើ​ឲ្យ​កម្ពុជា​យើង​ប្រឈម​ភាព​បាត់​បង់ ​ខាត​បង់​ច្រើន​ ដូចជាបញ្ហា​ឥលូវ​ហ្នឹង គឺ​យើង​បារម្ភ​ទាក់ទង​នឹង​ EBA និង​ GSP អី​ហ្នឹង»។

បច្ចុប្បន្ន​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប​ ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ផ្ដល់​ប្រាក់​ចំណេញ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​បាន​ និង​កំពុង​ធ្លាក់​ចុះ​ ដោយ​មាន​ការ​គាប​សង្កត់​ និង​ការ​រំលាយ​គណបក្ស​ប្រឆាំង ​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​មាន​និន្នាការ​ស្រប​តាម​រដ្ឋាភិបាល។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា បញ្ហា​សិទ្ធិ​មនុស្ស​បាន​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ប្រទេស​ ដែល​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​សហការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​រក​ដំណោះ​ស្រាយ​រួមគ្នា។

លោក​អះអាង​ថា​ ការ​ចេញ​តែ​របាយការណ៍​មួយ​មុខ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។

«ដើម្បី​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​បាន ​ទាល់​តែ​សង្គម​ស៊ីវិល​ហ្នឹង​យក​បញ្ហា​ព្រឹត្តិការណ៍ហ្នឹង​មក​ដាក់​លើ​តុ​ជជែក​ជាមួយ​រដ្ឋាភិបាល​ ហើយ​វិភាគ​ទៅ​លើ​ព្រឹត្តិការណ៍​ហ្នឹង ស្វែង​រកដោះ​ស្រាយ​ទាំង​អស់​គ្នា។ មិនមែន​គ្រាន់​តែ​ចង​ក្រង​យក​មក​ ហើយផ្សាយ​ហើយ​ឲ្យ​ខាង​រដ្ឋាភិបាល​ដោះ​ស្រាយ មិន​មាន​ការ​វិភាគ​ពី​ឫសគល់​ព្រឹត្តិការណ៍មួយៗ​នោះ ហើយ​យក​មក​វាយ​តម្លៃ​ពី​ស្ថានភាពសិទ្ធិ​មនុស្ស ការ​លើ​ក​បែប​ហ្នឹង​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ហើយ​ភាសា​អង់គ្លេស​គេ​ហៅ​ថា Bias [លម្អៀង]»។

​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប​មួយ ដោយ​នៅ​ឆ្នាំ​២០១៩​នេះ​ ​កម្ពុជា​ទទួល​បាន​ត្រឹម​តែ​២៦​ពិន្ទុ ​ ក្នុង​ការ​វាយ​តម្លៃ​របស់​អង្គការ ​Freedom House ដែល​ជា​អង្គការ​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​ជន​ស៊ីវិល​ជា​លក្ខណៈ​សកល។ ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​១០០​ពី​អង្គការ​ Freedom House ត្រូវ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​សេរីភាព​ខ្លាំងបំផុត ហើយ​សូន្យ​គឺជា​ប្រទេស​គ្មានសេរីភាព៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG