ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល៖ រដ្ឋាភិបាល​បដិសេធ​របាយការណ៍​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​អំណះអំណាង


រូបភាព​ឯកសារ៖ អ្នកទោស​ អង្គុយ​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

រដ្ឋាភិបាល​បាន​បដិសេធ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ជាថ្មី​ម្តង ទៀត​ដោយ​អះអាង​ថា​វា​​វីដេអូ​ស្តី​ពី​ជីវិត​ស្ត្រី​ជា​ម្តាយ​អំឡុង​ពេល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នាពេល​បច្ចុប្បន្ន។

អគ្គនាយកដ្ឋាន​ពន្ធនាគារបាន​ច្រាន​ចោល​ខ្សែ​វីដេអូ​ខ្លីមួយ​ដែល​មាន​ចំណង​ជើង​ថា «ជីវិត​ជា​ម្តាយ​ក្នុង​ពន្ធនាគារ» ផលិត​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ កាល​ពី​ដើម​សប្តាហ៍​នេះ។ នេះ​បើ​តាម​លិខិត​បំភ្លឺ​ចេញ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។

កាល​ពី​ថ្ងៃ​ចន្ទ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​វីដេអូ​ខ្លី​មួយ​ដែល​មាន​ចំណង​ជើង​ថា «ជីវិត​ជា​ម្តាយ​ក្នុង​ពន្ធនាគារ» និយាយ​ពី​ស្ត្រី​អតីត​ជនជាប់​ឃុំ​ម្នាក់​ដែករំឭក​អំពី​ផល​វិបាក​អំឡុង​ពេល​ខ្លួន​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំងពេល​ដែល​នាង​មាន​ផ្ទៃពោះ​និង​រហូត​ដល់​សម្រាល​កូន​រួច។

មួយ​ថ្ងៃ​បន្ទាប់​មក អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ចេញ​លិខិត​ដោយ​និយាយ​ថា៖ «វា​ជា​ការ​គួរ​ឲ្យ​សោកស្តាយ​ដែល​អង្គការ LICADHO បាន​ផលិត​ខ្សែ​វីដេអូ​និង​ចេញផ្សាយ​ជា​សាធារណៈ​ពី​បញ្ហា​នានា​ដូច​បាន​លើក​ឡើង​ដោយ​ស្ត្រី​មួយ​រូប ដែល​បាន​អះអាង​ថា ​ជា​អតីត​ជនជាប់​ឃុំ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៃ​ស្ថានភាព​ទូទៅ​ក្នុង​ដំណើរការ​គ្រប់គ្រង​ពន្ធនាគារ​ទូទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​ឡើយ»។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បន្ថែម​នៅ​ក្នុង​លិខិត​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ​ថា​វីដេអូ​នោះ «បញ្ចេញ​ទស្សនៈ​តែ​មួយ​ជ្រុង​ជា​សាធារណៈ»។

លោក នុត សវនា អគ្គនាយក​រង​និង​អ្នក​នាំពាក្យ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្សាយ​នេះ​ដោយ​លោក​ថា មិន​មាន​ករណី​នេះ​កើត​ឡើង​ក្នុង​ពន្ធនាគារ​បច្ចុប្បន្ន​ដូច​ដែល​អង្គការ​លីកាដូ​បាន​ផ្សាយ​នោះទេ។

លោក​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិកថា៖

«បើ​លីកាដូ​នៅ​បន្ត​ផ្សាយ​ ​វា​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​គេ​ ​ប៉ុន្តែ​លីកាដូ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ ​បើ​អង្គភាព​មាន​វិធានការ​ផ្លូវ​ច្បាប់​ ​ដែល​យើង​គិត​ថា​ជា​ជម្រើស​ចុងក្រោយ។​ លីកាដូ​គួរ​ដឹង​ថា ​ទង្វើ​នេះ​ប្រព្រឹត្ត​ឡើង​ដើម្បី​ប៉ូលា ​profile របស់​គេ​ ​ក្នុង​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ប្រារព្ធ​ការ​ចងចាំ​ ​នៃ​ការរំលោភ​សិទ្ធិ​ស្ត្រី»។

លីកាដូ បាន​ផ្សាយ​វីដេអូ​ស្តី​ពី​ជីវិត​ស្ត្រីជា​ម្តាយ​អំឡុង​ពេល​ជាប់​ឃុំឃាំង​ នេះ​ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​១៦ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី​ ចាប់​ពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ដល់​ ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) ប្រាប់​ VOA​ ថា រដ្ឋាភិបាល​មាន​ការ​យល់​ច្រឡំ​ពី​គោល​បំណង​នៃ​ការ​ចេញ​ផ្សាយ​វីដេអូ​នោះ​ដែល​វាជា​សាច់រឿង​ពិត​របស់​ស្ត្រី​ដែល​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​ថ្មីៗនេះ ហើយ​លោក​ថា​ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ស្ត្រី​និង​ប្រជាពលរដ្ឋ​ទូទៅយល់​ដឹងអំពី​ផល​វិបាក​នៃ​ជីវិត​ក្នុង​ពន្ធនាគារ។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ និយាយ​ជាមួយ​អ្នកសារព័ត៌មានក្រោយ​ចេញ​ពី​ស្តាប់​តុលាការ​ប្រកាស​សាលក្រម​កាត់​ទោស​ឲ្យ​មន្រ្តីអាថហុក​កម្ពុជា​ម្នាក់​ៗ​ជាប់​ពន្ធនាគារ​ប្រាំឆ្នាំ។ (កាន់ វិច្ឆិកា/VOA)
លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ និយាយ​ជាមួយ​អ្នកសារព័ត៌មានក្រោយ​ចេញ​ពី​ស្តាប់​តុលាការ​ប្រកាស​សាលក្រម​កាត់​ទោស​ឲ្យ​មន្រ្តីអាថហុក​កម្ពុជា​ម្នាក់​ៗ​ជាប់​ពន្ធនាគារ​ប្រាំឆ្នាំ។ (កាន់ វិច្ឆិកា/VOA)

លោក លោក ​អំ សំអាត​ បញ្ជាក់​បន្ថែម​ថា៖ «ប៉ុន្តែ​អា​វីដេអូ​ដែល​យើង​ចេញ​នេះ​គឺ​ក្នុង​បំណង​រឿង​ស្ត្រី​ទេ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​គាត់​គិត​ហើយ​កុំ​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់ អាច​នឹង​ត្រូវជាប់​ពន្ធនាគារ ហើយអាច​នឹង​ជួប​ផល​វិបាក អ្វី​ខ្លះ ហើយ​គាត់រស់​នៅ​ក្នុង​ពន្ធនាគារ​ម៉េចៗ»។

ទោះ​យ៉ាង​ណា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាលច្រាន​ចោល​និង​បង្ហាញ​ការ​មិនពេញ​ចិត្តចំពោះរបាយការណ៍​និង​ការ​រក​ឃើញ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្សលីកាដូ។ កាល​ពី​ខែ​សីហា​កន្លង​ទៅ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ អ្នកស្រី ជា​ សេរី ដែល​ជា​ទេសាភិបាលរង និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជាបាន​និយាយ​ថា​ របាយការណ៍​ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ពិនិត្យពិច្ច័យ។

ទោះ​បី​ជា​យ៉ាងណា​ក្រុម​អ្នក​ធ្វើការ​ដើម្បី​សិទ្ធិ​មនុស្ស​និង​តម្លាភាព​បាន​និយាយ​ថា​ ការ​បដិសេធ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រក​ឃើញ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​គួរតែ​ធ្វើ​ឡើង​ដោយ​មាន​ភស្តុតាង​និង​ការ​ពន្យល់​បន្ថែម។​

​លោក​ Phil​ Robertson​ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​Human​ ​Rights​ ​watch​ ​ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​កម្ពុជា​តែងតែ​បដិសេធ​របាយការណ៍​ណា​ដែល​ផ្សាយ​ពី​កំហុស​របស់​ខ្លួន​ ​ហើយ​ឆ្លើយ​តប​បែប​វាយប្រហារ​ទៅ​កាន់​ស្ថាប័ន​ដែល​បាន​ផ្សព្វផ្សាយ​របាយការណ៍​នោះ។​

លោក​បាន​និយាយ​ថា៖

«ជា​ថ្មី​ម្តង​ទៀត យើង​សង្កេត​ឃើញ​ថា​ នៅ​ពេល​ដែល​អង្គការ​សិទ្ធិមនុស្ស​លើក​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សិទ្ធិមនុស្ស​ ដោយ​ផ្អែក​លើ​ឯកសារ​និង​របាយការណ៍​ ដែល​បង្ហាញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ រដ្ឋាភិបាល​មិន​មាន​ចម្លើយ​ហេតុផល​មួយ​សមស្រប​ ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ។ អ៊ីចឹង​ពួកគាត់​វាយប្រហារ​អ្នក​នាំ​សារ​និង​ធ្វើការ​បំភិតបំភ័យ»។

​ចំណែក​លោក​ ព្រាប កុល​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ធ្វើការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​ VOA ថា៖

«មិនមែន​ចេះ​តែ​ឮ​របាយការណ៍​ហើយ​យើង​បដិសេធ​ ហើយ​ប្រជាពលរដ្ឋ​គាត់ ទទួល​ស្គាល់ទេ​គាត់​ប្រាកដ​ជា​មាន​សញ្ញា​សួរ អ៊ីចឹងទៅ​ខ្ញុំ​ថា​ យល់​ល្អ​កាល​ណា​មាន​របាយការណ៍​ឬ​ក៏​មាន​ការ​សិក្សា​អី​មួយ​ ត្រូវ​តែ​មាន​ការ​ឆ្លើយ​តប​ដោយ​មាន​ការ​សិក្សា​តបវិញ​ដែរ»។​

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ រដ្ឋាភិបាល​បាន​កោះ​ហៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​បី​គឺ​សមាគមន៍​ធាងត្នោត​ អង្គការ​លីកាដូ​ និង​អង្គការ​តម្លាភាព​កម្ពុជា ដើម្បី​មក​ជួប​ពិភាក្សា​អំពី​របាយការណ៍​និង​ការ​អត្ថាធិប្បាយ​ដែល​ពួក​គេ​បាន​ផ្សាយ។

ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​ VOA ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​ស្គាល់​របាយ​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បើ​សិន​វា​ជា​របាយការណ៍​ពិត។ លោក​បន្ថែម​ថា​ ​ការ​ចេញ​លិខិត​បដិសេធ​របាយការណ៍​ឬ​ជំនួប​ជាមួយមន្ត្រី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​ដើម្បី​តែ​ជជែក​វែកញែក​រក​ការពិត​ប៉ុណ្ណោះ​មិនមែន​ជា​ការ​បំភិត​បំភ័យ​នោះទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន​ អង្គុយ​នៅខាង​ស្តាំ​ដៃ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និង​ផល​ប៉ះពាល់រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​
អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន​ អង្គុយ​នៅខាង​ស្តាំ​ដៃ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និង​ផល​ប៉ះពាល់រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​

លោក​បាននិយាយ​ថា៖

«យើង​គ្រាន់តែ​ចង់​បង្ហាញ​និង​ប្រជុំ​បន្ថែម​ទៀត​នូវ​អ្វី​ទៅ​ដែលជា​ទិន្នន័យ​ដែល​ជាផ្លូវ​ការ​តែ​ប៉ុណ្ណឹង​ទេ ហើយ​គាត់​និយាយ​អី​និយាយ​ទៅ​ជា​រឿង​របស់​គាត់។ ហើយ​កាលណា​គាត់​និយាយ​ទិន្នន័យ​ដែល​គាត់​ប្រឌិត​ខ្លួន​គាត់ អាហ្នឹង​ជា Fake news ជា​ព័ត៌មាន​មិន​ពិត»។

អង្គការ​ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៩ ​ស្ថានភាព​សិទ្ធិ​សេរីភាពក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ខណៈ​សហគមន៍​អន្តជាតិ​កំពុង​ដាក់​សម្ពាធ​និង​បន្ត​អំពាវនាវ​ឲ្យ​កម្ពុជា​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស ក៏​ដូច​ជា​លទ្ធិប្រជាធិបតេយ្យឡើង​វិញ​នៅ​ផងដែ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG