ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស Libertarian ចូលជ្រៀតជ្រែក​ក្នុង​ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក


លោក Gary Johnson ដែល​ត្រូវ​បាន​តែងតាំង​ជាបេក្ខជន​ប្រធានាធិបតី​គណបក្ស Libertarian។
លោក Gary Johnson ដែល​ត្រូវ​បាន​តែងតាំង​ជាបេក្ខជន​ប្រធានាធិបតី​គណបក្ស Libertarian។

លោក Gary Johnson នៃ​គណបក្ស​ Libertarian ដែល​ជា​ឥស្សរជន​នយោបាយ​ស.រ.អា​ម្នាក់ ដែល​គេ​មិន​សូវ​ស្គាល់ ​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​លោក​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថ្មី​មួយ​លើ​បេក្ខភាព​របស់​លោក​នៅ​ពេល​ដែល​ប្រជាជន​អាមេរិកាំង​ភាគ​ច្រើន​មាន​មតិ​មិន​ល្អ​អំពី​បេក្ខ​ជន​នាំមុខ​គេ​របស់គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​ស.រ.អា​គឺ​លោក Donald Trump ខាង​គណបក្សសាធារណរដ្ឋ​ និងលោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ។​

ការ​ស្ទង់​មតិ​ថ្មីៗ​បំផុត​បង្ហាញ​ថា​ លោក Johnson ដែល​មាន​អាយុ ៦៣ឆ្នាំ​ដែល​បាន​បម្រើ​ការ​ពីរ​អាណត្តិ ​ជា​អភិបាល​រដ្ឋ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃរដ្ឋ New Mexico នា​ប៉ែក​និរតី​ស.រ.អា​ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០៣នៅ​មុន​លោក​ក្លាយ​ទៅ​ជា​សមាជិក​នៃគណបក្ស​ Libertarian មាន​ការ​គាំទ្រ​ប្រមាណ ​១០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជាសម្មតិកម្ម​តទល់នឹង​លោក Donald Trump និង​លោកស្រី​ Hillary Clinton នៅ​ក្នុង​ខែ​វិច្ឆិកា។​

ក្រុម​បេក្ខជន​នៃគណបក្សទី​បី​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​មិន​បាន​ទទួល​លទ្ធផល​ល្អ​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​រៀងរាល់បួន​ឆ្នាំ​ ហើយ​ជួនកាល​បាន​បាត់ឈ្មោះនៅ​ពេល​ដែល​ប្រជាជនអាមេរិកាំង​ជិត​សម្រេច​ចិត្ត​អំពី​បេក្ខជន​ណា​ដែល​ពួក​គេ​នឹង​បោះឆ្នោត​ឲ្យ​។ ប្រសិន​បើ​លោកJohson នៅ​តែ​មានការ​គាំទ្រ​១០​ភាគរយ​នៅ​ទូទាំង​ប្រទេស លោក​ក៏​មិន​ទំនង​ជានឹង​ឈ្នះឆ្នោត​នៅ​ក្នុង​រដ្ឋ​ណា​មួយ​ក្នុង​បណ្តា​រដ្ឋ​ទាំង​៥០​របស់​ស.រ.អា​ទេ។

ក៏​ប៉ុន្តែ​សន្លឹក​ឆ្នោត​គាំទ្រ​លោក​ទាំងអស់​អាច​មាន​ផល​ប៉ះពាល់​លើ​លទ្ធផល​នៅ​ក្នុង​រដ្ឋខ្លះ ជា​ពិសេស​ដោយសារ​នៅ​ក្នុងការ​ស្ទង់មតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ចំនួន​ជាង​ពាក់​កណ្តាល​នៃប្រជាជន​អាមេរិកាំង​បាននិយាយ​ថា ​ពួក​គេ​មានការ​យល់ឃើញ​មិនល្អ​អំពី​លោក Trump មហា​សេដ្ឋី​អចលនទ្រព្យ​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ និង​លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ស.រ.អា។ ការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​មិនមែន​ត្រូវ​សម្រេច​ដោយការ​បោះឆ្នោត​ដោយ​ផ្ទាល់ ដោយ​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ទេ តែ​ដោយការ​បោះឆ្នោត​តាម​រដ្ឋនី​មួយៗ ដោយ​រដ្ឋធំៗមាន​សារៈសំខាន់​ខ្លាំង​បំផុត​នៅក្នុង​លទ្ធផលសរុប៕

XS
SM
MD
LG