ខែរបស់មនុស្សស្រឡាញ់ភេទដូចគ្នា ដែលជាការប្រារព្ធនៅទូទាំងពិភពលោកអំពីវប្បធម៌និងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា បានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែមិថុនានិងបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនានេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក៏ប៉ុន្តែ ការប្រារព្ធនៅឆ្នាំនេះនៅក្នុងសហរដ្ឋអាមេរិកបានធ្វើឡើងចំពេលដែលរដ្ឋមួយចំនួនកំពុងធ្វើច្បាប់ថ្មីវាយប្រហារលើសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសអ្នកស្រឡាញ់ភេទដូចគ្នាវ័យក្មេង។
ការប្រារព្ធនៅទូទាំងពិភពលោករយៈពេលពេញមួយខែនេះបានចាប់ផ្តើមដំបូងដោយព្រឹត្តិការណ៍ «សប្តាហ៍មោទនភាពមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា» កាលពីចុងខែមិថុនា ឆ្នាំ ១៩៦៩ ដែលជាការប្រារព្ធជាសារធារណៈនូវខួបឆ្នាំទីមួយនៃការវាយឆ្មក់ដោយហិង្សារបស់ប៉ូលិសនៅឯរង្គសាលមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា Stonewall Inn ក្នុងក្រុង New York សហរដ្ឋអាមេរិក។
នៅសម័យកាលនោះ អ្នកស្រឡាញ់ភេទដូចគ្នាភាគច្រើនលាក់អត្តសញ្ញាណរបស់ខ្លួន។ ការវាយឆ្មក់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៦៩ នោះបានបណ្តាលឱ្យមានការតវ៉ាប្រឆាំងជាបន្តបន្ទាប់និងបានជំរុញឱ្យមានចលនាទាមទារសិទ្ធិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
ព្រឹត្តិការណ៍ «សប្តាហ៍មោទនភាពមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា» លើកដំបូងនោះមានការដើរក្បួននៅក្នុងទីក្រុង Chicago ទីក្រុង Los Angeles ទីក្រុង New York និងទីក្រុង San Francisco ហើយចលនានេះបានរីកកាន់តែធំឡើងចាប់តាំងពីពេលនោះមក។
ពិធីខ្លះបានធ្វើឡើងក្រៅពីខែមិថុនា ដែលក្នុងនោះមានដូចជាពិធី Rainbow Prideនៅទីក្រុងតូក្យូនៃប្រទេសជប៉ុនដែលធ្វើឡើងក្នុងខែមេសា ហើយពិធីដ៏សំខាន់មួយទាក់ទិននឹងអ្នកស្រឡាញ់ភេទដូចគ្នានេះដែរបានធ្វើឡើងនៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា។
នៅក្នុងឆ្នាំ ១៩៩៩ លោក Bill Clinton ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលនោះ បានប្រកាសថា ខែមិថុនាជាខែមនុស្សស្រឡាញ់ភេទដូចគ្នា។
សិទ្ធិសេរីភាពនានារបស់អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានបាត់បង់នៅជុំវិញពិភពលោក ដែលក្នុងនោះរួមមានដូចជាការកាត់ទោសឱ្យជាប់ពន្ធនាគារធ្ងន់ធ្ងរចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសអ៊ីរ៉ាក់និងការផ្ដន្ទាទោសប្រហារជីវិតសម្រាប់ «ការស្រឡាញ់ភេទដូចគ្នាដ៏ធ្ងន់ធ្ងរ» នៅក្នុងប្រទេសអ៊ូហ្កង់ដាផងដែរ។ អ្នកតស៊ូមតិដើម្បីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាថា ប្រទេសជាង ៦០ មានច្បាប់ប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា។
ការរឹតបន្តឹងច្បាប់ទាំងនោះបានធ្វើឱ្យមានលំហូរមនុស្សមកពីទ្វីបអាហ្វ្រិកនិងតំបន់មជ្ឈិមបូព៌ាភៀសខ្លួនទៅទ្វីបអឺរ៉ុបដើម្បីសុំសិទ្ធិជ្រកកោន។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បណ្ដារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនៅក្នុងសហរដ្ឋអាមេរិកបានអនុម័តគោលនយោបាយដៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាតាមវិធីផ្សេងៗ។
រដ្ឋចំនួន ២៥ នៅក្នុងសហរដ្ឋអាមេរិកឥឡូវនេះមានច្បាប់ដែលហាមឃាត់ការព្យាបាលបញ្ជាក់អំពីភេទសម្រាប់អនីតិជនដែលស្រឡាញ់ភេទដូចគ្នា។ រដ្ឋខ្លះបានចាត់វិធានការផ្សេងទៀត ដោយចេញច្បាប់ឬគោលនយោបាយមិនអនុញ្ញាតឱ្យក្មេងស្រីនិងស្ត្រីស្រឡាញ់ភេទដូចគ្នាប្រើប្រាស់បន្ទប់ទឹកឬចូលរួមនៅក្នុងការប្រកួតកីឡាណាដែលស្របនឹងភេទរបស់ខ្លួន។
តាំងពីតុលាការកំពូលសហរដ្ឋអាមេរិកច្រានចោលសេចក្ដីសម្រេចលើសំណុំរឿង Roe v. Wade នៅក្នុងឆ្នាំ ២០២២ ដែលនាំឱ្យមានច្បាប់រឹតបន្ដឹងការរំលូតកូននៅក្នុងបណ្តារដ្ឋភាគច្រើនដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋមក អ្នកតស៊ូមតិដើម្បីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាមានការព្រួយបារម្ភអំពីការបាត់បង់សិទ្ធិនេះ។ នេះបើតាមការបញ្ជាក់របស់លោក Kevin Jennings នាយកប្រតិបត្តិអង្គការ Lambda Legal។
ក្នុងថ្ងៃមុនពិធីរបស់អ្នកស្រឡាញ់ភេទដូចគ្នានេះប្រាព្ធធ្វើឡើង អង្គការនេះបានប្រកាសអំពីគោលបំណងនៃការរៃអង្គាសប្រាក់ចំនួន ១៨០ លានដុល្លារសម្រាប់ជួលមេធាវីបន្ថែមទៀតដើម្បីប្រឆាំងទៅនឹងច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នានេះ។
លោក Jennings បាននិយាយថា ដំណើរវិវឌ្ឍន៍ទៅមុខដូចជាការសម្រេចរបស់តុលាការកំពូលអាមេរិកនៅឆ្នាំ ២០១៥ ដែលអនុញ្ញាតឱ្យមនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបការជាមួយគ្នាបាននៅទូទាំងប្រទេសអាចត្រូវបានបាត់បង់ប្រសិនបើមិនមានការប្រុងប្រយ័ត្នផ្នែកនយោបាយនិងផ្លូវច្បាប់៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ