ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ជនជាតិ​ភាគតិច​និង​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា LGBT ឈ្នះ​ការ​បោះឆ្នោត​មេដឹកនាំ​ថ្នាក់​ក្រុង​នៅ​ទូទាំង​អាមេរិក


អ្នកស្រី Danica Roem កាន់​ស្លាក​យុទ្ធនាការ នៅ​ពេល​លោកស្រី​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​នៅ​ក្នុង​ក្រុង Manassas កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

ខណៈ​ដែល​មាន​ការ​ផ្តោត​យកចិត្ត​ទុកដាក់​ទៅ​លើ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ក្រុង​ចំនួន​២​នាក់​កាល​ពី​ថ្ងៃ​អង្គារ ក្នុង​នោះ​ក៏​មាន​ជ័យជម្នះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​យ៉ាង​ច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក ​ដែល​ជា​បេក្ខជន​ជា​ជនជាតិ​ភាគតិច​និង​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា LGBT ផង​ដែរ។

ខណៈ​ដែល​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ក្រុងនៅ​ក្នុង​រដ្ឋ Virginia និង​រដ្ឋ New Jersey ដែល​ជា​រដ្ឋ​មាន​អ្នក​គាំទ្រ​ប្រកៀកប្រកិត​គ្នា ថ្ងៃ​បោះឆ្នោត​នោះ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​បេក្ខជន​ជនជាតិ​ភាគតិច​និង​បេក្ខជន​ស្រឡាញ់​ភេទដូចគ្នា​ជាច្រើន​នៅ​ក្នុង​ថ្នាក់​រដ្ឋ​និង​ថ្នាក់​ក្រុង។

នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota អ្នកស្រី Andrea Jenkins បាន​ក្លាយ​ទៅ​ជា​ស្ត្រី​កែ​ភេទ​ទី​មួយ ដែល​បើក​ចំហ​ជា​សាធារណៈ​និង​មាន​ស្បែក​ខ្មៅ ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​កាន់​តំណែង​សាធារណៈ​នៅ​ក្នុង​សហរដ្ឋអាមេរិក។ អ្នកស្រី Jenkins ដែល​ជា​អតីត​ជំនួយការ​គោលនយោបាយ​របស់​អនុ​ប្រធាន​ក្រុមប្រឹក្សា​នេះ បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​ក្រុមប្រឹក្សា​ទីក្រុង Minneapolis ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៧០​ភាគរយ។

អ្នកស្រី Danica Roem បាន​ក្លាយ​ទៅ​ជា​ស្ត្រី​កែ​ភេទ​ ដែល​បើក​ចំហ​ជា​សាធារណៈ​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើសរើស​ឲ្យ​កាន់​តំណែង​នៅ​ក្នុង​អង្គ​នីតិបញ្ញត្តិ​ថ្នាក់​រដ្ឋ នៅ​ពេល​ដែល​អ្នកស្រី​បាន​យក​ឈ្នះ​លើ​លោក Robert Marshall ប្រតិភូ​រដ្ឋ Virginia។ លោក Marshall បាន​ហៅ​ខ្លួន​ឯង​ថា​មេប្រឆាំង​នឹង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្នុង​រដ្ឋ​នេះ ហើយ​បាន​បដិសេធ​មិន​ព្រម​ពិភាក្សា​ដេញដោល​ជាមួយ​នឹង​អ្នកស្រី Roem នោះ​ទេ៕

XS
SM
MD
LG