អភិបាលក្រុងអ៊ីស្តង់ប៊ុល (Istanbul) នៅប្រទេសតួកគីនិយាយថា ការផ្ទុះមួយនៅថ្ងៃអង្គារនេះក្នុងខណ្ឌ Sultanahmet ដែលមានវ័យចំណាស់ក្នុងទីក្រុងនេះ បានសម្លាប់មនុស្សយ៉ាងតិច១០នាក់ និងធ្វើឲ្យរបួស១៥នាក់ទៀត។
សេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយតាមវិបសាយ ឬទំព័រអ៊ីនធឺណិតរបស់សាលាក្រុងនោះបានឲ្យដឹងថា អាជ្ញាធរកំពុងស៊ើបអង្កេតទៅលើប្រភេទនៃការផ្ទុះ មូលហេតុនិងអ្នកទទួលខុសត្រូវចំពោះការផ្ទុះនោះ។
សាក្សីឃើញហេតុការណ៍ផ្ទាល់បានពណ៌នាការផ្ទុះនោះថា មានសំឡេងយ៉ាងខ្លាំង ហើយវាធ្វើឲ្យរង្គើដីថែមទៀតផង។
ខណ្ឌ Sultanahmet គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅក្នុងទីក្រងអ៊ីស្តង់ប៊ុល ដែលមានទីកន្លែងដ៏ទាក់ទាញមួយចំនួនដូចជាព្រះវិហារឥស្លាមខៀវ (Blue Mosque) និងសារមន្ទីរ Haga Sophia ជាដើម។
នាយករដ្ឋមន្ត្រីតួកគីបានកោះកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ក្រោយពីមានការផ្ទុះនោះ។
ប្រទេសតួកគីបានស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្លួនសម្រាប់ការវាយប្រហារបន្ថែមទៀត ចាប់តាំងពីការបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនៗគ្នាកាលពីខែតុលា ដែលបានសម្លាប់មនុស្សអស់ជាង១០០នាក់ នៅក្នុងពិធីជួបជុំគ្នាមួយរបស់សកម្មជនសន្តិភាព នៅខាងក្រៅស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងរដ្ឋធានីអង់ការ៉ា (Ankara) នៃប្រទេសតួកគីនោះ៕