ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សិល្បករ​អាហ្វិ្រកបាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​ដោយ​នាំយក​ទៅ​ជាមួយ​នូវ​ការតាំង​ពិព័រណ៍​ចល័ត


រូបចម្លាក់ដោយសិល្បករជនជាតិកាម៉េរូនលោក Joseph-Francis Sumégné ត្រូវបានដាក់បង្ហាញនៅសារមន្ទីរ Black Civilizations នៅក្រុងដាកា។

ទីក្រុង​ប៊ែរឡាំង ទីក្រុង​ប៉ារីស និង​ទីក្រុង​ឡុងដ៏ គឺ​ជា​ទិសដៅរួម​សម្រាប់​សិល្បករ​អាហ្រ្វិក ដែល​ព្យាយាម​បង្កើត​អាជីព​របស់​ពួកគេ និង​សាង​កេរ្ត៍ឈ្មោះ។ ប៉ុន្តែ នៅ​ពេល​ពួកគេ​ផ្តោត​ការយកចិត្ត​ទុកដាក់​តែ​នៅ​បស្ចិម​ប្រទេស​នោះ ពួកគេ​ប្រឈមនឹង​ការដែល​ត្រូវគេ​បំភ្លេច​ចោល​នៅ​ឯ​ប្រទេស​កំណើត។ ការណ៍​នេះ នាំឲ្យ​មាន​ការបំផុស​គំនិត​ឲ្យ​គិត​គូរ​ដល់​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​កំណើត​នេះ ចាប់ផ្តើម​ឲ្យធ្វើ​ឡើង​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក។

មនុស្ស​រាប់រយនាក់​មកពី​ជុំវិញ​ពិភពលោក បាន​ប្រមូលផ្តុំគ្នា​នៅឯ​សារមន្ទីរ ​Museum of Black Civilizations ក្នុង​ទីក្រុង​ដាកា ដើម្បី​ចូលរួម​ពិធី​បើក​ការតាំង​ពិព័រណ៍​សិល្បៈ​សហសម័យ​មួយ​ដែល​មាន​ឈ្មោះ​ថា «Prête-moi ton rêve» ដែល​មាន​ន័យ​ថា «ឲ្យ​ខ្ញុំសុំ ខ្ចី​ក្តី​សុបិន​របស់​អ្នក»។ ភ្ញៀវ​ដែល​ចូលរួម ស្លៀកពាក់រូប​ប្រពៃណី​របស់​អាហ្វ្រិក​ដែល​មាន​ពណ៌​ស្រស់ឆើត និង​មាន​រូប​ផ្សេងៗ​នៅ​លើ​សាច់ក្រណាត់ ដែល​ទាក់ទាញ​អ្នកថតរូប។ មាន​ស្នាដៃ​ជាង ១០០ របស់​សិល្បករ ៣០ នាក់ មក​ពី ១៥ ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក ដែល​រួម​មាន​ប្រទេស​កូតឌីវ័រ កុងហ្គោ ម៉ារ៉ុក និង​ម៉ាលី ជាដើម។

សម្រាប់​សិល្បករ​ជាច្រើន ឱកាស​ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​ដល់​ជនជាតិ​អាហ្វ្រិក​ដទៃទៀតគឺជា​ ឱកាស​ដ៏​កម្រ​មួយ។

លោក Fihr Kettani គឺជា​អគ្គលេខាធិការ​នៃ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​វប្បធម៌​អាហ្វ្រិក​សម័យ​ទំនើប ហើយ​លោក​ជា​អ្នករៀបចំ​ការតាំង​ពិព័រណ៍​នេះ។ លោក​បាន​និយាយ​ថា គោលដៅ​នៃ​ការតាំង​ពិព័រណ៍​នេះ គឺ​ដើម្បី​ប្រមូលផ្តុំ​នូវ​ស្នាដៃ​សិល្បៈ​អាហ្រ្វិក​សម័យ​ទំនើប​ល្អ​ជាងគេ និង​បង្ហាញ​ស្នាដៃ​ទាំងនោះ​ដល់​ទស្សនិកជន​អាហ្វ្រិក។

លោក Fihr Kettani បាន​ថ្លែងថា លោក​និង​អ្នករៀបចំការតាំងពិព័រណ៍​ផ្សេង​ទៀត ដឹង​ថា សិល្បករ​ទាំងនេះ​ទទួល​បាន​ជោគជ័យ​នៅ​ទីក្រុង​ប៉ារីស នៅ​ប្រទេស​អ៊ីតាលី នៅ​ទីក្រុងឡុងដ៍ និង​នៅ​ទីក្រុង​ញូយ៉ក ប៉ុន្តែ ស្នាដៃ​របស់​ពួកគេ​មិនទាន់​បាន​ទទួល​ស្គាល់​ដល់​កម្រិត​នោះ​នៅ​ប្រទេស​កំណើត​របស់​ពួកគេ​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​បាន​ជា លោក​និង​អ្នករៀបចំការតាំងពិព័រណ៍​ផ្សេង​ទៀត ក៏​មាន​គំនិត​នាំ​សិល្បករ និង​ស្នាដៃ​របស់​ពួកទាំងនោះ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ។ គំនិត​នេះ គឺ​ដើម្បី​ឲ្យ​ស្នាដៃ​ទាំងនោះ ត្រូវបាន​ទទួលស្គាល់​នៅ​ទ្វីបអាហ្រ្វិក និង​ដើម្បី​ឱ្យ​ជនជាតិ​អាហ្វ្រិក​ទូទៅ​មាន​ចំណែក​នៅក្នុង​ការទទួល​បាន​ជោគជ័យ​របស់​សិល្បករ​ទាំងនោះ។

ការតាំងពិព័រណ៌​ចល័ត​នេះ នឹង​បន្ត​ទៅ​ទីក្រុង​ចំនួន​៧ ក្នុង​ទ្វីប​អាហ្រ្វិក ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ក្នុង​ចំណោម​ទីក្រុង​ទាំង៧​នោះ ក្រៅពី​ទីក្រុង​ដាកា​នៅ​ប្រទេស​សេណេហ្កាល់ គឺ​ទីក្រុងCasablanca Abidjan Lagos Addis Ababa Cape Town និង Marrakech។ ការតាំង​ពិព័រណ៌​ចល័តនេះ ក៏​មាន​បំណង​ដើម្បី​ឲ្យ​មាន​ការបង្រួប​បង្រួម​វប្បធម៌ និង​ទំនៀម​ទម្លាប់​ជនជាតិ​ភាគតិច​ដែល​មាន​ការពាក់ព័ន្ធ​គ្នា​នៅ​ទ្វីប​នេះ​ផងដែរ ក្នុង​គ្រាដែល​មាន​ការអបអរ​ដល់​សិល្បៈ​អាហ្រ្វិក​នៅ​កន្លែង​ប្រភព​ដើម​របស់​វា។

លោកYacouba Konate ((Ya-kou-bah Kaun-ah-té)) គឺ​ជា​អ្នកអភិរក្ស​ការតាំង​ពិព័រណ៍​នេះ​ម្នាក់។ លោក​ថ្លែង​ថា លោក​សង្ឃឹម​ថា ការតាំង​ពិព័រណ៍​នេះ​នឹង​ជួយ​ដល់​សិល្បករ​អាហ្រ្វិក​ដែល​ល្បីល្បាញ​ជា​អន្តរជាតិ ឲ្យ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកជិតខាង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។

លោក​និយាយ​ថា ទ្វីប​អាហ្រ្វិក​ជាញឹកញាប់​ត្រូវបាន​អ្នករៀបចំ​ពិព័រណ៍​បំភ្លេច​ចោល។

ការតាំង​ពិព័រណ៍​របស់​ពួកគេ បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស នៅទីក្រុង Dusseldorf នៃ​ប្រទេស​អាល្លឺម៉ង់ និង​ទីក្រុងឡុងដ៏ ក៏ប៉ុន្តែ​គ្មាន​នរណាម្នាក់​គិត​អំពី​ភាពចាំបាច់ ឬ ចាប់​អារម្មណ៍​ថា នឹង​បង្ហាញ​ស្នាដៃ​របស់​សិល្បៈករ​អាហ្វ្រិក​នៅ​ទ្វីប​អាហ្វ្រិក​នោះ​ទេ។

ទោះបី​នៅពេលដែល​អ្នករៀបចំ​ការតាំង​ពិព័រណ៍ គិតគូរ​អំពី​ការតាំង​ពិព័រណ៍​ចល័ត​នេះ​នៅ​ទ្វីបអាហ្វ្រិក​ក៏ដោយ ក៏​លោក Konate បាន​និយាយ​ថា ពួកគេ​ងាយ​នឹង​បោះបង់​គម្រោង​នោះ​ចោល ដោយ​លើក​ហេតុផល​ថា វា​មិន​អាច​ទៅ​រួច​ទេ​ដោយសារតែ​មិនមាន​កន្លែង និង​ថវិកាគ្រប់គ្រាន់។

លោក​និយាយ​ថា លោក និង​អ្នករៀបចំ​ការតាំង​ពិព័រណ៍ ចង់​ជម្នះ​បញ្ហា​និង​ឧបសគ្គ​ទាំងនេះ​ជាមួយ​គ្នា ហើយ​បន្ទាប់​មក​ក៏ឃើញ​បន្តិច​ម្តងៗ​ថា ពួកលោក​អាច​ជម្នះ​ឧបសគ្គ​ទាំងនោះ​បាន ហើយ​នឹង​បង្ហាញ​ថា កិច្ចការ​នោះ ពិតជា​អាច​ធ្វើ​ទៅ​បាន។

សិល្បករ​ដែល​លេចធ្លោ​ជាងគេ​គឺ​ជាង​ចម្លាក់​ជនជាតិ​កូតឌីវ័រ លោក Siriki Ky ((Seer-ee-kee Kee))។ លោក​បាន​និយាយ​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​លោក និង​សិល្បករ​ដទៃទៀត ដែល​ស្នាដៃ​របស់​ខ្លួន​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ជនជាតិ​អាហ្វ្រិក។

លោក​និយាយ​ថា លោក​និង​សិល្បៈករ​ដទៃទៀត ធ្វើការ​ច្រើន​នៅ​បស្ចិម​ប្រទេស​និង​នៅ​ក្រៅ​ទ្វីប​អាហ្វ្រិក។ នោះ​ហើយ ជាមូលហេតុ​ដែល​ពួកគេ​ចង់​ចូលរួម​ក្នុង​ការតាំង​ពិព័រណ៍​នេះ ដើម្បី​ឲ្យ​អ្នកជិតខាង និង​ឪពុកម្តាយ​របស់​ពួកគេ អាច​មើល​ឃើញ​ស្នាដៃ​របស់​ពួកគេ និង​យល់​យ៉ាងណា​ចំពោះ​ស្នាដៃ​ទាំងនោះ ហើយ​សម្រេចចិត្ត​ថា​តើ​ចូលចិត្ត​ស្នាដៃ​របស់​ពួកគេ​ដែរ ឬ យ៉ាងណា ឬ យ៉ាងហោចណាស់​ពួកគេ​ដឹងថា​សាច់ញាតិ ឬ អ្នកជិតខាង​របស់​ពួកគេ កំពុង​ធ្វើ​កិច្ចការ​សិល្បៈ​ទាំងនេះ។

ការតាំង​ពិព័រណ៍​នេះ នឹង​មាន​នៅ​សារមន្ទីរ Musee des Civilizations Noires ក្នុង​ទីក្រុង​ដាកា រហូត​ដល់​ថ្ងៃ​ទី ២៨ ខែមករា ឆ្នាំ២០២០​នេះ៕

ប្រែសម្រួល​ដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG