ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ច្បាប់៖ ការ​ដក​អនុ​ប្រធាន​សភា គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ


ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)
ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)

គណបក្ស​គ្រប់​គ្រង​អំណាច​នៃ​ប្រទេស​កម្ពុជា ​​បាន​បន្ត​បំពាន​រដ្ឋធម្មនុញ្ញ​ ដោយ​បោះឆ្នោត​ដក​លោក កឹម​ សុខា ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋ​សភា ដោយសារ​តែ​ការបោះឆ្នោត​នេះ​ ធ្វើ​ឡើង​ក្នុង​លក្ខណៈ​តក់​ក្រហល់​ និង​មិន​ស្រប​តាម​នីតិ​វិធី​ច្បាប់។

គណបក្ស​គ្រប់​គ្រង​អំណាច​នៃ​ប្រទេស​កម្ពុជា បាន​បន្ត​បំពាន​រដ្ឋធម្មនុញ្ញ​ ដោយ​បោះឆ្នោត​ដក​លោក កឹម​ សុខា ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋ​សភា ដោយសារ​តែ​ការបោះឆ្នោត​នេះ​ ធ្វើ​ឡើង​ក្នុង​លក្ខណៈ​តក់​ក្រហល់​ និង​មិន​ស្រប​តាម​នីតិ​វិធី​ច្បាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីអ្នក​ជំនាញ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពន្យល់​ថា ការណ៍​នេះ បង្ហាញ​ថា​ប្រទេស​កម្ពុជា ពុំ​បាន​ផ្ដល់​តម្លៃ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ពី​តំណែង​របស់​លោក​នៅ​ក្នុង​រដ្ឋសភា​ជា​ឯកច្ឆន្ទ ​ដោយ​អ្នក​តំណាង​រាស្ត្រ​៦៨រូបមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​គ្មាន​វត្តមាន​ពី​អ្នក​តំណាង​រាស្ត្រ​៥៥​រូប​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សឺន ស៊ូប៊ែរ៍ អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច កំពុង​តែ​ដើរ​តាម​លំអាន​ចាស់​របស់​ខ្លួន​ ដូច​ដែល​បាន​ធ្វើឡើង​កាល​ពី​ពេលកន្លង​មក ទាក់​ទិន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ដើម្បី​បង្កើត​រដ្ឋាភិបាល ដែល​ទង្វើ​នេះ ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ។

លោក​ថា​ ការ​ដក​ដំណែង​លោក​កឹម​ សុខា​ ដោយ​គ្មាន​នីតិ​វិធី​ត្រឹមត្រូវ​ និង​គ្មាន​ការ​ពិភាក្សា​គ្រប់​គ្រាន់​រវាង​តំណាង​រាស្ត្រ​នៃ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​រឹតតែ​បញ្ជាក់​ថា​ រដ្ឋ​ធម្មនុញ្ញបែប​ប្រជាធិបតេយ្យ​ត្រូវ​បាន​បំពាន​ជាថ្មី​ម្ដង​ទៀត។

«របៀប​ចាត់​ការ​ភ្លាមៗ​អញ្ចឹង​ អត់​មាន​ សភា​ពិភាក្សា​ស្អីៗ។ យ៉ាង​ហោច​ណាស់​សម្រាប់​ រដ្ឋាភិបាល​ត្រូវមាន​គេ​ហៅ​ថា motion (សេចក្ដី​ស្នើ)​ ​ត្រូវ​មាន​សេចក្ដី​ស្នើ​ទៅ​រដ្ឋ​សភា​ហ្នឹង​ ចោទ​ប្រកាន់​ទៅ​រក​រដ្ឋាភិបាល​ ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ គេ​អាច​ទម្លាក់​រដ្ឋាភិបាល​បាន។ បើ​តាម​ខ្ញុំ​ចាំ​ នីតិ​វិធី​វា​ហ្នឹង​ នេះ​អត់​មាន​នីតិ​វិធី​អី​ទាំង​អស់​ស្រាប់​តែ​ ទម្លាក់​គេ»។

នៅមុន​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​កឹម​ សុខា​ កាល​ពី​ថ្ងៃ​សុក្រ​ គណៈ​អចិន្ត្រៃយ៍សភា បាន​កោះ​ប្រជុំ​បន្ទាន់​មួយ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​បី​រូប គឺ​លោក​ អេង ឆៃអ៊ាង​ លោក ​យ៉ែម បុញ្ញរិទ្ធ និង​លោក ​ហូ វ៉ាន់​ផង​ដែរ។

ភ្លាមៗ បន្ទាប់​ពី​ការ​ប្រជុំ​នោះ​ សភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ប៉ុណ្ណោះ បាន​បោះ​ឆ្នោត​ទម្លាក់​លោក​កឹម​ សុខា ។ ចំនែក​ឯ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​រូប​ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​អង្គ​ប្រជុំ​នោះ។

លោក​សុក សំអឿន​ ជា​មេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស ថ្លែងប្រាប់​ VOA ​ថា​ រដ្ឋធម្មនុញ្ញ​ តម្រូវ​ឲ្យ​មាន​ការ​សម្រេច​តាម​ផ្លូវច្បាប់​ជាមួយ​មតិ​ពហុបក្ស​ តែ​លោក​មើល​ឃើញ​ថា​ ការ​សម្រេច​ផ្លូវ​ច្បាប់​នៅ​ក្នុង​រដ្ឋសភា ជារឿយៗ ធ្វើ​ឡើង​ដោយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​តែ​ម្ខាង​ប៉ុណ្ណោះ។

«ខ្ញុំ​ចេះ​តែ​សង្កេត​ឃើញ​ថា យើង​ប្រកាន់​គោលការណ៍​ របប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ទាល់​ពហុបក្ស​របស់​យើង វា​ហាក់​ដូច​ជា​ សំដៅ​ទៅ​លើ​ថា​ នៅ​ពេល​ដែល​បង្កើត​សភា​ត្រូវ​តែ​មាន​ពីរ​បក្ស​ឡើង​ទៅ​តែ​ប៉ុណ្ណឹង។ ក៏ប៉ុន្តែ ដល់​ពេល​ខាង​សម្រេច​ ដូច​ជា​កម្រ ដូច​យើង​ផ្ដោត​ទៅ​លើ​មតិ​ភាគ​ច្រើន​តែ​មួយ​មុខ​ អត់​និយាយ​ពី​ អត់​បញ្ចូល​ពហុបក្ស​ហ្នឹង​ បើ​សិន​គេ​ប្រជុំ​សម្រេច មាន​បក្ស​ទាំង​ពីរ​ អា​ហ្នឹង​យើង​យក​ច្រើន​ទោះ​បី​នរណា​បោះ​ នរណា​មិន​បាន​បោះ​ អាហ្នឹង​ក៏យើង​ឃើញ​ថា​ ជាការ​សម្រេច​បែប​ពហុបក្ស​ដែរ​ណ៎ា»។

ទោះជា​យ៉ាង​ណា រដ្ឋ​សភា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ការ​ពារ​សេចក្ដី​សម្រេច​របស់​អ្នក​តំណាងរាស្ត្រ​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដោយ​យោង​ទៅ​តាម​មាត្រា​៨២​ និង​មាត្រា​៨៧​នៃ​រដ្ឋ​ធម្មនុញ្ញ។ ខ្លឹម​សារ​មាត្រា​ទាំង​ពីរ​នេះ មិន​បាន​និយាយ​ច្បាស់​ចំពោះ​ការ​ដក​តំណែង​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​នោះ​ទេ។

លោក​សុក សំអឿន ពន្យល់​ថា រដ្ឋធម្មនុញ្ញ បាន​ចែង​អំពី​ការ​ផុត​តំណែង​របស់​ថ្នាក់នាំ​រដ្ឋ​សភា​ប៉ុណ្ណោះ មិន​បាន​និយាយ​ដល់​ការបោះឆ្នោត​សម្រេច​ដក​ដំណែង​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា​ប្រសិន​បើ មាន​ការ​បោះ​ឆ្នោត​ដោយ​គណបក្ស​តែ​ម្ខាង​ ក្នុង​ការ​សម្រេច​ចិត្ត​ណាមួយ​ ដោយ​យោង​ទៅតាម​មតិ​ភាគច្រើននៅ​ក្នុង​រដ្ឋ​សភា​ទៀត​នោះ​ ប្រទេស​កម្ពុជា​អាច ប្រឈម​មុខ​នឹង​អស្ថិរភាព​នយោបាយ។

«បើសិនជា អញ្ចឹង​យើង​បារម្ភ​ថា ពាក់​ព័ន្ធ​ដល់​ស្ថេរភាព​ នយោបាយ​ច្រើន​ជាង​ ព្រោះ​ដល់​អញ្ចឹង​វា​ដូច​សំឡេង​ភាគ​ច្រើន​ហ្នឹង កំពុង​មាន​ប្រៀប​ហើយ​អាច​ធ្វើ​អ្វី​ អាច​គាប​សង្កត់​ទៅលើ​សំឡេង​ភាគ​តិច​អី​ជាដើម»។

មាត្រា​ទី​១​នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចែង​ថា៖ «ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ ដែល​ព្រះមហាក្សត្រ ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។

យ៉ាង​ណា​ក៏​ដោយ​ លោក ជាម​ យៀប អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច​ និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ និង​ធនាគារ​នៃ​រដ្ឋសភា បាន​ពន្យល់​ប្រាប់​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​របស់លោក​ថា បើសិនជា​ លោក​កឹម សុខា បន្ត​ស្ថិត​នៅ​ក្នុង​តំណែង​ទៀត​នោះ​ អសន្តិសុខ​ជាតិ​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​កឹម សុខា​ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ ជាមួយ​អ្នក​រិះ​គន់​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន​បួន​នាក់​ផ្សេងទៀត​នៅ​ឆ្នាំ​២០០៥​ ដោយសារ​ការ​តវ៉ា​ប្រឆាំង​ការ​ចុះ​សន្ធិសញ្ញា​បន្ថែម​ ដែល​តំណាង​រាស្ត្រ​គណបក្ស​សម រង្សីនៅ​ពេល​នោះ​ ​បាន​ចោទ​ថា​ មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ និង​អាច​បំពាន​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា។ នៅ​ពេល​នោះ លោក​កឹម សុខា​ គឺ​ជា​ប្រធាន​មជ្ឈ​មណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា។​

រយៈ​ពេល​១០​ឆ្នាំ​ក្រោយ​មក​ លោក​កឹម សុខា នៅ​តែ​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ដដែល​ដោយ​សារ​តែលោក​កឹម សុខា​ បន្ត​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយគណបក្សប្រជា​ជន​កម្ពុជា​។

នៅមុន​ការ​ដក​តំណែង​របស់​លោក​កឹម​ សុខា​កាល​ពី​ថ្ងៃ​សុក្រ ដោយ​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ហ៊ុន សែន បាន​ព្រមាន​លោក​កឹម​ សុខា ថា​លោក​កឹម សុខា​អាច​ធ្លាក់ចេញ​ពី​មុខ​តំណែង ដោយ​សារ​សំឡេង​ឆ្នោត​របស់​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​របស់​លោក។

សកម្មភាព​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នេះ ត្រូវ​បាន​ការពារ​ដោយ​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋ​សភា​ជាតិ គឺ​លោក​ឈាង វ៉ុន​ ដែល​ថ្លែង​ថា​ ការ​ដក​ដំណែង​លោក​កឹម សុខា​ គឺ​ធ្វើ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អ្នកតំណាង​រាស្ត្រ​៦៣​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​បាន​ធ្វើ​ទៅ​តាម​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ាជាង​១.០០០នាក់ ​ដែល​បាន​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​ដក​លោក​កឹម សុខា​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ​ឡើយ។

បាតុកម្ម​នេះ បាន​ក្លាយ​ជា​ហិង្សា​នៅ​នាទី​ចុងក្រោយ ដោយ​បាន​បណ្ដាល​ឲ្យ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ពី​នាក់​គឺ​លោក​គង់​ សភា និង​លោក​ញ៉យ​ ចំរើនរង​របួស​យ៉ាង​ដំណំ​រហូត​ត្រូវ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។​

លោក​យ៉ែម​ បុញ្ញឬទ្ធ​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មានប្រសាសន៍​ថា​ ការ​ដក​តំណែង​លោក​កឹម​ សុខា​ គឺ​មិន​ស្រប​រដ្ឋធម្មនុញ្ញ បើ​ទោះ​ជា​មាន​ការ​បក​ស្រាយ​ពី​រដ្ឋសភា​ថា​ ការ​ដក​តំណែង នេះ ត្រូវ​បាន​ធ្វើឡើង​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​នោះ​ក៏​ដោយ។

«ខ្ញុំ​គិត​ថា​ រដ្ឋ​ធម្មនុញ្ញ​របស់​យើង​ ជា​ស្មារតី​នៃ​ច្បាប់​ជៀស​វាង​ការ​បក​ស្រាយ​ ដើម្បី​ទៅតាម​ពេល​វេលា​ កាលៈទេសៈ​មួយៗ ដូច្នេះ​យើង​យល់​ឃើញ​ថា​ មិន​ត្រឹម​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ​ទេ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទៀត​សោត​ គឺ​ជា​ការ​រំលោភ​កិច្ច​ព្រម​ព្រៀង​២២​កក្កដា​ ទៅ​ទៀត»។

ការ​បក​ស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ឬ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កន្លងមក​ គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​សម្រេច​ដល់​គោល​ដៅ​របស់​ជារឿយៗ​ ដោយសារ​តែ​គណបក្ស​នេះ​ មាន​សំឡេង​ភាគ​ច្រើន​ក្នុងសភា​ និង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

កាល​ពី​ឆ្នាំ​២០០៤​ ការ​បោះ​ឆ្នោត​ជា​កញ្ចប់​បាន​កើតឡើង​តាម​ការ​បង្កើត​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​ដ៏​ចម្រូងចម្រាស ។ អ្នក​ច្បាប់​ខ្លះ​ចាត់​ទុក​ថា​ការ​បោះឆ្នោត​នោះ​ ខុស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ៕

XS
SM
MD
LG