ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ធំ​ទាំងពីរ​នៅ​កម្ពុជា​ប្តេជ្ញា​រក្សា​វប្បធម៌​សន្ទនា

  • នៅ វណ្ណារិន

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ និង​លោក​ សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដើរ​ចេញ​ពី​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

ទោះ​បី​ជា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​​ឡើង​កំដៅ​ជា​ថ្មី​ក៏​ដោយ​ តែ​អ្នក​តំណាង​គណបក្ស​ធំៗ​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា​​នៅ​តែ​អះអាង​ពី​ការ​ប្តេជ្ញា​និង​រក្សា​«វប្បធម៌​សន្ទនា»​ដ៏​ថ្មីថ្មោង​របស់​ពួក​គេ។

ទោះ​បី​ជា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បានឡើង​កំដៅ​ជា​ថ្មី​ក៏​ដោយ​ តែ​អ្នក​តំណាង​គណបក្ស​ធំៗ​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជានៅ​តែ​អះអាង​ពី​ការ​ប្តេជ្ញា​និង​រក្សា​«វប្បធម៌​សន្ទនា»​ដ៏​ថ្មីថ្មោង​របស់​ពួក​គេ។​ ម៉្យាងទៀត​ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់​នឹង​វិល​មក​ប្រទេស​កម្ពុជា​នាថ្ងៃ​អង្គារ​ស្អែក​នេះ​ ​ខណៈ​ពេល​ដែល​គណៈ​កម្មការរបស់​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន នៅ​មិនទាន់​វែក​មុខ​រក​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណ​បក្ស​ជំទាស់​នៅ​ឡើយ​ទេនោះ។

អ្នក​តំណាង​គណបក្ស​ធំៗ​ក្នុង​រដ្ឋសភាគឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់សលោកសម រង្ស៊ី​ ​បាន​អះអាង​ថា​ ​គណបក្ស​ទាំងពីរ​នៅ​តែ​រក្សា«វប្បធម៌​សន្ទនា»ដ៏​ផុយ​ស្រួយ​ ​បើ​ទោះ​ជា​មាន​ អរិភាព​នឹង​គ្នា​ ​នា​ពេល​ថ្មីៗ​ ​យ៉ាង​ណា​ក៏​ដោយ។​

លោក​សុខ​ ឦសាន្ត​ អ្នក​នាំពាក្យគណបក្ស​កាន់​អំណាច​ ​និង​លោក​ យ៉ែម​ បុញ្ញាឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​ បាន​បញ្ជាក់​ប្រាប់​ VOA ​នា​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​គណបក្ស​ទាំង​ពីរ​នឹង​ព្យាយាម​រក្សា​ទំនាក់​ទំនង​នឹង​គ្នា​បន្ត​ទៀត​ ​ដោយ​សន្តិវិធី។​

លោក ​យ៉ែម​ បុញ្ញាឫទ្ធិ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​

«យោង​តាម​ប្រសាសន៍​និង​លិខិត​ឆ្លើយ​ឆ្លង​រវាងឯក​ឧត្តមលោក​ សម រង្ស៊ី​ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ភាគ​តិច​ និងសម្តេច ​ស ខេង ​តំណាង​ក្រុម​តំណាង​រាស្រ្ត​ភាគ​ច្រើន​ វប្បធម៌​សន្ទនា​យើង​នៅ​តែ​ថែ​រក្សា​ និង​ព្យាយាម​បន្ត​ដោះ​ស្រាយ​បញ្ហានានា​ដោយវិធី​និង​អហិង្សា។​ ជាគោល​ការណ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​យើង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោតដោយ​សេរី​ត្រឹម​ត្រូវយុត្តិធម៌​ និ​ង​អហិង្សា​ និង​ការ​ជជែក​គ្នា​ដោយ​ខ្មែរ​និង​ខ្មែរ»។​

ស្រប​គ្នា​នោះ​ដែរ​ លោក​សុខ ឦសាន្ត​ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច ​បាន​ថ្លែង​ថា​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ប្រើ​ និង​រក្សាកិច្ច​ព្រមព្រៀងនយោបាយ​ ដែល​ហៅ​ថា​«វប្បធម៌​សន្ទនា»ជា​មួយ​ដៃ​គូផ្សេងៗ​ជា​ច្រើន​មក​ ហើយ​ចាប់​តាំង​ពីឆ្នាំ​១៩៨៥​ ​ដែល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីសក្នុង​ឆ្នាំ​១៩៩១​ ​ការ​ធ្វើ​សមាហរណកម្ម​ពួកខ្មែរក្រហម​ចុង​ក្រោយ​ក្នុង​ឆ្នាំ​១៩៩៨​ ​និង​ បញ្ចប់​ការ​ជាប់​គាំង​នយោ​បាយ​ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជា​ច្រើន​លើក។​

«ទោះបី​ថា​ថ្មីៗ​នេះ​ វា​មាន​បញ្ហា​មួយ​ចំនួន​ ដែល​យើង​ចាប់​អារម្មណ៍​ ដូចជា​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​កឹម សុខា​ ឬ​បញ្ហា​បាតុភាព​អំពើហិង្សា​លើ​តំណាង​រាស្ត្រ​ពីររូប ហើយ​មាន​ការ​និយាយ​ស្តី​មួយ​ចំនួន​របស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​មក​លើ​សម្តេច​តេជោ​ហ៊ុន សែន​យ៉ាង​ណា​ក៏​ដោយ​ ​យើង​យល់ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រក្សា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពី​រ​ឱ្យនៅ​ឋិត​ថេរ»។​

លោក​សុខ ឦសាន្ត​បញ្ជាក់​បន្ថែម​ថា៖​

«ក៏​ប៉ុន្តែ​សំណូមពរ​ឲ្យ​ភាគី​ដៃ​គូ​ និង​សូម​ឲ្យ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង ​ដែល​បាន​ចុះ​ហត្ថលេខា​រួមគ្នាកាល​ពី​ខែ​៥ឆ្នាំ​២០​១៥​ ដែល​គោរព​គ្នា ឱ្យ​តម្លៃគ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​កុំ​វាយ​ប្រហារ​គ្នា។​ ​អា​ហ្នឹង​គឺ​ជា​ការ​ល្អ​ដែល​ធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​ហ្នឹង​មាន​អាយុ​វែង​ទៅ​មុខ​ត​ទៀត»។​

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ ​លោកកឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សភាជា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្វើ​ការ​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទីមួយ​នៃ​រដ្ឋ​សភា​ជាតិ​បន្ទាប់​ពីលោក​កាន់​តំណែង​នេះ​បាន​ជាង​១​ឆ្នាំ។​ ​ការ​ដក​តំណែង​នេះ​គឺធ្វើឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ផង​បន្ទាប់​ពី​មាន​បាតុកម្ម​របស់​អ្នក​គាំទ្រ​គណ​បក្ស​កាន់​អំណាច​ ​ធ្វើ​ការ​តវ៉ា​នា​មុខ​រដ្ឋ​សភា​ស្នើ​ឲ្យ​មាន​ការ​ដក​តំណែង​លោក​កឹម សុខា។​

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចេញ​នា​ថ្ងៃ​សុក្រនោះ​ បញ្ជាក់​ពីភាព«មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ»​ ដែល​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ​និងរំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​ឈ្មោះ​ថា​ «វប្បធម៌​សន្ទនា»​នោះ។

លោក​សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ លោកនឹង​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​រាត្រី​ថ្ងៃ​អង្គារ​ខាង​មុខ ​បន្ទាប់​ពី​លោក​បំពេញ​ទស្សន​កិច្ច​នៅ​ក្រៅ​ប្រទេស។ ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ និង​អត្ថន័យ​ច្បាស់​ លោក​សម រង្ស៊ីបាន​សរសេរ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​

«សារៈ​សំ​ខាន់​និង​ភាព​ចាំបាច់​នៃ​វប្ប​ធម៌​សន្ទនា ខ្ញុំ​នឹង​វិល​មក​ដល់​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​ទី៣​ខែ​វិច្ឆិកា​នេះ​ ​វេលា​ម៉ោង​១៩​និង​៣៥​នាទី»។

លោក ​យ៉ែម បុញ្ញាឫទ្ធិបាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើការ​ប្រជុំ​ដើម្បី​កំណត់​នយោបាយ​ និង​កិច្ច​ការ​សន្ទនា​ឡើងវិញ​ជា​មួយ​គណបក្ស​កាន់​អំណាច​នាថ្ងៃ​ពុធ​ខាង​មុខ​ ​ខណៈ​ពេល​ដែល​លោក​សម រង្ស៊ី​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

លោក​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរ​សេរ​លិខិត​ដាក់​ជូន​លោក​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​កាលពី​ថ្ងៃ​ច័ន្ទថា​ គណបក្ស​នេះ​នឹង​មិន​ស្នើ​បេក្ខភាពថ្មីជំនួស​តំណែង​លោក​កឹម សុខា​ជា​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​ជាតិ​នោះ​ទេ។

«យើង​ពុំទាន់​បាន​ពិភាក្សា ​ពិគ្រោះ​យោបល់​ជា​មួយ​ឯកឧត្តម​ប្រធាន​ និង​អនុប្រធាន​នោះ​នៅ​ឡើយ​ទេ។​ ​តែទី​មួយ​យើង​បាន​ផ្ញើ​លិខិត​ទៅ​សម្តេច​ប្រធាន​រដ្ឋសភា​ស្តីពីការមិន​ដាក់​បេក្ខ​ភាព​ថ្មី​ជំនួយ​ឯកឧត្តម ​កឹម សុខា​នោះ​ទេ»។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​សុខ ឦសាន្ត ​តំណាង​រាស្ត្រ​ និង​ជា​ ​អ្នក​នាំពាក្យ​គណ​បក្ស​កាន់​អំណាច បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋ​សភា​ជាតិ​នា​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ដោយ​លោក​និយាយ​ថា​ ចំណាត់​ការ​នោះ​មិន​បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀងនយោបាយ​អ្វី​នោះ​ទេ​ ​ដោយ​សារ​កិច្ចព្រម​ព្រៀង​នយោបាយ​មិន​បាន​ចែង​ថា​ ​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋ​សភា​ត្រូវ​តែ​ប្រគល់​ឲ្យ​លោក​កឹម សុខា​នោះ​ទេ។​

«អា​ហ្នឹង​គឺ​ជា​សិទ្ធិ​សម្រេច​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។​ គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទៅ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ទេ។​ ​ត្រង់​ដាក់ ​ឬមិនដាក់​វា​ជា​អធិប​តេយ្យ​ភាព​របស់​គាត់​ ​ជា​សិទ្ធិ​សម្រេច​របស់​គាត់។​ ​ ​ចំណុច​ទី​២​ ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ដាក់​បេក្ខ​ភាព​មក​ទេ​ អា​ហ្នឹង​កៅអី​នោះ​នៅទំនេរ។​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទៅ​ដណ្តើម​យក​ទេឱ្សស្រប​ទៅ​តាម​ស្មារតី​នៃកិច្ច​ព្រម​ព្រៀង​នយោបាយ​ថ្ងៃទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤»។​

នាច័ន្ទ​សប្តាហ៍​កន្លង​ទៅ​ ​តំណាង​រាស្ត្រ​ពីរ​នាក់​របស់​គណបក្ស​ជំទាស់​គឺលោក​ គង់​ សភា​ និង​លោកញ៉យ ចំរើន​ ​ត្រូវ​បាន​ក្រុម​ជន​បិទ​មុខ​វាយ​ប្រហារ ​ក្រោយ​ពេល​ដែល​ជន​ទាំង​នោះ​ស្ទាក់​រថយន្ត​ និង​ទាញ​តំណាងរាស្ត្រ​ទាំងពីរ​ចេញ​ពី​រថយន្ត​ ​ពេល​ដែល​រថយន្ត​នោះចេញ​ពី​មន្ទី​រដ្ឋសភា។​ ​ ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រមានអភ័យ​ឯក​សិទ្ធិ​នេះត្រូវ​បាន​ថ្កោល​ទោស​ និង​រង​ការ​រិះគន់យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​ ​និង​ពី​ស្ថានទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា។​

​លោក​យ៉ែម ប៉ុញ្ញាឫទ្ធិ​ប្រាប់​ VOA​ ​ថា​នា ​ព្រឹក​ថ្ងៃ​អង្គារខាង​មុខ​នេះ​ ​លោក​សម រង្ស៊ី និង​ឈាង​ទៅ​សួរ​សុខ​ទុក្ខ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូបដែល​កំពុង​សម្រាកព្យាបាល​នា​ទី​ក្រុង​បាងកក​ ​មុនពេល​លោក​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។​មក​ដល់​ពេល ​អាជ្ញារធរ​មិនទាន់​ចាប់​បាន​ជនដៃ​ដល់​ដែល​ធ្វើ​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ទាំងពីរ​នាក់​នៅ​ឡើយ​ទេ។​

VOA​ មិនអាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​ក្រសួង​មហាផ្ទៃ​ និង​នគរបាល​ជាតិ​បាន​ទេ​នាថ្ងៃ​ច័ន្ទនេះ។​ តែ​គេ​ដឹង​ថា​ ​អ្នក​បើកបរ​ពីរ​នាក់​របស់​ជន​រងគ្រោះ​ត្រូវ​បាន​ ​នគរបាល​ជាតិកោះ​ហៅ​ទៅ​សាក​សួរ​អំពី​ហេតុ​ការណ៍វាយ​ប្រហារកាលពី​ថ្ងៃ​ច័ន្ទ​នោះ។

អរិភាព​រវាង​គណ​បក្សកាន់​អំណាច​ និង​គណបក្ស​ជំទាស់​បាន​ផ្ទុះ​ឡើងសារ​ជា​ថ្មី ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​បន្ទាប់​ពីតំណា​ងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​ពី​ការ​ប្រើ​ប្រាស់​ផែនទី និងការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​កម្ពុជា។ ​យ៉ាងហោច​ណាស់​មាន​សកម្ម​ជន​គណបក្ស​ជំទាស់​ជាង​១០រូប ​និង​តំណាង​ព្រឹទ្ធសភា​មួយរូប​របស់គណបក្សសម រង្ស៊ី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​និង​កាត់​ទោស៕​

XS
SM
MD
LG