ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​កាន់​អំណាច​បណ្តេញ​លោក​កឹម សុខា​ចេញ​ពី​អនុប្រធាន​សភា

  • Robert Carmichael

រូបឯកសារ៖​ លោក កឹម សុខា អនុប្រធានទី១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​នៃ​គណបក្ស​សង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី៨ ខែ​មេសា ឆ្នាំ​២០១៥។ (AP/ហេង ស៊ីនិត)

សមាជិក​សភា​គណបក្ស​កាន់​អំណាច​៦៨​នាក់ ​បាន​បោះឆ្នោត​ដោយ​ឯកច្ឆ័ន្ទ​កាល​ពី​ថ្ងៃ​សុក្រ ​ដើម្បី​បណ្តេញ​លោក ​កឹម ​សុខា ​អនុប្រធាន​សភា​នៃ​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង។

សមាជិក​សភា​គណបក្ស​កាន់​អំណាច​៦៨​នាក់ ​បាន​បោះឆ្នោត​ដោយ​ឯកច្ឆ័ន្ទ​កាល​ពី​ថ្ងៃ​សុក្រ ​ដើម្បី​បណ្តេញ​លោក ​កឹម ​សុខា ​អនុប្រធាន​សភា​នៃ​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង។ ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​នេះ​ទេ។

​សមា​ជិក​សភា​ប្រហែល​ពាក់​កណ្តាល​នៃ​សមាជិក​សភា​៥៥រូប​របស់​គណបក្ស​ប្រ​ឆាំង ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​សួរ​សុខ​ទុក្ខ​សហការី​២​រូប​របស់​ខ្លួន​ ដែល​បាន​ត្រូវ​គេ​វាយ​តប់​យ៉ាង​ខ្លាំង​នៅ​ដើម​សប្តាហ៍​នេះ ​នៅពេល​ដែល​ពួក​លោក​ចាក​ចេញ​ពីរដ្ឋ​សភា។

​ការ​វាយ​ប្រហារ​នេះ ​ដែល​មនុស្ស​ជា​ច្រើន​ក្នុងប្រទេស​កម្ពុជា ​ជឿ​ជាក់​ថា ​បាន​ធ្វើ​ឡើង​ដោយ​ពួក​អ្នក​គាំទ្រ​របស់​គណបក្សប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច ​បាន​ធ្វើ​ឲ្យ​សមាជិក​សភា២​នាក់​នេះ​បាន​រង​របួស​ក្បាល​ជា​ទម្ងន់។

​ក្នុង​អំឡុង​នៃ​ការ​វាយតប់​នោះ​ហើយនឹង​ការ​វាយ​ប្រហារ​របស់​ជន​ឥត​សណ្តាប់​ធ្នាប់​នៅ​ថ្ងៃ​ដដែល​ក្រោយមក​ទៅ​លើ​គេហដ្ឋាន​របស់​លោក កឹម ​សុខា​ ក្នុង​ទីក្រុង​ភ្នំពេញ ​ប៉ូលិស​មិន​បាន​ធ្វើ​អន្តរាគមន៍​អ្វី​ទាល់​តែ​សោះ។

​ព្រឹត្តិការណ៍​នៃ​សប្តាហ៍​នេះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​គណបក្ស​កាន់​អំណាច​ហើយ​នឹងសង្គ្រោះ​ជាតិ​ (CNRP) ​ដែល​ជា​គណបក្ស​ប្រឆាំង​ ចាប់​តាំង​ពី​គណបក្ស​ទាំង​២​ បាន​រៀប​ចំ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​មិត្តភាព​កាល​ពី​ឆ្នាំ​ទៅ។

​ការណ៍​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ម្តង អស់​រយៈ​ពេល​ជា​ច្រើន​ខែ​រវាង​ពួក​អាជ្ញាធរ ​និង​ពួក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ជិត​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ​២០១៣។

​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​រិះគន់​ការ​ដក​លោក កឹម ​សុខា​ ថា​ ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ​ដោយ​ផ្អែក​លើ​ហេតុផល​ថា ​អនុប្រធាន​សភា​អាច​ត្រូវ​ដក​ចេញ​ពី​តំណែង​បាន​ក្នុង​ករណី​មាន​ការ​លាចេញ​ពី​តំណែង​ ឬ​ក៏​ស្លាប់។

​លោក ​សុន ​ឆ័យ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ​និយាយ​ថា ​ការ​បោះឆ្នោត​នោះ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​យ៉ាង​ច្បាស់​ក្រឡែត។

«ប្រទេស​នេះ ​ជាពិសេស ​អង្គការ​នីតិបញ្ញត្តិនេះ​បាន​រំលោភ​ច្បាប់ ​ដែល​ពួកគេ​បាន​អនុម័ត​ដោយ​ខ្លួនឯង។​ តើអ្វី​ដែល​យើង​អាច​ពឹង​ផ្អែក​បាន​ នៅ​ពេល​ដែល​ស្ថាប័ន​ដ៏​សំខាន់​ដូចជា​រដ្ឋ​សភា ​បាន​ប្រព្រឹត្តសកម្មភាព​របៀប​នេះ ​បន្ទាប់​មក​គេ​អាច​និយាយ​ថា ​ពេល​ដែល​មិន​មាន​ទី​កន្លែង​សម្រាប់ភាព​ចាស់​ទុំនៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ទាំង​នោះ ​បន្ទាប់​មក​ពួកគេ​នឹង​ប្រើ​ប្រាស់ស្ថាប័ន​មួយ​ផ្សេង​ទៀត​ ដើម្បី​វាយតប់​ស្ថាប័ន​ផ្សេង​ទៀត‍»។

លោក ​សុន ​ឆ័យ ​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា ​នាយករដ្ឋ​មន្រ្តី ​ហ៊ុន ​សែន ​ហើយ​នឹង​លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​អាច​ឈោង​ដល់​ការផ្សះផ្សារ​ឡើង​វិញ​ ​ដោយ​លោក​បាន​កត់​សម្គាល់​ថា ​គណបក្ស​កាន់​អំណាច ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​ការណ៍នេះ​អាច​កើត​មាន​ឡើង​ បើ​លោក សម​ រង្ស៊ី ​សុំ​អភ័យ​ទោស​ចំពោះ​ការ​រិះគន់​ការ​វាយ​ប្រហារ​លើ​សមាជិក​សភា​ថា ជា​របៀប​តាម​បែប​ហ្វាស៊ីស​របស់​លោក ​ហ៊ុន ​សែន។

​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ​តើ​លោក ​សម ​រង្ស៊ី ​នឹង​សុំ​អភ័យ​ទោស​ដែរ​ឬទេ។ ​លោក រង្ស៊ី ​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ហើយ​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​យ៉ាង​ហោច​ណាស់​ក៏​សប្តាហ៍​ក្រោយ​ដែរ។

​លោក ​សុន ​ឆ័យ ​និយាយ​ទៀត​ថា វា​ជា​ការ​សំខាន់​ដែល​គណបក្ស​ទាំង​២ ​ធ្វើការ​ដើម្បី​កាត់បន្ថយ​ ដើម្បី​បន្ធូបន្ថយ​ការ​តាន​តឹង​ ពីព្រោះ​តែ​ការ​វាយ​ប្រហារ​លើ​សមា​ជិក​សភា​ដែល​គេ​ថត​បាន​ជាវីដេអូ​ ហើយ​បាន​ត្រូវ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខឹងសម្បារ ​ហើយ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ។

បើ​មើល​ទំព័រ Facebook អ្នក​អាច​ឃើញ​មនុស្ស​បង្ហាញ​ម្តង​ហើយ​ម្តងទៀត​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ដល់​សមា​ជិកសភា​ទាំង​២​នាក់​នោះ។​ ហើយ​អ្នក​ដឹង​ហើយ​ថា ​នៅពេល​ដែល​សាធារណជន​មាន​ការ​ខឹងសម្បារ ​វា​មិន​មែន​ជា​ការ​ល្អ​សម្រាប់​អនាគត​របស់​ប្រទេស​ទេ។ ​ដូច្នេះ ​វា​ជា​ការ​សំខាន់​ដែល​គណបក្ស​ទាំង​២ ​គួរតែ​ស្វែងរក​មធ្យោបាយ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

​លោក ​អ៊ូ ​វីរៈ ​អ្នក​វិភាគ​នយោបាយ ​និង​ជា​ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ឈ្មោះ​វេទិការ​អនាគត ​និយាយ​ថា ​ការ​បណ្តេញ​លោក ​កឹម ​សុខា ​ជា​វិធី​មួយ​សម្រាប់​លោក ​ហ៊ុន ​សែន ​បន្ថែម​គំនាប​លើ​គណបក្ស​ប្រឆាំង​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​នាយករដ្ឋ​មន្រ្តី​ ដើម្បី​ព្យាយាម​បំបែក​ពួកគេ​ មុន​ពេល​ការ​បោះឆ្នោត​ជាតិនៅ​ឆ្នាំ​២០១៨។

«ពួក​ប្រឆាំងមិន​អាច​មិន​ធ្វើ​ការ​ឆ្លើយ​តប​បាន​ទេ ​ហើយ​ប្រសិន​បើ​ពួកគេ​មិន​ឆ្លើយ​តប ​ពួកគេ​នឹង​ស្ថិត​នៅ​ក្រោម​គំនាប​ពី​សមាសភាព​ផ្សេងៗនៅ​ក្នុង​គណបក្ស​ប្រឆាំង ក៏ប៉ុន្តែ ប្រសិន​បើ​ពួកគេ​ធ្វើ​ការ​ឆ្លើយ​តប ​ខ្ញុំ​គិត​ថា ​ពួកគេ​មិ​នមាន​មេដឹកនាំ។ ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ការ​ពិបាក​បំផុត​សម្រាប់​ពួកគេ​រួប​រួម​គ្នា ​ហើយ​នឹងធ្វើ​ការ​ឆ្លើយ​តប​ដ៏​សំខាន់​ដល់​បញ្ហា​នេះ‍»។

លោក ​អ៊ូ ​វីរៈ និយាយ​ថា ការ​ជជែក​ឲ្យ​ហេតុផល​ពី​ធម្មនុញ្ញភាព​នៃ​ការ​បណ្តេញលោក កឹម សុខា គឺ​មាន​សារៈ​សំខាន់​តិច​ជាង​បញ្ហា​ថា ការ​បណ្តេញ​លោក​ដោយ​គណបក្ស​កាន់​អំណាច​បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង ​ដែល​គណបក្ស​ទាំង​២​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ ដែល​តំណែង​អនុប្រធាន​រដ្ឋ​សភា​ជាតិ​ជា​សមាជិក​មក​ពី​គណបក្ស​ប្រឆាំង។

«បញ្ហា​កាន់​តែ​ធំ​ឡើង​ គឺ​ថា​តើ​លោក ហ៊ុន ​សែន​ កំពុង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង ​ហើយ​នេះ​ជា​ផល​វិបាក​ដែល​នឹង​មាន​នៅលើ​ឆាក​នយោបាយ។​ខ្ញុំ​មាន​ការ​ព្រួយ​កង្វល់ ​ពី​ព្រោះ​តែ​ខ្ញុំ​គិតថា ​នេះ​ជា​សញ្ញា​ដំបូង ​ហើយ​ខ្ញុំ​មាន​ការ​ព្រួយ​កង្វល់​ ពីព្រោះ​តែ​ខ្ញុំ​គិត​ថា​នឹង​មាន​ការ​ធ្វើ​បាប​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​គណបក្ស​ប្រឆាំង​នៅ​ពេល​អនាគត‍»។

ចំពោះ​បញ្ហា​នេះ ​គណបក្សកាន់​អំណាច​បាន​ច្រាន​ចោលការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​តប់​សមាជិក​សភា​គណបក្ស​ប្រឆាំង ​ហើយ​លោក ​ហ៊ុន ​សែន ​បាន​អំពាវនាវ​ឲ្យ​មាន​ការចាប់​ខ្លួន​អ្នក​ទទួល​ខុសត្រូវ​នៃ​ការ​វាយដំ​ទាំង​នោះ។

​ការ​វាយ​តប់​បាន​កើត​មាន​ឡើង​ ​បន្ទាប់​ពីការ​បរាជ័យ​នៅ​ដើម​ឆ្នាំ​នេះ​នូវ​អ្វី​ដែល​ហៅ​ថា វប្បធម៌​នៃ​ការ​សន្ទនា​រវាង​លោក ​ហ៊ុន ​សែន ​និង​លោក សម រង្ស៊ី ​ជាដំណើរ​ការ​មួយ​ដែលយ៉ាង​ហោច​ណាស់​នៅ​ក្នុង​ទ្រឹស្តី ​មាន​ន័យ​ថា ​បន្ធូរ​បន្ថយ​ការ​តានតឹង​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ លោក ​ជឹង ​ប៉ូជីន

XS
SM
MD
LG