ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេរដំណែលនៃ​ការ​ស៊ើបអង្កេត​លើ​រដ្ឋប្រហារ​ធ្វើ​ឲ្យ​ខូច​ដល់​ប្រសិទ្ធភាពនៃ​យោធាតួកគី


រូបថតឯកសារ៖ ទាហាន​តួកគី​ឈរយាម​នៅ​ជិត​ច្រកចេញចូល Mursitpinar នៅ​ក្នុង​ខេត្ត​ Sanliurfa នៅ​ខណៈ​ដែល​មាន​ផ្សែង​ហុយឡើង​នៅ​ក្នុង​ទីក្រុង​ Kobani របស់ស៊ីរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។
រូបថតឯកសារ៖ ទាហាន​តួកគី​ឈរយាម​នៅ​ជិត​ច្រកចេញចូល Mursitpinar នៅ​ក្នុង​ខេត្ត​ Sanliurfa នៅ​ខណៈ​ដែល​មាន​ផ្សែង​ហុយឡើង​នៅ​ក្នុង​ទីក្រុង​ Kobani របស់ស៊ីរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។

កងទ័ពតួ​ក​គី​បន្ត​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី ​នៅ​ចំពេល​ដែលរដ្ឋាភិបាលក្រុង​អង់ការ៉ា​បាន​ព្រមាន​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​ព្រំដែន​របស់​ខ្លួន។​ ក៏ប៉ុន្តែ​ ជាមួយ​នឹង​មន្រ្តី​យោធា​ជាន់ខ្ពស់​រាប់​រយនាក់​ត្រូវ​បាន​ចាប់​ដាក់​គុក​ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​និវត្តន៍​ដែល​ជា​លទ្ធផល​នៃ​ធ្វើការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ធ្វើ​រដ្ឋប្រហារ​នោះ​ សំណួរ​ជា​ច្រើន​ត្រូវ​បាន​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់កើត​ចេញ​ពី​បញ្ហា​នេះទៅ​លើ​សមត្ថភាព​របស់​យោធា។

ទោះ​បី​ជា​មាន​ការ​បង្កើន​កម្លាំង​យោធា​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី​ក៏​ដោយ ​លោក Ahmet Davutoglu ​នាយក​រដ្ឋមន្ត្រី​តួកគី​ បាន​បដិសេធ​ថា​ មិន​មាន​ប្រតិបត្ដិការ​បន្ទាន់​ណា​មួយ​ចូល​ទៅក្នុង​ប្រទេស​ស៊ីរី​ទេ។ ការ​ប្រកាស​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់ពី​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​ព្រមាន​តាម​បណ្តាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់​តួកគី​ថា​ នឹង​ប្រឆាំង​តបត​ទៅ​នឹង​ការលុកលុយ​បែប​នេះ។

នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​តួកគី​បាន​បាត់បង់​ម​ន្រ្តី​ជាន់ខ្ពស់​របស់ខ្លួន​រាប់​រយ​នាក់ ​ដែល​ខ្លះ​បាន​ជាប់​ពន្ធនាគារ​ ឬ​ត្រូ​បង្ខំ​ឲ្យ​ចូល​និវត្តន៍​មុន​កាលកំណត់​ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។ លោក​ Haldun Solmazturk ឧត្តម​សេនីយ៍​ត្រី​ចូល​និវត្តន៍​បាន​និយាយ​ថា កង​យោធា​មិន​ទាន់​មាន​ភាព​រឹងមាំ​ឡើង​វិញ​ពី​ការ​បាត់បង់​ទាំង​នោះ​នៅ​ឡើយ​ទេ។

«មិន​ត្រឹម​តែ​កងទ័ព​ជើង​គោក​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​កង​ទ័ព​ជើង​អាកាស​និង​កងទ័ព​ជើង​ទឹកទៀត​ក៏​បាន​បាត់បង់​ឧត្តមសេនីយ៍​និង​ឧត្តម​នាវី​ឯកប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ផងដែរ​ ដោយសារ​តែ​ករណី​ប្តឹង​ផ្តល់​រៀបចំ​ឡើង​នោះ។ វា​ដូចជា​មិន​សម​ហេតុ​ផល​ទេ​ដែល​ថា ​អត្រា​បាត់បង់​ដ៏ខ្ពស់​នេះមិន​មាន​ផល​ប៉ះពាល់​អ្វី​សោះ​ទៅ​លើ​ផ្នែក​ណា​មួយ​របស់​កងទ័ពតួកគី​នោះ»។

ជន​ទាំងឡាយ​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ពី​បទ​ចោទប្រកាន់​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កាល​ពី​គ្រា​មុន​ ត្រូវ​បាន​ដោះ​លែង​ជា​បន្ត​បន្ទាប់​តាមរយៈ​បណ្តឹង​ឧទ្ធរណ៍​ ហើយ​មន្រ្តី​មួយ​ចំនួន​បាន​វិល​ត្រឡប់​ទៅ​កាន់​តំណែង​របស់​ពួក​គេ​វិញ។ ក៏ប៉ុន្តែ ​លោក Sinan Ulgen បញ្ញវន្ត​មួយ​រូប​នៃ​វិទ្យាស្ថាន Carnegie ​នៅ​ទីក្រុង​ព្រុចសែល (Brussels) បាន​ព្រមាន​ថា ​ការបែកបាក់​គ្នា​ពិតប្រាកដ​ដែល​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ ​គឺ​ការបង្កើត​ទំនាក់ទំនង​រវាង​ឧត្តម​សេនីយ៍​និង​គណបក្ស​ AK​ ដែល​មាន​ឫស​គល់​ចេញ​ពី​ក្រុម​អ៊ីស្លាម​ជ្រុលនិយម។

«ពី​ដើម​ឡើយ ​ពួកយោធា​មិន​ដែល​មាន​ការ​រាក់ទាក់​ជាមួយ​គណបក្ស ​AK នោះ​ទេ ដោយសារ​តែ​គោលនយោបាយរបស់​គណបក្ស​នោះ ហើយ​បន្ថែម​ពី​លើ​នោះ​ទៀត​ គឺសំណុំ​រឿង​របស់​ Balyoz និង Ergenekon។ សំណុំ​រឿង​ខ្លះត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ នៅ​ពេល​អ្នកជាប់ឃុំ​ភាគច្រើន​ក្នុង​សំណុំរឿង​នោះ​ត្រូវ​បាន​ដោះលែង។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​មន្ទិលសង្ស័យ​នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​កិច្ច​សហប្រត្តិបត្តិការ​កាន់​តែ​ពិបាក»។

លោកសំដៅ​ទៅ​លើ​សំណុំ​រឿង​ធំៗ​ចំនួន​ពីរ​ ដែល​ក្នុង​នោះមនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិ​បាល។ ចាប់​តាំង​ពី​ឆ្នាំ១៩៦០មក​ កង​កម្លាំង​ប្រដាប់​អាវុធបាន​ក្តោបក្តាប់​អំណាចបីដង​ ហើយ​លើក​ចុង​ក្រោយ​គឺ​នៅក្នុង​ឆ្នាំ១៩៨០។

នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ​បាន​ធ្វើ​ការ​សុំទោស​ទៅ​ដល់​មន្ត្រី​ទាហាន​រាប់រយ​នាក់​ ដោយ​និយាយ​ថា ​ការ​ស៊ើប​អង្កេត​កន្លង​មកនេះ​គឺជា​កំហុស​មួយ​ ដែលកើត​ឡើង​ដោយ​ការ​បោក​បញ្ឆោត។ ដោយ​ស្ថិត​នៅ​ក្នុងការ​សង្ស័យកាន់តែខ្លាំង​ថា លោក​ប្រធានាធិបតី​ Erdogan និង​គណបក្ស AK ​របស់​លោក​អាច​ប្រើ​ប្រាស់​ការធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី​ ជា​គោលដៅ​ដើម្បី​បញ្ជប់​បញ្ហា​នយោបាយ​ក្នុងស្រុក​នោះ​ លោកBrigadier Solmazturk​ ដែល​ចូល​និវត្តន៍​បាន​ឲ្យ​ដឹង​ថា ​ការ​មិន​ទុក​ចិត្ត​គ្នា​អាច​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ប្រតិបត្ដិការ​បែប​នេះ។

«ការ​មិន​ជឿ​ទុកចិត្ត​គ្នា​ទាក់ទិន​នឹង​បក្ស​នះ​ គឺ​ជា​អ្វី​ដែល​កើត​មាន​យ៉ាង​ច្បាស់​ក្រឡែត​មួយ​ ហើយ​នេះ​ទំនង​ជា​ហេតុផល​ចម្បង​នៅ​ពី​ក្រោយ​ភាព​ស្ទាក់ស្ទើរ​របស់ពួក​យោធា»។

អ្នក​វិភាគ​បាន​ព្រមាន​ថា​ ភាព​មិន​ជឿ​ទុកចិត្តគ្នា​រវាង​ក្រុម​ឧត្តមសេនីយ៍ ​និង​អ្នក​នយោបាយ ​អាច​បាន​ត្រឹម​តែ​បន្ថែម​ទម្ងន់​ទៅ​លើ​ការ​លំបាក​សម្រាប់​យោធា​តួកគី​ក្នុង​ការ​ចូល​ពាក់ព័ន្ធ​ណា​មួយ​ទៅ​ក្នុង​ប្រទេស​ស៊ីរី ​ដែល​គេបាន​ចាត់​ទុកថា​ មាន​ពោរពេញ​ទៅ​ដោយ​ហានិភ័យ៕

ប្រែ​សម្រួល​ដោយ អ៊ុច នីដា

XS
SM
MD
LG