ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ចម្រុះ​ដឹកនាំ​ដោយស.រ.អា​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជិត៤០​លើក​​នៅ​​ស៊ីរី​ និងអ៊ីរ៉ាក់


ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ទីតាំង​ដែល​មិន​បាន​បញ្ជាក់​មួយ​នៅ​ស៊ីរី។ ក្រុម​ចម្រុះ​ដឹកនាំ​ដោយស.រ.អា.​​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជិត៤០​លើក​​នៅ​​ស៊ីរី​ និងអ៊ីរ៉ាក់។
ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ទីតាំង​ដែល​មិន​បាន​បញ្ជាក់​មួយ​នៅ​ស៊ីរី។ ក្រុម​ចម្រុះ​ដឹកនាំ​ដោយស.រ.អា.​​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជិត៤០​លើក​​នៅ​​ស៊ីរី​ និងអ៊ីរ៉ាក់។

ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស៣៨​លើក​ទៅ​លើ​គោលដៅ​ជា​ច្រើន​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​អីរ៉ាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ គិត​នៅ​ត្រឹមថ្ងៃ​សៅរ៍​ ទី៤​ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ទី៥ ខែ​កក្កដា​កន្លង​ទៅ​នេះ។ ​ជិត​ពាក់​កណ្តាល​នៃ​ទី​តាំង​នៃ​ការ​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក​ទាំង​នោះ ​ឋិត​នៅ​ជិត​ក្រុង​ Raqqa ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាសដោយ​ខ្លួន​ឯង​ថា ​ជា​រដ្ឋធានី​របស់​ពួក​គេ។ ​ការ​វាយប្រហារ​គ្នានៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ បាន​ផ្តល់​ជា​សញ្ញា​អាសន្ន​ដល់​ប្រទេសតួកគី​នៅ​ជិត​ខាង ដែល​បាន​ប្តេជ្ញា​ថា នឹង​វាយ​តប​វិញ​ក្នុង​ករណីដែល​ខ្លួន​គិត​ថា រង​ការគម្រាម​កំហែង​ណា​មួយ។

អនុវរសេនីយ៍ឯក​ Thomas Gilleran ​ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ ​ឈ្មោះ​ថា​ ប្រតិបត្តិ​ការ ​Inherent Resolve បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ទាំង​១៨​លើក​ក្នុង​ចំណោម​៣៨​លើក​ បាន​បំផ្លាញ​យានយន្ត​ និង​ស្ពាន​អស់​ជា​ច្រើន​នៅ​ក្នុង​ខេត្ត ​Raqqa។ លោក​បាន​បញ្ជាក់​ដោយ​សម្តី​ផ្ទាល់​ថា ​«ការ​វាយ​ប្រហារ​នេះ​ជា​ការ​វាយ​ប្រហារ​ក្នុង​ទ្រង់ទ្រាយ​ហ្មត់ចត់​បំផុត​មួយ​ ដែល​មិន​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី»។ ​លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ការ​វាយប្រហារ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​រដ្ឋឥស្លាម​មិន​អាច​មាន​លទ្ធភាព​ចល័ត​ទ័ព​ពាសពេញ​ប្រទេសស៊ីរី និង​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

គេហទំព័រ​មួយ​របស់​កងទ័ព​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃអាទិ្យ​ ទី៥ ខែកក្កដា​នេះ​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១០​នាក់​បាន​ស្លាប់​ និង​មនុស្ស​រាប់សិបនាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ខេត្ត ​Raqqa។ ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ក៏​យក​គោល​ដៅលើ​ពួក​យុទ្ធជន​រដ្ឋឥស្លាម​ផងដែរ រួម​បញ្ចូល​ទាំង​រចនាសម្ព័ន្ធ និង​សម្ភារៈ​របស់​ពួក​គេ​នៅ​ជិត​ក្រុង​ Hasakah និង​ក្រុង​ Kobani​ ក្នុង​ប្រទេស​ស៊ីរី ព្រមទាំង​ក្រុង​ Habbaniya ក្រុង​ Haditha ក្រុងMakmur ក្រុង Mosul​ ក្រុង​ Sinjar និង ក្រុង​ Tal Afar ក្នុង​ប្រទេស​អ៊ីរ៉ាក់។

លោក​ Bob Corker ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​របស់​ព្រឹទ្ធសភា​បាន​ប្រាប់​ទស្សនិកជន​របស់​ទូរទស្សន៍​ CBS របស់​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ថា​ Face the Nation ​កាល​ពីថ្ងៃ​អាទិត្យ​ទី​៥​ ខែ​កក្ដដា​ថា​ លោក​មិន​យល់​ឃើញ​ថា ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ គឺជា​ដំណាក់​កាល​ថ្មី​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ទេ។

«ដូច​ដែល​អ្នក​ទំាងអស់​គ្នា​បាន​ដឹង​ហើយ​ថា​ នេះ​សារ​ជា​ថ្មី​ គឺ​ជា​ការ​វាយ​ប្រហារ​តាម​អាកាស​។ យើង​នៅ​មិន​ទាន់​បាន​សម្រេច​លើកិច្ច​ព្រមព្រៀង​មួយ​ជាមួយ​តួកគី​នៅ​ឡើយ​ក្នុង​ការ​ដាក់​តំបន់​ដែន​អាកាសដោយ​ឡែក​មួយ​នៅ​តាម​ព្រំដែនរបស់​ពួកគេ ដែល​កិច្ច​ព្រមព្រៀង​នេះ​ អាច​នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​បញ្ជូន​កងទ័ព​ថ្មើរ​ជើង​ចូល​បាន។ យើង​នៅ​តែ​មាន​បញ្ហា​ជាច្រើន​ជាមួយ​នឹង​កម្មវិធីហ្វឹក​ហ្វឺន​ និង​ការ​បំពាក់​អាវុធ​ឲ្យ​ក្រុមឧទ្ទាម​ក្នុង​ប្រទេស​ស៊ីរី។ ហេតុ​ដូចេ្នះ​ ខ្ញុំ​មិន​គិត​ថា ​ហេតុការណ៍​នេះ​ជា​ដំណាក់កាល​ថ្មី​នោះ​ទេ។ យុទ្ធសាស្រ្ត​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ គឺ​ពិត​ជា​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​វិវត្ត​របស់​សត្រូវ​ក្នុង​ប្រទេស​ស៊ីរី ​និង​អ៊ីរ៉ាក់​ ក៏ប៉ុន្តែ ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​ការ​វិវត្ត​ថ្មី​នោះ​ទេ។ ខ្ញុំ​មិន​បាន​ដឹង​ថា​ មាន​ការ​វិវត្ត​ណា​មួយ ​ដែល​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា​ វា​ជាដំណាក់​កាល​ថ្មី​មួយ​ក្នុង​កិច្ចការ​នេះ​ទេ»។

សារព័ត៌មាន ​ដែល​គាំ​ទ្ររដ្ឋាភិបាល​តួកគី​មួយ​ចំនួន​បាន​រាយការណ៍​ថា​ ការ​វាយ​ប្រហារ​ដោយ​យោធា​មួយ​របស់​តួកគី​អាច​នឹង​ធ្វើឡើង​ក្នុង​គោលដៅបង្កើត​តំបន់​ការពារដ៏​ធំ​មួយ​ ដែល​មាន​បណ្តោយ​១០០​ម៉ែត្រ ​និង​ជម្រៅ​៣០​គីឡូម៉ែត្រ។ ប្រទេស​តួកគី​បាន​ជំរុញ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុម​ចម្រុះ​ជា​ដៃ​គូ​របស់​ខ្លួនឲ្យ​ប្រកាស​ដាក់តំបន់​ហាម​ឃាត់​ការ​ហោះហើរ​ ​និងតំបន់​សុវត្ថិភាព​ម្រាប់​ជន​ភៀសខ្លួន​រាប់​លាន​នាក់​មកពី​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ ដែល​កំពុង​ស្វែងរក​ទីសុវត្ថិភាព​នៅ​ក្នុង​ប្រទេស​តួកគី និង​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ចំណាយ​អស់​ទឹក​ប្រាក់​រាប់​រយ​ពាន់លាន​ដុល្លារ៕

ប្រែសម្រួល​ដោយ ហ៊ុយ សម្ផស្ស

XS
SM
MD
LG