កងយោធានៃប្រទេសតួកគីបានធ្វើកិច្ចប្រតិបត្តិការមួយនៅក្នុងប្រទេសស៊ីរីកាលពីយប់មិញដើម្បីជម្លៀសក្រុមទាហានដែលយាមផ្នូរសព Suleyman Shah ដែលជាជីតារបស់អ្នកបង្កើតចក្រភព Ottaman។
ក្រុមមន្ត្រីតួកគីបាននិយាយថា កងរថក្រោះនិងអាវុធធុនធ្ងន់ឯទៀតៗបានចូលទៅក្នុងប្រទេសស៊ីរីកាត់តាមក្រុង Kobani ដែលក្រុមយុទ្ធជន Kurd ស៊ីរីវាយយកបានមកវិញកាលពីខែមុន បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។
ក្រុមមន្ត្រីនិយាយថាបេសកកម្មនេះមានជោគជ័យដោយក្រុមទាហានបានវិលត្រទ្បប់មកប្រទេសតួកគីវិញ។ក្រុមមន្ត្រីក៏បានកត់សម្គាល់ថា ទាហានម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់មួយ។
ផ្នូរសពនេះដែលឋិតនៅចម្ងាយប្រមាណ៣៥គ.ម.ក្នុងខេត្ត Aleppo នៃប្រទេសស៊ីរី ឋិតនៅក្នុងដែនដីតួកគីដោយផ្អែកលើសន្ធិសញ្ញាមួយដែលបានត្រូវចុះហត្ថលេខាកាលពីឆ្នាំ១៩២១។
លោកនាយករដ្ឋមន្ត្រី Ahmet Davutoglu នៃប្រទេសតួកគីបាននិយាយថា ផ្នូរសពនោះនឹងត្រូវប្តូរកន្លែងទៅកាន់ទីផ្សេងមួយទៀតនៅក្នុងប្រទេសស៊ីរីដែលនៅជិតជាងមុនជាមួយព្រំដែននៃប្រទេសតួកគី។
កាលពីឆ្នាំទៅមិញ រដ្ឋាភិបាលតួកគីបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានរុលទៅមុខទៅកាន់ផ្នូរសពនេះ ដែលបានត្រូវយាមដោយក្រុមទាហានតួកគីរាប់សិបនាក់៕