ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក លី ​ក្វាន់​យូ ​ជា​កម្លាំង​រុញ​ច្រាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រទេស​សិង្ហបុរី​​រីកចម្រើន ​បាន​ទទួល​មរណៈ​ភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ

  • Ron Corben

មនុស្ស​ម្នា​បង្ហាញ​ការ​គោរព​នៅ​មន្ទីរពេទ្យ​ Singapore General Hospital កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ បន្ទាប់​ពី​ការ​ស្លាប់​អតីត​នាយក​រដ្ឋ​មន្រ្តី​ លី ក្វាន់​យូ។

អតីត​នាយករដ្ឋ​មន្រ្តី ​លី ក្វាន់​យូ​ នៃ​ប្រទេស​សិង្ហបុរី ​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ។ ​លោក​មាន​ជន្មា​យុ​៩១​ឆ្នាំ។ ​លោក លី ​ជា​មេដឹក​នាំ​ប្រទេស​សិង្ហបុរី​ចាប់​ពី​ឆ្នាំ​១៩៥៩រហូត​ដល់​ឆ្នាំ​១៩៩០ ​ក៏ប៉ុន្តែ​លោក​នៅ​តែ​ជា​ឥស្សរជន​និង​ជា​អ្នក​រៀបចំ​យុទ្ធសាស្រ្ត​ដ៏​មាន​ឥទ្ធិ​ពលម្នាក់អំពី​សេដ្ឋកិច្ច​របស់​រដ្ឋ​ជា​ទីក្រុង​នោះ។

លោក Harry ​ឬ​ក៏​លោក​ លី ​ក្វាន់យូ ​ជា​ជន​ជាតិ​សិង្ហបុរី​ជំនាន់​ទី​៤​ដែល​បុព្វ​បុរស ​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​ក្វាង​ទុង​នៃ​ប្រទេស​ចិន​ក្នុង​ទសវត្សរ៍​១៨៦០ ​បាន​ដើរ​តួនាទីដ៏សំខាន់​មួយ​នៅ​ក្នុង​ការ​ដឹកនាំ​កោះ​ជារដ្ឋ​នោះក្រោយ​ពី​សម័យ​អាណា​និគម​ឆ្ពោះ​ទៅ​កាន់​ជោគ​ជ័យ​ខាង​សេដ្ឋ​កិច្ច។

ជា​អ្នក​នៅ​រស់​រាន​មាន​ជី​វិត​ម្នាក់​ពី​ការ​ត្រួតត្រា​របស់​កងទ័ព​អធិរាជ​ជប៉ុន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​លោក​ លី ​បាន​សិក្សា​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់គ្លេស​បន្ទាប់​ពី​សង្គ្រាមហើយ​បាន​ចូល​រៀន​សាកលវិទ្យាល័យ​ Cambridge ​ដោយ​បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក​ច្បាប់។

ជីវិត​នយោបាយ​របស់​លោក​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៥៤​ដោយ​ការ​បង្កើត​គណបក្ស People's Action Party (PAP) ​ដែល​គណបក្ស​ចម្រុះ​នៃ​វណ្ណៈ​ថ្នាក់​កណ្តាលហើយ​និង​ក្រុម​សហជីព​ដែល​លម្អៀង​ទៅ​រក​កុម្មុយនិស្ត។ នៅ​ឆ្នាំ​១៩៥៥ ​លោក លី ​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា។​ ក៏​ប៉ុន្តែ ​ការ​បែកបាក់ក្នុង​គណបក្ស People’s Action Party (PAP) ដោយអ្នក​ស្តាំ​និយម​នៅ​ក្នុង​គណបក្ស​បាន​នាំឲ្យ​មានការ​ចាប់​ខ្លួន​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​កុម្មុយនិស្តនៅ​ឆ្នាំ​១៩៥៧។

គណបក្ស​ PAP ​បាន​ទទួល​ជ័យ​ជម្នះនៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​លើស​លប់នៅ​ឆ្នាំ​១៩៥៩ ​ហើយ​លោក លី ​ក្វាន់​យូ ​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​លើក​ដំបូង​របស់​ប្រទេស​សិង្ហបុរី ​ជា​តួនាទី​មួយ​ដែល​លោក​បាន​កាន់កាប់​រហូតដល់​ឆ្នាំ​១៩៩០ ​មុន​ពេល​ទទួល​តំណែង​ជារដ្ឋ​មន្រ្តី​ជាន់ខ្ពស់។​

លោក Carl Thaye ជា​អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្រ្តាលី​និយាយ​ថា ​លោក លី ​ជា​មនុស្សសំខាន់​ក្រៃលែង​ដល់​អនាគត​រយៈ​ពេល​យូរ​របស់​ប្រទេស​សិង្ហបុរី។

«ប្រវត្តិ​នៃ​ប្រទេស​សិង្ហបុរី​សម័យ​ទំនើប​មិន​អាច​ត្រូវ​និយាយ​ដោយ​គ្មាន​ការ​និយាយ​សំដៅ​ដល់​លោក លី ​ក្វាន់​យូ ​ទេ។ ​លោក​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ចេញពី​ការ​គ្រប់គ្រងរបស់​អាណានិគម​ឆ្ពោះ​ទៅ​កាន់​ឯករាជ្យ។ ​លោក​បាន​រារាំង​ការ​ប្រកួត​ប្រជែងពី​ក្រុម​ឆ្វេងខាង​សង្គម​និយម​ហើយ​បន្ទាប់​មក ​លោក​បាន​ត្រួតត្រា​នយោបាយ ‍»។

លោក​ លី ​បាន​ប្រឈម​បញ្ហា​ខាង​នយោបាយ​នៅ​ពេល​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី។ គោល​ដៅ​មុន​ដំបូង​គឺ​បង្កើត​សហព័ន្ធ​ម៉ាឡស៊ី​ដែល​រួម​មាន​សិង្ហបុរី ​ម៉ាឡេយ៉ា ​សាបា​ និង​សារ៉ាវ៉ាក់។

​ក៏ប៉ុន្តែ​ ការ​ខ្វែង​គំនិត​គ្នា​ភ្លាមៗ​បាន​កើត​ចេញ​ឡើង​រវាង​នាយករដ្ឋ​មន្រ្តី Tunku Abdul Rahman ​នៃ​ឧបទ្វីប​ម៉ាឡេស៊ី​និង​លោក​ លី ​ជា​ពិសេស​បន្ទាប់​ពី​កុប្បកម្មខាង​ជាតិ​សាសន៍រវាង​ចិន​និង​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាមនៅ​ឆ្នាំ១៩៦៤ ហើយ​និង​ម្តង​ទៀត​នៅ​ឆ្នាំ​១៩៦៥។ ហើយ​នៅ​ថ្ងៃ​ទី​៩ ​ខែ​សីហា ​ឆ្នាំ​១៩៦៥ ​លោក Abdul Rahman បាន​អំពាវនាវ​ឲ្យមាន​ការ​បំបែក​រដ្ឋ​នេះ។

«មាន​ការ​ខ្វែង​គំនិត​គ្នារវាង​រដ្ឋាភិបាល​កណ្តាល​និង​មេដឹកនាំ​របស់​រដ្ឋាភិបាល​រដ្ឋ​សិង្ហបុរី។ ​ហើយ ​ការ​ខ្វែង​គំនិត​ទាំង​នេះ​មាន​ច្រើនទម្រង់​និង​ច្រើន​ប្រភេទ​បំផុត​ដែល​មិន​អាច​ដោះ​ស្រាយ​បានហើយ​យើង​បាន​សម្រេចចិត្ត​ថា ​យើង​ត្រូវ​តែ​បំបែក​គ្នា‍»។

អ្នក​ប្រវត្តិសាស្រ្ត​ ​និយាយ​ថា ​លោក ​លី ​បាន​ជំទាស់​ប្រឆាំងលោក Abdul Rahman ​ដែលពេញ​ចិត្ត​ពលរដ្ឋ​ម៉ាឡេ​ក្នុង​មូលដ្ឋានច្រើន​ជាង​ជន​ជាតិ​ភាគ​តិចចិន។ ​លោក លី ​មាន​ការ​រកាំ​ចិត្ត​យ៉ាង​ខ្លាំង​ពី​ព័ត៌មាន​នៃ​ការ​បំបែក​រដ្ឋ​នេះ

«អស់​លោក ​អ្នក ​ដឹង​ទេ​ថា ​ក្នុង​មួយ​ជីវិត​នៃ​ភាពពេញ​វ័យ​របស់​ខ្ញុំ ខ្ញុំ​ជឿ​ជាក់ក្នុង​ការ​រួម​បញ្ចូល​គ្នា​របស់​ម៉ាឡេស៊ី​ហើយ​និង​សាមគ្គីភាព​នៃ​ទឹក​ដី​ទាំង​២​នេះ។ ​អស់​លោក អ្នក ​ដឹង​ទេ​ថា ការ​ជាប់​ទាក់​ទិន​ខ្លះ​នៃ​លក្ខណៈ​ភូមិ​សាស្រ្តនិង​ចំណង​ទាក់​ទង​សាច់​ញាតិ​ នឹង​ទៅ​ជាយ៉ាង​ដូចម្តេច ​បើ​យើង​បញ្ឈប់​ការ​បញ្ចូល​គ្នា​នេះ‍»។ ក្នុង​អាយុ​៤២​ឆ្នាំ ​លោក លី ​បាន​ក្លាយ​ជា​មេដឹកនាំតែ​មួយ​គត់​របស់​សិង្ហបុរី​ដែល​ខិតខំ​យ៉ាង​ខ្លាំង​លើ​ការរីក​លូតលាស់​ខាង​សេដ្ឋកិច្ច​ដើម្បី​ស្ថាបនាសាធារណរដ្ឋ​មួយ​ហើយ​និង​ជម្រុញ​ឲ្យ​មាន​សាម​គ្គី​ភាព។

«​ខ្ញុំ​មិននៅ​ទី​នេះ​ដើម្បី​លេង​ល្បែង​របស់​ជនណា​ម្នាក់​ទេ។​ ខ្ញុំ​មាន​ការ​ទទួល​ខុសត្រូវជី​វិត​មនុស្ស​៣ឬ៤​លាននាក់ហើយសិង្ហបុរី​នឹង​រស់​រាន​មាន​ជី​វិត‍»។

​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​កម្លាំង​របស់​លោក លី ​ស្ថិត​លើ​ការ​បង្កើត​បទដ្ឋាន​និង​គោលដៅ​ ដែល​ជា​អ្នក​គិត​យុទ្ធសាស្រ្តម្នាក់​ដើម្បី​លើក​ស្ទួយ​ធនធាន​ដ៏​មាន​តម្លៃ​របស់​សិង្ហបុរី​គឺ​ពលរដ្ឋ​របស់ខ្លួន។

ការ​វិនិយោគ​ទុន​បរទេសបាន​កើត​មាន​ឡើង​ជាបន្ទាប់។​ ដោយ​មានការរីក​លូត​លាស់​សេដ្ឋ​កិច្ច​ជា​រឿយៗ​ជិត​១០​ភាគ​រយ​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍ លោក លី ​បាន​ជួយ​កំណត់​ពី​គំរូ​នៃ​ការ​អភិវឌ្ឍន៍​មូលធន​និយមដែលត្រូវ​បាន​អនុវត្តដោយ​ខ្លា​អាស៊ី​ផ្សេង​ទៀត​ដូចជា​ ​ទីក្រុង​ហុងកុង ​កោះ​តៃ​វ៉ាន់​និង​ប្រទេស​កូរ៉េ​ខាង​ត្បូងដែរ។​

លោក Michael Barr ​អ្នក​វិទ្យាសាស្រ្ត​នយោបាយនៅឯ​សាកល​វិទ្យាល័យ Flinders ​ក្នុង​រដ្ឋSouth Australiaបាន​និយាយ​ថា ក្នុង​ឋានៈ​ជា​ប្រទេស​ឧស្សាហកម្ម សិង្ហបុរី បាន​ងើប​ឡើង​ជា​រដ្ឋបែប​ទីក្រុង​ទំនើប​មួយ។

«សមិទ្ធិផល​ដ៏​ធំធេង​មួយ​នៃ​សមិទ្ធិផល​ដ៏​ធំធេងនានា​របស់​លោកលី ​ក្វាន់​យូ ​ខ្ញុំ ​គិត​ថា​ កេរ្តិ៍​ដំណែល​វិជ្ជមាន​របស់​លោក ​គឺ​ពី​របៀប​ដែល​លោក​បាន​ទទួល​ស្គាល់​ហើយ​និង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ធម្មជាតិ​របស់​សិង្ហបុរី ​ហើយ​បាន​ប្រែក្លាយវា​ឲ្យ​ទៅ​ជារបៀប​មួយដែល​មាន​លក្ខណៈ​ខុសប្លែក​ពី​គេ‍»។

សិង្ហបុរី​បាន​ក្លាយ​ជា​កំពង់​ផែ​សមុទ្រ​ដ៏​មមាញឹក​បំផុតរបស់​ពិភពលោក​ ទើ​បតែកាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ត្រូវ​នាំមុខ​ដោយទីក្រុង​សៀង​ហៃ​នៃ​ប្រទេស​ចិន។​

ការ​វិនិយោគ​ទុន​បាន​ហូរ​ចូល​ក្នុង​ផ្នែក​ចម្រាញ់​ប្រេងកាត ​ការ​អភិវឌ្ឍ​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌលដឹក​ជញ្ជូន​ក្នុង​តំបន់ ​អាកាស​ចរណ៍​បាន​ល្បី​ល្បាញ​លើ​ឆាក​អន្តរជាតិហើយ​វិស័យ​ធនាគារ​ជាផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​សាកលលោក។

លោក Barr ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក ​លី ​ក៏​បាន​ប្រមូលផ្តុំអ្នក​រដ្ឋ​បាល​សំខាន់ៗដើម្បីធ្វើផែនការ​អភិវឌ្ឍន៍​នៅ​ពេល​អនាគតសម្រាប់​ប្រទេស​សិង្ហបុរី។

«លោក​បានប្រមូលផ្តុំ​ក្រុម​អ្នក​ដឹកនាំ​ខាងនយោបាយ​ដ៏​សំខាន់ហើយ​និង​មហា​ជន​ខាង​នយោ​បាយ​ក្លាយ​ទៅជា​អ្វីដែល​ហៅ​ថាក្រុមបុរស​ដែល​មាន​ការ​ឆ្នៃប្រឌិត​ខ្ពស់​ហើយ​និង​អ្នក​រដ្ឋបាល​ដែល​មាន​សមត្ថភាព។ ហើយ​បើ​គ្មាន​ការ​ដឹកនាំ​ខាង​នយោបាយ​របស់​លោក ​នឹង​មិន​អាច​បង្កើត​អនុត្តរភាព​ខាង​នយោបាយដែល​ពួកគេអាច​ធ្វើ​បាន​ទេ‍»។

វិធី​ដោះ​ស្រាយ​តឹងតែង​របស់​លោក លី​ លើ​ផ្នែក​នយោបាយ​និង​ក្រុម​ប្រឆាំង​ក៏​បាន​នាំ​ឲ្យ​មានកេរ្តិ៍​ឈ្មោះ​ថា​ជា​ជនផ្តាច់ការ​ដែរ។

ការ​អនុវត្តច្បាប់​សន្តិសុខ​ផ្ទៃ​ក្នុង (ISA) របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ក្រុម​ប្រឆាំង​និង​អ្នក​រិះគន់​បាន​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ឃុំ​ឃាំង​ក្រុម​អ្នក​នយោ​បាយ ​សកម្មជន​និង​សហជីព។

នៅ​ឆ្នាំ​១៩៦៣ ​មនុស្ស​១០០​នាក់​ ​បាន​ត្រូវ​ចាប់​ខ្លួន ​រួមមាន​លោក Said Zahari ​អតីត​បណ្ណាធិការ​កាសែត ​ដែលត្រូវ​ជាប់​ឃុំ​ឃាំង​អស់​រយៈ​ពេល​១៧​ឆ្នាំ​ដោយ​គ្មាន​ការ​កាត់​ទោស។ ​នៅ​ឆ្នាំ​១៩៨៧ ​មន្រ្តី​ព្រះ​វិហារ​រ៉ូម៉ាំងកាតូលិក ​សកម្មជនសង្គមនិង​អ្នក​មាន​អាជីព​២២​នាក់ ​បាន​ត្រូវ​ឃុំ​ខ្លួន ​ដោយ​រងការ​ចោទ​ប្រកាន់​ពី​ការ​រួម​គំនិត​ជាមួយ​ក្រុម​ឆ្វេង​និយម។ នៅ​ក្នុង​ការ​ប្រឈមការរិះគន់​ពី​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​និងបរទេស​ លោក លី ​បាន​ប្តឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន​នៅ​តុលាការ។ ​ក៏ប៉ុន្តែ ​លោក លី ​មិន​មែន​ជា​អ្នក​សុំ​អភ័យ​ទោស​ចំពោះ​ការ​ចាត់​វិធាន​ការ​ខ្លាំង​ៗ​របស់​លោក​នោះ​ទេ។

«នរណា​ក៏ដោយ ​គ្រប់​គ្រង​ប្រទេស​សិង្ហបុរី​ត្រូវ​តែ​ប្រើ​កណ្តាប់​ដៃ​ដែក ​បើ​ពុំ​ដូច្នេះ​ទេ ​នឹង​ត្រូវ​ចុះ​ចាញ់។​ នេះ មិនមែន​ជា​ល្បែង​បៀរ​ទេ។ ​នេះ​ជា​ជីវិត​របស់​លោក​អ្នក​និង​ជី​វិត​របស់​ខ្ញុំ។​ ខ្ញុំ​បាន​ចំណាយ​វេលា​ក្នុង​មួយ​ជី​វិតដើម្បី​ស្ថាបនាប្រទេ​ស​នេះហើយ​ដរាប​ណា​ខ្ញុំ​នៅ​ទទួល​ខុសត្រូវ ​គ្មាន​នរណា​ម្នាក់ ​ផ្តួល​រំលំ​ប្រទេស​នេះបាន​ទេ‍»។

សិង្ហបុរី​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​រដ្ឋ​ត្រួតត្រា​ដ៏​តឹង​រ៉ឹង​បំផុត​លើ​សេរីភាព​នៃ​ការ​និយាយ​ស្តី។ ក្នុង​ឆ្នាំ​២០១៤ ​ការ​ស្ទង់​មតិ​លើ​សេរីភាព​នៃ​ការ​និយាយ​ស្តី​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំ​ដែន​បាន​ចាត់​ទុក​សិង្ហបុរី​ក្នុង​ចំណោម​ប្រទេស​ដ៏​ទាប​បំផុត​នៅ​ក្នុង​សេរីភាព​នៃ​ការ​និយាយ​ស្តី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ក្រោយ​ប្រទេស​ភូមា ​កម្ពុជា ​ថៃ​និង​ប្រទេស​ឥណ្ឌូនេស៊ី៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG