ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាន​ចូល​រួម​មរណ​ទុក្ខ​សព​លោក ​លី ក្វាន់យូ


លោក លី ក្វាន់យូ (Lee Kwan Yew) ស្ថាបនិក​ប្រទេស​សិង្ហបុរី​ទំនើប អតីត​នាយក​រដ្ឋ​មន្ត្រី និង​ជា​ស្ថាបត្យករ​នៃ​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​សិង្ហបុរី​ងើប​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​សកលលោក បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៩១ឆ្នាំ។
លោក លី ក្វាន់យូ (Lee Kwan Yew) ស្ថាបនិក​ប្រទេស​សិង្ហបុរី​ទំនើប អតីត​នាយក​រដ្ឋ​មន្ត្រី និង​ជា​ស្ថាបត្យករ​នៃ​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​សិង្ហបុរី​ងើប​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​សកលលោក បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៩១ឆ្នាំ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពីមរណ​ភាព​របស់​អតីតនាយក​រដ្ឋ​មន្ត្រី​ប្រទេស​សិង្ហបុរី​ គឺ​លោក​លី ក្វាន់យូ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចូល​រួម​រំលែក​ទុក្ខ​នៃ​ការ​ស្លាប់​នេះ​ ដោយ​កើត​សរសើរ​អំពី​ស្នាដៃ​នៃ​ស្ថាបនិក​ដែន​ដី​កោះ​មួយ​នេះ។​

«ក្នុង​នាម​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​នាម​ប្រជាជន​កម្ពុជា ​ខ្ញុំ​សូម​ផ្ញើ​ជូន​ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី​លី ស៊ូឡុង ​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី ​ក៏​ដូច​ជា​ប្រជាជន​សិង្ហបុរី ​ក្នុង​ការ​ចូល​រួម​មរណ​ទុក្ខអំពី​ការ​បាត់​បង់ឯក​ឧត្តម​លី ក្វាន់យូ ​ដែល​ជា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហបុរី»។

លោក​ហ៊ុន សែន​ថ្លែង​ដូច្នេះ​នៅ​ក្នុងពិធី​សម្ពោធន៍​មួយ​នៅ​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ។​

លោក​លី ក្វាន់​យូ​បាន​ទទួល​មរណ​ភាព​នៅ​ថ្ងៃ​នេះ​ក្នុងអាយុ​៩១​ឆ្នាំបន្ទាប់​ពី​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ ហើយលោក​ទទួល​ការ​ព្យាបាល​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​មក​ម្ល៉េះ។​

លោកបាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​អស់​រយៈ​ពេល​៣១​ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ​១៩៥៩​ដល់​ឆ្នាំ​១៩៩០​ ​ហើយ​កូន​ប្រុស​របស់​គាត់​លោកលី ស៊ានឡុង​កំពុង​កាន់​ដំណែង​បច្ចុប្បន្ន​នេះ។​

ថ្វី​បើ​លោក​លី ក្វាន់​យូ​ជា​អ្នក​កាន់​អំណាច​ដ៏​យូរបំផុត​ម្នាក់​ក្នុងពិភព​លោក​និង​ជា​បុគ្គល​ប្រើ​ប្រាស់​អំណាច​ផ្តាច់​ការ​ និង​គាប​សង្កត់​ផ្នែក​សេរីភាព​សារ​ព័ត៌​មាន​ ប៉ុន្តែ​លោកបាន​ប្រែ​ក្លាយ​សិង្ហបុរី​ពី​ដែន​ដី​កោះ​ និង​កំពង់​ផែ​ដ៏តូច​មួយ​ទៅ​ជា​ប្រទេស​ដែល​មានការ​រីក​ចម្រើនផ្នែក​សេដ្ឋ​កិច្ច​និង​ពាណិជ្ជ​កម្ម​ដែល​មាន​សន្ទុះ​ខ្លាំង​បំផុត។​

លោក​លី​ជា​នាយក​រដ្ឋ​មន្ត្រី​ដំបូង​គេ​នៅសិង្ហបុរី​ ​ដោយលោក​បាន​ដឹក​នាំ​ដណ្តើម​ឯក​រាជ្យ​ភាព​ពី​ប្រទេស​អង់​គ្លេស​ និង​ជា​អ្នកដឹក​នាំ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បំផុត។​

លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ហ៊ុន សែន​កោត​សរសើរ​ការដឹក​នាំ​របស់​លោក​លី ក្វាន់យូ។​

«គាត់​មិន​ត្រឹម​តែ​ជា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហ​បុរី​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​គាត់​ក៏​ជា​ស្ថាប​និកនៃ​អាស៊ាន​ផង​ដែរ។ ហើយ​ពេញ​មួយ​ជីវិត​របស់​គាត់ គាត់​ធ្វើ​កិច្ច​ការ​រហូត​ដល់​ទី​បញ្ចប់​តែ​ម្តង។​ ​ទស្សន​វិស័យ ​ការ​បញ្ចេញ​មតិ ​និង​ការ​សរសេរ​នានា​ ការ​ព្យាករណ៍​អំពី​សភាព​ការណ៍​ពិភព​លោក ​សភាព​ការណ៍​តំបន់ ​ជា​ពិសេស​សភាព​ការណ៍​សេដ្ឋ​កិច្ច​ហិរញ្ញវត្ថុ​សកល​គឺ​ត្រូវ​បាន​គាត់​ព្យាករណ៍​ជា​ច្រើន»។​

ប្រទេស​សិង្ហបុរី​ជា​ដែន​ដីកោះ​ដែល​មាន​ទំហំ​ត្រឹម​តែ​៧១៨​គីឡូម៉ែត្រ​ការ៉េ​គឺ​តូច​ជាង​រាជធានី​ភ្នំពេញ ​នៅពេល​ទី​ក្រុង​ភ្នំពេញពង្រីកដល់​ទំហំ​៩០០​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ពេល​ខាង​មុខ​នោះ។​

កោះ​នេះ​មាន​ប្រជាជន​តិចជាង​ប្រជាជន​កម្ពុជា​ប្រមាណ​បី​ដង ​ប៉ុន្តែជា​ប្រទេស​ដែល​មាន​បំផុត​មួយ​ក្នុង​តំបន់។​

លោក​យ៉ែម ប៉ុញ្ញរិទ្ធ​ តំណាង​រាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​សម្តែងការ​សោក​ស្តាយ​ ព្រោះ​លោក​លី ក្វាន់យូ​មាន​ការ​ដឹក​នាំ​ប្រកប​ដោយ​វីរភាព​ផ្នែក​សេដ្ឋ​កិច្ច។​

«គឺ​ទី​១​ទាក់ទ​ង​នឹង​ការ​អប់រំ​ដើម្បី​ផលិត​ធនធាន​មនុស្ស។​ ​ទី២​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​និង​ទី​៣​គឺ​ការ​ធ្វើ​កំណែ​ទម្រង់សេដ្ឋ​កិច្ច​ ​និង​កែប្រែ​ប្រទេស​សិង្ហបុរី​ទៅ​ជា​ប្រទេស​ជឿនលឿន​នៅ​លើ​ពិភព​លោក​មួយ»។​

រីឯ​លោក​ស្រី​ពុង ឈីវកេក ​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ក៏​បាន​កើត​សរសើរ​ពី​ជោគ​ជ័យរបស់លោកលី​ក្នុង​ការ​កំចាត់​អំពើ​ពុក​រលួយផង​ដែរ។​

«គាត់​គិត​គូរ​ដល់​ប្រជា​ពលរដ្ឋ​របស់​គាត់ ​គិត​គូរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​របស់​គាត់​ឲ្យ​បាន​ជឿន​លឿន​ទៅ​មុខ។​ ប្រទេស​សិង្ហ​បុរី​ ថ្វីដ្បិត​តែ​ខាង​សេរី​ភាព​មាន​ការរឹតត្បិត​មែន​ ប៉ុន្តែ​ខាង​សេដ្ឋកិច្ច​មានការ​អភិវឌ្ឍ»។​

លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ និង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​សព​លោក​លី​ ក្វាន់​យូ​ដែរ។​

យ៉ាងណា​ក៏ដោយ ​លោកស្រីពុង ឈីវកេក​មិន​បាន​ភ្លេច​និយាយយោង​ដល់​ការ​ដឹក​នាំ​ប្រកប​ដោយ​ការ​ផ្តាច់​ការ​របស់​លោក​លី ក្វាន់យូ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG