ប្រមុខកងទ័ពឥណ្ឌា និយាយថា សម្ភារៈការពារជាតិហួសសម័យនិងការខ្វះខាតគ្រឿងសព្វាវុធ បានធ្វើឱ្យទន់ខ្សោយដល់សមត្ថភាពការពារជាតិរបស់ប្រទេសនេះ។ ទំនាក់ទំនងរវាងប្រមុខកងទ័ពនិងរដ្ឋាភិបាល ស្ថិតក្នុងកម្រិតមួយយ៉ាងទាប ក្នុងប៉ុន្មានខែថ្មីៗនេះ។
វាស្ថិតនៅក្នុងលិខិតមួយ ដែលត្រូវបានសរសេរទៅកាន់លោកនាយករដ្ឋមន្រ្តី ដែលប្រមុខកងទ័ព លោកឧត្តមសេនីយ៍ វី ខេ ស៊ីង (V.K. Singh) ពណ៌នាស្ថានការណ៍នៃកងកម្លាំងប្រយុទ្ធសំខាន់ៗ មានដូចជាកាំភ្លើងធំនិងកងទ័ពថ្មើរជើង ថា «មានភាពអាសន្ន»។
នៅថ្ងៃពុធនេះ កាសែត ឌីអែនអេ (DNA) របស់ឥណ្ឌា បានចុះផ្សាយសេចក្តីដកស្រង់របស់សំបុត្រដែលលេចធ្លាយនោះ ចុះកាលបរិច្ឆេទថ្ងៃទី១២ ខែមិនា។
ប្រមុខកងទ័ពរូបនោះ បានថ្លែងថា កងរថក្រោះរបស់ឥណ្ឌា គឺ«គ្មានគ្រាប់រំសេវចាំបាច់»ទេ ហើយប្រព័ន្ធការពារផ្លូវអាកាសរបស់ខ្លួន ក៏ប្រើការលែងកើតក្នុងចំនួន៩៧ភាគរយផងដែរ។ លោក មានប្រសាសន៍ថា កងទ័ពថ្មើរជើង ត្រូវជាប់គាំងដោយសារភាពទន់ខ្សោយនិងការខ្វះខាតយុទ្ធោបករណ៍សម្រាប់ពេលយប់ ខណៈដែលកងកម្លាំងពិសេស មាន«ភាពខ្វះខាតយ៉ាងខ្លាំង»នូវគ្រឿងសព្វាវុធដ៏ចាំបាច់បំផុត។
ប្រទេសឥណ្ឌាដែលធ្លាប់បានធ្វើសង្គ្រាមជាមួយប្រទេសបាគីស្ថាននិងចិន មានចំនួនកងទ័ពច្រើនបំផុតលំដាប់ទីពីរក្នុងពិភពលោក។
នៅក្នុងរដ្ឋសភា ដែលសំបុត្រលេចធ្លាយនោះ ត្រូវបានលើកយកមកពិភាក្សា លោករដ្ឋមន្រ្តីការពារជាតិ អេ ខែ អានតូនី (A.K. Antony) បាននិយាយថា រដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់បំផុតដល់ការត្រៀមខ្លួនផ្នែកសន្តិសុខ។
«ការត្រៀមខ្លួនក្នុងវិស័យការពារជាតិរបស់យើង តែងតែមានភាពរឹងមាំ ហើយខ្ញុំអាចធានាចំពោះរដ្ឋាភិបាលនិងប្រទេសទាំងមូលថា វាជាបំណងរបស់យើងក្នុងការរក្សា រដ្ឋាភិបាលនិងប្រទេសទាំងមូល ឱ្យមានភាពរឹងមាំ។ រដ្ឋាភិបាល បានខិតខំប្រឹងប្រែងហើយធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីធានាឱ្យប្រាកដថាកងកម្លាំងការពារជាតិរបស់យើង ត្រូវបានផ្តល់ជូន បំពាក់អាវុធ និងហ្វឹកហាត់ដើម្បីក្លាយទៅជាកងកម្លាំងមួយក្នុងចំណោមកងកម្លាំងប្រយុទ្ធដ៏ល្អបំផុតក្នុងពិភពលោក។»
នាពេលនេះ មិនមានភាពរកាំរកូសនៅក្នុងរដ្ឋសភាទេ ដោយសារតែក្រុមអ្នកតាក់តែងច្បាប់ខាងបក្សប្រឆាំង បានគាំទ្ររដ្ឋាភិបាល ដោយនិយាយថា បញ្ហាទាំងនោះ មិនគួរយកមកពិភាក្សាជាសាធារណៈទេ។ លោក អារុន ចាអ៊ីតលី (Arun Jaitley) មេដឹកនាំគណបក្សប្រឆាំងធំជាងគេ ឈ្មោះគណបក្សបារ៉ាទីយ៉ា ចាណាតា (Bharatiya Janata Party) នៅសភាជាន់ខ្ពស់ បានថ្លែងថា លោកមានភាពជឿជាក់ថា រដ្ឋាភិបាលនឹងដោះស្រាយការព្រួយបារម្ភទាំងនេះ ទាក់ទងនឹងការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធ។
«ខ្ញុំជឿថា រដ្ឋមន្ត្រីការពារជាតិ នឹងពិនិត្យទៅលើអង្គហេតុទាំងនេះ និងធានាឱ្យប្រាកដថានៅទីណាដែលមានការខ្វះខាត លោកត្រូវតែធ្វើឱ្យប្រាកដថា កន្លែងខ្វះខាតទាំងនោះត្រូវបានបំពេញ។»
ក្រុមអ្នកតាក់តែងច្បាប់ទាមទារចង់ដឹងថាតើសំបុត្រនោះត្រូវបានលេចធ្លាយយ៉ាងដូចមេ្តច។ មនុស្សមួយចំនួនស្នើសុំឲ្យមានការលាលែងពីដំណែងរបស់ប្រមុខកងទ័ពទៀតផង ប្រសិនបើលោកស្ថិតនៅពីក្រោយការលេចធ្លាយនោះ។
សំបុត្រនោះត្រូវបានលេចឡើង ខណៈដែលទំនាក់ទំនងរបស់ប្រមុខកងទ័ពជាមួយអាជ្ញាធរស៊ីវិល សិ្ថតក្នុងដំណាក់កាលទាបបំផុតកាលពីប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីប្រឈមមុខជាមួយរដ្ឋាភិបាលអំពីអាយុចូលនិវត្តន៍របស់លោក។ លោកបាននិយាយថា លោកមានវ័យកេ្មងជាងប្រវត្តិរូបនៅក្នុងកងទ័ព ដែលបានបង្ហាញឲ្យឃើញ ប៉ុន្តែលោក បានចាញ់រឿងក្តីនេះនៅតុលាការកំពូល។ កាលពីដើមសប្តាហ៍នេះ លោក បានថ្លែងថា លោកត្រូវបានផ្តល់ប្រាក់សំណូកចំនួន ២.៨ លានដុល្លារ ដើម្បីទិញរថយន្តមិនត្រឹមត្រូវតាមស្តង់ដាសម្រាប់កងទ័ព។
ក្រុមអ្នកវិភាគខាងវិស័យការពារជាតិ ថ្លែងថា មានការដឹងឭយ៉ាងទូលំទូលាយថា កងទ័ពឥណ្ឌាត្រូវតែធ្វើទំនើបកម្ម។ រដ្ឋាភិបាលកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីទិញយុទ្ធោបករណ៍និងគ្រឿងសព្វាវុធ ប៉ុន្តែក្រុមអ្នករិះគន់ និយាយថា ការធ្វើទំនើបកម្មនេះមានភាពយ៉ឺតយ៉ាវណាស់។
នៅឆ្នាំ២០០៧ ឥណ្ឌាបានចូលជំនួសប្រទេសចិនក្នុងនាមជាប្រទេសនាំចូលអាវុធធំជាងគេបំផុតរបស់ពិភពលោក៕
ប្រែសម្រួលដោយ៖ ឃួន ធារ៉ា