ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​អំពី​លោក Trump


លោក Joseph Maguire ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្តី​ទី ផ្តល់​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
លោក Joseph Maguire ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្តី​ទី ផ្តល់​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុម​មេធាវី​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ដែល​ការ​បញ្ចេញ​ព័ត៌មាន​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ពី​តំណែង​នោះ បាន​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​អត្តសញ្ញាណ​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​នោះ នៅ​ពេល​ដែល​លោក Trump និយាយ​ថា លោក​ចង់​ជួប​ជាមួយ​នឹង​អ្នក​ចោទ​ប្រកាន់​លើ​រូប​លោក​នេះ។

ក្រុម​មេធាវី​ដែល​ដឹកនាំ​ដោយ​លោក Andrew Bakaj បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​បញ្ជាក់​ថា ពួកគេ​កំពុង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ខាង​គណបក្ស​សាធារណរដ្ឋ ដើម្បី​រៀបចំ​នីតិវិធី​ឲ្យ​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នោះ​អាច​ជួប​ជាមួយ​នឹង​មេធាវី​បាន ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ។

មេធាវី​មួយ​រូប​ទៀត​គឺ​លោក Mark Zaid បាន​ច្រានចោល​នូវ​សេចក្ដី​រាយការណ៍​មួយ​ដែល​ថា អ្នក​លួច​បញ្ចេញ​ព័ត៌មាន​ស្ថិត​ក្រោម​ការ​ការពារ​របស់​សហព័ន្ធ ដោយសារតែ​មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​សុវត្ថិភាព។

ក្រុម​មេធាវី​នេះ​បាន​ចេញ​ផ្សាយ​នូវ​ច្បាប់​ចម្លង​នៃ​លិខិត​មួយ​ច្បាប់​ដែល​ខ្លួន​បាន​ផ្ញើ​ទៅ​កាន់​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ ដោយ​និយាយ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន ហើយ​ពួកគេ​គិត​ថា «ស្ថានការណ៍​នេះ​នឹង​កាន់តែ​អាក្រក់​ជាង​មុន»។

ក្រុម​មេធាវី​ទាំង​នេះ​បាន​លើក​យក​ការ​លើក​ឡើង​របស់​លោក Trump មក​ធ្វើ​ជា​ភស្តុតាង​សម្រាប់​ការ​អះអាង​ដូច​នេះ។ ក្រុម​មេធាវី​ទាំង​នោះ​បាន​បញ្ជាក់​ទៀត​ថា ពួកគេ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្ដល់​លុយ​ក្នុង​ចំនួន​មួយ​យ៉ាង​ច្រើន​ដើម្បី​តាម​ស្វែងរក​អត្តសញ្ញាណ​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នេះ។

នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ដែល​ផ្ញើ​ទៅ​កាន់​សមាជិក​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា ក្រុម​មេធាវី​ទាំង​នេះ​បាន​ស្នើ​ឲ្យ​សមាជិក​សភា​ទាំង​នោះ «និយាយ​ការពារ​អ្នក​លួច​បញ្ចេញ​ព័ត៌មាន និង​ឲ្យ​បញ្ជាក់​ជា​ថ្មី​ថា នេះ​គឺ​ជា​ប្រព័ន្ធ​ការពារ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សងសឹក​ណា​មួយ​កើត​ឡើង​នោះ​ទេ ទោះបី​ជា​ដោយ​ផ្ទាល់ ឬ​ក៏​ដោយ​ប្រយោល​ក៏​ដោយ»៕

XS
SM
MD
LG