ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Schiff ថា គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​សភា​តំណាងរាស្ត្រ​អាមេរិក​ស្តាប់​សក្ខីកម្ម​របស់​អ្នក​​បញ្ចេញ​ការ​សម្ងាត់


លោក Adam Schiff​ ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​​សភា​តំណាងរាស្ត្រ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០១៩។

ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ​និយាយថា ​ខ្លួន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដើម្បីស្តាប់​ការ​ផ្តល់​សក្ខីកម្ម​ពី​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​ការ​ប្តឹង​របស់​គេ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​តំណែង​លោក​ប្រធានាធិបតី​ត្រាំ។

លោក Adam Schiff ប្រាប់​បណ្តាញ​ទូរទស្សន៍ ABC ក្នុង​កម្មវិធី «This Week» ថា «យើង​កំពុង​ចាត់វិធានការ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​អនុញ្ញាត​ឲ្យ​ការ​ផ្តល់​សក្ខីកម្ម​នេះ​ដំណើរ​ការ​ទៅ​ មុខ ដោយ​ការពារ​អត្តសញ្ញាណ​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់។​ ដោយប្រធានាធិបតី​បញ្ចេញ​ការ​គំរាម​កំហែង យើង​អាច​ស្រមៃ​អំពី​ការ​ព្រួយ​បារម្ភ​ខាង​សន្តិសុខ»។

អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ចោទ​ប្រកាន់​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ បាន​និយាយ​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៥ ​ខែកក្កដា ​ស្វះស្វែង​រក​ការ​ជួយ​ពីប្រធានាធិបតី​ថ្មី​អ៊ុយក្រែន​នៅ​ក្នុង​ការ​ជីក​កកាយ​រក​ព័ត៌មាន​អំពីលោក Joe Biden អនុប្រធានាធិបតី និង​លោក Hunter ​ដែល​ជា​កូន​ប្រុស​របស់​លោក។ ព័ត៌មាន​នេះនឹង​ប៉ះ​ពាល់​ដល់​ជោគជ័យរបស់​លោក Biden ​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​និង​ប្រកួត​ប្រជែង​ជាមួយ​លោក​ត្រាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០២០។

​លោក​ប្រធានាធិបតី​ដូណាល់ ​ត្រាំ ​ដែល​បាន​បញ្ចេញ​ការ​សន្ទ​នា​តាម​ទូរស័ព្ទ ​បាន​ទទូច​ថា ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ហើយ​បាន​បន្ត​ការពារ​ខ្លួន​តាមរយៈ Twitter។

នៅ​ពេល​ដែលធ្វើ​ជា​អនុប្រធានាធិបតី​ លោក Bidenនិង​មេដឹកនាំប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត ​បាន​គាប​សង្កត់​ប្រទេស​អ៊ុយក្រែន​ឲ្យ​ដក​លោក Viktor Shokin ដែល​ជា​រដ្ឋ​អាជ្ញា​កំពូល​របស់​អ៊ុយក្រែន​ចេញ​ពី​តំណែង ពី​ព្រោះ​តែ​លោក​ត្រូវបាន​គេ​មើល​ឃើញ​ថា ​មិន​បាន​ចាត់​វិធានការ​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​បំបាត់​អំពើ​ពុករលួយ​ទេ។

ប្រធានាធិបតី​ត្រាំ ​បាន​អះអាងថា លោក Biden បាន​ស្វះស្វែង​ការពារ​កូនប្រុស​របស់​លោក ​ក៏ប៉ុន្តែ ​ការ​ចោទ​ប្រកាន់​នេះ ​បាន​ត្រូវ​គេ​បង្ហាញ​ថា ខុស៕

XS
SM
MD
LG