ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ស្នើ​តុលាការ​កំពូល​ទម្លាក់​ការចោទ​ប្រកាន់​លើ​មន្រ្តី​អាដហុក​ក្នុង​សំណុំ​រឿង​សូកប៉ាន់


រូបឯកសារ៖ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និង​ស្វាគមន៍​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤រូប​គឺ​លោក នី សុខា លោក យី សុខសាន្ត លោកស្រី លឹម មុនី និង​លោក ណៃ វ៉ង់ដា នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និង​ស្វាគមន៍​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤រូប​គឺ​លោក នី សុខា លោក យី សុខសាន្ត លោកស្រី លឹម មុនី និង​លោក ណៃ វ៉ង់ដា នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)

មេធាវី​ការ​ពារក្តី​ឱ្យ​មន្ត្រី ​និង​អតីត​មន្ត្រី​សមាគម​អាដហុក​នៅ​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី ​និង​សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់ ​បាន​ជំរុញ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​លើ​កូន​ក្តី ​ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៦។​

មេធាវី​អះអាង​ថា​ ការ​កាត់​ក្តី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលា​ឧទ្ធរណ៍​កាលពី​កន្លង​ទៅ​ មិន​មាន​ភស្តុតាង ​និង​រំលោភ​បំពាន​ច្បាប់។​

កាល​ពី​ព្រឹក​ថ្ងៃទី​៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២២​ តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​មន្ត្រី ​និង​អតីត​មន្ត្រី​របស់​សមាគម​អាដហុក​ចំនួន​៥នាក់ ​ដែល​ពួក​គេ​បាន​ប្តឹង​ទាស់ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​សាលា​ឧទ្ធរណ៍ ​ដែល​កាត់​ទោស​ពួកគេ​ឱ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ។​

ក្រោយ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​ មេធាវី​ការពារក្តី​ម្នាក់​ លោក ​ឡោ ជុនធី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​លើកូន​ក្តី ​ ខណៈ​ថា ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​មិន​មាន​ហេតុ​ផល​ច្បាស់​លាស់។​

បើ​តាម​មេធាវី​រូប​នេះ ​ តុលាការ​មិន​មាន​សាក្សី​ពិត​ប្រាកដ​ ហើយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ថា​ ការ​ផ្តល់​ប្រាក់​ជាង​២០០​ដុល្លារ​ដល់​ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​ទម្លាយ​ថា ​មាន​រឿង​អាស្រូវ​ស្នេហា​ជាមួយ​លោក ​កឹម សុខា ​ជា​ការ​សូកប៉ាន់​ឡើយ​ ប៉ុន្តែ​វា​ជា​ផ្នែក​មនុស្ស​ធម៌។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​រាល់​ការ​ជួយ​ទាំ​ងអស់​ហ្នឹង​ វា​ជា​ជំនួយ​ផ្នែក​ស្មារតី ​ផ្នែក​មនុស្ស​ធម៌។ ​អ៊ីចឹង​រឿង​សូក​ប៉ាន់ ​វា​អត់​មាន​បាន​ជា​យើង​ស្នើ​សុំ​ឱ្យ​តុលាការ​កំពូល​បដិសេធ​ចោល​នូវ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍»។​

កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៨ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កាត់​ទោស​មន្រ្តី ​និង​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​៥​រូប​របស់​សមាគម​អាដហុក​ម្នាក់ៗ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ពី​បទ​សូក​ប៉ាន់​សាក្សី​ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម ​សុខា​ មេ​បក្ស​ប្រឆាំង​ជាមួយ​នាង ​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ។​

អ្នក​ទាំង​៥​រូប​ រួម​មាន​លោក ​នី សុខា ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​អាដហុក ​លោក​ យី សុខសាន្ត ​មន្រ្តី​សមាគម​អាដហុក ​លោក​ ណៃ វ៉ង់ដា ​មន្រ្តី​សមាគម​អាដហុក​ អ្នកស្រី ​លឹម មុនី ​មន្ត្រី​សមាគម​អាដហុក​ និង​លោក ​នី ចរិយា​ អតីត​មន្រ្តី​អាដហុក ​ដែល​បច្ចុបន្ន​ជា​អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)។​ ពួក​គេ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ ​ដោយ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈ​ពេល​១៤​ខែ ​និង​សល់​ប៉ុន្មាន​ព្យួរ​ពី​បទ​«សូក​ប៉ាន់​សាក្សី»។ ​បច្ចុប្បន្ន ​ពួក​គេ​ស្ថិត​នៅ​ក្រៅ​ឃុំ។​

ទោះ​ជា​យ៉ាងណា ​កាលពី​កន្លង​ទៅ ​សាលា​ឧទ្ធរណ៍​បាន​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​នី សុខា​ ដែល​រង​ការ​ចោទ​ប្រកាន់ ​ថ្លែង​ថា ​ការ​ប្តឹង​ទាស់​របស់​លោក ​និង​អ្នក​ផ្សេង​ទៀត ​ដោយ​សារ​ពួក​លោក​មិន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេចរបស់​តុលាការ។ ​លោក​អះអាង​ថា​ តុលាការ​បាន​បំពាន​ច្បាប់ ​អំណាច ​និង​បំភ្លៃ​អង្គ​ហេតុ​ជា​ដើម។​

លោក​ នី សុខា ​អះអាង​ថា​ លោក​ និង​អ្នក​ផ្សេង​ទៀត​បាន​ខិតខំ​ធ្វើ​ការងារ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ​ជាពិសេស​ជួយ​ដល់​តុលាការ​ផង​ដែរ។​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ តុលាការ​បាន​យក​ការ​ជួយ​របស់​ពួក​លោកមក​ចោទ​ប្រកាន់​នៅ​ក្នុង​រឿង​ក្តីក្តាំ​ទៅ​វិញ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​សកម្ម​ភាព​ដែល​យើង​បាន​ធ្វើ​ គាត់​បែរ​ជា​ចោទ​ប្រកាន់​ថា​ យើង​ទៅ​សូក​ប៉ាន់​សាក្សី​ទៅ​វិញ។ ​អាហ្នឹង​ដែល​យើ​ងអត់​យល់​ការ​ចោទ​ប្រកាន់​នេះ​ទេ។ ​ទី​២ ​បើ​យើង​ពិនិត្យមើល​ទៅ​លើ​គោល​ការណ៍​ច្បាប់ ​ ការ​សូកប៉ាន់​សាក្សី ​វា​ត្រូវ​តែ​មាន​សាក្សី​ណា​ដែល​យើង​សូក​ប៉ាន់។ ​ប៉ុន្តែ​នៅ​ពេល​យើ​ង​មើល​ក្នុង​អង្គ​ហេតុ​មែន​ទែន​ វា​អត់​មាន​ជា​សាក្សី»។​

លោក​បន្ថែម​ថា៖​ «យើង​វា​ពិបាក​នៅ​ក្នុង​ការ​ដែល​ប៉ះ​ពាល់​ដល់​ការងារ​យើង​ផង ប៉ះ​ពាល់​ដល់​ស្មារតី​យើង​ផង​ ប៉ះពាល់​ទៅ​បញ្ហា​យុត្តិ​ធម៌​ដល់​ស្មារតី​អ្នកធ្វើ​ការ​ងារ​សិទ្ធិ​មនុស្ស​ទាំង​មូល​ផង។ ​អា​នេះ​វាជា​រឿង​ដែល​យើ​ង​ចង់​ឱ្យ​តុលាការ​កំពូល​នេះ ​ដែល​លោក​មាន​អំណាច​ខ្ពស់​បំផុត​ក្នុង​ការ​សម្រេច​សេចក្តី ​ធ្វើ​ការ​សម្រេច​សេចក្តី​ដើម្បី​ឱ្យ​ជា​ប្រយោជន៍​ទៅ​ដល់​សង្គម​ ដើម្បី​ឱ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទូទៅ​ គេ​មាន​ភាព​កក់​ក្តៅ​ចំពោះ​តុលាការ​ហ្នឹង​ផង»។​

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី ​ចក់ សុភាព​ ដែល​បាន​តាមដាន​សវនាការ​នៅ​តុលាការ​កំពូល ​លើក​ឡើង​ថា ​ការ​សម្រេច​ឃុំ​ខ្លួន​ជាង​១​ឆ្នាំ​កន្លង​ទៅ ​និង​បន្ត​មិន​ទម្លាក់​បទ​ចោទ​ប្រកាន់ ​ជា​រឿង​អយុត្តិ​ធម៌​ចំពោះ​ក្រុម​មន្ត្រី ​និង​អតីត​មន្ត្រី​អាដហុក ​ខណៈ​អ្នកស្រី​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើក​ពួក​គេ។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា​ តុលាការ​នឹង​ពិចារណា​ក្នុង​ការ​ទម្លាក់​នូវ​បទ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គាត់​ទាំង​៥​រូប​ដើម្បី​ផ្តល់​នូវ​ភាព​ស្អាត​ស្អំ ​និង​យុត្តិ​ធម៌​សម្រាប់​ពួក​គាត់​ ដែល​គ្រាន់​តែ​បំពេញ​នូវ​វិជ្ជាជីវៈ​មួយ​ដែ​ល​ស្រប​ច្បាប់ ​ហើយ​ដែល​គួរតែ​ទទួល​នូវ​ការ​សាទរ​ជា​ជាង​ការ​យាយី ​និង​ការ​ចោទ​ប្រកាន់​បែប​នេះ»។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ ​ មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​បុគ្គលិក​ និង​អតីត​បុគ្គលិក​អាដហុក​ទាំង​៥​រូប​យក​ទៅ​ឃុំ​ខ្លួន​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៦​គឺ​ផ្តើម​ចេញ​ពី​ការ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​នាង ​ខុម ចាន់តារ៉ាទី ​ហៅ​ស្រី​មុំ​ដែល​ពេល​នោះ​នាង​បាន​រង​ការ​វាយ​ប្រហារ​តាម​រយៈ​ការ​បង្ហោះ​ផ្សព្វ​ផ្សាយ​ខ្សែ​អាត់​សំឡេង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ព្យាយាម​បង្ហាញ​ថា​ នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក ​កឹម សុខា។​

ក្រោយ​ទទួល​បាន​ជំនួយ​ពី​មេធាវី​របស់​សមាគម​អាដ​ហុក​ រួម​និង​ទឹក​ប្រាក់​ប្រមាណ​២០០​ដុល្លារ​ពី​សមាគម ​ដូច​ដែល​តែង​ជួយ​ជន​រង​គ្រោះ​ផ្សេងៗ​នា​ពេល​កន្លង​ទៅ​នោះ​ នាង ​ខុម ចាន់តារ៉ាទី​ ហៅ​ស្រីមុំ ​បាន​ចោទ​ក្រុម​មន្រ្តី​អាដហុក​ថា​ បង្គាប់​មិន​ឱ្យ​នាង​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង ​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​សំឡេង​របស់​លោក​ កឹម សុខា។​
វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ជា ម៉េត​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​បាន​ទេ ​នៅ​ថ្ងៃ​សុក្រ​នេះ។​

បន្ទាប់​ពី​បើក​សវនាការ​ជំនុំ​ជម្រះ​ ចៅក្រម​នៃ​តុលាការ​កំពូលនឹង​ប្រកាស​សាល​ដីកា ​នៅ​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២៕

XS
SM
MD
LG