ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជិត​៦ឆ្នាំ​មក​នេះ មន្រ្តី​អាដហុក​ថា​ការ​ទទួល​បាន​យុត្តិធម៌​​រឿង​សូក​ប៉ាន់​សាក្សី​ស្ថិត​ក្នុង​ភាព​មិន​​ច្បាស់​លាស់ 


រូប​ឯកសារ៖ សមាគម​​អាដហុក​ រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និងស្វាគមន៍​ដល់​មន្ត្រីសិទ្ធិ​មនុស្ស​ទាំង​៤រូប​គឺលោក នី សុខា លោក យី សុខសាន្ត លោកស្រី លឹម មុនី និង លោក ណៃ វ៉ង់ដា ដែល​ត្រូវបាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​​កាល​ពី​​ខែ​មិថុនា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំ​មនោ​/វីអូអេ)​

មន្រ្តី និងអតីត​មន្រ្តីអាដហុក​មួយចំនួនលើក​ឡើង​នៅថ្ងៃ​ពុធ​នេះ​ថា ពួកគេមិន​មាន​ក្តីសង្ឃឹម​ច្រើនក្នុង​ការ​ទទួលបាន​យុត្តិធម៌​ពីសវនាការ​ជំនុំ​ជម្រះក្តី​នៅសាលាឧទ្ធរណ៍​លើសំ​ណុំរឿងសូក​ប៉ាន់សាក្សី​ដែល​ពួកគេ​បាន​ប្តឹងមិនសុខ​ចិត្ត​នឹង​ការ​កាត់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ​តាំង​ពីចុង​ឆ្នាំ​២០១៨​នោះ​ទេ។​

​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ អយ្យការ​អម​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារក្តី​ឲ្យ​មន្រ្តី​និង​អតីត​មន្រ្តី​សមាគម​អាដហុក​ឱ្យ​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន៤​នាក់ រួម​មានអ្នក​ស្រី លឹម មុនី ​លោក​នី សុខា ​លោក ​ណៃ វ៉ង់ដា ​និង​លោក​ យី សុខសាន្ត​ ពី «បទ​សូក​ប៉ាន់​សាក្សី» នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២២។

លោក ​យី សុខសាន្ត មន្រ្តី​សមាគម​អាដហុក​ដែល​ជា​មន្រ្តី​ម្នាក់​ស្ថិត​ក្នុង​ចំណោម​បួន​នាក់​ដែល​ត្រូវ​បាន​កោះ​ហៅ ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា សំណុំ​រឿង​របស់​លោក មន្រ្តី និង​អតីត​មន្រ្តី​អាដហុក​៤​រូប​ផ្សេង​ទៀតដែលត្រូវ​បាន​អូស​បន្លាយ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ទៅ​ជិត​៦​ឆ្នាំ គឺ​ជា​រឿង​ដែល​បង្កអំពើ​អយុត្តិធម៌​និង​ការឈឺចាប់សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស។​

លោក​ថ្លែង​ថា៖ «បើ​យើង​និយាយ​ពី​ព្យួរ​ទោស​នេះ មក​ដល់ថ្ងៃ​នេះ​វាចង់​ចូល៦​ឆ្នាំ​ហើយ ហើយ​ទោស​ខ្ញុំ​តែ​៥​ឆ្នាំ​ទេ។ ហើយ​ទើប​តែ​នឹក​ឃើញ​សាលា​ឧទ្ធរណ៍​យក​មក​បើក​សវនាការ​សារដើម​ឡើង​វិញ ដែល​យើង​ប្តឹង​ភ្លាមៗ​នោះ​គាត់​មិន​ចាត់​ការ​ទេ​តែ​គាត់​ទុក​ចោល​ទៅ​ហើយ​គាត់​បែរ​មក​ធ្វើ​អ៊ីចឹង។​វា​ហាក់​ដូច​ជា​យក​មនុស្ស​ដែល​អត់​ទោស​យក​មក​កាត់​ទោសលេង​សើច។ អានេះ​ជា​ការ​គិត​របស់​ខ្ញុំ ជាការ​យល់​ឃើញ​របស់​ខ្ញុំ។ វា​ធ្វើ​ឱ្យ​មនុស្សឈឺចាប់​ដែលគ្មាន​កំហុស​ហើយ​ឈឺចាប់​កាន់​តែ​ធ្ងន់ធ្ងរ»។

លោក​បន្ថែម​ថា លោក​មិន​មាន​ជំនឿ​លើ​សវនាការ​របស់​សាលា​ឧទ្ធរណ៍ថា​អាច​ផ្តល់​យុត្តិធម៌​លើ​លោក និង​ជនរង​គ្រោះ​ដទៃនោះ​ទេ។​

«នៅពេល​ដែល​កាត់​ទោស​ខ្ញុំ​ឱ្យ​ជាប់​ទោស​៥​ឆ្នាំ​ហើយ​អនុវត្ត​ទោស​១៤​ខែ​១​ថ្ងៃ ហើយ​សល់​ប៉ុន្មាន​ព្យួរ ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ទៅនឹង​សាលក្រមរបស់​សាលាដំបូង​រួចទៅ​ហើយ ដោយ​សារ​ខ្ញុំ​គិត​ថា​ខ្លួន​ខ្ញុំ​គ្មាន​ទោស​ទេ។​អ៊ី​ចឹង​នៅ​ពេល​ដែល​គាត់ចង់​បើក​សវនាការ ឬក៏​ចង់​បិទ​សវនាការ អាហ្នឹងជា​ឆន្ទានុសិទ្ធិ​របស់​គាត់ ខ្ញុំ​មិន​ជំទាស់​ទេ​ប៉ុន្តែ​គ្រាន់​តែ​ថា ខ្ញុំ​អត់​សូវ​មាន​ជំនឿ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ទូទៅ ក៏​ដូចជា​រូប​ខ្ញុំ​ដែរ»។

ចំណែក​លោក ​ណៃ វ៉ង់ដា អតីត​មន្រ្តី​អាដ​ហុក​លើក​ឡើង​ដែរថា​លោក​មិន​រំពឹង​ថា​ការ​ជំនុំ​ជម្រះនៅ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​២៥ ខែមីនា​ខាងមុខ​នេះ​នឹង​មាន​អ្វី​ថ្មី​សម្រាប់​សំណុំរឿងរបស់​មន្រ្តី​និង​អតីតមន្រ្តី​អាដ​ហុក​ទាំង​៥​រូប​នោះទេ។

«ពូគិត​ថា លទ្ធផល​ហ្នឹងគឺគាត់​[តុលាការ]​អាច​នឹង​រក្សា​សាលក្រម​ឬក៏​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ហ្នឹង​នៅ​ដដែល​មិនមាន​អី​លើស​ហ្នឹង​ទេ។នេះ​ជា​ការ​គិត​របស់​ពូ។ បើ​សិន​ជា​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ហើយ​មាន​ការ​ប៉ះប៉ូវ​សង​វិញ​នោះជារឿង​អភូតហេតុ​មួយ​ដែល​កើត​ឡើងហើយ​វាមិន​អាច​កើត​ឡើង​របៀប​ហ្នឹងទេ»។

បើតាម​លោក ណៃ វ៉ង់ដា​ សវនាការ​ខាង​មុខ​នេះ​គឺគ្រាន់តែចង់​ធ្វើ​ឡើង​ដើម្បីបង្ហាញ​ថា​តុលាការ​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​ដែល​កក​ស្ទះ និង​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​បង្វែរ​ស្ថានការណ៍​ពោល​គឺ​ធ្វើ​ឱ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀតរវល់ហើយ​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ។​

​ពាក់ព័ន្ធ​នឹងការ​លើក​ឡើងរបស់មន្រ្តី​អាដហុក​នេះ​អ្នក​ស្រី ​ស្រេង សូយ៉េត​ អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​សុំមិន​ធ្វើ​អត្ថាធិប្បាយ​ដោ​យថា អ្នក​ស្រី​ទទួល​បន្ទុក​ផ្នែក​សំណុំ​រឿងរដ្ឋបាលដែល​មិន​ទាន់​ដល់​ដៃ​ចៅ​ក្រម​ប៉ុណ្ណោះ​ចំណែកនីតិវិធី​កាត់​ក្តី​គឺ​ជា​ការ​ទទួល​បន្ទុក​របស់​លោក ​ប្លង់​ សំណាង។

VOA មិនអាច​ទាក់ទង​លោក​ប្លង់ សំណាង​អ្នក​នាំពាក្យ​មួយ​រូប​ទៀត​របស់​សាលា​ឧទ្ធរណ៍​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ​។

​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កាត់​ទោស​មន្រ្តីនិង​អតីត​មន្រ្តី​ការពារសិទ្ធិ​មនុស្ស​៥​រូប​របស់​សមាគម​អាដហុក​ម្នាក់ៗ​ឱ្យជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ពី​បទ​សូក​ប៉ាន់​សាក្សីនិង​សម​គំនិត​សូក​ប៉ាន់​សាក្សីក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់លោក​ កឹម ​សុខា ​មេបក្ស​ប្រឆាំងជាមួយ​នាង ​ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។

អ្នកទាំង​៥​រូប​រួម​មាន​លោក នី សុខា​ ​លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នក​ស្រី លឹម មុនី ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុកនិង​លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) និង​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។​

នៅថ្ងៃ​ទី​២៣ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​អ្នក​ទាំង​៥​រូប​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ដោយ​មិន​សុខ​ចិត្ត​ទៅ​នឹង​ការសម្រេច​របស់​សាលា​ដំបូង​ដែល​បានផ្តន្ទា​ទោស​ពួក​គេ​ដាក់​ពន្ធនាគារ​ម្នាក់ៗចំនួន​៥​ឆ្នាំ​ដោយ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈ​ពេល​១៤​ខែ​និង​សល់​ប៉ុន្មាន​ព្យួរ​ពី​បទ ​«សូក​ប៉ាន់​សាក្សី»។

លោក ​ស៊ឹង សែនករុណា​ អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​លើកឡើង​ថា ​ការ​កាត់​ទោស​មន្រ្តី​និង​អតីត​មន្រ្តី​អាដហុក​ទាំង៥​រូប​ឲ្យ​ជាប់​ពន្ធនាការ​និង​ការ​បន្ត​អូស​បន្លាយ​ការ​ជំនុំ​ជម្រះ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​និងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​យ៉ាង​ខ្លាំង។

លោក​បន្ថែមថា​ពួកគេមិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះទេ​ដូច្នេះ​លោករំពឹង​ថា​សាលា​ឧទ្ធរណ៍នឹង​ផ្តល់​យុត្តិធម៌​ដល់មន្រ្តី និង​អតីត​មន្រ្តី​អាដហុក​ទាំង​៥​រូបឡើង​វិញ។

«ដោយសារ​តែក្នុង​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​ដែ​លកំពុង​រង​ការ​ដាក់​សម្ពាធ​នានា​ទៅលើ​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស​និង​ការ​ធ្លាក់​ចុះ​នៃប្រជាធិបតេយ្យ​ករណី​នេះ​ក៏​ជា​ផ្នែក​មួយ​ដែរ​បើ​សិនជា​តុលាការ​បាន​ផ្តល់​យុត្តិធម៌ និង​ផ្តល់នូវ​តម្លៃ​និងកិត្តិយសត្រឡប់​ដល់​ពួកគាត់​វិញ​ដែលជា​ការ​ប្តឹង​ទាមទារ​របស់​ពួកគាត់ដោយសារ​តែ​ការ​សម្រេច​របស់​សាលា​ដំបូង​ទាំង​អយុត្តិធម៌»។

មន្រ្តី​និង​អតីត​មន្រ្តី​សមាគម​អាដហុក​ទាំង​៥​រូប​ដែល​ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សី​និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​គួរ​ឱ្យ​មន្ទិល​របស់អ្នក​នយោបាយ​គណបក្ស​ប្រឆាំងនោះត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ខែ​មេសាឆ្នាំ​២០១៦។ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពីចុង​ខែ​មិថុនា ឆ្នាំ​២០១៧​បន្ទាប់​ពី​តុលាការ​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ។​

គួរ​បញ្ជាក់​ផងដែរ​ថា​ការ​ដោះលែង​អ្នកទាំង​៥ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការរិះគន់​ពី​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ផងដែរ៕​

XS
SM
MD
LG