ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អវត្តមាន​សាក្សី​ក្នុង​សំណុំ​រឿង​សូកប៉ាន់​របស់​បុគ្គលិក និង​អតីត​បុគ្គលិក​អាដហុក​នាំឱ្យ​មាន​ការរិះគន់


សមាគមការពារសិទ្ធិមនុស្សអាដហុក​រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និងស្វាគមន៍ ដល់មន្ត្រីសិទ្ធិមនុស្សទាំង៤រូបគឺលោក នី សុខា លោក យី សុខសាន្ត លោកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា ដែល​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)
សមាគមការពារសិទ្ធិមនុស្សអាដហុក​រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និងស្វាគមន៍ ដល់មន្ត្រីសិទ្ធិមនុស្សទាំង៤រូបគឺលោក នី សុខា លោក យី សុខសាន្ត លោកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា ដែល​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)

អវត្ត​មាន​របស់​សាក្សី​២រូប​ក្នុង​សំណុំ​រឿង​«សូកប៉ាន់​សាក្សី​ និង​សម​គំនិត​សូកប៉ាន់​សាក្សី»​របស់​បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៥រូប​ នៅ​ពេល​មាន​ការ​បើក​ការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សារ​ទុក្ខ​នៅសាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នាំ​ឱ្យ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​ការ​រិះគន់​ទៅ​លើ​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​ត្រឹម​ត្រូវ​ក្នុង​តុលាការ​កម្ពុជា។​

តួអង្គ​សំខាន់​២​រូប​ដែល​ជន​ជាប់​ចោទ​បាន​ស្នើ​ឱ្យ​តុលាការ​ហៅ​មក​ធ្វើ​ជា​សាក្សី​ត​ទល់​ក្នុង​សំណុំ​រឿង​សូកប៉ាន់​នេះ​ គឺ​នាង ​ខុម ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​ និង​អ្នកស្រី ​ទ្រី ឈួន​ ដែល​ជា​អតីត​មេធាវី​បម្រើ​ការ​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ផង​ដែរ។​

កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨​ ខែ​មេសា​ បុគ្គលិក​របស់​សមាគម​អាដហុក​៣​រូប​ គឺ​លោក ​នី សុខា ​ លោក ​យី សុខ​សាន្ត​ និង​អ្នកស្រី​ លឹម មុន្នី​ និង​អតីត​បុគ្គលិក​សមាគម​នេះ​គឺ​លោក​ ណៃ វង់ដា​ បាន​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍។​ ក៏​ប៉ុន្តែ​លោក​ នី ចរិយា​ ដែល​បច្ចុប្បន្ន​ជា​អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ និង​ជា​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​មិន​ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​នោះ​ទេ។​

បុគ្គលិកសមាគមអាដហុកចំនួន ០៣ រូប រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងអតីតបុគ្គលិកអាដហុកចំនួន ០២ រូបទៀតគឺលោក ណៃ វង់ដា និងលោក នី ចរិយា នៅ​ក្នុង​សេចក្តី​ប្រកាសមួយ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុករបស់​អង្គការ​នេះ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២។ (Facebook/ADHOC-Cambodia)
បុគ្គលិកសមាគមអាដហុកចំនួន ០៣ រូប រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងអតីតបុគ្គលិកអាដហុកចំនួន ០២ រូបទៀតគឺលោក ណៃ វង់ដា និងលោក នី ចរិយា នៅ​ក្នុង​សេចក្តី​ប្រកាសមួយ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុករបស់​អង្គការ​នេះ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២។ (Facebook/ADHOC-Cambodia)

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ​ចក់​ សុភាព​ ដែល​បាន​ចូល​ឃ្លាំមើល​សវនាការ​នេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ សុក្រ​នេះ​ថា​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​របស់​សាលា​ឧទ្ធរណ៍​បាន​ដំណើរ​ការ​សវនាការ​ ដោយ​គ្មាន​ការ​ចូលរួម​ពី​សាក្សី​ ដែល​រួម​មាន​នាង​ស្រីមុំ​ និង​អ្នកស្រី ​ទ្រី ឈួន​ ហើយ​ថា​ ចៅ​ក្រម​បាន​សំអាង​ជា​សំខាន់​តែ​ទៅ​លើ​សក្ខីកម្ម​ជា​លាយ​លក្ខណ៍​អក្សរ​របស់នាង​ស្រីមុំ​ ដែល​មេធាវី​ការពារ​ក្តី​អះអាង​ថា គ្មាន​ឋានៈ​ជា​សាក្សី​ច្បាស់​លាស់។​

មេ​ដឹកនាំ​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​កត់​សម្គាល់​ថា​ សាក្សី​ទាំង​២​រូប​នោះ​ មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​តាំង​ពី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​ការ​ស្នើ​សុំ​ពី​មេធាវី​របស់​ជន​ជាប់ចោទ។ ការណ៍​នេះ​នាំ​ឱ្យ​ជន​ជាប់​ចោទ​បាត់​បង់​ប្រយោជន៍​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌។​

អ្នកស្រី​ថ្លែង​ថា៖ ​«ដើម្បី​ផល​ប្រយោជន៍​យុត្តិធម៌​សម្រាប់​ជន​ ដែល​គាត់​ត្រូវ​រង​បទ​ចោទ​ប្រកាន់​ហ្នឹង​គួរ​តែ​មាន​ការ​ដំណើរ​ទៅ​តាម​នីតិវិធី​ ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ដែល​ត្រូវ​មាន​វត្តមាន​ ដើម​បណ្តឹង​និង​សាក្សី​ដើម្បី​ឱ្យ​មាន​ការ​ដេញ​ដោល»។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​បុគ្គលិក​ និង​អតីត​បុគ្គលិក​អាដហុក​ទាំង​៥​រូប​យក​ទៅ​ឃុំ​ខ្លួន​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦​គឺ​ផ្តើម​ចេញ​ពី​ការ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​នាង ​ខុម ចាន់តារ៉ាទី ​ហៅ​ស្រី​មុំ​ដែល​ពេល​នោះ​នាង​បាន​រង​ការ​វាយ​ប្រហារ​តាម​រយៈការ​បង្ហោះ​ផ្សព្វ​ផ្សាយ​ខ្សែ​អាត់​សំឡេង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ព្យាយាម​បង្ហាញ​ថា ​នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក ​កឹម សុខា។​

ក្រោយ​ទទួល​បាន​ជំនួយ​ពី​មេធាវី​គឺ​អ្នកស្រី ​ទ្រី ឈួន​ ជា​អ្នក​ការពារ​ក្តី​ចាត់​តាំង​ដោយ​សមាគម​អាដហុក​ នា​ពេល​នោះ ​រួម​និង​ទឹក​ប្រាក់​ប្រមាណ​ជា​២០០​ដុល្លារ​ពី​បុគ្គលិក​ និង​អតីត​បុគ្គលិក​អាដហុក​ទាំង​៥រូប​ ដូច​ដែល​តែង​ជួយ​ជន​រង​គ្រោះ​ផ្សេងៗ​នា​ពេល​កន្លង​ទៅ​នោះ​ ​នាង ​ខុម ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​បាន​ធ្វើ​ឱ្យ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ស្រ្តី​និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោក​ស្តាយ​ ​បន្ទាប់​ពី​នាង​បាន​ចោទ​ក្រុម​មន្រ្តី​អាដហុក​ទាំង​នោះ​ថា​ ​បាន​ធ្វើ​សកម្ម​ភាព​បង្គាប់​មិន​ឱ្យ​នាង​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​ ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​សំឡេង​របស់​លោក ​កឹម សុខា​ នោះ។​

យ៉ាង​ណាក៏​ដោយ​ ​បទ​ចោទ​ប្រកាន់​សូកប៉ាន់​សាក្សី ​និង​សម​គំនិត​សូកប៉ាន់​សាក្សី​ខាង​លើ​នោះ​ ផ្តោត​តែ​លើ​បុគ្គលិក​ និង​អតីត​បុគ្គលិក​ទាំង​៥​នាក់​នោះ​តែ​ប៉ុណ្ណោះ។ ហើយ​ថវិកា​ចំនួន​២០០​ដុល្លារ​ ដែល​អាដហុក​បាន​ផ្តល់​ទៅ​ឲ្យ​នាង​ស្រីមុំ​នោះ​ ស្ថិត​នៅ​ចំណុច​កណ្តាល​ ដែល​នាំ​ឱ្យ​តុលាការ​សាលាដំបូង​ចោទ​ប្រកាន់​អ្នក​ទាំង​៥​រូប​កន្លង​មក​នោះ។

អ្នក​ទាំង​៥រូប​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​និង​សម​គំនិត​សូកប៉ាន់​សាក្សី​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦។​ ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ ​បន្ទាប់​ពី​តុលាការ​ឃុំ​ខ្លួន​ពួក​គេ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ។ ​ការ​ដោះលែង​នោះ​កើត​ឡើង​ ក្រោយ​មាន​ប្រតិកម្ម​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ជា​បន្ត​បន្ទាប់។​

ក្រោយ​មក​គឺ​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៨ ​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​កាត់​ទោស​អ្នក​ទាំង​៥​ ម្នាក់ៗ​ឱ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​និង​សម​គំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​អតីត​មេបក្ស​ប្រឆាំង​គឺ​លោក កឹម សុខា​ ជាមួយ​នាង ​ខុម ចាន់តារ៉ាទី។​ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។​ ​ដោយ​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​នោះ​ អ្នក​ទាំង​៥​បាន​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​កាល​ពី​អំឡុង​ខែ​តុលា ​ឆ្នាំ​២០១៨។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ យល់​ថា​ ជន​ជាប់​ចោទ​ទាំង​៥​រូប​ខាង​លើ​ កំពុង​បាត់​បង់​នូវ​សិទ្ធិ​ទទួល​បាន​ការ​កាត់​ក្តី​ដោយ​ស្មើភាព​នៅ​ចំពោះ​មុខ​ច្បាប់​ ខណៈ​បុគ្គល​ពាក់​ព័ន្ធ​សំខាន់ៗ​២​រូប​គឺ​នាង​ ខុម ចាន់តារ៉ាទី​ និង​អ្នកស្រី ​ទ្រី​ ឈួន​ មិន​ត្រូវ​ស្ថាប័ន​តុលាការ​កោះ​ហៅ​ឱ្យ​មក​ធ្វើ​ជា​សាក្សី។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​ យើង​មាន​ការ​សោក​ស្តាយ​ដែរ។ បើ​សិន​ជាសវនាការ​ហ្នឹង​ អាច​ពន្យារ​ ហើយ​កោះ​ហៅ​សាក្សី​ ដើម្បី​ចូល​បំភ្លឺ វា​ជា​រឿង​សំខាន់​បាន​ន័យ​ថា​ ចូល​មក​ ដេញ​ដោល​ចំពោះ​ មុខ​សវនាការ​ហ្នឹង​ វា​ជា​រឿង​សំខាន់​ដែរ​ ទាក់​ទង​នឹង​យុត្តិធម៌​ ឬ​ក៏​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ហ្នឹង»។​

លោក​ អំ សំអាត ​ចាត់​ទុក​ថា ករណី​ប្តឹង​ផ្តល់​លើ​អ្នក​ការ​ពារ ​និង​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​នេះជា​ចេតនា​បំបាក់​ស្មារតី​របស់​អ្នក​ការពារ​សិទ្ធិ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស។ ក៏​ប៉ុន្តែ​លោក​រំពឹង​ថា​ សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​មួយ​ ដែល​អាច​ឱ្យ​អ្នក​ទាំង​៥​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ប្លង់ សំណាង​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ប្រធាន​សមាគម​អាដហុក​លោក​ នី សុខា​ យល់​ថា​ អវត្តមាន​សាក្សី​សំខាន់​២រូប​ក្នុង​សំណុំ​រឿង​របស់​លោក​ បាន​ធ្វើ​ឱ្យខូចខាត​នីតិវិធី​រក​យុត្តិធម៌​ជូន​លោក​ និង​ជន​ជាប់ចោទ​ផ្សេង​ទៀត​នៅ​រាល់​ពេល​ជំនុំ​ជម្រះ​ក្តី​ ​ព្រោះ​បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ តុលាការ​មិន​អាច​អាង​តែ​លើ​ចម្លើយ​ជា​អក្សរ​របស់​ភាគី ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ទេ។​

លោក​ពន្យល់​ថា៖​ «ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ហើយ​ សាក្សី​ដែល​សំខាន់​ ដែល​សាក្សី​ដាក់​បន្ទុក​ត្រូវ​តែ​មក​ជួប​ចំពោះ​មុខ​សួរ​ដេញ​ដោល​ចំពោះ​មុខ។ ប៉ុន្តែ​ដោយ​ឡែក​ គ្រប់​សវនាការ​ទាំង​អស់​គឺ​អត់​មាន​បាន​ដែល​ជួប​ដេញ​ដោល​ចំពោះ​មុខ​យើង​ទេ»។​

លោក​បន្ថែម​ថា៖​«ហើយ​តុលាការ​អះអាង​ទៅ​លើ​ ចម្លើយ​របស់​គាត់​ យក​មក​អាន​ដែល​ជា​ចម្លើយ​ របស់​គាត់​ដោយ​គ្មាន​មនុស្ស​មក​ជាមួយ​ផង។ ហើយ​អ៊ីចឹង​ វា​អត់​បាន​សួរ​ដេញ​ដោល។ អ៊ីចឹង​ហើយ​ បាន​យើង​យល់​ថា វា​ជា​រឿង​អ​យុត្តិធម៌​ ហើយ​វា​ជា​រឿង​រំលោភ​ទៅ​លើ​គោល​ការណ៍​នីតិច្បាប់​ទៀតផង»។​ ​

បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​កាលពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ខាង​មុខ​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG