ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ថា ​ក្តីក្តាំ​លោក​ កឹម សុខា​ គួរ​ត្រូវ​បាន​បិទ​បញ្ចប់ បើផ្អែក​តាមការ​បកស្រាយ​របស់​លោក​ ហ៊ុន សែន


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

សហ​មេធាវី​ការពារ​ក្តីឱ្យ​លោក​កឹម សុខា​ ចាត់ទុកការបកស្រាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ពាក់​ព័ន្ធ​នឹង​សំណុំរឿង​លោក​កឹម សុខា ​ថា អាច​ជា​ទល្ហីករណ៍​ ឬសំអាងមួយ​ដែល​តុលាការ​គួរ​យក​ទៅគិត​គូរ​វាសរក​ផ្លូវ បិទបញ្ចប់​នីតិវិធី​ជំនុំ​ជម្រះសំណុំរឿង​របស់លោក​កឹម សុខា​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ​។

នៅ​ក្នុង​ជំនួបមួយ​ជាមួយ​ក្រុមមន្ត្រីកម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​ និងប្រទេស​កាណា​ដា​ប្រមាណ​២០០០នាក់ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ហ៊ុន សែន ថ្លែង​ចំៗ​ដល់​ករណី​លោក​កឹម សុខា​ថា លោក​មិន​បាន​ចោទ​ថា​ អាមេរិក​មានការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា​ទេ​ ប៉ុន្តែគឺ​លោក​កឹម សុខា​ទេ​ ជាអ្នក​និយាយ​ខ្លួនគាត់។ ដូច្នេះ​លោក​ថា​ លោកកឹម សុខា​ ត្រូវ​ដោះស្រាយ​ជាមួយ​សហរដ្ឋអាមេរិក។​ លោកហ៊ុន សែន​ថ្លែងកាលពីថ្ងៃពុធ​យ៉ាង​ដូច្នេះ​៖

«ខ្ញុំ​ថា​ ខ្ញុំអត់​ចោទ​អាមេរិក​តើ! អ្វី​ដែល​មាន​នោះ​គឺ​ ឯកឧត្តម​កឹម សុខា​ គាត់​និយាយ​ខ្លួន​ឯង​តើ!​ អ៊ីចឹង​ ត្រូវ​ការ​ដោះ​ស្រាយ​រវាង​ អាមេរិក​ និង​កឹម​ សុខា​។ អ៊ីចឹង​ អាមេរិក​ប្រកាស​បដិសេធ​ បាន​ធ្វើ​អ៊ីចឹង​ ដូច​កឹម សុខា​និយាយ​អត់​? វា​តែ​ប៉ុណ្ណឹង​តើ!​ ប្រហែល​ជា​ពេល​នេះ​ ឯកឧត្តមកឹម សុខា​ក៏មើល​ដែរ» ​

លោក​បន្ថែម​ថា​៖ «ខ្ញុំសុំជម្រាប​ខ្ញុំ​អត់​យើង​ ទាំង​តុលាការ ទាំង​រាជរដ្ឋាភិបាល​ អត់​មាន​ចោទ​អាមេរិក​ទេ​ អ្វីដែល​កើត​មាន​គឺ​ កឹម​ សុខា​ និយាយ​អំពី​អាមេរិក​ជួយ​អ៊ីចេះ! អ៊ីចេះ​! អ៊ីចេះ​!...មាន​នៅ​ក្នុងហ្នឹង​តើ!​ អ៊ីចឹង​ រឿង​នេះ​ វា​មិន​មែន​រឿង​រវាង​កម្ពុជា​ និង​អាមេរិក​ឯណា​! រឿង​កឹម សុខា​ អ៊ីចឹង​ អាមេរិក​ ត្រូវ​ធ្វើ​ឥរិយាបថ​ យ៉ាង​ម៉េច​ ម៉េច​លោក​ឯង​យក​ឈ្មោះ​ខ្ញុំ​ទៅ​និយាយ​»។ ​

ប្រតិកម្ម​ទៅនឹង​ការ​បកស្រាយ​យ៉ាង​ដូច្នេះ​ សហមេធាវីការពារ​ក្តី​ឱ្យលោក កឹម សុខា ​មួយរូប​ក្នុង​ចំណោម៤រូប គឺ​អ្នកស្រី​ ម៉េង​ សុភារី​ ប្រាប់​វីអូអេនៅថ្ងៃសុក្រ​នេះ​ថា បើ​តាម​ការ​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ តុលាការ​គួរពិចារណា​បិទបញ្ចប់​រឿងក្តីលោក កឹម សុខាដែល​ជាអតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី ​ម៉េង​ សុភារី​ សហមេធាវី​លោក កឹម សុខា ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)​
អ្នកស្រី ​ម៉េង​ សុភារី​ សហមេធាវី​លោក កឹម សុខា ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)​

អ្នកស្រី​និយាយ​ថា៖ «បើ​សម្តេចមាន​ប្រសាសន៍​ថា​ ទាំង​រដ្ឋាភិបាល​ ទាំង​តុលាការ​ អត់​មាន​ចោទ​ប្រកាន់​ទៅ​លើ​ឯកឧត្តម​កឹម​ សុខា​ទេ​ អ៊ីចឹង​ រឿង​គួរ​ គឺ​ចប់​ហើយ​ ពីព្រោះ​នៅ​ក្នុង​សុន្ទរកថា​ របស់​ឯកឧត្តម​កឹម សុខា​ ក៏អត់​មាន​បាន​និយាយ​ថា​ ទៅ​ឃុប​ឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែរ​ ហើយ​ចំណែក​ឯ​សហរដ្ឋ​អាមេរិក​ ក៏បាន​ប្រកាស​ហើយ​ថា​ ខ្លួនអត់​មាន​គោល​នយោបាយ​ ក្នុង​ការ​ឈ្លាន​ពាន​ ឬក៏ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​យើង​ដែរ​»។ ​

អ្នកស្រី​បន្ថែមថា៖ «ចំពោះ​ការ​ភាន់​ច្រឡំ​ទៅលើ​សុន្ទរកថា​ របស់​ឯក​ឧត្តម​ កឹម សុខា​ថា​មាន​ការ​ឃុប​ឃិត​គ្នា​ជា​មួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ នោះអត់​អីទេ​ គឺ​ឯកឧត្តម​កឹម សុខា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ ជាមួយ​សហរដ្ឋ​អាមេរិក​»។

​អ្នកស្រី​ ម៉េង សុភារី​ ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា​ ឱ្យ​បាន​ឆាប់​ៗ​ ព្រោះ​បើតាម​ការថ្លែង​របស់​លោក​នាយរដ្ឋ​មន្ត្រី​ ​រដ្ឋាភិបាល​អត់​បាន​ចោទប្រកាន់​ថា​ លោកកឹម សុខា​ បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិកនោះទេ។

អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ​ស៊ឹង​ សែន​ករុណា​ ជឿថា​ សំណុំរឿង​លោក​ កឹម សុខា​ ដែល​មាន​អាយុកាល​ជាង​បួន​ឆ្នាំ​មក​ហើយ​ នឹង​អាច​ត្រូវបានបិទបញ្ចប់​ ប្រសិន​បើមានការ​ស្រុះ​ស្រួល​គ្នា​ខាង​នយោបាយ​។

លោក​បន្ថែម​ថា​ ភស្តុ​តាង​សុន្ទរកថារបស់​លោកកឹម សុខា​នៅប្រទេស​អូស្រ្តាលី​ដែលត្រូវបាន​ថត​ជាឃ្លីប​វីដេអូ​ និង​យក​មកប្រើប្រាស់​ក្នុង​តុលាការ​នោះ​ មិនបាន​បង្ហាញថា​ មេដឹកនាំគណបក្ស​ជំទាស់​រូបនោះ​ មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ពោល​គឺ​លោក​ចង់​បាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​តាម​ការ​បោះឆ្នោតតែប៉ុណ្ណោះ។​ លោក​និយាយថា​៖

«​អ៊ីចឹង​ មក​លើក​យក​ការ​ថ្លែង​ របស់​លោក​កឹម សុខា​ អីទាំង​អស់​នេះ​ មក​ធ្វើ​ការ​ចោទ​ប្រកាន់​ ខ្ញុំយល់​ថា​ វាហាក់ដូច​ជា​ អត់មាន​ ទម្ងន់​អ្វីសម្រាប់​ ធ្វើ​ការ​ចោទប្រកាន់​សម្រាប់​លោកកឹម សុខា​ទេ។ ចំណុច​នេះ យើង​មាន​ការ​សោក​ស្តាយ​ដែរ​ ដូច​ជា​ដំណើរ​ការ​សំណុំរឿង​ហ្នឹង​ យើង​គិត​ទៅ​ គឺ​បួន​ឆ្នាំ​ជាង​ហើយ​ ហើយ​មក​ទល់​ពេល​នេះ​ គឺ​អត់​ទាន់​ច្បាស់​ អំពី​ មាន​ភាព​ច្បាស់​លាស់​អំពី​ភស្តុតាង​ដាក់​បន្ទុក​ទៅលើ​ លោកកឹម សុខា​នោះទេ»។

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អ៊ី​ រិន្ទ​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ តែ​លោក​មិន​ឆ្លើយ តប​សំណួរ​របស់​ VOAតាមប្រព័ន្ធទំនាក់​ទំនងតេឡេក្រាម​នៅថ្ងៃ​សុក្រ​នេះ​។

លោក​កឹម សុខា​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​កន្លង​មក​ទាំង​លោក​កឹម សុខា​និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​នេះ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG