មេធាវីម្នាក់របស់លោក Jason Rezaian អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែតអាមេរិកាំង Washington Post បាននិយាយថា សាលក្រមមួយនៅក្នុងការកាត់ក្តីលោកពីបទចោទប្រកាន់ថាបានប្រព្រឹត្តចារកម្ម អាចមានឡើងនៅក្នុងពេលមួយសប្តាហ៍ទៀតនៅក្រោយតុលាការមួយក្នុងក្រុងតេហេរ៉ង់ (Teheran) បានធ្វើសវនកម្មបិទទ្វារចុងក្រោយបង្អស់កាលពីថ្ងៃចន្ទ។
អ្នកស្រី Leila Ashan បាននិយាយដូច្នេះនៅក្រោយសវនកម្មលើកទីបួនចាប់តាំងពីការកាត់ក្តីនេះបានចាប់ផ្តើមកាលពីខែឧសភាមក។
កាសែត Washington Post និងពួកមន្ត្រីស.រ.អា.ព្រមទាំងក្រុមគាំទ្រសេរីភាពសារព័ត៌មានអន្តរជាតិបានថ្កោលទោសច្រើនដងហើយអំពីទម្រង់នៃការកាត់ក្តីនេះហើយបាននិយាយយ៉ាងទទូចថា លោក Razaian ជាមនុស្សស្លូតត្រង់គ្មានទោសពៃរ៍ទេ។
លោកត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ២០១៤ ជាមួយភរិយាលោកគឺអ្នកស្រីYaganeh Salehi ដែលជាអ្នកកាសែតដូចលោកដែរហើយបានជាប់ឃុំឃាំជាច្រើនខែដោយគ្មានការចោទប្រកាន់ជាផ្លូវការទេ។ នៅពេលបន្ទាប់មកលោកត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មនិងធ្វើការជាមួយ«រដ្ឋាភិបាលដែលមានអរិភាពប្រឆាំងនឹងប្រទេសអ៊ីរ៉ង់»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ លោក Martin Baron បណ្ណាធិការប្រតិបត្តិនៃសារព័ត៌មាន Washington Post បានហៅការកាត់ក្តីនេះថាជា«ការក្លែងបន្លំ»មួយ ហើយលោកបាននិយាយថា ការចោទប្រកាន់ទាំងនេះ«មិនអាចធ្វើឡើងដោយគ្មានមូលដ្ឋាននិងប្រកបដោយភាពស្រពិចស្រពិលទៀតទេ»។