ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការប៉ះទង្គិចគ្នា មនុស្សស្លាប់ និងទាហានរត់ចោលជួរកំពុងកើតមាននៅព្រំដែនវ៉េណេស៊ុយអេឡា


ពលរដ្ឋកំពុងរង់ចាំ ឆ្លងចូលវ៉េណេស៊ុយអេឡាឈរពីមុខទាហាន វ៉េណេស៊ុយអេឡានៅព្រំដែន វ៉េណេស៊ុយអេឡានិងប្រេស៊ីលកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

យ៉ាងហោចណាស់មានជនស៊ីវិល៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅពេលដែលកងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡា បានប៉ះទង្គិចជាមួយនឹងហ្វូងបាតុករនៅឯតំបន់ជាប់ព្រំដែនជាមួយនឹងប្រទេសប្រេស៊ីលដោយសារតែការចែកចាយជំនួយមនុស្សធម៌។

លោកហ័ន កេដូ ប្រធានាធិបតីបណ្តោះអាសន្ននិងជាមេដឹកនាំបក្សប្រឆាំងបានសរសេរសារតាមបណ្តាញធ្វីតធឺកាលពីយប់ថ្ងៃសៅរ៍ថា៖

«ព្រឹត្តិការណ៍ថ្ងៃនេះបង្ខំឱ្យខ្ញុំធ្វើការសម្រេចចិត្តស្នើជាផ្លូវការទៅសហគមន៍អន្តរជាតិថាយើងត្រូវតែប្រើប្រាស់គ្រប់ជម្រើសទាំងអស់ដើម្បីធានាសិទ្ធិសេរីភាពនៃប្រទេសរបស់យើង‍»។

វេទិការតាមដានមើលអំពើហិង្សានៅប្រទេសវ៉េណេស៊ុយអេឡាឈ្មោះថា Foro Penal បានរាយការណ៍ថាមានមនុស្សចំនួន៤នាក់បានស្លាប់កាលពីថ្ងៃសៅរ៍។ ក្រុមនេះបន្ថែមថាហេតុការណ៍សម្លាប់មនុស្សនេះកើតមានឡើងនៅតំបន់ Santa Elena de Uairen ដែលនៅជាប់ព្រំដែននឹងប្រទេសប្រេស៊ីល។ ជនរងគ្រោះទាំងនោះត្រូវបានបាញ់សម្លាប់ដោយកងសេនាជនគាំទ្ររដ្ឋាភិបាល។

លោក Alfred Romero អ្នកនាំពាក្យសម្រាប់ក្រុម Foro Penal បានបង្ហោះសារតាមទំព័រធ្វីតធឺបញ្ជាក់ថាមានមនុស្សជាង២០នាក់រងរបួស។

នៅច្រកព្រំដែនមួយកន្លែង រថយន្តដឹកជំនួយបានឆេះ ហើយអ្នកស្រុកបានរត់ចូលទៅជួយជញ្ជូនប្រអប់អាហារនិងថ្នាំពេទ្យចេញ។

នៅយប់ថ្ងៃសៅរ៍ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោកម៉ាកូ រូប៊ីអូ បានសរសេរសារតាមទំព័រធ្វីតធឺថាមានអ្នកតំណាងរាស្ត្រវ៉េណេស៊ុយអេឡាម្នាក់និងជំនួយការម្នាក់ត្រូវគេដាក់ថ្នាំបំពុល។

ជំនួយការបានស្លាប់បាត់បង់ជីវិត ហើយអ្នកតំណាងរាស្រ្តនៅមាន«អាការៈធ្ងន់ធ្ងរ‍»នៅឡើយ។ នេះបើតាមការបញ្ជាក់ក្នុងសាររបស់លោកម៉ាកូ រូប៊ីអូ៕

XS
SM
MD
LG