ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១៤​នាក់​ទៀត​​នៅ​កម្ពុជា​ជា​សះស្បើយ​ពី​កូរ៉ូណា ​ខណៈ​WHO​ណែនាំ​ឲ្យ​បន្ត​តាម​ដាន​សុខភាព


លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដនៅកម្ពុជា កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដនៅកម្ពុជា កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

ក្រសួង​សុខាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​អ្នក​ជំងឺ​កូវីដ​ចំនួន​១៤​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ ដែល​សរុប​អ្នក​ជា​សះ​ស្បើយ​កើន​ឡើង​ទៅ​ដល់​៩១​នាក់​គឺ​ជាង​៧០​ភាគរយ​នៃ​អ្នក​ជំងឺ​សរុប។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ មិន​មាន​ករណី​ឆ្លង​ថ្មី​រក​ឃើញ​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។ ​ ករណី​សរុប​នៃ​ការ​ឆ្លង ​មាន​១២២​នាក់។​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​ អ្នក​ជា​សះស្បើយ​ទាំង​១៤​នាក់​នោះ​មាន​ខ្មែរ​២​នាក់​បរទេស​១២​នាក់ ​ដែល​១០​នាក់ ​ជា​ក្រុម​អ្នក​ទេសចរ​ជនជាតិ​បារាំង​ទៅ​លេង​ខេត្ត​ព្រះ​សីហនុ​និង​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា​នៅ​ទីនោះ។ ​ ជន​បរទេស​២​នាក់​ទៀត​គឺ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​មិន​មាន​ថវិកា​ព្យាបាល​ជំងឺ​ហើយ​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ​តាម​ច្រក​ប៉ោយ​ប៉ែត​មក​ព្យាបាល​នៅ​ក្នុង​ខេត្ត​សៀមរាប។ ​ ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់​VOA​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​មីនា​ថា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់​នោះ​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ​តាំង​ពី​ឆ្នាំ​២០១៥។​

ចំណែក​ខ្មែរ​២នាក់​ដែល​ជា​សះ​ស្បើយ​នោះ​គឺ​ជា​មគ្គុទេសក៍​ឲ្យ​ក្រុម​អ្នក​ទេសចរ​ជា​ជនជាតិ​បារាំង​នៅ​ខេត្ត​ព្រះ​សីហនុ។ ​ពួក​គេ​ត្រូវ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​២​លើក។​

កន្លង​ទៅ ​ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ថា ​ អ្នក​ជំងឺ​ម្នាក់​បាន​ជា​សះស្បើយ​ហើយ​ ប៉ុន្តែ​កើត​ជំងឺ​នេះ​ឡើង​វិញ។ ​

លោកស្រី​ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​ កាល​ណា​ក្រសួង​រក​ឃើញ​អ្នក​ជំងឺ​អវិជ្ជមាន​២​ដង ​ ពួក​គេ​ជា​ករណី​ជា​សះស្បើយ​ហើយ​នេះ​ជា​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក។​លោក​ស្រី​បន្ត​ថា​អ្នក​ដែល​ជា​សះ​ស្បើយ ​ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​និង​ត្រូវ​ធ្វើ​តេស្ត​ឡើង​វិញ​ ក្រោយ​១៤​ថ្ងៃ។​

អ្នក​នាំ​ពាក្យ​រូប​នោះ​បញ្ជាក់​ថា​ កូរ៉ូណា​ជា​វីរុស​ថ្មី ​ដែល​ត្រូវ​មាន​ការ​សិក្សា​ហេតុ​អ្វី​បាន​អ្នក​ជំងឺ​ជា​សះ​ស្បើយ ​ហើយ​កើត​ឡើង​ជំងឺ​នេះ​វិញ។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោកស្រី​បាន​ថ្លែង​ថា៖​ «ដើម្បី​ឲ្យ​ដឹង​ជាក់​លាក់​សម្រាប់​វីរុស​កូវីដ​១៩​នេះ​ការ​សិក្សា​មួយ​គឺ​ត្រូវ​តែ​ធ្វើ ​ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​នេះ​គឺ​ជា​ប្រភេទ​វីរុស​មួយ​ថ្មី​ស្រឡាង ​ហើយ​ជា​វីរុស​មួយ​ដែល​មាន​ការ​ចម្លង​លឿន​មែន​ទែន»។​

លោកស្រី​បន្ត​ថា ​ អ្នក​ជា​សះ​ស្បើយ​ថា ​ អាច​មាន​ជំងឺ​នេះ​ឡើង​វិញ​តែ​លោកស្រី​មិន​អាច​ពន្យល់​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។​លោកស្រី​បញ្ជាក់​ថា៖ «គឺ​អាច ​វា​អាច​នឹង​មាន​លក្ខណៈ​ឆ្លង​ឡើង​វិញ ។​ ឥឡូវ​យើង​អត់​ដឹង​ច្បាស់​ទេ​ សូម្បី​តែ​អង្គការ​សុខភាព​ពិភព​លោក ក៏​លោក​មិន​ទាន់​មាន​ការ​ពន្យល់​ណា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​អំពី​អត្ត​ចរិក​របស់​វីរុស​នេះ​ ថាតើ​វា​បែប​ម៉េចៗ។ យើង​ដឹង​អត់​ច្បាស់​ទេ ​ពី​ព្រោះ​វា​ជា​វីរុស​ថ្មី»។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ ​លោកស្រី​Li Ailan​ តំណាង​អង្គការ​សុខភាព​ពិភព​លោក​(WHO)​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ជា​សះស្បើយ​ហើយ​ឆ្លង​ឡើង​វិញ​ជា​ករណី​កម្រ​មួយ។ ​លោកស្រី​បន្ត​ថា ​មូលហេតុ​ដែល​ជា​ហើយ​ឈឺឡើង​វិញ​អង្គការ​សុខភាព​ពិភព​លោក​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ទេ។​

លោកស្រី​ថ្លែង​ថា៖ ​«ហេតុ​អ្វី​បាន​វា​កើត​ឡើង​វិញ​យើង​នៅ​តែ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​កត្តា​អ្វី​ឲ្យ​ពិត​ប្រាកដ​អាច​មក​ពី​កត្តា​ច្រើន។​អង្គការ​សុខភាព​ពិភព​លោក​លើក​ទឹក​ចិត្ត​ប្រទេស​ជា​សមាជិក ​រួម​ទាំង​កម្ពុជា ​ប្រមូល​ទិន្នន័យ​ទាំង​នោះ។​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​អ្វី​ដែល​កម្ពុជា​បាន​និង​កំពុង​ធ្វើ ​គឺ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក។ ​ ដោយ​សារ​ភាព​មិន​ច្បាស់​លាស់​នេះ ​អង្គការ​សុខភាព​ពិភព​លោក​បាន​ផ្តល់​អនុសាសន៍​[ឲ្យ​កម្ពុជា] ក៏​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ​ណែនាំ​ដល់​អ្នក​ជា​សះ​ស្បើយ​បន្ត​នៅ​ផ្ទះ​ដើម្បី​តាម​ដាន​សុខភាព​របស់​ពួក​គេ»។​

លោក​ ម៉ាត់លី ​អាយុ​៤១​ឆ្នាំ ​នៅ​ខេត្ត​បាត់​ដំបង ​បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មីនា​ហើយត្រឡប់​ទៅ​ផ្ទះ​វិញ។​លោក​បន្ត​ថា​ ​កាល​ពី​សប្តាហ៍​មុន​លោក​ត្រូវ​បាន​ធ្វើ​តេស្ត​ម្តង​ទៀត ហើយ​លទ្ធផល​គឺ​មិន​មាន​វីរុស​នោះ​ទេ។ ​លោក​បញ្ជាក់​ថា​សុខភាព​របស់​លោក​ល្អ​ធម្មតា ​ហើយ​លោក​ត្រូវ​បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជួប​ជុំ​ណា​មួយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«គេ​គ្រាន់​តែ​ប្រាប់​ថា​ ប្រយ័ត្ន​ប្រយែង​ខ្លួន​ប្រាណ ​គឺ​កុំ​ឲ្យ​ទៅ​ជា​សហគមន៍​អី​ជុំៗ​គ្នា។ ​ចង់​និយាយ​ថា​ឲ្យ​យើង​ការ​ពារ​ខ្លួន​ខ្លាច​យើង​អាច​ឆ្លង​ពី​គេ​ទៀត។ ​គាត់​និយាយ​បង្ការ​ឲ្យ​យើង​ចេះ​ថែរក្សា​ខ្លួន»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​អង្គារ​ លោក ​ម៉ម ប៊ុន​ហេង ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​រូប​មន្ត​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ​ទេ។​ លោក​បញ្ជាក់​ថា ​ការ​ព្យាបាល​របស់​គ្រូ​ពេទ្យ​នៅ​ពេល​នេះ ​គឺ​ជា​ការ​ប្រតិបត្តិ​ការងារ​ជាក់​ស្តែង​របស់​គ្រូ​ពេទ្យ​នៅ​កម្ពុជា​ ដោយ​ពួក​គេ​បាន​ប្រើប្រាស់​បញ្ញា​ទៅ​តាម​រោគ​សញ្ញា​នីមួយៗ៕​

XS
SM
MD
LG