ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

១៩:៥៧ ៦.៤.២០២០

ក្រសួង​សុខាភិបាល៖ ពលរដ្ឋ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​នឹង​វីរុស​កូរ៉ូណា​ ទោះ​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​ថ្មី

ភ្នំពេញ — ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ​ កម្ពុជា​មិន​មាន​ករណី​ធ្វើ​តេស្តវិជ្ជមាន​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ឬ​ជំងឺ​កូវីដ​១៩​នោះ​ទេ​ ប៉ុន្តែ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​បន្តការ​ប្រុង​ប្រយ័ត្ន​ដដែល​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​ជា​បន្ត។​

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា ​ គិត​ត្រឹម​ម៉ោង​៧:០០​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា​នេះ​គឺ​មាន​រយៈ​ពេល​បី​ថ្ងៃ​ហើយ​ ដែល​មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ថ្មី។​ សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បន្ត​ថា​ អ្នក​ដែល​មាន​វីរុស​កូវីដ​១៩​ដែល​ត្រូវ​បាន​រក​ឃើញ​ សរុប​មាន​ចំនួន​១១៤​នាក់​ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន​៥៣​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ មាន​ចំនួន​៦១​នាក់។​

កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា ​ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការ​រក​មិន​ឃើញ​ករណី​វិជ្ជមាន​នៃ​វីរុស​នេះ លោកស្រី​វេជ្ជ​បណ្ឌិត ​ឱ វណ្ណឌីន​បាន​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​តេឡេក្រាម ​ថា ​ ក្រសួង​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ថា​ តើ​ស្ថានភាព​ល្អ​ប្រសើរ​ឬ​យ៉ាងណា។ ​លោកស្រី​បន្ត​ថា ​តាម​បច្ចេកទេស​ លទ្ធផល​នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​ប្រសិទ្ធ​ភាព​អន្តរាគមន៍​ជា​បណ្តើរៗ​តែ​ប៉ុណ្ណោះ ​ ប៉ុន្តែ ​«ស្ថាន​ភាព​នៅ​ផុយ​ស្រួយ» ​ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​បុគ្គល​ម្នាក់ៗ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ពិត​ប្រាកដ។

លោកស្រីបញ្ជាក់​តាម​ន័យ​ដើម​ថា៖ «បើ​យើង​ភ្លេច​ខ្លួន ​សត្រូវ​នេះ​នឹង​វាយ​លុក​មក​យើង​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ ​ ពេល​ខ្លះ​មាន​ការ​ស្ងប់​ស្ងាត់​បន្តិច ​ តែ​ក៏​អាច​មាន​ការរាត​ត្បាត​ជា​បន្ត​ទៀត​ដែរ ​ដែល​គេ​ហៅ​ថា​ second wave​[ការរាតត្បាតវគ្គទី២]។​ ដូច្នេះ ​ត្រូវ​បោះ​ជំហាន​សកម្ម​ទប់ស្កាត់​ជា​បន្ត​ទៀត ទើប​អាច​សង្កត់​សត្រូវ​វីរុស​កូវីដ​១៩​នេះ​បាន»។

VOA មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ស្រី​ ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា កម្ពុជា​បាន​ធ្វើ​តេស្ត​មនុស្ស​ចំនួន​៥៧៦៨​នាក់ ទាំង​ជន​ជាតិ​កម្ពុជា និង​ជន​បរទេស ក្នុង​នោះ​មាន​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​អន្តរ​ជាតិ​Westerdam ​ដែល​សុំ​ចត​នៅ​កម្ពុជា។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ លោក លី សូវ៉ាន់​ប្រាប់​VOAកាល​ពី​សប្តាហ៍​មុន។

អានព័ត៌មានលម្អិត

០៣:៤១ ៤.៤.២០២០

អ្នក​រស់​នៅ​ក្នុង​តំបន់​ក្រីក្រប្រឈម​ការ​ឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់​ ដោយ​សារ​មិនមាន​លទ្ធភាព​ការពារខ្លួន

ភ្នំពេញ — ក្បែរ​របង​វត្ត​ប្រយូរវង្ស​ ដែល​ជា​វត្ត​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ក្នុង​ខណ្ឌ​ចម្ការ​មន ​ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ មក​តាំង​ទីលំនៅ​ខាង​ក្នុង​បរិវេណ​វត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។​ ពួកគេ​ជួល​ផ្ទះ ឬ​ក៏​កាន់​កាប់​ផ្ទះ​នៅ​ទីនេះ​ជា​បណ្តុំៗ​នៅ​ជិតៗ​គ្នា។​

នៅ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​ខ្លោង​ទ្វារ​វត្តអ្នក​ស្រី​ បូ ផល្លី ​ កំពុង​អង្គុយ​លក់​ស្វាយ​នៅ​ខាង​មុខ​ផ្ទះ​ដែល​ស្ថិតនៅ​ក្នុង​វត្ត​នោះ ​កាលពីរសៀល​មួយ។​ ប៉ុន្តែ​ស្ត្រី អាយុ​៥២​ឆ្នាំ ​នេះ​មិន​បាន​ពាក់ម៉ាស់​ការពារ​ខ្លួន​ទេ ​ខណៈ​កម្ពុជា​កំពុង​រាតត្បាត​ដោយ​វីរុស​កូរ៉ូណា ​ដែល​ពិភពលោក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​

អ្នក​ស្រី ​បូ ផល្លី ​បាន​ដើរ​ទៅ​យក​ម៉ាស់​ស្តើង​មួយ​ ដែល​អ្នក​ស្រី​ហាល​នៅ​ខាង​មុខ​ផ្ទះ ​បន្ទាប់​ពី​បាន​ប្រើ​ហើយ​ និង​បោក​ហាល​ ដើម្បី​ប្រើ​ម្តង​ទៀត។​ ជា​មួយ​ម៉ាស់​មួយ​នេះ ​អ្នកស្រី​បាន​យកក្រដាស​អនាម័យ​ដាក់​ខាង​ក្នុង​ ដើម្បី​ជា​ការ​ការ​ការពារ​បន្ថែម។ ​ អ្នកស្រី​មាន​ប្រសាសន៍​ថា ​ម៉ាស់​និង​ទឹក​លាង​បាន​ឡើង​ថ្លៃ​ តាំង​ពី​វីរុស​កូរ៉ូណា​បាន​វាយ​លុក​ពិភពលោក ​ហើយ​កម្ពុជា​ចាប់​ផ្តើម​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ថ្លៃ​ណាស់ ​ថ្លៃ​លើស​លុប​មែន​ទែន។​ បើ​និយាយ​ពី​ថ្លៃនោះ ​ គ្មាន​លទ្ធភាព​នឹង​ការ​ទិញ​ទេ។​ នេះ​អី​សុទ្ធ​តែ​គេ​ឲ្យ​ទេ»។​

ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រាតត្បាត​វីរុស​កូរ៉ូណា​នៅ​កម្ពុជា ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ណែនាំ​ឲ្យ​កាន់​ខ្ជាប់​អនាម័យ ​និង​មាន​សម្ភារៈ​ប្រើប្រាស់​ ដូច​ជា​ម៉ាស់ ​និង​អាល់កុល​សម្អាត​ដៃ​ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង។​ ប៉ុន្តែ​តំបន់​ក្រីក្រ ​ដែល​មាន​ការ​រស់​នៅ​ជិតៗ​គ្នា ​ដូច​កន្លែង​ដែល​អ្នកស្រី​ ផល្លី​ រស់​នៅ​នេះ​ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ ​បន្ថែម​ពី​នេះ​ទៀត ​ពួកគេ​មិន​មាន​លទ្ធភាព​ទិញ​ម៉ាស់ ​និង​អាល់កុល​លាង​ដៃ​ ទេ ខណៈ​ការ​ចេញ​ទៅ​ក្រៅ​ប្រកប​មុខ​របរ​ ជា​រឿង​សំខាន់​ដែល មិន​អាច​ខាន​បានសម្រាប់​ពួក​គេ​នោះ។​

តម្រូវ​ការ​ម៉ាស់ ​និង​ទឹក​អាកុល​សម្រាប់​សម្អាត​ដៃ ​បាន​កើន​ឡើង ​បន្ទាប់​ពី​វីរុស​កូរ៉ូណា​ឬ​កូវីដ​១៩​ បាន​រាត​ត្បាតពេញ​សាកល​លោក ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃសម្ភារៈ​ទាំង​នោះ ​កើន​ឡើង​ខ្លាំង​ផង​ដែរ។​ នៅ​កម្ពុជា ​តម្លៃ​ម៉ាស់​បាន​ឡើង ដែល​ពីមុន​ធ្លាប់​មាន​តម្លៃ​តែ​ ៥០០​រៀល​ កើន​ទៅ​ដល់​ ២​ពាន់​រៀល​ក្នុង​ម៉ាស់ ​មួយ​ឬ​តម្លៃ​ ១​ម៉ឺន​រៀល​ក្នុង​មួយ​ប្រអប់​ មក​ដល់​ជិត​ ៧​ម៉ឺន​រៀល​ក្នុង​មួយ​ប្រអប់។​

ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ ប្រឈម​នឹង​ការ​ឆ្លង​វីរុស​ថ្មី​មួយ​នេះ ​ដោយសារ​ពួកគេមិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​សម្ភារៈ ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​រាតត្បាត​វីរុស​កូរ៉ូណា ​ខណៈ​ការ​យល់​ដឹង​នៅ​មាន​កម្រិត​នៅ​ឡើយ។​

អានព័ត៌មានលម្អិត

០៣:៣៩ ៤.៤.២០២០

កម្ពុជារក​ឃើញជន​បរទេស​៤នាក់ឆ្លង​វីរុស​កូរ៉ូណា ករណីសរុប​កើន​ដល់​១១៤

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា៤​នាក់​ទៀត ដែល​ជា​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៤។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ។

ក្រសួង​បញ្ជាក់​ថា ជន​បរទេសទាំង​នោះ មាន​បារាំង​៣នាក់ និង​ជនជាតិ​ម៉ាឡេស៊ីម្នាក់។ ក្នុង​ចំណោម​ជនជាតិ​បារាំង​៣​នាក់​នោះ​ មាន​២នាក់ ប្រុសម្នាក់ ស្រ្តី​ម្នាក់​អាយុ​៦៧​ឆ្នាំ​ដូច​គ្នា ​ស្ថិត​នៅ​ក្រុម​ទេសចរ​បារាំង​គ្នា​សរុប​៣៦នាក់ ដែលមក​លេងខេត្ត​ព្រះសីហនុ។

កាល​ពី​ខែមីនា​ជន​ជាតិ​បារាំង​ជាង៣០​នាក់​ក្នុង​ក្រុម​ទេសចរ​នោះ ត្រូវ​បាន​រក​ឃើញ​ថាមាន​ផ្ទុក​វីរុសកូរ៉ូណា។ ពួកគេ​ស្នាក់​នៅ​សណ្ឋាគារ​ឯករាជ្យក្នុង​ខេត្ត​ព្រះ​សីហនុ។

ចំណែក​ជនជាតិ​បារាំង​ម្នាក់​ទៀត​ជា​ស្រ្តី​ ​អាយុ​៥៩​ឆ្នាំ ដែល​ជា​អ្នកទេសចរ​ក្នុង​ក្រុម​ផ្សេង​ទៀត មក​លេង​ក្នុង​ខេត្ត​ព្រះសីហនុដែរ។

ចំណែក​ជន​ជាតិ​ម៉ាឡេស៊ី​អាយុ​៤០​ឆ្នាំ ជា​អ្នក​ដំណើរ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ ឃុំពាម​ជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម។ បុរស​នេះ​ជា​ក្រុម​មក​ធ្វើ​ការងារ​សាសនា មាន​គ្នា​៨​នាក់ ដែល​ចំនួន​៧នាក់​លើក​មុន​ ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល​ទារក​ម្នាក់​អាយុ​៤​ខែ បាន​ជា​សះ​ស្បើយ និង​ត្រូវ​បាន​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។ ទារក​នោះជា​កូន​បង្កើត​របស់​ជនជាតិ​បារាំង​ដែល​ទើប​បាន​ព្យាបាល​ជាសះ​ស្បើយ។ គិ​ត​ត្រឹម​ថ្ងៃ​សុក្រ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៣៥នាក់​៕

១៩:៤៨ ២.៤.២០២០

ការ​ប៉ះទង្គិច​ដោយ​សារវីរុស​កូរ៉ូណា​ផ្លាស់​ប្តូរ​ទម្លាប់​សហគមន៍​ខ្មែរអាមេរិកាំង​នៅសហរដ្ឋ​អាមេរិក

វ៉ាស៊ីនតោន — កំណើន​នៃ​ការ​ឆ្លង​រីករាល​ដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​កូរ៉ណា​ ឬ​កូវីដ១៩​ ក្នុង​ពិភពលោក ​ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក បានធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​រង​ផល​ប៉ះពាល់​ដល់​របៀប​របប​នៃ​ការ​រស់នៅ​ ការ​ធ្វើ​កិច្ចការ ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ​កិច្ចការ​សាសនា​ ការ​ជួប​ប្រជុំ​និង​មុខ​របរ​របស់​អ្នក​ធ្វើការ​ និង​អ្នក​ជំនួញ​ជាដើម។

លោក​ ធីម៉ូធី ឈឹម​ ជា​ម្ចាស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ និង​ធានា​រ៉ាប់រង​ផ្ទាល់ខ្លួន ហៅថា​ T. Chhim ​Agency​ ក្នុង​សង្កាត់ ណាញូអិត (Nanuet) ​ភាគ​ខាងជើង​នៃ​ទីក្រុង​ញូវយ៉ក​ (New York) បាន​ថ្លែងថា​វីរុស​កូរ៉ូណា ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​អតិថិជន​ និង​ប្រាក់​ចំណូល​លោក ដោយសារ​ស្ថានការណ៍​តម្រូវ​ឲ្យ​លោក​បិទទ្វារ​ក្រុមហ៊ុន​ជាង​២សប្តាហ៍​ ហើយ​ធ្វើការ​តាម​ផ្ទះ​ តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ណា ​ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​សហរដ្ឋ​អាមេរិក​ ជាពិសេស​ការ​រាត​ត្បាត​ខ្លាំង​ជាងគេ​ក្នុង​ទីក្រុង​នេះ។

«ធ្វើការ​ពីផ្ទះ​ប្រាក់​ចំណូល​ប៉ះពាល់​ ពីព្រោះ​យើង​អត់​បាន​ធ្វើ​ពេញលេញ​ ហើយ​ជាពិសេស​ការងារ​បើក​ត្រូវ​មាន​មនុស្សទៅ​មកទៅមក ​ដើម្បី​ងាយ​ធ្វើ​ការងារ​អីចឹង​ ដល់​អីចឹង​ទៅ​យើង​បាត់​ចំណូល​មួយ​ផ្នែកធំ​ត្រង់​ថា ​មនុស្ស​ថ្មី​យើង​មាន​ការ​ពិបាក ទាល់តែ​យើង​រក​មធ្យោបាយ​ស្អី​ផ្សេងទៀត​ ទាក់ទង​មនុស្ស​តាមផ្ទះ។​ ឥឡូវហ្នឹង​មនុស្ស​ទៅមក​ ទៅមក​ស្ងាត់​ជ្រងំ​អីចឹង ហើយ​ចំពោះ​ខ្ញុំវិញ ​ប៉ះពាល់​ប្រហែល​ជាពាក់​កណ្តាល​ការងារ»។

លោក​ថា​ ការងារ​រៀបចំ​កញ្ចប់​ហិរញ្ញវត្ថុ​ជូន​ដល់​ភ្ញៀវ​ដែល​ចង់​ចូល​និវត្តន៍​ ចង់​ទិញ​ការ​ធានា​រ៉ាប់រង ​អាយុជីវិត ​សុខភាព ​ធានា​រ៉ាប់​រងផ្ទះ​ រថយន្ត​ជាដើម​នោះ​ គឺ​លោក​រកប្រាក់​ចំណូល​ដោយសារ​មាន​ភ្ញៀវ ​ដែល​ឧទាហរណ៍​គឺ​ថា​ មាន​ភ្ញៀវ​ចាស់​ ១០នាក់​ ត្រូវ​ថែទាំ​ភ្ញៀវ​ចាស់​កុំ​ឲ្យ​បាត់បង់​ និង​រកភ្ញៀវ​ថ្មី​បន្ថែម​ តែ​បើ​គ្មាន​ភ្ញៀវថ្មី​ចូល​មក​ នេះ​ជា​បញ្ហា។

«ហើយ​បើអ្នក​ទិញផ្ទះ​ក៏អត់​ទិញ ​ឧបមាថា​ ឥឡូវ​អ្នក​ទិញផ្ទះ​ក៏អត់​ទិញ​ អីចឹង​ធានា​រ៉ាប់រង​ក៏គ្នា​អត់​ទិញដែរ ​មិនអីចឹង​ ហើយ​អ្នក​ទិញផ្ទះ​ហ្នឹង​ ជួនកាល​ត្រូវការ​ទិញ​ធានា​រ៉ាប់រង​ផង ​ត្រូវការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ផង​ (life insurance) ​ធានា​រ៉ាប់​រង​សម្រាប់​ប្រាក់​កម្ចី​ទិញ​ផ្ទះផង​ (Mortgage insurance) ​អីចឹង​វា​បាត់​មួយ​ខ្សែរ​ផ្ទះហ្នឹង​ ក៏អស់​មួយ​ចំនួន​ទៅ ​ហើយ​អ្នកខ្លះ​ក៏រើ​ចេញ​ទៅ​រដ្ឋផ្សេង​ទៅ​ ចេញ​ពី​ញូវយ៉ក​អីចឹង​ទៅ​ អីចឹង​វា​ទាក់ទង​គ្នា​រសេមរសាម​ ហើយ​យើង​មិនដឹង​ជា​ជួយ​ម៉េច​បាន​ បើ​ជួនកាល​ហៅ​ទៅ​ធនាគារ​ ក៏គេ​ពិបាក​នឹង​ទាក់ទង​ជាមួយ​យើង​ដែរ»។

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG