ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ កម្ពុជាមិនមានករណីធ្វើតេស្តវិជ្ជមានឆ្លងថ្មីនៃវីរុសកូរ៉ូណាឬជំងឺកូវីដ១៩នោះទេ ប៉ុន្តែមន្រ្តីក្រសួងសុខាភិបាលប្រកាសឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នដដែលដើម្បីទប់ស្កាត់ការរាតត្បាតជាបន្ត។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី៦ ខែមេសានេះគឺមានរយៈពេលបីថ្ងៃហើយ ដែលមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី។ សេចក្តីប្រកាសព័ត៌មាននោះបន្តថា អ្នកដែលមានវីរុសកូវីដ១៩ដែលត្រូវបានរកឃើញ សរុបមានចំនួន១១៤នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន៥៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល មានចំនួន៦១នាក់។
កាលពីថ្ងៃទី៥ ខែមេសា ដែលជាថ្ងៃទីពីរនៃការរកមិនឃើញករណីវិជ្ជមាននៃវីរុសនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាម ថា ក្រសួងនៅមិនទាន់អាចវាយតម្លៃបាននៅឡើយថា តើស្ថានភាពល្អប្រសើរឬយ៉ាងណា។ លោកស្រីបន្តថា តាមបច្ចេកទេស លទ្ធផលនេះគ្រាន់តែជាការបង្ហាញនូវប្រសិទ្ធភាពអន្តរាគមន៍ជាបណ្តើរៗតែប៉ុណ្ណោះ ប៉ុន្តែ «ស្ថានភាពនៅផុយស្រួយ» ដែលចាំបាច់ត្រូវមានការចូលរួមពីបុគ្គលម្នាក់ៗដើម្បីឈានទៅរកភាពជោគជ័យពិតប្រាកដ។
លោកស្រីបញ្ជាក់តាមន័យដើមថា៖ «បើយើងភ្លេចខ្លួន សត្រូវនេះនឹងវាយលុកមកយើងវិញក្នុងរយៈពេលដ៏ខ្លីបំផុត។ ពេលខ្លះមានការស្ងប់ស្ងាត់បន្តិច តែក៏អាចមានការរាតត្បាតជាបន្តទៀតដែរ ដែលគេហៅថា second wave[ការរាតត្បាតវគ្គទី២]។ ដូច្នេះ ត្រូវបោះជំហានសកម្មទប់ស្កាត់ជាបន្តទៀត ទើបអាចសង្កត់សត្រូវវីរុសកូវីដ១៩នេះបាន»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេនៅថ្ងៃច័ន្ទនេះ។
រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែមីនា កម្ពុជាបានធ្វើតេស្តមនុស្សចំនួន៥៧៦៨នាក់ ទាំងជនជាតិកម្ពុជា និងជនបរទេស ក្នុងនោះមានជនបរទេសដែលធ្វើដំណើរកម្សាន្តតាមនាវាអន្តរជាតិWesterdam ដែលសុំចតនៅកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ប្រាប់VOAកាលពីសប្តាហ៍មុន។
លោក ភុន បណ្ឌិត ពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលបានទៅធ្វើតេស្តរកវីរុសកូរ៉ូណា ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោកបានសម្រេចចិត្តទៅធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ខេត្តជាច្រើន និងមានទំនាក់ទំនងការងារជាមួយជនបរទេស តាំងពីដើមខែមីនាមក។ លោកបន្តថា លោកបានត្រឡប់មកពីខេត្តវិញ នៅថ្ងៃទី១៨ ខែមីនា និងសម្រេចនៅដាច់ពីក្រុមគ្រួសារចំនួន១៤ថ្ងៃរួចមកហើយ។ ប៉ុន្តែលោកថា ក្រោយរយៈពេល១៤ថ្ងៃនេះ លោកមានបញ្ហាស្ងួតបំពង់ក ទើបលោកសម្រេចទៅធ្វើតេស្តដើម្បីឲ្យប្រាកដក្នុងចិត្ត មុននឹងត្រឡប់ទៅជួបក្រុមគ្រួសារវិញ។
បុរសវ័យ៣៨ឆ្នាំ ដែលមានកូន២នាក់រូបនេះបន្តថា ការទៅធ្វើតេស្តកាលពីរសៀលថ្ងៃសៅរ៍នោះ លោកសង្កេតឃើញអ្នកស្នើសុំធ្វើតេស្តប្រមាណជា២០ទៅ៣០នាក់ ដោយខ្លះត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យធ្វើតេស្តនិងខ្លះគ្រូពេទ្យមិនធ្វើតេស្តឲ្យ ក្រោយការសួរនាំពីរោគសញ្ញា និងប្រវត្តិនៃការធ្វើដំណើរ។ លោកបន្ថែមថា ក្រោយទៅធ្វើតេស្ត គ្រូពេទ្យបានប្រាប់លោកឲ្យរង់ចាំលទ្ធផលយ៉ាងតិច៣ថ្ងៃ ដោយណែនាំឲ្យលោកនៅដាច់ដោយឡែក ឬនៅឆ្ងាយពីសមាជិកគ្រួសារ រហូតទទួលបានលទ្ធផល។
លោកបន្តថា រហូតមកដល់ពេលនេះ លោកនៅរង់ចាំលទ្ធផលនៅឡើយ រហូតដល់ថ្ងៃពុធទី៨ខែមេសា ទើបលោកត្រឡប់ទៅជួបគ្រួសារវិញ។
«ដោយសារមនុស្សតេស្តច្រើន ហើយអ្នកខ្លះគ្រាន់តែសង្ស័យតិចតួច អ្នកខ្លះគ្រាន់តែក្តៅខ្លួនតិចតួច អ្នកខ្លះភ័យច្រើន អ៊ីចឹងបានមានអ្នកតេស្តច្រើន។ អ៊ីចឹងដើម្បីកុំឲ្យខាតការងារពេទ្យ អ្នកណាដែលវិជ្ជមានបានគេខលទៅ។ អ៊ីចឹងក្នុងរយៈពេលពីពីរទៅបីថ្ងៃហ្នឹង អង្គុយចាំទូរស័ព្ទគេខលទៅ។ បើគេខលទៅ ហើយយើងទទួលបានសេវា VIP គេទៅដឹកដល់ផ្ទះហើយ» បើថាយើងអត់បានទទួលទូរស័ព្ទទេ សប្បាយចិត្តទៅ!»
បើតាមទិន្នន័យខេត្តព្រះសីហនុ មានចំនួនអ្នកឆ្លងច្រើនជាងគេនៅកម្ពុជា គឺមានរហូតដល់៤០នាក់ ដែលភាគច្រើនជាជនបរទេស។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ប្រាប់VOAនៅថ្ងៃច័ន្ទនេះថា ជាទូទៅអ្នកដែលមកស្នើសុំធ្វើតេស្តរកវីរុសកូរ៉ូណានេះ នឹងត្រូវធ្វើតេស្តឲ្យ ប្រសិនបើពួកគេមានរោគសញ្ញា ឬមានប្រវត្តិប៉ះពាល់អ្នកជំងឺ ហើយពួកគេត្រូវប្រាប់ឲ្យស្នាក់នៅដាច់ដោយឡែក រហូតទទួលបានលទ្ធផល។ លោកស្រីបន្តថា ករណីខ្លះ មន្រ្តីសុខាភិបាលទៅយកសំណាកពីអ្នកពាក់ព័ន្ធដល់ផ្ទះប្រសិនបើពួកគេធ្លាប់បានប៉ះពាល់អ្នកជំងឺដោយផ្ទាល់។
«បើគាត់មានពាក់ព័ន្ធជាមួយអ្នកជំងឺ ហើយធ្វើតេស្តទៅគាត់អវិជ្ជមាន ឲ្យគាត់នៅដាច់ដោយឡែក១៤ថ្ងៃ ហើយឲ្យគាត់តាមដានសុខភាព។ ក្នុងករណីគាត់មានរោគសញ្ញាណាមួយ គឺគាត់ប្រាប់មក ក្រុមការងារនឹងចុះទៅយកសំណាកគាត់មួយសាទៀត»។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុរូបនោះមានប្រសាសន៍ថា អ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅខេត្តព្រះសីហនុមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការធ្វើតេស្តរកវីរុសកូរ៉ូណាក្នុងតំបន់អាស៊ីអាគេ្នយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ត្រូវបានអ្នកជំនាញសុខាភិបាលក្នុងតំបន់សង្ស័យថាការធ្វើតេស្តមានកម្រិតទាបនេះ ប្រហែលជាមិនអាចបង្ហាញអំពីអត្រាពិតប្រាកដនៃអ្នកឆ្លងជំងឺកូវីដ១៩បានទេ។ ក្រុមអ្នកជំនាញបារម្ភថា បើសិនជាការបង្ហាញចំនួនមិនពិតប្រាកដនៃអ្នកឆ្លងជំងឺកូវីដ១៩ បង្កឲ្យមានភាពមិនសូវខ្វាយខ្វល់នោះ នោះវាអាចធ្វើឲ្យវីរុសនេះកាន់តែរីករាលដាល។
ក្រោយការរាលដាលនៃវីរុសកូរ៉ូណានៅកម្ពុជាជាបន្តបន្ទាប់ រដ្ឋាភិបាលបានប្រកាសបិទការជួបជុំទ្រង់ទ្រាយធំ ដូចជាការប្រគំតន្រ្តី កន្លែងច្រៀងកម្សាន្ត ខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្គាឌិន និងកាស៊ីណូជាដើម។ រដ្ឋាភិបាលក៏បានប្រកាសបិទមិនឲ្យមានការនាំអង្ករស និងស្រូវចេញទៅក្រៅប្រទេស ដើម្បីរក្សាទុកស្បៀងក្នុងប្រទេសក្នុងករណីជំងឺកូវីដ១៩នេះរាលដាលកាន់តែខ្លាំង៕