វ៉ាស៊ីនតោន — កំណើននៃការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃវីរុសកូរ៉ណា ឬកូវីដ១៩ ក្នុងពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក បានធ្វើឲ្យសហគមន៍ខ្មែររងផលប៉ះពាល់ដល់របៀបរបបនៃការរស់នៅ ការធ្វើកិច្ចការ ការប្រាស្រ័យទាក់ទងគ្នា កិច្ចការសាសនា ការជួបប្រជុំនិងមុខរបររបស់អ្នកធ្វើការ និងអ្នកជំនួញជាដើម។
លោក ធីម៉ូធី ឈឹម ជាម្ចាស់ក្រុមហ៊ុនហិរញ្ញវត្ថុ និងធានារ៉ាប់រងផ្ទាល់ខ្លួន ហៅថា T. Chhim Agency ក្នុងសង្កាត់ ណាញូអិត (Nanuet) ភាគខាងជើងនៃទីក្រុងញូវយ៉ក (New York) បានថ្លែងថាវីរុសកូរ៉ូណា បានធ្វើឲ្យធ្លាក់ចុះអតិថិជន និងប្រាក់ចំណូលលោក ដោយសារស្ថានការណ៍តម្រូវឲ្យលោកបិទទ្វារក្រុមហ៊ុនជាង២សប្តាហ៍ ហើយធ្វើការតាមផ្ទះ តាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់វីរុសកូរ៉ណា ដែលកំពុងឆ្លងរាលដាលនៅសហរដ្ឋអាមេរិក ជាពិសេសការរាតត្បាតខ្លាំងជាងគេក្នុងទីក្រុងនេះ។
«ធ្វើការពីផ្ទះប្រាក់ចំណូលប៉ះពាល់ ពីព្រោះយើងអត់បានធ្វើពេញលេញ ហើយជាពិសេសការងារបើកត្រូវមានមនុស្សទៅមកទៅមក ដើម្បីងាយធ្វើការងារអីចឹង ដល់អីចឹងទៅយើងបាត់ចំណូលមួយផ្នែកធំត្រង់ថា មនុស្សថ្មីយើងមានការពិបាក ទាល់តែយើងរកមធ្យោបាយស្អីផ្សេងទៀត ទាក់ទងមនុស្សតាមផ្ទះ។ ឥឡូវហ្នឹងមនុស្សទៅមក ទៅមកស្ងាត់ជ្រងំអីចឹង ហើយចំពោះខ្ញុំវិញ ប៉ះពាល់ប្រហែលជាពាក់កណ្តាលការងារ»។
លោកថា ការងាររៀបចំកញ្ចប់ហិរញ្ញវត្ថុជូនដល់ភ្ញៀវដែលចង់ចូលនិវត្តន៍ ចង់ទិញការធានារ៉ាប់រង អាយុជីវិត សុខភាព ធានារ៉ាប់រងផ្ទះ រថយន្តជាដើមនោះ គឺលោករកប្រាក់ចំណូលដោយសារមានភ្ញៀវ ដែលឧទាហរណ៍គឺថា មានភ្ញៀវចាស់ ១០នាក់ ត្រូវថែទាំភ្ញៀវចាស់កុំឲ្យបាត់បង់ និងរកភ្ញៀវថ្មីបន្ថែម តែបើគ្មានភ្ញៀវថ្មីចូលមក នេះជាបញ្ហា។
«ហើយបើអ្នកទិញផ្ទះក៏អត់ទិញ ឧបមាថា ឥឡូវអ្នកទិញផ្ទះក៏អត់ទិញ អីចឹងធានារ៉ាប់រងក៏គ្នាអត់ទិញដែរ មិនអីចឹង ហើយអ្នកទិញផ្ទះហ្នឹង ជួនកាលត្រូវការទិញធានារ៉ាប់រងផង ត្រូវការធានារ៉ាប់រងអាយុជីវិតផង (life insurance) ធានារ៉ាប់រងសម្រាប់ប្រាក់កម្ចីទិញផ្ទះផង (Mortgage insurance) អីចឹងវាបាត់មួយខ្សែរផ្ទះហ្នឹង ក៏អស់មួយចំនួនទៅ ហើយអ្នកខ្លះក៏រើចេញទៅរដ្ឋផ្សេងទៅ ចេញពីញូវយ៉កអីចឹងទៅ អីចឹងវាទាក់ទងគ្នារសេមរសាម ហើយយើងមិនដឹងជាជួយម៉េចបាន បើជួនកាលហៅទៅធនាគារ ក៏គេពិបាកនឹងទាក់ទងជាមួយយើងដែរ»។
លោកថា លោកត្រូវរកវិធីផ្សេងដើម្បីបន្តកិច្ចការ ដែលចាប់តាំងពីឆ្នាំ ១៩៨៧ មកនេះ ដោយសារថា លោកមិនអាចជួបអតិថិជននៅការិយាល័យជាប្រចាំ ដូចសព្វមួយដង ហើយថា នេះជាការប៉ះទង្គិចធ្ងន់មិនធ្លាប់ជួបប្រទះសម្រាប់លោក។ លោកអះអាងបន្តថា នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៨ ជារឿងធ្ងន់ធ្ងរដែរ តែនៅអាចទប់ទល់បាន ដោយសារមនុស្សនៅអាចធ្វើដំណើរ មុខជំនួញ និងកន្លែងធ្វើការនៅដំណើរការ តែលើកនេះ គឺបិទសឹងគ្រប់កន្លែង ស្ងាត់ជ្រងំតែម្តង។
មកពីក្រុង លីនវូត (Lynnwood) នៅរដ្ឋវ៉ាស៊ីនតោន (Washington) ដែលជាតំបន់ឆ្លងខ្លាំងដំបូងគេមួយ ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ឡារី សេង ដែលធ្វើការនៅក្នុងក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង បានថ្លែងថា ពេលនេះលោកនៅផ្ទះ ដោយសារក្រុមហ៊ុនចេញប្រាក់ចំនួន ២សប្តាហ៍ ដោយមិនបាច់ទៅធ្វើការងារ តែក្រោយពីនោះ មិនដឹងថានឹងមានការប៉ះពាល់យ៉ាងណាទេ នៅពេលលោកមានក្តីបារម្ភចំពោះប្រាក់ចំណូលទៅថ្ងៃអនាគត។
«រឿងហ្នឹង ពួកយើងតែងតែព្រួយបារម្ភពីព្រោះស្ថានការណ៍កូវីដ១៩ហ្នឹង វាហាក់បីដូចអត់ថមថយ វានៅតែកើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃហ្នឹង ម្ល៉ោះហើយពួកយើងមានការព្រួយបារម្ភថា ក្រុមហ៊ុន ប៊ូអ៊ីង គេបង់ឲ្យយើងតែ២សប្តាហ៍ទេ បន្ទាប់ពី ២សប្តាហ៍ទៅទៀត គេនឹងផ្តល់ដំណឹងដល់យើងថា តើគេសម្រេចឲ្យយើងទៅធ្វើការវិញ ឬមួយក៏គេតម្រូវឲ្យយើងធ្វើយ៉ាងណាៗនោះ អាហ្នឹងយើងចាំស្តាប់ព័ត៌មានពីខាងអ្នកគ្រប់គ្រងរោងចក្រហ្នឹងឯងបាទ»។
លោក ឡារី សេង បានភៀសខ្លួនពីស្រុកកំណើត នៅស្រុកគិរីវង្ស ខេត្តតាកែវ មកសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៨៨ តាមជំរំ ខាវអ៊ីដាង។ លោកថា ក្រុមហ៊ុនលោកធ្វើការមិនសូវយកចិត្តទុកដាក់ទេ នៅគ្រាដំបូង រហូតទាល់មានការតវ៉ាពីបុគ្គលិកខ្លាំងទើបបានគេចាត់វិធានការណ៍ឲ្យឈប់សម្រាក។ លោកថា ក្រុមគ្រួសារលោកចាប់ពីថ្ងៃទី២៧ មីនាមក នៅផ្ទះរហូត ដោយមិនមានចេញក្រៅ ដូចពេលមុនទេ ដោយសារគិតគូរពីសុវត្ថិភាព។
សហរដ្ឋអាមេរិកកំពុងនាំមុខគេក្នុងពិភពលោក ដែលមានមនុស្សប្រមាណជិត ២០ម៉ឺននាក់ឆ្លងនិង ៤ពាន់នាក់ស្លាប់ ដោយសារវីរុស កូវីដ ១៩ ដែលផ្ទុះឡើងដំបូងក្នុងក្រុង វូហាន ប្រទេសចិន ហើយរីករាលដាលពាសពេញពិភពលោក ដែលតួលេខចំនួនមនុស្សឆ្លងនិងស្លាប់ ចេះតែកើនឡើងជាប្រចាំ។
រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយបានបិទសាលារៀន ការិយាល័យធ្វើការ ក្រុមហ៊ុន មុខជំនួញដែលមិនចាំបាច់ ហើយដាក់បម្រាមនៅតាមបណ្តារដ្ឋ មិនឲ្យមនុស្សធ្វើដំណើរចេញពីផ្ទះ លើកលែងតែចាំបាច់ ដូចជាទិញម្ហូប ទៅពេទ្យ ទៅធ្វើការកន្លែងចាំបាច់ជាដើម។
លោក អ៊ិន សួនខ្មែរ អាមេរិកាំងរស់នៅក្នុងទីក្រុង អូកឡែន (Oakland) រដ្ឋ កាលីហ្វ័ញ៉ា (California) ធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកជំងឺផ្លូវចិត្ត បានថ្លែងថា លោកបានធ្វើការនៅផ្ទះពេលនេះ ក្រោយពេលការិយាល័យលោកត្រូវបិទទ្វារមួយរយ:ពេល។ លោកថា កិច្ចការងាររបស់លោក មានការប៉ះទង្គិច តែប្រាក់ចំណូល មិនទាន់មានការប៉ះពាល់នៅឡើយទេ។
«ឥឡូវនេះ នៅធម្មតាទេ បុគ្គលិកនៅធ្វើការគ្រប់គ្នា អត់មានប៉ះទង្គិចអីទេ នៅជាធម្មតានៅឡើយ ប៉ុន្តែនៅថ្ងៃអនាគត មិនដឹងយ៉ាងណាដែរ»។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បានទទួលថវិកាពីក្រុង ដើម្បីពិនិត្យព្យាបាលជំងឺផ្លូវចិត្តជនជាតិអាស៊ី និងពលរដ្ឋខ្មែរផងដែរ។ លោកថា ទោះជាយ៉ាងណា មានការប៉ះពាល់ដល់កិច្ចការងាររបស់លោកខ្លាំង ដោយសារថា ទទួលការហៅទូរសព្ទចូលច្រើនក្នុង១ថ្ងៃ ដោយសារអ្នកមានជំងឺផ្លូវចិត្ត មានក្តីបារម្ភរឿងវីរុសកូរ៉ូណា។
«តាំងពីវីរុសកូរ៉ណា កើតឡើងមក អ្នកជំងឺហ្នឹងសឹងថាទ្វេឡើង គាត់មានអារម្មណ៍ភ័យព្រួយ ខ្វល់ខ្វាយ គាត់ហៅមកសួរអីចេះមួយ អីចុះមួយ។ ទី១ គាត់មិនអាចជួបអ្នកពិគ្រោះយោបល់បាន ទី២ គាត់មិនអាចចេញទៅក្រៅបាន ដល់អីចឹងគាត់ហៅទូរសព្ទ រវល់មែនទែន នេះគឺការប៉ះទង្គិចដោយសារវីរុសកូរ៉ូណាផ្នែកខាងសេដ្ឋកិច្ច ហើយនិងសង្គម ការងារ ហើយនិងផ្លូវចិត្ត»។
លោកថា មកដល់ពេលនេះ លោកសង្កេតឃើញពីកំណើននៃក្តីបារម្ភរបស់ពលរដ្ឋមានកាន់តែខ្លាំងឡើង ដោយសារតែមុខជំនួញមិនដំណើរការ ភាពអត់ការងារធ្វើ ការបាត់បង់ប្រាក់ចំណូល ស្ថានការណ៍កូវីដ ១៩ មិនអាចទស្សទាយបាន។
ពីក្រុង ហាដហ្វដ (Hartford) រដ្ឋ ខន់ណិចទីកិត (Connecticut) វិញ លោកស្រី គួច ធានវី នាយិកាសមាគមគាំទ្រសុខភាពខ្មែរ ហៅថា Khmer Health Advocates បានថ្លែងថា ការិយាល័យសមាគមអ្នកស្រី បានបង្ខំចិត្តបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ណា តែនៅបន្តផ្តល់សេវកម្មការអប់រំសុខភាពតាមទូរសព្ទ។
«កន្លែងធ្វើការហៅថា Khmer Health Advocates បានបិទទ្វារមួយរយ: ហើយបានជម្រាបបងប្អូនថា បើសិនគាត់មានការអី សូមឲ្យគាត់ទូរសព្ទមកកន្លែងដដែល លេខដដែល គឺលេខ ៨៦០ ៥៦១ ៣៣៣៥ ហើយទូរសព្ទនេះ វានឹងបញ្ជូនមកទូរសព្ទរបស់ខ្ញុំ ដូច្នេះកុំឲ្យគាត់មានពិបាក ហើយ ខទី២ សមាគមយើងខ្ញុំនេះកំពុងរៀបចំជាបណ្តាញ»។
លោកស្រី បានថ្លែងដូច្នេះ ដោយយោងថានឹងមានអ្នកបកប្រែភាសាខ្មែរ ដែលមានជំនាញផ្នែកសុខាភិបាលចាំជួយ និងធ្វើទំនាក់ទំនងផ្ទាល់តាមប្រព័ន្ទ Zoom រវាងអ្នកជំងឺ និងឱសថការី ដែលជាការសម្រួលមួយផ្នែក ក្រៅពីកំពុងរៀបចំបង្កើតប្រព័ន្ធសង្គមហ្វេសប៊ុក ដើម្បីជួយអប់រំនិងឆ្លើយតបតម្រូវការរបស់ពលរដ្ឋខ្មែរដែលត្រូវការសេវាកម្មសុខភាព។
លោកស្រី បានបញ្ជាក់ថា លោកស្រីធ្វើការអប់រំផ្លូវចិត្តដល់ពលរដ្ឋខ្មែរជាច្រើន ដែលមានជំងឺបាក់ស្បាត ដែលគេរកឃើញថា ជាង៦០ភាគរយនៃពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់របបខ្មែរក្រហម ហើយភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក មានជំងីនេះ។ ក្រៅពីនោះ ក៏មានការជួយព្យាបាលដល់អ្នកជំងឺទឹកនោមផ្អែម ខ្លាញ់ និងសម្ពាធឈាម ដោយមិនយកកម្រៃដែរ។
ក្រៅពីកិច្ចការរដ្ឋនិងឯកជន កិច្ចការសាសនាក៏មានការប្រែប្រួលដែរ នៅសហរដ្ឋអាមេរិក រួមទាំងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ដោយសារការឆ្លងរាលដាលវីរុសកូរ៉ូណា ដែលកំពុងធ្វើឲ្យមានការបារម្ភជាខ្លាំងផ្នែកសុខភាព សេដ្ឋកិច្ចសន្តិសុខផងនោះ។
ព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ជាប្រធានពុទ្ធិកសហគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និង ជាព្រះគ្រូចៅអធិការវត្ត មុនីសុតារាម រដ្ឋមិនីសូតា មានថេរដីកាថា ដោយសារវីរុសកូរ៉ូណា បានធ្វើឲ្យ មានការលុបចោលការជួបប្រជុំគ្នា និងពិធីបុណ្យជាច្រើន ដូចជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យវិសាខបូជា បុណ្យនិងកម្មវិធីផ្សេងៗទៀត ។
«ដូច្នេះហើយ បុណ្យកុសលយើងអាចនឹងធ្វើបានតទៅមុខទៀត មិនអត់ទេ ហើយវត្តក៏អីចឹងដែរ មិនមានបិទវត្តទេ គ្រាន់តែយើងផ្អាកកម្មវិធីធ្វើបុណ្យ ធ្វើទាន តែព្រះសង្ឃក្នុងវត្តនៅតែបន្តសកម្មភាពសូត្រធម៌ផ្សាយមេត្តាធម៌ តិចច្រើន ជាដរាប»។
តែព្រះតេជគុណ បានបន្តថា ដើម្បីសេចក្តីសុខរបស់ពលរដ្ឋជាពុទ្ធបរិស័ទ គ្រប់វត្តចំនួន ១៤៤ បានសម្រេចដូចគ្នាថា នឹងធ្វើតាមការណែនាំរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក និង រដ្ឋាភិបាលក្នុងរដ្ឋ។
ជាមួយគ្នានេះដែរ ព្រះតេជគុណ ក៏បានបន្ថែមសេចក្តីថា ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក បានធ្វើការជួបប្រជុំតាមប្រព័ន្ធអនឡាញ និងផ្សព្វផ្សាយធម៌ និងកម្មវិធីអប់រំសុខភាព ជូនដំណឹងផ្សេងៗតាមប្រព័ន្ធអនឡាញផងដែរ។
គ្រូគង្វាលម្នាក់ គឺលោក សុវណ្ណា ធីម នៃព្រះវិហារខ្មែរ នៃព្រះគ្រិស្ត ឬ ហៅថា Cambodian Church of Christ ក្នុងតំបន់ជិតៗក្រុងដាឡាស់ (Dallas) រដ្ឋតិចសាស់ (Texas) បានថ្លែងថា ព្រះវិហាររបស់លោកបានផ្អាកកម្មវិធីមួយចំនួនផងដែរ រួមទាំងការជួបជុំថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា ដោយត្រូវប្តូរពីការជួបប្រជុំគ្នាដោយផ្ទាល់ មកជួបគ្នាតាមអនឡាញវិញ។
«កាលណាប្រជុំគ្នាម្តងៗ យើងបានជម្រាបបងប្អូន កុំឲ្យតក់ស្លុតចំពោះជំងឺដែលបៀតបៀនដល់សកលលោក យើងពឹងផ្អែកដល់ព្រះចេស្តាព្រះយេស៊ូវគ្រិស្ត ដែលទ្រង់ជាព្រះ ហើយទ្រង់មានអំណាច ដោយសារព្រះលោហិតរបស់ព្រះអង្គ ដែលទ្រង់នឹងកម្ចាត់ទាំងរោគាទាំងប៉ុន្មានដែលមាននោះ ហើយគឺបើសិនជាយើងប៉ះទង្គិចដោយសារជំងឺ ហើយបើយើងស្លាប់គឺស្លាប់តែរូបកាយទេ តែព្រលឹងវិញ្ញាណនឹងជួបជាមួយព្រះអង្គ។ រឿងហ្នឹងដែលយើងបានលើកទឹកចិត្តដល់ក្រុមជំនុំ កុំឲ្យតក់ស្លុត ព្រមទាំងឲ្យមានការថែរក្សាខ្លួន និងចៀសវាងការជួបប្រជុំគ្នាលើសពី ១០នាក់ ដែលជាការហាមប្រាម»។
លោកថា ពេលនេះក្រុមជំនុំរបស់លោក ដែលមានសមាជិក ៦០នាក់ មានការប្រជុំគ្នាតាមប្រព័ន្ធអនឡាញ គឺដើម្បីថ្វាយបង្គំព្រះ លើកទឹកចិត្តគ្នា អធិដ្ឋានជូនក្រុមជំនុំទៅវិញទៅមក នៅពេលដែលមិនទាន់ដឹងថា តើនៅពេលណាដែលវីរុសកូរ៉ូណានេះថមថយ ហើយនិងបើកព្រះវិហារឡើងវិញនោះទេ។
រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំបានព្រមានពីចំនួនមនុស្សឆ្លងនិងស្លាប់ អាចកើនឡើងកាន់តែខ្លាំង នៅខែមេសា និងខែឧសភាខាងមុខ ហើយបានប្រកាសពីគោលការណ៍ណែនាំរបស់សហរដ្ឋអាមេរិក ស្តីពីការរក្សាគម្លាតឆ្ងាយពីគ្នា ឬការមិននៅផ្តុំគ្នាច្រើនមួយកន្លែង ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសនេះ និងពន្យារពេលបម្រាមនេះ ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ចុងខែមេសា៕