- ដោយ ស៊ុន ណារិន
លោក ហ៊ុន សែន៖ ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននឹងត្រូវអនុម័តនិងប្រកាសឲ្យប្រើជាប្រញាប់
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្រកាសថា រដ្ឋាភិបាលរបស់លោកបានបញ្ចប់សេចក្តីព្រាងច្បាប់មួយសម្រាប់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលនឹងត្រៀមនៅពេលណាមួយដែលរដ្ឋាភិបាលយល់ថា ត្រូវប្រើកម្លាំងសន្តិសុខដើម្បីបង្ការការរាតត្បាតវីរុសកូរ៉ូណា។
លោក ហ៊ុន សែន ប្រកាសបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅរដ្ឋសភានៅព្រឹកថ្ងៃច័ន្ទ ដើម្បីបង្ហាញវិធានការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ ករណីវីរ៉ុសកូរ៉ូណាសរុបនៅកម្ពុជាបានកើនឡើងទៅដល់១០៧ ក្នុងនោះ៤នាក់ ត្រូវបានរកឃើញថា ផ្ទុកវីរុស នៅថ្ងៃច័ន្ទនេះ។
លោក ហ៊ុន សែន បានថ្លែងថា ច្បាប់នេះនឹងត្រូវដាក់ទៅគណៈរដ្ឋមន្រ្តីដើម្បីអនុម័តនៅសប្តាហ៍នេះ ហើយនឹងត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីពិនិត្យ និងប្រកាសប្រើប្រាស់ជាប្រញាប់ដោយព្រះមហាក្សត្រ។
លោកបានថ្លែងថា៖ «ឥឡូវសេចក្តីព្រាងច្បាប់នេះបានធ្វើរួចរាល់ហើយ។ ខ្ញុំដឹកនាំការប្រជុំគណៈរដ្ឋមន្រ្តីអចិន្ត្រៃយ៍ គណៈរដ្ឋមន្រ្តី នៅថ្ងៃស្អែកទី៣១នេះ ដើម្បីពិនិត្យមុនពេលដាក់ប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រក្នុងសប្តាហ៍នេះតែម្តង»។
ប៉ុន្តែលោក ហ៊ុន សែន ថា បើទោះជាមានច្បាប់នេះក៏ដោយ រដ្ឋាភិបាលរបស់លោកមិនទាន់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ដោយលោកថា ប្រជាជននៅស្តាប់ការអំពាវនាវរបស់រដ្ឋាភិបាលនៅឡើយក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ លោកថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នមិនទំនងជាកើតមានឡើងក្នុងពេលនេះនោះទេ។
លោកបានថ្លែងថា៖ «បើទោះមានច្បាប់ហើយក្តី ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នពុំមែនជាលទ្ធភាពដែលត្រូវអនុវត្ត។ ខ្ញុំគ្រាន់តែគិតថា នេះគ្រាន់តែជាអ្វីដែលមានក្នុងដៃប៉ុណ្ណោះ នៅពេលសភាពការណ៍មិនអាចត្រួតត្រាបាន យើងអាចនឹងបញ្ចេញកងទ័ពក្រោមក្របខណ្ឌនៃច្បាប់របបអាជ្ញាសឹក»។
លោក ហ៊ុន សែន បន្តថា កន្លងទៅមិនមានច្បាប់ណាដែលហាមឃាត់ការជួបជុំគ្នាមិនឲ្យលើសពី៣នាក់ ឬ៥នាក់នោះទេ តែរដ្ឋាភិបាលរបស់លោកគ្រាន់តែអង្វរកប្រជាពលរដ្ឋកុំឲ្យមានការជួបជុំ តែប៉ុណ្ណោះ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា។
- ដោយ កាន់ វិច្ឆិកា
ហាងអាហារនៅភ្នំពេញប្រឈមបិទទ្វារ ខណៈកម្ពុជាមានការឆ្លងវីរុសកូរ៉ូណា
ភ្នំពេញ — អ្នកស្រី ចាន់ណា សុឃីម អាចនឹងបង្ខំចិត្តបិទហាងបុកល្ហុងឈ្មោះ «ស្នាដៃប្តីខ្ញុំ» របស់អ្នកស្រីដែលមានទីតាំងនៅខាងក្រោយព្រះបរមរាជវាំង។ អ្នកស្រីបានចាប់ផ្តើមបើកហាងលក់បុកល្ហុង អស់រយៈពេលជាង២ឆ្នាំ តាំងពីហាងនៅតូច រហូតដល់ហាងធំ។
ហាងដែលអ្នកស្រីធ្លាប់រកចំណូលបានជាង ១ពាន់ដុល្លារក្នុងមួយថ្ងៃ តែថ្ងៃនេះមិនមានភ្ញៀវដូចមុនទេ ដោយសារប្រជាពលរដ្ឋចាប់ផ្តើមភ័យខ្លាចវីរុសកូរ៉ូណា ដែលកំពុងឆ្លងជិត ១០០ករណីនៅកម្ពុជា។
កំពុងអង្គុយក្នុងហាងដែលមានតុចំនួនជាង ៥០ ទាំងជាន់លើ និងជាន់ក្រោម អ្នកស្រី សុឃីម អាយុ៣៧ឆ្នាំ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា ហាងរបស់អ្នកស្រីចាប់ផ្តើមធ្លាក់ភ្ញៀវជាបន្តបន្ទាប់ និងធ្លាក់ចំណូលពីមួយថ្ងៃ ១២០០ដុល្លារ មកនៅត្រឹមប្រមាណជា ១០០ដុល្លារប៉ុណ្ណោះ ចាប់តាំងពីដើមខែមីនាមក ពោលគឺនៅពេលមានករណីជនជាតិខ្មែរមួយរូបនៅខេត្តសៀមរាបបានឆ្លងវីរុសកូរ៉ូណា។
«ពីថ្ងៃទី៣ ដែលគេតេស្តឃើញមក ការធ្លាក់របស់យើងធ្លាក់សល់ ៤០០ជាង ឬ៥០០ ហើយចាប់ផ្តើមចុះអ៊ីចឹងរហូត រហូតដល់គេតេស្តកាន់តែឃើញ។ បងប្អូនខ្មែរឥស្លាមយើង ឃើញអ្នកកូវីដកាន់តែច្រើន គឺទៅតែម្តង។ ពេលល្ងាចគឺអត់មានភ្ញៀវធ្វើដំណើរ ភ្ញៀវឆ្លងកាត់ទេ ហើយបានរាល់ថ្ងៃគឺយើងលក់បានដោយសារតែភ្ញៀវខ្ចប់ទេ»។
ការរកស៊ីទាំងតូច ទាំងធំនៅភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត បានធ្លាក់ភ្ញៀវ បិទហាងចោល បើទោះបីរដ្ឋាភិបាលមិនទាន់ហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញពីផ្ទះ ដើម្បីទប់ស្កាត់លទ្ធភាពនៃការឆ្លងវីរុសនេះក្តី។ រដ្ឋាភិបាលបានបិទការជួបជុំជាទ្រង់ទ្រាយធំ ដូចជាការប្រគំតន្រ្តី កន្លែងច្រៀងកម្សាន្ត ខារ៉ាអូខេ ក្លឹបកម្សាន្ត និងបៀរហ្គាឌិនជាដើម។
ប៉ុន្តែ ហាងបុកល្ហុងរបស់អ្នកស្រី សុឃីម មិនត្រូវបានហាមប្រាមទេ។ ម្ចាស់ហាងដដែលនេះរៀបរាប់ថា ដោយសារចំណូលដែលអ្នកស្រីទទួលបានក្នុងរយៈពេលជិតមួយខែនេះ មិនគ្រប់សម្រាប់ថ្លៃហាង ២៥០០ដុល្លារ និងសម្រាប់ប្រាក់ខែ បុគ្គលិកអ្នកស្រីបានសម្រេចកាត់បន្ថយបុគ្គលិកពី ១៥នាក់មកនៅត្រឹម ៤នាក់។ អ្នកស្រីបន្តថា ប្រសិនបើមេរោគនេះនៅអូសបន្លាយត្រឹមរយៈពេលពីរខែទៀត អ្នកស្រីនឹងត្រូវក្ស័យធនសម្រាប់មុខរបរ ដែលអ្នកស្រីខំបង្កើតអស់រយៈពេលពីរឆ្នាំនេះ។
«ម្នាក់ៗព្យាយាមលួងចិត្តខ្លួនឯងថា កុំឲ្យបាក់ទឹកចិត្ត ប៉ុន្តែអ្នកដែលរកស៊ីគឺត្រូវការចំណូល។ អ្នកណាក៏ចង់បានលុយដែរ តែនៅពេលដែលយើងរកអត់បាន កម្លាំងចិត្តយើងក៏ចេះតែខ្សោយទៅដែរ។ ហើយបញ្ហាបំណុល បញ្ហាគ្រប់យ៉ាងនៅជុំវិញយើង ធ្វើឲ្យយើងអត់មានថាមពលក្នុងខ្លួនទេ។ ទោះបីយើងព្យាយាមប្រឹងប្រែងលក់ ប៉ុន្តែយើងនៅតែហត់ ហើយនឹកឃើញថា អ្វីដែលយើងខំប្រឹងមក ហេតុអីក៏វាត្រូវទៅអ៊ីចឹង?»
គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ កម្ពុជាមានករណីអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩៨នាក់។
- ដោយ ម៉ែន គឹមសេង
ស្ថានទូតស្នើនិស្សិតកម្ពុជានៅសហរដ្ឋអាមេរិកផ្អាកដំណើរទៅមាតុភូមិដោយហានិភ័យវីរុសកូរ៉ូណា
វ៉ាស៊ីនតោន — ស្ថានទូតកម្ពុជាបានស្នើសុំឱ្យសិស្សនិងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ជៀសវាងការធ្វើដំណើរវិលត្រឡប់ទៅមាតុភូមិវិញជាបណ្តោះអាសន្ន បើទោះបីជាសាលារៀនជាច្រើននៅសហរដ្ឋអាមេរិកបានផ្អាកការសិក្សាដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាក៏ដោយ។
នៅក្នុងសេចក្តីអំពាវនាវមួយ កាលពីថ្ងៃពុធដែលវីអូអេទទួល បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាពុំមានផែនការជម្លៀសសិស្ស-និស្សិតយើងដែលកំពុងសិក្សានៅតាមបណ្តាប្រទេសនានាឡើយរួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនឹងនេះក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃ COVID-19 នៅកម្ពុជានិងដោយផ្អែកលើហានិភ័យខ្ពស់នៃការធ្វើដំណើរតាមយន្តហោះរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការអំពាវនាវដោយទទូចសូមសិស្ស-និស្សិតជៀសវាងបណ្តោះអាសន្នការធ្វើដំណើរទៅកាន់មាតុប្រទេសនាពេលបច្ចុប្បន្ន»។
សាលារៀននៅក្នុងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិកបានបិទទ្វារតាំងពីដើមខែមីនា ហើយរដ្ឋខ្លះនឹងបន្តបិទរហូតដល់ដំណាច់ឆ្នាំសិក្សានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី។ សាលារៀននិងមហាវិទ្យាល័យខ្លះបានបង្កើតកម្មវិធីបង្រៀនតាមអនឡាញសម្រាប់ពេលវេលាសេសសល់ មុននឹងដល់វិស្សមកាលនៅរដូវក្តៅ។
ស្ថានទូតកម្ពុជាក៏បានស្នើឱ្យនិស្សិតដែលបញ្ចប់ការសិក្សាត្រូវពន្យាការធ្វើដំណើមាតុភូមិនិវត្តន៍មួយរយៈសិន និងបានស្នើឱ្យសិស្សនិងនិស្សិតទាំងអស់ប្រុងប្រយ័ត្នការពារខ្លួនចំពោះគ្រោះថ្នាក់នៃការរីករាលដាលនៃវីរុសកូរ៉ូណាដោយជៀសវាងការជួបជុំគ្នា និងការចេញទៅក្រៅជាដើម។
- ដោយ ស៊ុន ណារិន
ថៃឲ្យពលករខ្មែរស្នាក់ដល់ចុងខែមិថុនា ខណៈពួកគេជាង៤ម៉ឺននាក់សម្រុកមកប្រទេសវិញ
ភ្នំពេញ — ខណៈរដ្ឋាភិបាលថៃដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃឲ្យដឹងថា ថៃបានអនុញ្ញាតឲ្យពលករខ្មែរអាចបន្តរស់នៅនិងធ្វើការរហូតដល់ចុងខែមិថុនា បើទោះជាឯកសារហួសសុពលភាពក៏ដោយ។
ប្រទេសថៃកំពុងតែរឹតបន្តឹងការធ្វើដំណើរក្នុងប្រទេស និងបានបិទព្រំដែនជាមួយកម្ពុជាកាលពីថ្ងៃច័ន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវីរុសកូរ៉ូណា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋខ្មែរនៅប្រទេសថៃអាចបន្តស្នាក់នៅបណ្តោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនាដោយលើកលែងការផាកពិន័យចំពោះការស្នាក់នៅលើសកំណត់។ ស្ថានទូតខ្មែរបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ថៃអាចធ្វើរហូតដល់ថ្ងៃទី៣០ខែមេសា។
ការណ៍នេះអាចធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងបណ្ណអនុញ្ញាតការងារ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរនោះទេ។
ស្ថានទូតខ្មែរបន្តថា ក្នុងករណីពលករខ្មែរត្រូវការធ្វើការបន្ត ថៅកែត្រូវបញ្ជូនបញ្ជីឈ្មោះទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូតដល់ចុងខែមិថុនា។
រដ្ឋាភិបាលថៃ កាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមបិទច្រកព្រំដែនកម្ពុជាថៃសំខាន់ៗ ដែលនាំឲ្យពលករ និងពលរដ្ឋខ្មែររាប់ពាន់នាក់ធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដែលការណ៍នេះនាំឲ្យមានការព្រួយបារម្ភអំពីលទ្ធភាពច្រើននៃការរីករាលដាលនៃវីរុសកូរ៉ូណា។