ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ឲ្យ​ពលករ​ខ្មែរ​ស្នាក់​​នៅដល់​ចុង​ខែ​មិថុនា ​ខណៈ​ពួកគេ​ជាង​៤ម៉ឺន​នាក់​សម្រុក​មក​ប្រទេស​វិញ


រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជាដែលធ្វើការនៅប្រទេសថៃ ធ្វើដំណើរតាមរថយន្តក្រុងឆ្លងព្រំដែនមកកាន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជាដែលធ្វើការនៅប្រទេសថៃ ធ្វើដំណើរតាមរថយន្តក្រុងឆ្លងព្រំដែនមកកាន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

ខណៈរដ្ឋាភិបាល​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃឲ្យ​ដឹង​ថា​ ថៃ​បាន​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​អាច​បន្ត​រស់​នៅ​និង​ធ្វើ​ការ​រហូត​ដល់​ចុង​ខែ​មិថុនា ​បើ​ទោះ​ជា​ឯកសារ​ហួស​សុពល​ភាព​ក៏​ដោយ។​

ប្រទេស​ថៃ​កំពុង​តែ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​និង​បាន​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​អាច​បន្ត​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ដោយ​លើក​លែង​ការ​ផាក​ពិន័យ​ចំពោះ​ការ​ស្នាក់​នៅ​លើស​កំណត់។ ​ស្ថានទូត​ខ្មែរ​បញ្ជាក់​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្នរបស់ថៃ​អាច​ធ្វើ​រហូត​ដល់ថ្ងៃ​ទី​៣០​ខែ​មេសា។​

ការណ៍​នេះ​អាច​ធ្វើ​ឲ្យពលរដ្ឋខ្មែរ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ផុត​សុ​ពលភាព​ស្នាក់​នៅ ​និង​បណ្ណ​អនុញ្ញាត​ការងារ ​ដោយ​សារ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​នោះ​ទេ។​

ស្ថានទូត​ខ្មែរបន្ត​ថា​ ក្នុង​ករណី​ពលករ​ខ្មែរ​ត្រូវ​ការ​ធ្វើ​ការ​បន្ត ​ថៅកែ​ត្រូវ​បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ​ក្រសួង ​ឬ​មន្ទីរ​ការងារ​ក្រុង​/ខេត្ត ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ឲ្យ​បាន​រួច​រាល់​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ដើម្បី​បន្ត​ធ្វើ​ការ​ជា​បណ្តោះ​អាសន្ន​បាន​រហូត​ដល់​ចុង​ខែ​មិថុនា។​

រដ្ឋាភិបាល​ថៃ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ចាប់​ផ្តើម​បិទ​ច្រក​ព្រំដែន​កម្ពុជា​ថៃ​សំខាន់ៗ ​ដែល​នាំ​ឲ្យ​ពលករ​ និង​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ ​ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ច្រើន​នៃ​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា។​

បើ​តាម​លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៤ម៉ឺន​នាក់​ហើយ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​បាន​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​នៅ​ទូទាំង​ប្រទេស។​

ក្នុង​ពិធី​សំណេះ​សំណាល​មួយ​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​បាត់​ដំបង ​កាល​ពី​ថ្ងៃ​ពុធ​ លោក​ ស ខេង ​បាន​ថ្លែង​ថា​ ​អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ទទួល​ស្វាគមន៍​អ្នក​វិល​ត្រឡប់​មក​វិញ ​បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចម្លង​វីរុស​កូរ៉ូណា​ក៏​ដោយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប៉ុន្តែ​ប្រសិន​បើ​គាត់​មក​ទៀត ​នៅ​មក​ទៀត​ យើង​អត់​មាន​ជម្រើស​ទេ។ ​អត់​មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ស្វាគមន៍​គាត់​ទេ ​ពី​ព្រោះ​ជា​ជន​ជាតិ​ខ្មែរ។ ​យើង​អត់​មាន​ជម្រើស​ផ្សេង​ពី​ហ្នឹង។ ​បដិសេធ​គាត់​មិន​ឲ្យ​មក​ ​អាហ្នឹង​ប្រហែល​មិន​បាន​ទេ»។​

លោក ​ស ខេង ​ក៏​បាន​ទទួល​ស្គាល់​ថា​ កម្ពុជា​មិន​អាច​ពិនិត្យ​សុខភាពរបស់​ពួកគេ​ទាំង​អស់​នោះ​ទេ ហើយ​ក៏​មិន​អាច​ដាក់​ពួកគេ​ទាំង​អស់​ឲ្យ​នៅ​កន្លែង​ណាមួយ ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ ​ដើម្បី​តាម​ដាន​សុខភាព​ដែរ។​

លោក ​ស៊ុំ ច័ន្ទគា ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ប្រាប់​ VOA នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មិន​អាច​ទ្រាំ​បាន​នឹង​ស្ថានភាព​គ្មាន​ការងារ​ធ្វើ​ ​ហើយ​ពួកគេ​ត្រូវ​បង្ខំ​ចិត្តត្រឡប់​មក​ប្រទេស​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹងអត់​ការងារ​ធ្វើ​ដឹង​តែ​ដាច់​បាយ​ហើយ!​អ៊ីចឹង​ហើយ​បាន​យើង​ឃើញ​ពួក​ខ្មែរ​យើង​មួយ​ចំនួន​ហ្នឹង​ត្រូវរត់​ត្រឡប់​មកវិញ​ ត្រឡប់​មក​កម្ពុជា​វិញ។ ​គាត់​មក​ដល់​នេះ​មាន​ស្រូវ​ចង្រុក​អី​សម្រាប់​ញាំ​ទៅ។ តែ​នៅ​កន្លែង​ថៃ​មាន​អី?​ពួកគាត់​ជួប​ការ​លំបាក ​បើ​គេ​បិទ​ គេ​អត់​ឲ្យ​ចេញ​ក្រៅ ​មាន​ន័យ​ថា​ ​គាត់​អត់​បាន​ទៅ​ធ្វើការ​ អត់​បាន​ទៅ​ធ្វើ​ការ​ ​ពួកគាត់​ហ្នឹង​ដាច់​បាយ​តែ​ម្តង»។​

ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃមាន​ជាង​១​លាន​នាក់។ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ទាំង​អស់ ​រៀប​ចំ​ត​ទឹក​ តភ្លើង​ និង​បង្គន់​អនាម័យ​នៅ​តាម​សាលា​រៀន​ ដើម្បី​ធ្វើ​ជា​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។​

បើ​តាម​លោក​នាយករដ្ឋមន្រ្តី​ កម្ពុជា​បាន​រៀបចំ​បន្ទប់​ជាង​៣​ពាន់​រួច​មក​ហើយនៅ​ទូទាំង​ប្រទេស​ដើម្បី​ដាក់​ពលរដ្ឋ​ណា​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ ឬ​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ៕

XS
SM
MD
LG