- ដោយ ស៊ុន ណារិន
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ ព្រមានថា លោកកំពុងសិក្សាលទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកថា ធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូរ៉ូណា នៅពេលប្រជាជនមិនស្តាប់តាមការអំពាវនាវរបស់រដ្ឋាភិបាល។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ដែលនឹងចេញទៅជួយព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា ដែលកម្ពុជាមានករណីឆ្លងសរុបទៅដល់ជាង ៩០។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖«ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានសាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវខ្ញុំ គ្មានប្រសិទ្ធិភាព»។
លោកបានថ្លែងបែបនេះ ភ្លាមៗក្រោយលោកប្រតិកម្មទៅនឹងការដំឡើងថ្លៃម៉ាសនៅលើទីផ្សារ ខណៈតម្រូវមានកាន់តែច្រើន ហើយអ្នកលក់ទាំងនោះ មិនស្តាប់តាមការអំពាវនាវរបស់រដ្ឋាភិបាល។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖«ហើយខ្ញុំនឹងឈានទៅដល់ការរឹបអូសម៉ាសពីហាងទាំងអស់។ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់។ បើអ្នកឯងនៅតែបន្តឡើងថ្លៃ។ ទៅរឹបអូសយកតែម្តង ដាក់បញ្ជារឹបអូសយកតែម្តង។ កុំឲ្យវារកស៊ីតទៀត ហើយបិទឱសថស្ថានហ្នឹងចោលតែម្តង»។
មាត្រា២២ នៃរដ្ឋធម្មនុញ្ញ ចែងថា៖«នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
លោក ហ៊ុន សែន បន្តថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបាន ទាល់តែមានច្បាប់ដាច់ដោយឡែកមួយទៀត ដែលលោកថាកំពុងតែសិក្សា។ ជាមួយគ្នានេះផងដែរ លោក ហ៊ុន សែន ក៏បានព្រមានថា កុំឲ្យមានការវិភាគថា លោកឆ្លៀតប្រើប្រាស់មាត្រានេះ ដើម្បីបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ៕
- ដោយ វីអូអេ ខ្មែរ
កម្ពុជារកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤បន្ថែមទៀត
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនាយប់ថ្ងៃអង្គារថាបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤ លើអ្នកទេសចរជនជាតិអង់គ្លេស ២នាក់ និងជនជាតិអាមេរិកាំង ២នាក់ ដែលធ្វើដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ បន្ថែមលើនេះ កម្ពុជាក៏មានករណីជាសះស្បើយថ្មីចំនួន ៤នាក់ ដែលជាជនជាតិខ្មែរ ២នាក់នៅខេត្តត្បូងឃ្មុំ និង២នាក់ទៀត នៅខេត្តបាត់ដំបង។
គិតត្រឹមយប់ថ្ងៃអង្គារនេះ ករណីឆ្លងសរុបនៅកម្ពុជាមានចំនួន ៩១នាក់ រួមទាំងអ្នកជាសះស្បើយចំនួន ៦នាក់។ ដោយឡែក កម្ពុជាកំពុងមានការព្រួយបារម្ភពីលទ្ធភាពនៃការឆ្លងវីរុសកូរ៉ូណានេះបន្ថែមទៀត បន្ទាប់ពីពលករខ្មែររាប់ពាន់នាក់បានធ្វើដំណើរចាកចេញពីប្រទេសថៃ វិលត្រឡប់មកកាន់កម្ពុជាវិញ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
- ដោយ ម៉ែន គឹមសេង
ស្ថានទូតជួយសិស្ស-និស្សិតដែលចង់ចាកចេញពេលជំងឺកូវីដ១៩ឆ្លងនៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន — ស្ថានទូតកម្ពុជាអំពាវនាវដល់និស្សិតខ្មែរដែលកំពុងតែសិក្សានៅសហរដ្ឋអាមេរិក ឱ្យមកទាក់ទងដើម្បីជួយសម្រួល បើសិនជាពួកគេជួបការលំបាកក្នុងការរៀបចំដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្នុងគ្រាដែលមានការឆ្លងរាលដាលយ៉ាងលឿននៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក។
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ចំណាត់ការនេះគឺដើម្បីគិតគូរដល់សុវត្ថិភាពជាចម្បងរបស់និស្សិតទាំងនោះ ដោយសារតែ«កន្លងមក ទាំងសាលា ក៏ដូចជា Sponsorមួយចំនួនបានសម្រេចបញ្ចប់វគ្គ/កម្មវិធីសិក្សា និងតម្រូវឱ្យសិស្ស-និស្សិតបរទេសត្រឡប់ទៅប្រទេសខ្លួនវិញឱ្យបានឆាប់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ដល់សិស្ស-និស្សិតទាំងនោះ ក៏ដូចជាដើម្បីជៀសវាងករណីការឃុំខ្លួននៅមួយកន្លែង ការរឹតត្បិតសេរីភាពដើរហើរ ឬការបិទជើងយន្តហោះជាដើម»។
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃច័ន្ទថា សេចក្តីជូនដំណឹងនេះមិនមែនជាការអំពាវនាវឱ្យនិស្សិតខ្មែរវិលត្រឡប់ទៅវិញទេ គឺស្ថានទូតគ្រាន់តែជួយសម្រួលដល់និស្សិតណា ដែលជួបប្រទះការលំបាក ពេលព្យាយាមវិលត្រឡប់ទៅវិញប៉ុណ្ណោះ ដោយសារតែមានក្រុមហ៊ុនយន្តហោះខ្លះបានផ្អាកការហោះហើរ។ ទន្ទឹមនឹងនោះ ក៏មានប្រទេសមួយចំនួនបានបិទមិនឱ្យយន្តហោះចូលផងដែរ។ ដូច្នេះ ស្ថានទូតនឹងខិតខំស្វែងរកជើងយន្តហោះណា ដែលអាចនឹងជួយដឹកនិស្សិតទាំងនោះត្រឡប់ទៅប្រទេសវិញបាន។
ស្ថានឯកអគ្គរាជទូតក៏បានអំពាវនាវដល់សិស្សនិស្សិតកម្ពុជា ដែលមានបំណងបន្តការស្នាក់នៅ ឬមិនអាចធ្វើដំណើរបាន ដោយសារតែហេតុផលផ្សេងៗឱ្យមានការប្រុងប្រយ័ត្ន ការពារខ្លួន និងជៀសវាងការជួបជុំគ្នា និងការចេញទៅក្រៅ ហើយឱ្យគោរពតាមបទបញ្ជា និងគោលការណ៍ណែនាំតាមរដ្ឋនីមួយៗដែលពួកគេស្នាក់នៅ។ ប៉ុន្តែ ស្ថានទូតមិនបានបញ្ជាក់ថា តើមាននិស្សិតប៉ុន្មាននាក់ នៅបន្តស្នាក់នៅទេ។
មន្រ្តីសុខាភិបាល៖ ពលរដ្ឋខ្មែរ៣៥នាក់វិលត្រឡប់ពីថៃត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា
ភ្នំពេញ —
ពលរដ្ឋខ្មែរដែលបានត្រឡប់ចូលកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យចំនួន៣៥នាក់ ក្នុងចំណោមអ្នកវិលត្រឡប់ជាង ១ម៉ឺន៥ពាន់នាក់ ត្រូវបានមន្រ្តីសុខាភិបាលធ្វើតេស្តរកវីរុសកូវីដ១៩ ខណៈពួកគេសម្រុកមកកម្ពុជាវិញ នៅពេលថៃបានចាប់ផ្តើមបិទច្រកព្រំដែន។ នេះបើយោងតាមលោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះ។
លោក កែវ សុភ័ក្ត្រា បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា មនុស្សចំនួន៣៥នាក់ ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានចូលមកកម្ពុជាវិញ កាលពីថ្ងៃច័ន្ទ ត្រូវបានយកសំណាកទៅធ្វើតេស្តរកវីរុសមួយនេះ។ លោកបន្តថា លទ្ធផលនៃការធ្វើតេស្តអាចនឹងប្រកាសនៅយប់ថ្ងៃអង្គារនេះ។
លោកមានប្រសាសន៍ថា៖ «អ្នកដែលមានកម្តៅក្នុងចំណោមដែលមកនេះ យើងឃើញមាន៣៥នាក់ហើយ ដែលយើងយកសំណាកផ្ញើទៅភ្នំពេញតាំងពីយប់មិញម៉្លេះ។ យប់នេះបែបដឹងហើយលទ្ធផល»។
មន្រ្តីសុខាភិបាលរូបនោះឲ្យដឹងថាពួកគេមានកម្តៅខ្ពស់ និងស្អកកជាដើម ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ និងមន្ទីរពេទ្យក្រុងប៉ោយប៉ែតនិងរង់ចាំលទ្ធផលនៃការធ្វើតេស្ត។
ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បានវិលត្រឡប់ចូលមកកម្ពុជាវិញពីប្រទេសថៃ តាមរយៈច្រកព្រំដែនប៉ោយប៉ែត កាលពីចុងសប្តាហ៍ បន្ទាប់ពីប្រទេសថៃបានប្រកាសបិទច្រកព្រំដែនចាប់ពីថ្ងៃច័ន្ទ ដើម្បីបង្ការការរាតត្បាតវីរុសកូវីដ១៩។ ការណ៍នេះធ្វើឲ្យមានការព្រួយបារម្ភអំពីលទ្ធភាពឆ្លងក្នុងប្រទេសកម្ពុជាកាន់តែច្រើន នៅពេលដែលពលរដ្ឋខ្មែរសម្រុកមកបែបនេះ។