ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

០៤:១៦ ២៤.៣.២០២០

ថៃបិទ​ច្រក​ព្រំដែន​ នាំ​ឲ្យ​ព្រួយ​បារម្ភលទ្ធភាពឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បន្ថែម​ទៀត

ភ្នំពេញ — រដ្ឋាភិបាល​ថៃ​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចាប់​ផ្តើម​បិទ​ច្រក​ព្រំដែន​កម្ពុជា​ថៃ​សំខាន់ៗ ដែល​នាំ​ឲ្យ​ពលករ​ និង​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ខ្ពស់​នៃ​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា។

បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ប្រទេស​ថៃ ច្រក​ព្រំដែន​សរុប​ចំនួន​១៩ ក្នុង​នោះ​មាន​ច្រក​ធំៗ​ចំនួន​២ ដូច​ជា​ច្រកអន្តរជាតិប៉ោយ​ប៉ែត និង​ច្រក​ល្បៀង​ចំនួន​១៧​ទៀត ត្រូវ​បិទ​ចាប់​ពី​ថ្ងៃ​ទី​២៣ មីនា ​ដល់​ថ្ងៃ​ទី​៥ ខែមេសា ដើម្បី​ទប់​ស្កាត់​នឹង​វីរុស​កូរ៉ូណា។ កាសែត​បាងកកប៉ុស្តិ៍លើក​ឡើង​ថា អ្នក​ធ្វើ​ដំណើរ​ និង​រថយន្ត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចូល ​និង​ចេញ​គ្រប់​ច្រក​ទាំង​នេះ​ទេ លើកលែង​តែ​រថយន្ត​ និង​រទេះ​ដឹក​អីវ៉ាន់ និង​អ្នក​បើក​រថយន្ត ដឹក​ទំនិញ​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ចន្ទនេះ អាជ្ញាធរ​របស់​ប្រទេស​ថៃ​បាន​រាយការណ៍​ថា​ខ្លួន​បាន​រក​ឃើញ​១២២​ករណី​ទៀត​នៃ​វីរុស​កូរ៉ូណា ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ឡើង​ដល់​៧២១​រហូត​មក​ដល់​ពេល​នេះ។

មុន​ថ្ងៃ​ចន្ទ​នេះ ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ​ជា​បន្ត​បន្ទាប់។

លោក ម៉េង ហ៊ុយ អាយុ​៤៣​ឆ្នាំ​ ជា​អាជីវករ​ម្នាក់​នៅ​ក្នុង​ផ្សាររ៉ុងក្លឿនៅ​ព្រំដែនថៃ​និង​កម្ពុជា មាន​ប្រសាសន៍​ថា លោក​ និង​ភរិយា បាន​ចាក​ចេញ​ពី​ផ្សារ​នេះ​ កាលពី​ថ្ងៃពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ពីការ​បិទ​ច្រក​ព្រំដែន។ លោក​មាន​ប្រសាសន៍​ថា ​លោក​ជឿជាក់ថា​លោក​ និង​ភរិយា ​មិន​មាន​ផ្ទុកវីរុស​កូរ៉ូណា​នោះ​ទេ ប៉ុន្តែ​លោក​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ពី​ទីក្រុង​បាងកក​នៃ​ប្រទេស​នេះ​។

លោក​បាន​ថ្លែង​ប្រាប់​VOAតាម​ទូរសព្ទ​ថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​តែ​អ្នក​ដែល​មក​ពី​បាងកក ឬ​ក៏​គាត់​មក​ពី​ខាង​ណា​ផ្សេងទៀត​ មកពី​ប្រទេស​ចិន​ឬថៃ​អ៊ីចឹង​ទៅ​ខ្លាច​គាត់​ចូល​មក។​ យើង​ព្រួយ​បារម្ភ​តែប៉ុណ្ណឹងទេ។ ប៉ុន្តែ​ដូច​គ្រួសារ​ខ្ញុំ មិន​ព្រួយ​បារម្ភ​ទេ ​ព្រោះ​ចេញ​ពេល​ព្រឹក ល្ងាច​ចេញ​មក​វិញ ហើយ​មាន​ការ​វាស់កម្តៅ​មានអី​ត្រឹម​ត្រូវ​ពីអាជ្ញាធរ​មូលដ្ឋាន​អ៊ីចឹង​ណា៎ ទាំង​ខាង​ថៃ​ និង​ខាងខ្មែរ»។

អានព័ត៌មានលម្អិត

០៤:១៤ ២៤.៣.២០២០

ជនជាតិ​បារាំង​ជាង​៣០​នាក់​ផ្ទុក​វីរុស​កូរ៉ូណា ដើរ​កម្សាន្ត​ខេត្ត​មួយ​ចំនួនមុន​ទៅ​ក្រុង​ព្រះ​សីហនុ

ក្រោយ​អ្នក​ទេសចរ​ជា​ជន​បរទេស​ចំនួន​៣១​នាក់​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅភ្នំពេញ​និង​ខេត្ត​ចំនួន​៣​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ឬ​កូវីដ-១៩ ​សមត្ថកិច្ច​បាន​និង​កំពុង​បន្តស្វែង​រក​អ្នក​ដែល​ទាក់ទង​ជាមួយ​ជន​បរទេស​ទាំង​នោះ។

កាល​ពី​យប់​ថ្ងៃ​អាទិត្យ ក្រសួង​សុខា​ភិបាល​កម្ពុជា​ប្រកាស​ថា​មនុស្ស​៣១​នាក់​ដែល​មាន​ជនជាតិ​បារាំង​២៩​នាក់​និង​បុរស​ខ្មែរ​២​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា។ ​ជនជាតិ​បារាំង​ទាំង​២៩​នាក់​ ដែលបាន​ធ្វើ​តេស្ត​និង​រក​ឃើញ​ថា​មាន​មេរោគ​កូរ៉ូណា​នោះ​ ជា​អ្នក​ទេសចរ​ជា​ក្រុម​ដែល​មាន​គ្នា​សរុប​ចំនួន​៣៦​នាក់។ ពួក​គេ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​តេស្ត​ ក្រោយ​ជនជាតិ​បារាំង​ពីរ​នាក់​ទៀត​ស្ថិត​ក្នុង​ក្រុមរបស់​ពួក​គេ​ធ្វើ​តេស្ត​មាន​មេរោគ​កូរ៉ូណា​កាល​ពី​ថ្ងៃ​សៅរ៍។ ចំណែក​បុរស​ជនជាតិ​ខ្មែរ​ពីរ​នាក់​នោះ​ជា​មគ្គុទេសក៍​ទេសចរណ៍។​

បើ​តាម​ក្រសួង​សុខាភិបាល ​អ្នក​ដែល​ផ្ទុក​មេរោគ​កូវីដ-១៩​ទាំង​៣៣​នាក់​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដែល​ពួក​គេ​បាន​ស្នាក់​នៅ​ពេល​មក​លេង​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ។

មគ្គុទេសក៍​ទេសចរណ៍​មួយ​រូប​លោក ​ហៃ ដែល​កំពុងផ្ទុកមេរោគ​កូវីដ-១៩​ប្រាប់ ​VOA​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​និង​មគ្គុទេសក៍​ម្នាក់​ទៀត​ព្រមទាំ​ង​ក្រុម​អ្នក​ទេសចរ​ទាំង​ជាង​៣០​នាក់​ កំពុង​ស្ថិត​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​គ្នា ​ក្នុង​សណ្ឋាគារ​តារា​ឯករាជ្យ​ដែល​ជា​សណ្ឋាគារ​អ្នក​ទេសចរ​ទាំង​នោះ​ស្នាក់​នៅ​ចុង​ក្រោយ។​ លោក​បន្ត​ថា ក្រុម​អ្នក​ទេសចរ​ជនជាតិ​បារាំងទាំង​នោះ​ គ្រោង​ហោះ​ពី​ប្រទេស​បារាំង​ ប៉ុន្តែ​ត្រូវ​ប្តូរ​ជើង​យន្ត​ហោះ​ដោយ​សារ​បារាំង​បិទ ហើយ​ពួកគេ​បាន​ហោះ​មក​ពី​ប្រទេស​អាល្លឺម៉ង់​ជំនួស​វិញ​ ដោយ​ប្តូរ​ជើង​យន្ត​ហោះ​នៅ​ប្រទេស​សិង្ហបុរី។​ ពួក​គេ​បាន​ស្នាក់​នៅ​ប្រទេស​ឡាវ​ពីរ​យប់​ មុន​នឹងបន្តដំណើរ​មក​ខេត្ត​សៀមរាប។​

អានព័ត៌មានលម្អិត

០៤:១៣ ២៤.៣.២០២០

ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាកើនឡើងដល់ ៨៧នាក់

នៅចុងសប្តាហ៍កន្លងទៅនេះ ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណា ឬកូវីដ១៩ ត្រូវបានរកឃើញលើអ្នកទេសចរជនជាតិបារាំងមួយក្រុម និងជនជាតិខ្មែរពីររូបនៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យកម្ពុជាប្រឈមនឹងករណីឆ្លងវីរុសនេះកាន់តែកើនឡើង។ គិតត្រឹមយប់ថ្ងៃច័ន្ទ ករណីឆ្លងសរុបនៅកម្ពុជាមានចំនួន ៨៧នាក់ ក្នុងនោះមានពលរដ្ឋកម្ពុជា ៣៥នាក់។ ភាគច្រើននៃករណីឆ្លងនេះ កើតឡើងនៅខេត្តព្រះសីហនុ កំពង់ចាម និងភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។

រដ្ឋាភិបាលកម្ពុជាបានបន្តសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ទល់ការឆ្លងវីរុសកូរ៉ូណានេះ ដែលត្រូវបានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ប្រទេសចិន។ ដោយសារកង្វះមន្ទីរពេទ្យព្យាបាល ជាពិសេសនៅតាមតំបន់ជនបទ នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានខេត្ត និងស្រុក ប្រែក្លាយសាលារៀនទៅជាមណ្ឌលថែទាំ និងព្យាបាលអ្នកជំងឺ ក្នុងករណីចាំបាច់។ ការអំពាវនាវនេះបានធ្វើឡើង ស្របពេលដែលពលករចំណាកស្រុកកម្ពុជារាប់ពាន់នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ត្រឡប់មកសហគមន៍របស់ខ្លួនវិញ បន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសបិទព្រំដែនរបស់ខ្លួន។

បន្ថែមលើនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានអំពាវនាវឲ្យមានការចូលរួមពីពលរដ្ឋកម្ពុជា ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានការឆ្លងវីរុសកូរ៉ូណាពីអ្នកដែលមានវីរុសនេះ ទៅកាន់បុគ្គលផ្សេងទៀតក្នុងសហគមន៍ ដោយប្រកាន់ខ្ជាប់នូវអនាម័យដៃ ជៀសវាងកន្លែងមានមនុស្សប្រមូលផ្តុំច្រើន បើនៅទីសាធារណៈ គួរនៅឆ្ងាយពីអ្នកដទៃយ៉ាងតិចណាស់ ១ម៉ែត្រ ហើយបើសង្ស័យថាឆ្លងវីរុសនេះ ត្រូវទាក់ទងទៅគ្រូពេទ្យជំនាញ៕

០១:៣២ ២១.៣.២០២០

ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាកើនដល់ ៥១នាក់ គិតត្រឹមថ្ងៃសុក្រ

គិតត្រឹមយប់ថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៤ថែមទៀត ដែលសរុបករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាបានកើនដល់ ៥១នាក់ ក្នុងនោះមានពលរដ្ឋកម្ពុជាចំនួន ៣១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងសុខាភិបាលកម្ពុជា។ ករណីឆ្លងថ្មី ៤នោះ ត្រូវបានរកឃើញលើជនជាតិម៉ាឡេស៊ី ១នាក់ នៅខេត្តកំពង់ចាម ជនជាតិខ្មែរ ១នាក់ នៅរាជធានីភ្នំពេញ និងជនជាតិខ្មែរ ២នាក់ នៅខេត្តបាត់ដំបង។

ក្នុងចំណោមពលរដ្ឋកម្ពុជាសរុប ៣១នាក់ ដែលឆ្លងវីរុសនេះ រួមមានពលរដ្ឋកម្ពុជា ២៥នាក់ដែលបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងស្ត្រី ២នាក់ ដែលជាភរិយារបស់បុរសដែលបានធ្វើដំណើរទៅម៉ាឡេស៊ី និងបុរសម្នាក់ ដែលមិនមានប្រវត្តិចេញទៅក្រៅប្រទេស ក៏ប៉ុន្តែបានចាប់ដៃផ្ទាលជាមួយនឹងបុគ្គលដែលបានវិលត្រឡប់មកសហគមន៍វិញ បន្ទាប់ពីបានធ្វើដំណើរទៅម៉ាឡេស៊ី។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG