ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២០:២២ ១៨.៣.២០២០

ការ​សិក្សា​បង្ហាញ​ថា មេរោគ​កូរ៉ូណា​ថ្មី​អាច​រស់​ក្នុង​ខ្យល់​បាន​ច្រើន​ម៉ោង និង​លើ​ផ្ទៃ​នានា​បាន​ច្រើន​ថ្ងៃ

មេរោគ​កូរ៉ូណា​ថ្មី​ដែល​បាន​ឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក គឺ​ជា​មេរោគ​ដែល​ឆ្លង​តាម​ទឹក​មាត់ ឬ​ក៏​វត្ថុរាវ​របស់​អ្នក​ជំងឺ ដែល​អាច​រស់នៅ​ក្នុង​ខ្យល់​អាកាស​បាន​ជា​ច្រើន​ម៉ោង និង​រស់នៅ​លើ​ផ្ទៃ​ណា​មួយ​បាន​ជា​ច្រើន​ថ្ងៃ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ដែល​អាច​ផ្ដល់​ជា​ការ​ណែនាំ​ជួយ​ដល់​មនុស្ស​ឲ្យ​ជៀសវាង​ការ​ឆ្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ COVID-19 នេះ។

អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡ៊ែកហ្ស៊ី និង​ជំងឺ​ឆ្លង ដែល​ជា​ផ្នែក​មួយ​នៃ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋ​អាមេរិក បាន​យក​វត្ថុរាវ​ដែល​ជាប់​មេរោគ​នេះ​ពី​អ្នក​ជំងឺ​ទៅ​ដាក់​លើ​ផ្ទៃ​នានា​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​ផ្ទះ ឬ​ក៏​មន្ទីរពេទ្យ។

ពួកគេ​បាន​ប្រើ​ឧបករណ៍​មួយ​ដើម្បី​បំបែក​វត្ថុរាវ​នោះ​ឲ្យ​ទៅ​ជា​ឧស្ម័ន​នៅ​ក្នុង​ខ្យល់ ដូច​ទៅ​នឹង​កម្ទេចកម្ទី​ទឹក​មាត់​តូចៗ​ដែល​បាន​មក​ពី​ការ​កណ្ដាស់ ឬ​ក៏​ក្អក​ដូច្នេះ​ដែរ។

បន្ទាប់​មក​អ្នក​វិទ្យាសាស្ត្រ​តាមដាន​មើល​ថា​តើ​មេរោគ​នេះ​អាច​នៅ​មាន​សមត្ថភាព​រស់នៅ​លើ​ផ្ទៃ​នានា​បាន​យូរ​ប៉ុណ្ណា។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ព្រឹត្តិប័ត្រ New England Journal of Medicine ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ការ​ធ្វើ​តេស្ដ​បាន​បង្ហាញ​ថា មេរោគ​នេះ​អាច​រស់នៅ​ក្នុង​ខ្យល់​បាន​យ៉ាង​តិច ៣ ម៉ោង ហើយ​អាច​ឆ្លង​ដល់​មនុស្ស​បាន។ នៅ​លើ​របស់របរ​ធ្វើ​ពី​ជ័រ ឬ​ធ្វើ​ពី​ដែក​ដែល​មិន​ច្រេះ មេរោគ​នេះ​អាច​រស់បាន​យ៉ាង​តិច ៣ ថ្ងៃ។ នៅ​លើ​ក្រដាស់​កាតុង មេរោគ​នេះ​អាច​រស់បាន​មិន​លើស​ពី ២៤ ម៉ោង។ ហើយ​នៅ​លើ​របស់របរ​ធ្វើ​ពី​ស្ពាន់ មេរោគ​នេះ​អាច​រស់បាន​តែ ៤ ម៉ោង​ប៉ុណ្ណោះ៕

១៩:០៤ ១៨.៣.២០២០

អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​ណែនាំវិធានការ​បង្ការ​ការ​ឆ្លងរាល​ដាល​វីរុស​កូវីដ​១៩

នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន ​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​ ណែនាំ​ស្ថាប័ន​ប៉ូលិស​នៅគ្រប់លំដាប់​ថ្នាក់​ដើម្បី​ទប់​ស្កាត់​និង​បង្ការការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ១៩ ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អាជ្ញាធរប៉ូលិសកម្ពុជា​ នៅពេល​កម្ពុជា​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ថែម​ទៀត។

​សេចក្តីណែនាំ​នៅថ្ងៃ​ពុធនេះ​បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​គោល​បំណង​ចូលរួម​បង្ការ​ និង​កាត់​បន្ថយ​ជា​អតិបរមា​នូវការ​ឆ្លងរាល​ដាល​វីរុស​កូវីដ១៩ ដែល​បាន​និង​កំពុង​គំរាម​កំហែង​ចំពោះ​សុខភាព​សាធារណ:​ និង​អាយុ​ជីវិត​របស់​មនុស្ស​ទូទៅជាសកល​រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងនោះ​ អគ្គ​ស្នងការ​នគរបាលជាតិ​សូម​ធ្វើការ​ណែនាំគ្រប់​នាយកដ្ឋាន​ អង្គភាព​ និង​ស្នងការ​នគរបាលជាតិ​រាជធានី ​ខេត្ត​ នូវ​វិធានការ​បង្ការ​ ការឆ្លងរាល​ដាល​វីរុស ​COVID-19 ​(កូវីដ​១៩)​ សំដៅ​ការពារ​ដល់​សុខមាលភាព​មន្ត្រី​នគរបាល​ជាតិ»។

អានព័ត៌មានលម្អិត

១៦:១៩ ១៨.៣.២០២០

ឥណ្ឌូនេស៊ី និង​វៀតណាម​តម្រូវ​ឲ្យបញ្ជាក់​សុខភាព មុន​នឹង​អនុញ្ញាត​ជន​បរទេស​រួម​មាន​កម្ពុជា ចូល​ប្រទេសខ្លួន

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​សម្រេច​ផ្អាក​ការ​លើក​លែង​ទិដ្ឋាការ​សម្រាប់​ជន​បរទេស​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ ខណៈ​វៀតណាម​បាន​តម្រូវ​ឲ្យ​ជន​បរទេស​ដែល​ទទួល​បាន​ទិដ្ឋាការ​លើក​លែង មាន​លិខិត​បញ្ជាក់​ថា​គ្មាន​វីរុស​កូរ៉ូណា ប្រសិន​បើ​ពួកគេ​ចង់​ចូល​ប្រទេស​របស់​គេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចុះ​ថ្ងៃ​ទី​១៨ ខែមីនា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ផ្អាក​មិន​ឲ្យ​ចូល​ប្រទេស​ឥណ្ឌូនេស៊ី​ជា​បណ្តោះ​អាសន្ន​ចំពោះ​ប្រទេស​ដែល​មាន​កិច្ច​ព្រម​ព្រៀងស្តី​ពី​ការ​លើក​លែង​ទិដ្ឋាការ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។

លិខិត​បញ្ជាក់​ថា ការ​អនុវត្ត​វិធាន​ការ​ខាង​លើ​នេះ ​រួម​បញ្ចូល​ទាំង​លិខិត​ឆ្លង​ដែន​ការ​ទូត និង​ផ្លូវ​ការ ហើយ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ខាងមុខ ដោយ​មាន​រយៈ​ពេល​១ខែ​ ឬ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី។

ស្ថាន​ទូត​កម្ពុជា​បាន​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​ឥណ្ឌូនេស៊ី​ជា​មុន​សិន ដោយ​ត្រូវ​ភ្ជាប់​លិខិត​បញ្ជាក់​សុខភាព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ទៅ​ជាមួយ​ផង។ចំណែក​រដ្ឋាភិបាល​វៀតណាម​ក៏​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ចូល​ទៅ​ប្រទេស​របស់​ខ្លួន​ដែរ។ លិខិត​របស់​ស្ថានទូត​កម្ពុជាប្រចាំ​នៅ​វៀតណាម​ ចុះ​ថ្ងៃ​ទី​១៨ ខែមីនា ផ្ញើ​ទៅ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម ក៏​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ជា​បណ្តោះ​អាសន្ន​ដល់​ជន​បរទេស​ទាំង​អស់​ចូល​វៀតណាម រយៈ​ពេល​៣០​ថ្ងៃ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ។ លិខិត​បញ្ជាក់​បន្ថែម​ថា អ្នកដែល​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​ រួម​មាន​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ ​COVID19 ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ដែល​ពួកគេ​រស់​នៅ​ ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ជា​មុន​ពី​អាជ្ញាធរ​វៀតណាម មុន​ពេល​មក​ដល់​វៀតណាម។

ករណី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​កើន​ដល់​៣៥នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែមីនា ឆ្នាំ​២០២០។ ក្នុង​ចំណោម​៣៥​នាក់​នោះ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២២នាក់។ ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ដែល​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​ពួកគេ​ចូល​រួម​ក្នុង​ពិធី​សាសនា​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រឡប់​មក​កម្ពុជា​វិញ។

លោកស្រី ឱ វ៉ាន់​ឌីន អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា​ក្រសួង​បាន​ធ្វើ​តេស្ត​មនុស្ស​សរុប​ចំនួន​១១១២​នាក់ ហើយ​ក្នុង​នោះ​៣៥នាក់​មាន​ផ្ទុក​វីរុស​នេះ៕

១១:២៥ ១៨.៣.២០២០

ករណី​វីរុស​កូរ៉ូណា​កើន​ដល់​៣៥នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែមីនា ឆ្នាំ​២០២០

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ពុធ​នេះបាន​ប្រកាស​ថា​ ជនជាតិ​ម៉ាឡេស៊ី​ ២នាក់​ទៀត​នៅ​ក្នុង​ខេត្ត​កែប បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ទៅ​ដល់​៣៥​នាក់។

ក្នុង​ចំណោម​៣៥​នាក់​នោះ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២២នាក់។ ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ដែល​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​ពួកគេ​ចូល​រួម​ក្នុង​ពិធី​សាសនា​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រឡប់​មក​កម្ពុជា​វិញ។

លោកស្រី ឱ វ៉ាន់​ឌីន អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា​ ក្រសួង​បាន​ធ្វើ​តេស្ត​មនុស្ស​សរុប​ចំនួន​១១១២​នាក់ ហើយ​ក្នុង​នោះ​៣៥នាក់​មាន​ផ្ទុក​វីរុស​នេះ។

លោកស្រី​បន្ត​ថា​ ស្ថានភាព​សុខភាព​របស់អ្នក​ផ្ទុក​វីរុសធម្មតា​ មិន​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក និង​ព្យាបាល៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG