ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ថា​ករណី​វីរុស​កូរ៉ូណា​កើន​ថែម​៤នាក់


មន្ត្រីសុខាភិបាលប្រចាំនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កំពុងពិនិត្យសីតុណ្ហភាពបុរសម្នាក់។ យោងតាមក្រសួងសុខាភិបាលកម្ពុជា​ មនុស្សជាង ១ពាន់នាក់​ត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ឬកូវីដ-១៩។ (រូបថតដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)
មន្ត្រីសុខាភិបាលប្រចាំនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កំពុងពិនិត្យសីតុណ្ហភាពបុរសម្នាក់។ យោងតាមក្រសួងសុខាភិបាលកម្ពុជា​ មនុស្សជាង ១ពាន់នាក់​ត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ឬកូវីដ-១៩។ (រូបថតដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន​ ៤នាក់​ថែម​ទៀត​ កាល​ពី​ថ្ងៃពុធ​ ដោយ​បាន​ធ្វើ​ឲ្យ​តួលេខ​សរុប​ក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ ៣៧នាក់។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាល។

នៅក្នុង​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា ការ​រក​ឃើញ​ថ្មី​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ចំនួន​២ករណី ​គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​ ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិធី​សាសនានៅ​ប្រទេស​ម៉ាឡេស៊ី និង​ចំនួន​២ ​ករណី​ទៀត​ គឺរក​ឃើញ​លើខ្លួន​បុរស​ជន​ជាតិ​ម៉ាឡេស៊ី។

«សរុប​ករណី​វិជ្ជមាន​វីរុស​កូវីដ១៩​ នៅ​ទូទាំង​ប្រទេស​ ត្រឹម​ថ្ងៃទី​១៨ ​ខែមីនា​ ឆ្នាំ​២០២០ ​ករណីវិជ្ជមាន​វីរុស​កូវីដ១៩ ​សរុប​ទាំងអស់​មាន​ចំនួន​៣៧នាក់​ ស្រី​២ ​នាក់ ​និង​ ប្រុស ​៣៥នាក់ ​ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់​ នៅ​ខេត្ត​ព្រះស៊ីហនុ​បាន​ជា​សះស្បើយ​ អង់គ្លេស​៣នាក់​ កាណាដា ១នាក់​ ប៊ែលហ្ស៊ិក​ ១នាក់​ បារាំង​ ២នាក់ ​ក្នុងនោះ​មាន​កូន​ប្រុស​បង្កើត​អាយុ ​៤ខែ ​ម៉ាឡេស៊ី​ ៥នាក់ ខ្មែរ​ ២៤នាក់​ ក្នុងនោះ​មាន​អ្នក​ដែល​វិល​ត្រឡប់​មកពី​(ចូលរួម)​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ២១​នាក់»។

ករណី​ទាំង​ ៤ចុង​ក្រោយ ​គឺ​ចំនួន ​២នាក់​រកឃើញ​នៅក្នុង​ខេត្ត​កំពត​ ជា​ពលរដ្ឋ​ម៉ាឡេស៊ី ​និង ត្បូងឃ្មុំ​ ២នាក់​ជា​ជនជាតិ​ខ្មែរ។​ ជន​ទាំង ​៤នេះ​ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ទាំងពីរ ដោយ​ត្រូវគេ​ដាក់​ឲ្យ​នៅដាច់​ដោយ​ឡែក។​ ជនជាតិ​ខ្មែរ​ទាំងពីរ​នេះ ​គឺជា​មនុស្ស​ពីរ​នាក់​ដែល​ស្ថិតក្នុង​ចំណោម​មនុស្ស​ ៧៩ ​នាក់​ ដែល​បាន​វិល​ត្រឡប់​មកពី​ចូលរួម​ក្នុង​ពិធី​សាសនា ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ទើបបាន​រក​ឃើញ​ចុង​ក្រោយ​ថា​វិជ្ជមាន​នៅម៉ោង​ ៨យប់​ ថ្ងៃទី​១៨ ​មីនា។

ប្រទេស​កម្ពុជា​ បាន​សម្រេច​បង្កើត​គណ:កម្មាការ​ថ្នាក់​ជាតិមួយ​ ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ជាប្រធាន​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា ​បន្ទាប់​ពីបាន​ដាក់​ចេញ​វិធានការ​ជាច្រើន​ ដូចជា​ហាមឃាត់​មិនឲ្យ​មន្ត្រី​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ ធ្វើ​តេស្ត​ជន​សង្ស័យ​ ធ្វើ​បច្ចុប្បន្នភាព​តួលេខ​ឆ្លង​កូរ៉ូណា ​បិទ​ KTV ​ក្លឹប​កំសាន្ត​ សាលារៀន​ សារមន្ទីរ​ទូទាំង​ប្រទេស ​ផ្តល់ការ​ណែនាំផ្សេងៗ​អំពី​វិធី​បង្ការ​និង​ការពារ​ មិន​ផ្តល់​ទិដ្ឋការ​ដល់​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន​៥​ ​ដែលកំពុង​មាន​ការ​រាលដាល​វីរុស​កូវីដ១៩​ ខ្លាំង​ជាង​គេ​លើ​ពិភព​លោក​ មិន​ចូល​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​ដូចជា ​បារាំង ​អ៊ីតាលី ​អេស្ប៉ាញ​ អាល្លឺម៉ង់​ និង​សហរដ្ឋ​អាមេរិក។

អង្គការ​សុខភាព​ពិភព​លោក ​WHO​ បាន​ប្រកាស​ថា ​វីរុស​កូរ៉ូណា​ជាជំងឺ​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ និង​រាត​ត្បាត​ជាសាកល​ ដោយ​ទទូច​ដល់​ប្រទេស​ក្នុង​ពិភពលោក​ រួមគ្នា​ទប់​ស្កាត់​ការរីក​រាល​ដាល​ ហើយប្រកាន់​យក​សកម្មភាព​ មិន​គ្រាន់​តែ​បង្ការ​ទេ​ តែ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ឲ្យ​បាន​ច្រើន និង​ដាក់ឲ្យ​នៅដាច់​ពីគេ​ឯង​ លើ​ជនមាន​វីរុស​កូវីដ​១៩​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ ដល់​ស្ថានភាព​អាក្រក់​ គ្រប់​គ្រង​លែ​ង​បាន។

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ពិភព​លោក​មាន​ប្រមាណ​ ៨ពាន់​នាក់ ​និងឆ្លង​ប្រមាណ​២សែន​នាក់ ហើយរហូត​មក​ទល់​ពេល​នេះ៕

XS
SM
MD
LG