ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​ណែនាំ​​​​​​​​វិធានការ​​​​​​​បង្ការ​ការ​ឆ្លងរាល​ដាល​វីរុស​កូវីដ​១៩


រូប​ឯកសារ៖ លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវត្តមានក្នុង មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន ​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​ ណែនាំ​ស្ថាប័ន​ប៉ូលិស​នៅគ្រប់លំដាប់​ថ្នាក់​ដើម្បី​ទប់​ស្កាត់​និង​បង្ការការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ១៩ ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អាជ្ញាធរប៉ូលិសកម្ពុជា​ នៅពេល​កម្ពុជា​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ថែម​ទៀត។

​សេចក្តីណែនាំ​នៅថ្ងៃ​ពុធនេះ​បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​គោល​បំណង​ចូលរួម​បង្ការ​ និង​កាត់​បន្ថយ​ជា​អតិបរមា​នូវការ​ឆ្លងរាល​ដាល​វីរុស​កូវីដ១៩ ដែល​បាន​និង​កំពុង​គំរាម​កំហែង​ចំពោះ​សុខភាព​សាធារណ:​ និង​អាយុ​ជីវិត​របស់​មនុស្ស​ទូទៅជាសកល​រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងនោះ​ អគ្គ​ស្នងការ​នគរបាលជាតិ​សូម​ធ្វើការ​ណែនាំគ្រប់​នាយកដ្ឋាន​ អង្គភាព​ និង​ស្នងការ​នគរបាលជាតិ​រាជធានី ​ខេត្ត​ នូវ​វិធានការ​បង្ការ​ ការឆ្លងរាល​ដាល​វីរុស ​COVID-19 ​(កូវីដ​១៩)​ សំដៅ​ការពារ​ដល់​សុខមាលភាព​មន្ត្រី​នគរបាល​ជាតិ»។

នៅក្នុង​សេចក្តី​ណែនាំ​ដដែល​នោះ ​លោក​ នេត សាវឿន​ បាន​បង្ហាញ​បទ​បញ្ជា​៧ចំណុច​ រាប់​បញ្ចូលទាំងការ​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​យល់ដឹង​ពីការ​ធ្វើ​អនាម័យ​លម្អិត​ ការត្រួត​ពិនិត្យ​ សុខភាពដល់​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​មុន​និង​ក្រោយពេល​បំពេញ​ការងារ​ ផ្អាក​កិច្ចប្រជុំ​ ការ​បណ្តុះបណ្តាល​ និង​ពិធីសំណេះ​សំណាលនានា ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅកាន់​លេខ​ទូរសព្ទ​១១៥​ នៅពេល​រកឃើញ​មន្ត្រីណាម្នាក់​ឬច្រើន​នាក់​ សង្ស័យ​ថាមាន​វីរុស​កូវីដ១៩ ​ត្រូវ​ណែនាំឲ្យ​មន្ត្រី​បន្ត​ផ្សព្វផ្សាយ​ដល់​ក្រុមគ្រួសារ​ដើម្បី​ចូលរួម​បង្ការ​ជំងឺឆ្លង​ និង​ចៀសវាង​ដំណើរ​កម្សាន្ត​ទៅក្រៅ​ប្រទេស​ ជាពិសេសប្រទេស​មាន​ហានិភ័យ​និង​ជាបម្រាម​របស់​រដ្ឋាភិបាល ​ពង្រឹង​ការ​អប់រំ​មន្ត្រី​ក្រោម​ឱវាទ​មិន​ត្រូវតក់​ស្លុតហួស​ហេតុ​ អំពី​ការរាល​ដាល​វីរុស​កូវីដ​១៩ ​ហើយនិង​បន្ត​ផែន​ការ​ពាក់ព័ន្ធ​ដែល​អនុវត្តន៍ប្រចាំ​ថ្ងៃ។

ក្រុម​មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​និយាយថា​ ចំនួន​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​ប្រទេស​កម្ពុជា​មានចំនួន​៣៥​នាក់​គិត​ត្រឹមថ្ងៃពុធ​នេះ ​ក្នុងពេល​ដែល​ពិភពលោក​មាន​ចំនួន​មនុស្ស​ស្លាប់​ប្រមាណ​៨ពាន់​នាក់​និង​ ឆ្លងជិត​២សែន​នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG