ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

០១:៥០ ១៨.៣.២០២០

រដ្ឋាភិបាលកម្ពុជាប្រកាសផ្អាកការប្រគុំតន្ត្រីនៅទូទាំងប្រទេស

បន្ទាប់ពីបិទសាលារៀន កន្លែងកំសាន្តដូចជារោងកុន និងខារ៉ាអូខេ រដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃអង្គារ ក៏បានចាត់វិធានការផ្អាកការប្រគុំតន្ត្រីនានា នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងប្រយុទ្ធនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបង្ហាញពីចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន ដែលងាយបង្កឲ្យមានការឆ្លងរាលដាលលឿន។

នៅកម្ពុជា ករណីឆ្លងសរុបបានកើនដល ៣៣នាក់ ក្នុងនោះរួមមានពលរដ្ឋកម្ពុជាចំនួន ២២នាក់ ដែលភាគច្រើនបានឆ្លងតាមរយៈការធ្វើដំណើរទៅក្រៅប្រទេស។ នៅទូទាំងពិភពលោក ប្រទេសជាង ១២០ កំពុងប្រឈមនឹងករណីឆ្លង ឬករណីស្លាប់ដោយសារវីរុសថ្មីមួយនេះ ដែលបង្កទៅជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ៕

២១:១៩ ១៧.៣.២០២០

ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ នៅកម្ពុជាកើនដល់ ៣៣នាក់

គិតត្រឹមយប់ថ្ងៃអង្គារនេះ ករណីឆ្លងវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ ដែលជាជំងឺរលាកដង្ហើមប្រភេទថ្មី បានកើនដល់ ៣៣នាក់ ក្នុងនោះ ២២នាក់គឺជាពលរដ្ឋកម្ពុជា បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយរកឃើញករណីវិជ្ជមានថ្មីចំនួន ៩បន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

៩ករណីថ្មីបន្ថែមនោះកើតមានលើពលរដ្ឋកម្ពុជាចំនួន ៦នាក់ ក្នុង ១នាក់នៅខេត្តសៀមរាប ២នាក់នៅរាជធានីភ្នំពេញ ១នាក់នៅខេត្តកំពង់ឆ្នាំង ១នាក់នៅខេត្តកោះកុង និង១នាក់ទៀតនៅខេត្តត្បូងឃ្មុំ។ ហើយក្នុងចំណោម ៩ករណីបន្ថែមនោះក៏បានកើតលើជនជាតិម៉ាឡេស៊ីចំនួន ៣នាក់ នៅខេត្តកែប។

ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកំពុងធ្វើកិច្ចការយ៉ាងសកម្មដើម្បីតាមដាន ស្វែងរក និងធ្វើតេស្តលើពលរដ្ឋដែលសង្ស័យថាអាចមានផ្ទុកវីរុសនេះ នៅក្នុងប្រទេស។ គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនលើស ១៨ម៉ឺនករណី សម្លាប់មនុស្សជាង ៧ពាន់នាក់ ក្នុងប្រទេសជាង ១២០៕

១៥:៤៦ ១៧.៣.២០២០

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បិទកន្លែង​កំសាន្តដូចជា​ខារ៉ាអូខេ និងរោងកុន

យោង​តាម​បទបញ្ជាពី​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក្រសួង​សុខាភិបាល បាន​ប្រកាស​នៅថ្ងៃត្រង់​នេះ ឲ្យ​មាន​ការ​បិទ​កន្លែង​កំសាន្ត​ដូចជាខារ៉ាអូខេ​ (KTV) និង​រោងភាពយន្ត​នៅ​ទូទាំង​ប្រទេស ​ចាប់​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០២០​ រហូត​ដល់ពេល​ជំងឺកូវីដ១៩ បាន​ធូរ​ស្រាល។​ ក្រសួង​បាន​ស្នើមន្ត្រីដែល​ធ្វើការ​នៅ​ស្ថាប័នពាក់ព័ន្ធ​ ធ្វើកិច្ចការងារ​នេះ​ «ឲ្យមានប្រសិទ្ធភាពខ្ពស់»​។​

នៅ​កម្ពុជា​ ស្ត្រី​បម្រើការ​នៅ​តាមកន្លែង​សេវាកម្សាន្ត​មាន​ច្រើន​ជាង​ ៣៨ ០០០ នាក់ (​តួលេខនៅឆ្នាំ២០១៧ របស់រដ្ឋាភិបាលកម្ពុជា) ​អាចនឹង​ត្រូវផ្អាក​ការងារ​ក្នុងរយៈកាលមួយដែល​ពុំទាន់មាន​ការកំណត់នៅ​ឡើយ។ ​

ស្រប​ពេលនេះ​ដែរ​ កម្មវិធី​ប្រចាំ​ឆ្នាំ​របស់​មហោស្រព​ភាពយន្តអន្តរជាតិកម្ពុជាលើកទី១០​ កំពុងប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​សុក្រ​សប្តាហ៍មុន រហូត​ដល់ថ្ងៃទី​ ២២​ ខែមីនា នៅ​តាម​រោង​ភាព​យន្តជិត​១០កន្លែង។ លោក​ ជា​ សុភាព ប្រធាន​មជ្ឈមណ្ឌល​បុប្ផា​ណា និង​ជា​អ្នកគ្រប់គ្រងមួយ​រូប​ ក្នុង​គណកម្មការរៀបចំ​កម្មវិធី​មហោស្រព​នេះ​ បាន​ឲ្យដឹងថា​ កន្លង​មកគណកម្មការ​បាន​សម្រេចចិត្ត​ផ្អាកការ​សម្តែងសិល្បៈមួយចំនួនក្នុង​កម្មវិធីមហោស្រព​ភាពយន្តនេះ​ រួច​ទៅហើយ ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការជួបជុំ​ តាំង​ពី​មុន​ពេល​ដែលក្រសួង​បាន​ប្រកាស​ការ​ផ្អា​កថ្ងៃត្រង់នេះ​។

លោក​មាន​ប្រសាសន៍ថា៖ «ប្រសិន​បើ​យើង​ពុំ​អាច​រក​ឃើញ​នូវ​វិធាន​ការ​ណា​មួយ​ដែល​អាច​បន្ថយ​ការ​ប៉ះពាល់​ដល់ដំណើរ​ការ​ [កម្មវិធីនានា​] ​នោះ​ទេ​ ហើយ​មានតែយន្តការ​ដែល​តម្រូវ​ឲ្យមានការ​ផ្អាក ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងការ​ឆ្លង​ការរីករាលដាល​នោះ​ យើង​ត្រូវតែគោរព​តាម​»​៕

១៥:២៨ ១៧.៣.២០២០

បច្ចុប្បន្ន​ភាព​នៃ​ការឆ្លង​កូវីដ​១៩​ នៅ​កម្ពុជា

ក្រសួង​សុខាភិបាល​ក៏បាន​ប្រាប់​ទៅពលរដ្ឋ​កម្ពុជា​ឲ្យ​ «រក្សាភាពនឹងនរ​» និង​ «ជឿទុកចិត្ត​លើវិធាន​ការ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩​ ​ របស់រាជរដ្ឋាភិបាល»​។

ពលរដ្ឋ​កម្ពុជា​ ១៦នាក់​ ហើយ​ដែល​បាន​ឆ្លង​វីរុស​កូវីដ​១៩​។ ទោះ​ជា​យ៉ាង​ណា​ ក្រសួង​នៅតែ​បញ្ជាក់​អះអាងថា «​មិនទាន់មានការ​រាតត្បាត​ក្នុង​សហគមន៍​របស់យើង​នៅឡើយ​ទេ​»​ ហើយ​ក្រសួងបន្ថែមថា​៖​ «​ករណីទាំងអស់សុទ្ធតែ​ជា​ករណី​នាំចូលពីក្រៅ​ប្រទេស​»។​ ពលរដ្ឋ​កម្ពុជាម្នាក់​ វ័យ​៣៨​ ឆ្នាំ​ ដែលនៅ​រស់នៅ​ខេត្តសៀមរាប​ បាន​ឆ្លងជំងឺ​កូវីដ​១៩ ពី​បុរស​ជនជាតិ​ជប៉ុន​ដែល​ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ នៅក្រុងសៀមរាប​។​ បុរស​កម្ពុជា​នោះ​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​ចំនួន​១០ថ្ងៃ ហើយ​មកទល់ថ្ងៃនេះ​។ ក្រសួងនៅ​ពុំ​ទាន់បានបញ្ជាក់ថា​បុរស​ជាសះ​ស្បើយ​ហើយឬ​នៅ​ទេ ត្រឹម​បញ្ជាក់​ថា​ ​បុរសនោះមាន​សុខភាព​ល្អ។

ក្នុងនោះ​មាន​តែ ១ករណី​ នៅ​ខេត្តព្រះសីហនុ​ទេ​ ដែល​ត្រូវបាន​ប្រកាស​ថា​ជាសះស្បើយ​។ បុរសជនជាតិ​ចិន​ ដែល​រកឃើញ​នៅ​ខេត្តព្រះសីហនុ​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា ក្រោយលោក​ធ្វើ​ដំណើរ​ពីទីក្រុង​វូហាន​ នៃ​ប្រទេសចិន មក​ខេត្តព្រះសីហនុ​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ស្រុកំណើតវិញ​។​

មកដល់ព្រឹក​នេះ​ មានរាជធានី​ និងខេត្ត​ ចំនួន​១០​ នៅ​ក្នុង​ប្រទេសកម្ពុជា​ ដែល​រកឃើញ​ការ​ឆ្លង​វីរុស​កូវីដ​១៩៖​ ខេត្ត​ព្រះសីហនុ (១ ករណី​) សៀមរាប​ (១ ករណី​) កំពង់ចាម (៣ ករណី​) ភ្នំពេញ (៧ ករណី​) ព្រះវិហារ​ (២​ ករណី​) បាត់ដំបង (៤​ ករណី​) បន្ទាយមាន​ជ័យ​ (២​ ករណី​)​ កំពង់ឆ្នាំង (២​ ករណី​)​ កំពត​ (១​ ករណី​)​ ត្បូង​ឃ្មុំ​ (១ ករណី​)​៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG