មេបញ្ជាការកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និយាយថា យោធាអាមេរិកទំនងជាអាចពាក់ព័ន្ធនឹងការវាយប្រហារផ្លូវអាកាសនៅក្នុងទីក្រុង Mosul ដែលសាក្សីនិយាយថាបានសម្លាប់ជនស៊ីវិលអស់ប្រហែល១០០នាក់កាលពីថ្ងៃទី១៧ខែមីនាកន្លងទៅនេះ។
លោកឧត្ដមសេនីយ៍ឯក Stephen Townsend ដែលជាមេបញ្ជាការដឹកនាំការវាយប្រហារប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទពីទីក្រុងបាកដាដកាលពីថ្ងៃអង្គារថា៖ «ដោយសារយើងវាយប្រហារទៅលើតំបន់នោះ ខ្ញុំគិតថា វាអាចទៅរួចដែលយើងបានធ្វើវា»។
លោក Townsend បានមានប្រសាសន៍ថា មេដឹកនាំយោធាអ៊ីរ៉ាក់ «ជឿជាក់» ថា ជនស៊ីវិលត្រូវបានក្រុមរដ្ឋឥស្លាមប្រមូលផ្តុំមុនពេលធ្វើការវាយប្រហារ ដែលអាចដើម្បីទាញក្រុមសម្ព័ន្ធមិត្តឲ្យជាប់អន្ទាក់ដើម្បីសម្លាប់ជនស៊ីវិល ឬក៏អាចប្រើប្រាស់មនុស្សជារបាំងការពាររបស់ក្រុមជ្រុលនិយម។
លោក Townsend បានមានប្រសាសន៍ទៀតថា៖ «យើងដឹងថា ក្រុមរដ្ឋឥស្លាមកំពុងវាយប្រហារពីតំបន់នោះ ពីអគារនោះ ហើយមានមនុស្សជាច្រើនដែលយើងឆ្ងល់ថាហេតុអ្វីបានជាពួកគេនៅទីនោះ។ ពួកគេមិនអាចនៅទីនោះ ទេបើសិនមិនត្រូវបានបង្ខំ»៕