ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគីធំ​បង្អស់​នៃគណបក្ស​កាន់​​អំណាច​​នៅ​ជប៉ុន​គាំទ្រលោក Suga ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី


រូបឯកសារ៖ លោក Yoshihide Suga រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

បើយោងតាម​ប្រពន្ធផ្សព្វផ្សាយ NHK របស់​ជប៉ុន ភាគី​ធំ​បង្អស់​របស់​គណបក្សប្រជាធិបតេយ្យ​សេរីនិយម​របស់​ជប៉ុនហៅ​កាត់ថា (LDP) គាំទ្រ​លោក Yoshihide Suga រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ក្លាយ​ជា​មេដឹក​នាំ​របស់​គណបក្ស និង​គាំទ្រ​លោក​យ៉ាង​ពេញ​ទំហឹង​ ក្នុង​តំណែង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។​

ដោយគណបក្ស​ LDP​ មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភាជាន់​ទាប មេដឹក​នាំ​គណបក្ស​រូប​នេះ​ទំនង​នឹង​ក្លាយ​ជានាយករដ្ឋមន្ត្រីជំនួស​លោក Shinzo Abe ដែលប្រកាស​លាលែងពី​ដំណែង ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ដោយ​សារ​បញ្ហា​សុខភាព​។

ប្រភពមួយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ​គណបក្ស LDP នឹង​បោះ​ឆ្នោត​ជ្រើសរើស​មេដឹក​នាំ​ នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា​។ លោក Suga មិន​ទាន់​ប្រកាសពី​បេក្ខភាព​របស់​លោក​ សម្រាប់​ដំណែង​នេះទេ ប៉ុន្តែ​បាន​ឲ្យ​តម្រុយថា លោក​មាន​បំណង​ឈរ​ឈ្មោះ​។ គណបក្ស LDP បើកកិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​សម្រេច​លើនិតិវិធីនៃ​ការ​បោះឆ្នោត។

​សេចក្ដី​រាយការណ៍​អំពី​ការ​គាំទ្រភាគ​ច្រើន​របស់​គណបក្ស​ LDP មក​លើ​រូប​លោក Suga នេះ​ ត្រូវ​បានធ្វើ​ឡើង​ បន្ទាប់​ពីប្រព័ន្ធ​ផ្សព្វផ្សាយបាន​រាយការណ៍​ពីការ​គាំទ្រ​នៃ​ក្រុម Hosoda​ ដ៏​មាន​ឥទ្ធិពល​ក្នុង​បក្ស​ LDP ដែល​ដឹក​នាំ​ដោយ​លោក Taro Aso ឧបកនាយករដ្ឋមន្ត្រី។

អគ្គលេខាធិការ​បក្ស LDP ដែលជា​បុរស​ដ៏​មាន​ឥទ្ធពលម្នាក់​នៅ​ក្នុង​បក្ស​នេះគឺលោក Toshihiro Nikai ក៏​គាំទ្រ​លោក Suga ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG