បណ្តាញសារព័ត៌មាននានារបស់ជប៉ុនរាយការណ៍ថា លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនឹងស្វះស្វែងរកការគាំទ្រដើម្បីស្នងតំណែងលោក Shinzo Abe សម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន។
គេរំពឹងថាលោក Suga នឹងប្រកាសនៅសប្តាហ៍នេះថា លោកនឹងស្វះស្វែងឱ្យបានកាន់មុខតំណែងជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលជាគណបក្សកាន់អំណាច។ បេក្ខជនដទៃទៀតដែលគេរំពឹងថានឹងប្រកួតយកតំណែងនេះដែរគឺរួមមានលោក Shigeru Ishiba អតីតរដ្ឋមន្ត្រីការពារជាតិ និងលោក Fumio Kishida អតីតរដ្ឋមន្ត្រីការបរទេស។
បើយោងតាមប្រព័ន្ធសភានិយមរបស់ប្រទេសជប៉ុន គណបក្សកាន់អំណាចជាអ្នកជ្រើសរើសបេក្ខជនម្នាក់ឱ្យកាន់តំណែងនាយករដ្ឋមន្ត្រី ហើយតាមធម្មតាគឺប្រធានគណបក្ស។
ការស្ទង់មតិមួយលើពលរដ្ឋទូទៅដែលរៀបចំដោយសារព័ត៌មាន Kyodo បង្ហាញថា ៣៤ ភាគរយនៃអ្នកដែលគេបានសួរចង់បានលោក Ishiba ជានាយករដ្ឋមន្ត្រីបន្ទាប់ ដោយលោក Suga នៅជាប់លំដាប់លេខពីរដោយដាច់ឆ្ងាយព្រោះទទួលបានការគាំទ្រចំនួន ១៤ ភាគរយ។ លោក Ishiba បានប្រកួតប្រជែងជាមួយនឹងលោក Abe ដើម្បីធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សកាលពីឆ្នាំ ២០១៨ ប៉ុន្តែមិនបានទទួលជោគជ័យ។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនិយាយថា លោក Suga ទំនងជានឹងទទួលបានការគាំទ្រច្រើនពីក្នុងចំណោមអ្នកតំណាងរាស្ត្ររបស់គណបក្ស ហើយលោកអាចនាំមុខគេប្រសិនបើការបោះឆ្នោតកំហិតត្រឹមក្រុមអ្នកតំណាងរាស្ត្រនិងមន្ត្រីគណបក្ស។
ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនេះនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញា។
លោក Abe បានប្រកាសលាឈប់ពីតំណែងកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺនៅមុខពេលផុតអាណត្តិដែលនឹងត្រូវមកដល់ក្នុងរយៈពេល ១ ឆ្នាំទៀត៕