ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​លោកស្រី Amy Klobuchar ជា​នរណា?


រូ​បឯកសារ៖ លោកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភានៃគណបក្ស​ប្រជាធិបតេយ្យប្រចាំរដ្ឋ Minnesota នៅក្នុងសវនាការសួរដេញដោលមួយនៅវិមានរដ្ឋសភាអាមេរិក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

លោកស្រី Amy Klobuchar បាន​ក្លាយ​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​ទៀត ដែល​បាន​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ លោកស្រី​គឺជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota ម្នាក់ ដែល​បាន​ជាប់​ឆ្នោត​ជា​លើក​ទី​៣​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ភ្លកទឹកភ្លកដី​នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិប្រធានាធិបតី​អាមេរិក កាលពី​ខែវិច្ឆិកា​ឆ្នាំមុន។

លោកស្រី Klobuchar អាយុ​៥៨ឆ្នាំ ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ការ​សម្រេច​កិច្ចការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ដោយ​មិន​ប្រកាន់​បក្ស។ កេរ្តិ៍ឈ្មោះ​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​នៅ​រដ្ឋ Minnesota។ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ លោក​ស្រី​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធ​សភា​ម្តង​ទៀត​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​៦០ភាគរយ នៅ​រដ្ឋ​ Minnesota។ កាលពី​ឆ្នាំ២០១៦ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​ចាញ់​ការ​បោះឆ្នោត​នៅ​ទីនោះ សម្រាប់​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​លោក។

ជាមួយ​គ្នានេះ លោកស្រី Klobuchar ក៏​ត្រូវបាន​ទទួល​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​អត្តចរិក​បើក​ចំហរ មាន​ហេតុផល​ត្រឹមត្រូវ និង​មាន​ឆន្ទៈ​ក្នុងការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​សេចក្តី​ព្រាងច្បាប់​ដែល​ឈរ​នៅ​កណ្តាល។ អត្តចរិក​របស់​លោក​ស្រី មាន​លក្ខណៈ​ខុសគ្នា​ពី​សមាជិក​ផ្សេងៗ​ទៀត​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចូលចិត្ត​តតាំង ​មាន​ទំនោរ​ខ្លាំង​លើ​ការ​កែទម្រង់ និង​ព្យាយាម​ប្រជែង​ដើម្បី​គ្រប់គ្រង​បក្ស។

នៅ​ព្រឹទ្ធសភា​អាមេរិក លោកស្រី Klobuchar បាន​ដឹកនាំ​កិច្ចខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់បន្ថយ​ថ្លៃ​ថ្នាំពេទ្យ ពង្រីក​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ និង​ការពារ​ឯកជនភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ លោកស្រី​ក៏​បាន​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ការពារ​អ្នក​ប្រើប្រាស់​ផង​ដែរ។

លោក​ស្រី Klobuchar បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សាធារណជន ដោយសារ​តែ​វិធីសាស្ត្រ​សួរ​សំណួរ​របស់​លោក​ស្រី នៅក្នុង​សវនាការ​សួរ​ដេញដោល​លោក Brett Kavanaugh បេក្ខជន​តែងតាំង​ជា​ចៅក្រម​នៃ​តុលាការ​កំពូល​អាមេរិក ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​ការ​បំពាន​ផ្លូវភេទ។ លោកស្រី Klobuchar បាន​សួរ​លោក Kavanaugh ថា លោក​ធ្លាប់​មិនដឹង​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​ នៅ​ពេល​ស្រវឹង​ដែរ​ឬ​ទេ។ ​លោក Kavanaugh បាន​ឆ្លើយ​ទាំង​កំហឹង​ថា «‍ចុះ​លោកស្រី​វិញ ធ្លាប់​ដែរ​ទេ?» លោកស្រី Klobuchar ក៏​ឆ្លើយ​វិញ​ថា «‍ខ្ញុំ​មិន​ដែល​មាន​បញ្ហា​ជាមួយ​គ្រឿង​ស្រវឹង​ទេ»។ ក្រោយមក លោក Kavanaugh ក៏​បាន​សុំទោស​លោកស្រី។

រូបឯកសារ៖ លោកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ចាកចេញពីបន្ទប់ប្រជុំមួយនៅសេតវិមាន ​រដ្ឋធានី​វ៉ាស៊ីនតោន ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ចាកចេញពីបន្ទប់ប្រជុំមួយនៅសេតវិមាន ​រដ្ឋធានី​វ៉ាស៊ីនតោន ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី Klobuchar មាន​ជំនាញ​ច្រើន​ ដោយសារ​បទពិសោធន៍​ការងារ​ជា​រដ្ឋ​អាជ្ញា​ជា​ច្រើន​ឆ្នាំ​របស់​លោកស្រី​នៅ​រដ្ឋ​ Minnesota។ លោកស្រី​បាន​ធំដឹង​ក្តី​នៅ​តំបន់​ជាយ​ក្រុង​ Minneapolis ហើយ​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Yale University និងសាកលវិទ្យាល័យ​ University of Chicago ផ្នែក​ច្បាប់។ លោកស្រី​បាន​ធ្វើការ​ជា​មេធាវី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅ​ទីក្រុង Minneapolis រហូត​ដល់​ពេល​ដែល​លោកស្រី​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​រដ្ឋ​អាជ្ញា​ប្រចាំ​ស្រុក​ដែល​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​ជាង​គេ​បង្អស់​នៅ​រដ្ឋ​ Minnesota។ ឪពុក​របស់​លោកស្រី គឺជា​អ្នក​សារព័ត៌មាន ហើយ​ម្តាយ​របស់​លោកស្រី​គឺជា​គ្រូបង្រៀន​សិស្ស​បឋម​សិក្សា។

លោកស្រី​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធ​សភា​លើក​ដំបូង​កាលពី​ឆ្នាំ​២០០៦ ដោយ​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ប្រចាំ​រដ្ឋ Minnesota។ លោកស្រី​ត្រូវបាន​ជ្រើស​តាំង​ឲ្យ​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ជា​លើក​ទី២នៅ​ឆ្នាំ​២០១២ និង​លើក​ទី៣​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ។

លោកស្រី Klobuchar គឺជា​សមាជិក​ព្រឹទ្ធសភា​ទី​៥ ដែល​បាន​សម្រេច​ចិត្ត​ចូល​ប្រកួត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ។ បេក្ខជន​៤នាក់​ផ្សេង​ទៀត​រួមមាន លោកស្រី Elizabeth Warren មកពី​រដ្ឋ Massachusetts លោកស្រី Kirsten Gillibrand មកពី​រដ្ឋ New York លោកស្រី Kamala Harris មកពី​រដ្ឋ California និង​លោក Cory Booker មកពី​រដ្ឋ​ New Jersey។ លោកស្រី Klobuchar ក៏​ជា​ស្ត្រី​ទី៥ ដែល​ចូល​ប្រកួត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ផងដែរ បន្ទាប់​ពី​លោកស្រី Tulsi Gabbard មកពី​រដ្ឋ Hawaii បាន​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

អ្នក​ជំនាញ​ខាង​នយោបាយ​អាមេរិក ឲ្យ​ដឹង​ថា បេក្ខជន​ជិត​២០នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

នៅក្នុង​ឱកាស​ប្រកាស​បេក្ខជនភាព​របស់​លោកស្រី​ដែល​មាន​មនុស្ស​កកកុញ លោកស្រី Klobuchar សង្ឃឹម​ថា ទីកន្លែង​កំណើត​របស់​លោកស្រី​នៅ​តំបន់​ខាងកើត​ភាគកណ្តាល​អាមេរិក ដែល​ហៅ​ថា Midwest នឹង​ជួយ​ឲ្យ​លោកស្រី​លេចធ្លោ។ តំបន់ Midwest នេះ អាច​ដើរ​តួនាទី​ដ៏​សំខាន់​មួយ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ដោយសារ​តែ​តំបន់​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ជ័យ​ជម្នះ​របស់​លោក ត្រាំ មកពី​គណបក្ស​សាធារណរដ្ឋ​កាលពី​ឆ្នាំ​២០១៦។ ក្នុង​រយៈពេល​ច្រើន​ទសវត្ស​មក​ហើយ​ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​បាន​គាំទ្រ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ ពលរដ្ឋ​នៅ​រដ្ឋ Michigan និង​រដ្ឋ Wisconsin នៃ​តំបន់ Midwest នេះ បាន​ប្តូរ​ទៅ​បោះឆ្នោត​ឲ្យ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចាត់ទុក​រដ្ឋ​ទាំងពីរ​នេះ​ជា​អាទិភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​សំឡេង​ឆ្នោត​គាំទ្រ​ឡើង​វិញ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG