ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​មហាសេដ្ឋី Starbucks ​លោក​ Howard Schulz ​អាចឈរឈ្មោះ​នៅ​យុទ្ធនាការ​ឆ្នាំ​២០២០ឬ​ទេ


អតីត​នាយក​ប្រតិបត្តិ Starbucks លោក​ Howard Schultz ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​របស់​លោក​«From the Ground Up»​ ក្នុង​ទីក្រុង​ Seattle ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៩។
អតីត​នាយក​ប្រតិបត្តិ Starbucks លោក​ Howard Schultz ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​របស់​លោក​«From the Ground Up»​ ក្នុង​ទីក្រុង​ Seattle ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៩។

មហា​សេដ្ឋី​ដែល​មាន​សមត្ថភាព​និង​មាន​ឆន្ទៈផ្គត់​ផ្គង់​ថវិកា​ខ្លួនឯង​សម្រាប់​យុទ្ធនា​ការ​បោះឆ្នោត​ជាតិ​ ​លោក​​ Schultz ​អាច​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​លើ​ការ​ប្រកួត​ប្រ​ជែង​ការ​បោះឆ្នោត​ប្រធានា​ធិបតី ​ទោះ​បី ឱកាស​​ពិត​ប្រាកដ​របស់​លោកដើម្បី​ទទួល​​បាន​ជ័យ​ជម្នះ ​ហាក់​ដូចជា​មាន​តិចតួច​ក៏​ដោយ។

ពួក​គណបក្ស​ប្រជាធិបតេយ្យ ​ភ័យ​ខ្លាច​ថា បេក្ខភាព​របស់គណ​បក្សឯករាជ្យ ​អាច​ជួយ​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​ជាប់​ឆ្នោត​ម្តង​ទៀត។ការ​បង្ហាញ​ឲ្យ​ដឹង​ពី​បេក្ខភាព​របស់​លោក Howard Schultz មហា​សេដ្ឋីកាហ្វេ Starbuck នៅ​សប្តាហ៍​មុន​នេះ​ថា ​លោក​កំពុង​ពិចារណា​ពី​ការ​ឈរឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេ​រិក​ឯករាជ្យ​បាន​បន្ថែមរបត់​មិន​រំពឹង​ទុក​មួយ​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​នឹង​ចាប់​ផ្តើម​នៅឆ្នាំ​២០២០។

ការ​ចូលរួម​ដែល​គ្រាន់​តែ​ជា​ការ​ស្ទង់មើល​របស់​លោក Schultz នៅ​ក្នុង​ការ​ប្រកួត​ប្រ ជែង ​បាន​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​នៅទូទាំង​ប្រទេស។ ការ​ប្រកាស​របស់​លោក​បាន​ធ្វើឲ្យ​មាន​ការយក​ចិត្តទុកដាក់ពី​អ្នកមាន​ជម្រើសចំពោះ​ប្រព័ន្ធ​គណបក្ស​ទាំង២។ការ​ប្រកាស​នោះ​ក៏​បាន​ធ្វើឲ្យ​មានការ​ចំអក​មើល​ងាយ​ភ្លាម​ៗ​របស់​ពួក​អ្នក​នយោបាយ​ជើងចាស់​ដែល​មើល​ឃើញលោកថា ​ជា​អ្នក​ដែល​មាន​វោហា​សាស្រ្ត​តែ​ប៉ុណ្ណោះ។ ​ការ​ណ៍ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត ​ការ​ប្រ​កាស​នេះ ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ចំណោមគណបក្ស​ប្រជា​ធិបតេយ្យ​ជា​ច្រើន ​ដែល​ព្រួយ​បារម្ភ​ថា ​ការ​ស្វះស្វែង​ឈរឈ្មោះ​របស់​លោកនៅ​ទី​បញ្ចប់ ​អាច​ដណ្តើម​យក​សន្លឹក​ឆ្នោត​ពីអ្នកបាន​ទទួល​ការ​តែងតាំង​ជាបេក្ខជន​ប្រធានា​ធិបតី​ចេញពី​គណ​បក្សខ្លួន ​ដោយផ្តល់​ឲ្យ​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ នូវឱកាស​ជាប់​ឆ្នោត​ប្រធានា​ធិបតី​ម្តងទៀត ​ថ្វីបើ ​លោក​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុងការ​ស្ទង់​មតិ​ក៏ដោយ។

លោក Schultz ដែលមាន​អាយុ​ ៦៥​ឆ្នាំ​មាន​ដើម​កំណើត​មក​ពី​សង្កាត់ Brooklyn ទីក្រុង​ញូវយ៉ក ​បាន​រក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​តំបន់​ឆ្នេរ​ខាង​លិច​សហរដ្ឋ​អាមេរិក​ដោយ​បាន​ប្រែក្លាយ​ហាង​កាហ្វេ​តូច​មួយ​នៅ​ទីក្រុង Seattleរដ្ឋ​វ៉ាស៊ីនតោន​ឲ្យក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ដែល​មាន​សាខា​គ្រប់​ទី​កន្លែង​ដោយ​មាន​ហាង​ជាង​២ម៉ឺន​៨ពាន់​កន្លែង​នៅ​ទូទាំង​ពិភព​លោក។

ក្នុង​អំឡុង​ពេលជាមួយ​គ្នា​នេះ ​លោក​បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ទុក​ចិត្ត​បាន​មួយ​ដល់​គណ​បក្ស​ប្រជាធិបតេយ្យ ​ដោយបាន​ហៅ​ខ្លួន​លោក​ថា «ជា​អ្នក​ប្រជាធិបតេយ្យ​មួយ​ជីវិត»។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ការណ៍​នេះ​បាន​ផ្លាស់​ប្តូរ។

នៅ​ក្នុងការ​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​ភ្លាម​ៗ ​លោក​ Schultz បាន​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​នយោបាយសំខាន់​ៗ​ទាំង​២​នេះ​។​ លោកទទូច​ថា ​ពល​រដ្ឋ​អាមេរិកាំង​ភាគ​ច្រើន មិន​បាន​ទទួល​ទទួល​ប្រយោជន៍​ពី​ពួក​គណបក្ស​សាធារណរដ្ឋ​ស្តាំ​និយម​ជ្រុល​និង​ពួកគណបក្ស​ប្រជា​ធិបតេយ្យ​ឆ្វេង​និយម​ជ្រុលទេ។

ខណៈ​ដែល​លោក Schultz មិន​ទាន់​បញ្ចេញ​សេចក្តី​លម្អិត​នៃ​សំណើ​គោល​នយោបាយ ​លោកទំនង​បង្ហាញ​គោល​ជំហ​កណ្តាល ​ដោយ​យល់​ស្រប​ជាមួយ​ពួក​គណបក្ស​សាធារណរដ្ឋ​លើ​បញ្ហា​សេដ្ឋ​កិច្ច​និង​សារពើ​ពន្ធ ក៏​ប៉ុន្តែ ​បាន​យល់​ស្រប​ជាមួយ​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​លើ​បញ្ហា​សង្គម​ជា​ច្រើន។

លោក​បាន​ប្រកាស​ប្រឆាំង​ដោយ​ការ​ខឹង​សម្បាដល់​សំណើមក​ពី​ពួក​គណបក្ស​ប្រជា ធិបតេយ្យ​ល្បីៗ​ដើម្បី​ពង្រីក​កម្មវិធី​ថែទាំ​សុខភាព Medicareសម្រាប់​ពល​រដ្ឋ​អាមេរិ កាំង​ទាំងអស់ ​ហើយ​បង្កើន​ពន្ធ​លើ​ពួក​អ្នកមាន​ដោយ​ការបង្កើន​អត្រា​ពន្ធខ្ពស់​លើ​អ្នក​ដែល​មានប្រាក់​ចំណូល​ច្រើនបំផុតឬ​យក​ពន្ធ​លើ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៅ​នឹង​ការយក​ពន្ធ​លើ​ប្រាក់​ចំណូល។

ក្នុង​ការ​បង្ហាញ​ខ្លួន​នៅលើ​កញ្ចក់​ទូរទស្សន៍​ខ្សែកាប​ CNN ​លោក​បាន​ច្រាន​ចោល​គំនិត​ការថែទាំសុខភាព Medicare ថា «មិនមែន​ជា​អាមេរិក»។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ស្ថានីយ​វិទ្យុ National Public Radio ឬ(NPR) លោក​បាន​ហៅផែនការ​យក​ពន្ធ​ដារ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថា «ជា​ការគួរ​ឲ្យ​អស់​សំណើច»។

លើ​បញ្ហា​ជា​ច្រើន​ដែល​បាននាំ​ឲ្យសង្គ្រាម​វប្បធម៌​បន្ត​មាន​ឡើង​នៅ​ក្នុង​ប្រទេស ​លោក Schultz បាន​ប្រកាន់​ជំហរគាំទ្រ​អតីត​គណបក្ស​របស់​លោក​យ៉ាង​ពេញ​ទំហឹង។លោក​នៅតែពេញចិត្តសិទ្ធិ​នៃ​ការ​ពន្លូត​កូន​និង​ការរៀបការ​មនុស្ស​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​ហើយ​បាន​និយាយគាំទ្រការរឹត​បន្តឹង​ច្បាប់​ប្រើ​កាំភ្លើង។ លោក​ក៏គាំទ្រការឆ្ពោះ​ទៅកាន់​ការ​ចូល​សញ្ជាតិ​សម្រាប់​ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ក្រដាស​ស្នាម ​និង​ការ​ចាត់​វិធានការ​ដ៏ខ្លាំង​ដើម្បី​ទប់​ទល់​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។

ការ​ចាប់​ផ្តើម​របស់​លោក Schultz គឺ​ថា គោលជំហ​នយោបាយ​ចម្រុះ​របស់​លោក​ ​នឹងធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍ទៅ​ដល់​អ្វី​ដែល​លោក​បាន​ចាត់​ទុក​ម្តងហើយ​ម្តងទៀត​ថា​ជា«សំឡេងស្ងប់ស្ងាត់ភាគ​ច្រើន»​របស់​ពួក​អ្នក​បោះឆ្នោត​ឯករាជ្យ​ដែល​មិនពេញ​ចិត្ត​គណ​បក្ស​សំ​ខាន់​ទាំង២​ហើយ​ដែល​ចង់​បាន​បេក្ខជន​ឯករាជ​ដើម្បី​គាំទ្រ។

ក៏ប៉ុន្តែ ​ការ​វាយ​តម្លៃក្រុមប្រតិភូ​អ្នក​បោះឆ្នោត​អាមេរិកាំង​នេះ​មិន​បាន​ទទួល​ការ​យល់​ស្រប​ពី​ពួក​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ទេ។ ខណៈ​ដែល​ពួក​អ្នក​បោះ​ឆ្នោត​៤០​ភាគរយ ​ចាត់​ទុក​ខ្លួនឯងថាជា​អ្នកឯករាជ្យ ​ការ​សិក្សាមួយ​ហើយ​មួយ​ទៀត​បាន​បង្ហាញ​ថា ​ពួក​គេភាគ​ច្រើន​លើស​លប់ប្រាកដ​ជា​ពេញ​ចិត្តយ៉ាង​ខ្លាំង​ចំពោះ​គណ​បក្សមួយ​ឬ​គណ​បក្ស​ណាមួយ​ផ្សេង​ទៀត។

លោក Kyle Kondik ជា​និពន្ធ​ចាត់ចែង​ព្រឹត្តិបត្តិ​ព័ត៌មាន Sabato’s Crystal Ball នៃ​មជ្ឈ​មណ្ឌលនយោបាយ​នៅ​ឯ​សាកល​វិទ្យា​ល័យ Virginia បាន​និយាយថា៖

«ការ​គិត​ផ្សេងពី​នេះ​ជា​ភាពល្ងង់​មួយ​មិន​គួរឲ្យ​ជឿ។ ការណ៍​នេះ​បង្ហាញពីការ​យល់​យ៉ាង​ស្រួលបំផុត​ពីពួក​អ្នក​បោះ​ឆ្នោត​អាមេរិកាំង។ មាន​សក្តា​នុពល​សម្រាប់​មនុស្ស​ដូចជា​លោក Schultz។ ក៏ប៉ុន្តែ ​នេះ​ជា​មាគ៌ា​ទៅ​កាន់​ជ័យ​ជម្នះ​ឬ? ការណ៍​នេះ​ការ​ពិបាក​មួយ​សម្រាប់​ខ្ញុំ​ដើម្បី​នឹក​ស្រម័យ»។

តាមការ​ពិត ​ក្រុម​អ្នក​ធ្វើ​អត្ថាធិប្បាយ​និង​គណបក្ស​ទាំង២ ​បានផ្តោត​យក​ចិត្ត​ទុក​ដាក់​តិច​តួច​លើលោក Schultz ជា​បេក្ខជន​ប្រធានា​ធិបតីដែល​មាន​សក្តានុពល​ ក៏ប៉ុន្តែ ជា​កម្លាំងរំខាន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​អ្វី​ដែលនឹងស្ទើរ​តែ​ប្រាកដ​ថា​ ជា​ការ​បោះ​ឆ្នោត​ដែល​មាន​ឈ្លោះ​ប្រកែក​គ្នាយ៉ាង​ខ្លាំង។

លោក Seth Masket នាយក​មជ្ឈមណ្ឌល​ស្តីពី​នយោបាយ​អាមេរិកាំង​នៅឯ​សា​កល​វិទ្យា​ល័យDenverបាន​និយាយ​ថា៖

«វត្តមាន​របស់​លោក​នៅ​ក្នុង​ការ​ការ​ប្រ​កួត​ប្រជែង​នេះ បន្ថែម​ភាព​មិន​ប្រាកដ​ប្រជា»។

លោក Masket បាន​និយាយ​បន្ត​ទៀត​ថា៖

«លោក​មានឱ​កាស​បន្តិចបន្តួច​ដើម្បី​ឈ្នះការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០ ​ក៏ប៉ុន្តែ លោក​មាន​ក្តី​សង្ឃឹម​ខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។​ ប្រសិនបើ វា​នឹង​ក្លាយជា​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ម្តងទៀត​ដែល​មានការ​ប្រកៀក​ប្រកិត​គ្នា ហើយ​ខ្ញុំសន្មត​ជាមុន​ថា សន្លឹក​ឆ្នោត​របស់​លោក អាច​មាន​ការប្រែ​ប្រួលរវាង​ការ​ជាប់​ឆ្នោត​ម្តងទៀត​របស់​លោក​ត្រាំ​និង​ការ​បរាជ័យ»។

លោក Schultz បាន​និយាយថា ​លោក​មិនមាន​បំណង​ជួយប្រធានា​ធិបតី​កំពុង​កាន់​អំណាច​ទេ។

លោក Schultz​ បាន​ប្រាប់​ទូរទស្សន៍​ខ្សែកាប CNN កាល​ពី​ថ្ងៃ​ពុធ​ថា៖

«​ខ្ញុំ ​នឹង​មិន​ធ្វើ​ឲ្យខ្លួន​របស់​ខ្ញុំក្លាយ​ជា​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​លោក​ត្រាំ​ជាប់​ឆ្នោត​ម្តងទៀត​ទេ»។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោក​បាន​ផ្តល់​សញ្ញា​យ៉ាង​ខ្លាំងថា បើ​គណ​បក្ស​ប្រជា​ធិបតេយ្យ ​ងាក​ទៅ​បេក្ខជន​ឆ្វេង​និយម​ដូចជា​សមាជិក​ព្រឹទ្ធសភារដ្ឋ​Massachusetts លោក​ស្រី Elizabeth Warren ឬ​សមា​ជិ​កព្រឹទ្ធសភា​លោក Bernie Sanders នៃ​រដ្ឋ Vermont ​មាន​បំណង​ចាប់​ផ្តើម​យុទ្ធនាការ​ឯករាជ្យនឹងគ្មាន​នរណា​នឹង​ទប់​លោក​បាន​ទេ។

បើសិន ​លោក​ធ្វើ​ការ​សម្រេច​ដើម្បី​តាំងចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រកួត​ប្រជែង​សម្រាប់មុខតំណែងប្រធានា​ធិបតី លោក Schultz នឹង​ចូលរួម​ក្នុង​បញ្ជី​យ៉ាង​វែង​របស់​អ្នក​ខាង​ក្រៅ​ដែល​បាន​ស្វះ​ស្វែងបង្អាក់​ប្រព័ន្ធ​គណបក្ស​២​ដែល​បាន​ត្រួត​ត្រា​នយោ បាយ​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​ស៊ីវិល​មក។

​បេក្ខជន​ទាំង​នោះ ​បានមក​ពីគ្រប់​ស្រទាប់​នយោបាយ​និង​សង្គម​ទូទាំង​ប្រទេស ​ក៏ប៉ុន្តែ ក្នុង​ប្រវត្តិ​សាស្រ្ត​កាល​ពីពេល​ថ្មី​ៗ​នេះ ពួកគេមាន​មាន​ចំណុច​រួម​មួយ​គឺ មើល​ងាយ​ការ​បរាជ័យ​នៃ​ប្រព័ន្ធ​បោះឆ្នោត​នេះ។

​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​ហើយ​ចាប់​តាំងពី​បេក្ខជន​ម្នាក់​ដែល​មិន​តំណាង​ឲ្យ​គណ​បក្ស​មួយ​នៃ​គណបក្ស​សំ​ខាន់​ទាំង​២​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​ឈ្នះ​នៅក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ សូម្បីតែ​សំឡេង​ប្រតិភូ​មួយ​ក៏​គ្មាន​ដែរ។

នៅ​ឆ្នាំ​១៩៦៨ លោក George Wallace និង​គណបក្សឯករាជ​អាមេរិកាំងដែល​បាន​ឈរ​ឈ្មោះ​ផ្អែកលើ​គោល​នយោបាយ​ការបំបែក​ជាតិ​សាសន៍​ឲ្យ​នៅដោយ​ឡែក ទទួល​បាន​ប្រតិភូ​ចំនួន៤៦។ (បេក្ខជន​គណបក្ស​សេរីនិយម ​បាន​ទទួល​ប្រតិភូមួយ​នៅ​ឆ្នាំ​១៩៧២ ​ក៏ប៉ុន្តែ ​លោក​មិនបាន​ឈ្នះ​ទេ។ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​បាន​ទទួល​សន្លឹក​ឆ្នោត​ពី​អ្នក​ដែល​ត្រូវ​បោះឆ្នោត​ឲ្យ​លោក Richard Nixon បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ)។

បេក្ខជនឯករាជ​ដែល​បាន​ទទួល​ជោគជ័យ​បំផុត​ចាប់​តាំង​ពី​លោក​ Wallaceមកដូច​ជា​លោក Schulz ដែល​ជា​មហាសេដ្ឋីផ្តល់​ថវិការ​បោះឆ្នោត​ខ្លួនឯង។ លោក H.Ross Perot ពាណិជ្ជករ​រដ្ឋតិច​សាស ​បាន​ទទួល​សន្លឹក​ឆ្នោត​ប្រហែល​១៩​ភាគ​រយ​នៅ​ឆ្នាំ​១៩៩២ ​ការណ៍​នេះ ​មិនល្មម​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​លោក​ទទួលបាន​ប្រតិភូ​មួយ​ទេ។

ក៏ប៉ុន្តែ ការសំខាន់​មិន​ត្រូវ​ច្រឡំការ​មិនបាន​ទទួល​ជោគជ័យ​ខាងប្រតិភូ​ថា​មិន​មាន​ការ​ប៉ះពាល់​នោះ ដោយ​ហេតុ​ដូច្នេះ​ហើយ បេក្ខភាព​ដ៏​ខ្លាំង​របស់​លោក Schultz នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មានការ​ភ័យ​ខ្លាច។

ឥទ្ធិពល​របស់​លោក Perot ​នៅ​ក្នុងការ​ប្រកួត​ប្រជែង​ប្រធានាធិបតី​ឆ្នាំ​១៩៩២ ​នៅ​តែ​ជា​ប្រភព​នៃ​ភាព​ចម្រូង​ចម្រាស់​នៅ​ពេល​សព្វថ្ងៃ​នេះ។

មានការ​មន្ទិល​សង្ស័យ​តិច​តួច​ថា ​ការ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ដ៏ខ្លាំង​របស់​លោក​លើ​ឱនភាពថវិកា​សហព័ន្ធ​បាន​បង្ខំ​ឲ្យ​គូ​ប្រកួតប្រជែង​របស់​លោកដូចជា ​ប្រធានា​ធិបតី​កាន់​តំណែង​លោក George H. W.Bush និង​លោក Bill Clinton គូ​ប្រកួត​ប្រជែងរបស់​គណបក្ស​ប្រជា​ធិបតេយ្យ ​យក​ចិត្ត​ទុកដាក់​កាន់​តែ​ខ្លាំងឡើង​លើ​បញ្ហា​នេះ​ជាង​អ្វី​ដែល​ពួក​លោក​ចូលចិត្ត។ សំណួរ​ដ៏​ធំមួយ​ថាតើ​លោក ​Perot ​បាន​ជួយ​លោក​គ្លីនតុន​ឈ្នះតំណែង​ប្រធានា​ធិបតី​ដោយ​ការ​ទទួល​បាន​សន្លឹក​ឆ្នោត​ពី​លោកប្រធានា​ធិបតី​ប៊ូស​ដែល​កាន់​តំណែងតែ​មួយ​អាណត្តិ។

​ពួក​អ្នក​វិទ្យា​សាស្រ្តនយោបាយជា​ច្រើន ​ជឿ​ថា ដោយសារ​រឿង​នេះ​លោក​គ្លីនតុន ​បាន​ឈ្នះ​ការ​ប្រ​កួត​ប្រជែង​បេក្ខជន​ទាំង​២​នេះ។ ក៏​ប៉ុន្តែ មាន​សមាជិក​គណបក្ស​សាធារណ រដ្ឋ​ដែល​នៅ​តែ​ស្តី​បន្ទោស​លោក Perot ​ចំពោះ​ការ​ធ្វើ​ឲ្យ​លោក​ប៊ូស ​ឪពុកធ្វើ​ប្រធានា​ធិបតី​បាន​តែ​មួយ​អាណត្តិ។

ឧទាហរណ៍​កាន់​តែ​ប្រសើរ​ទៀត​របស់​ពួកបេក្ខជន​ទី៣ដែល​ជា​អ្នកធ្វើ​ឲ្យខូច​សំឡេង​ឆ្នោតបានចូល​រួម​ការ​ប្រ​កួត​ប្រជែង​នោះ​បាន​កើត​មាន​ឡើង​នៅ​ឆ្នាំ​២០០០​និង​ឆ្នាំ​២០១៦។

ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០០បាន​ធ្លាក់​ទៅលើ​រដ្ឋ Florida ដែលជាអ្នកនៅ​ទី​នោះ ​លោក George W. Bush ខាង​គណបក្ស​សាធារណរដ្ឋ​និង​លោក Al Gore ខាង​គណ​បក្ស​ប្រ​ជាធិបតេយ្យ មាន​សំឡេង​ឆ្នោត​ខុស​គ្នា​ ០.០១ ​ភាគរយ​នៅ​ពេល​ដែលសន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​រួច។

ក្នុង​ការ​ប្រកួតប្រជែង​នេះ ​លោក Ralph Nader ជា​សកម្មជន​ខាងប្រើ​ប្រាស់​ទំនិញ​ដ៏​មាន​ប្រជា​ប្រីយ៌​ភាព​ម្នាក់ ​បាន​ឈរឈ្មោះ​ជា​បេក្ខជន​របស់​គណបក្សបៃតង។​ លោកបានទទួល​សន្លឹកឆ្នោតទូទាំង​ប្រទេស​ចំនួន ២.៧៤ ​ភាគរយ ​ហើយ​សំខាន់​ជាង​គេ​បាន​ទទួល​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Florida ​ចំនួន១.៦៣​ភាគរយ។

ក្នុងការ​ប្រកួត​ប្រជែង​ផ្សេង​ទៀត ​ការ​ណ៍​នេះ​មិន​សូវសំ​ខាន់​ទេ។ ​ក៏ប៉ុន្តែ ​មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា ​គណបក្ស​បៃ​តង​បាន​ទាក់​ទាញ​ពួក​អ្នក​បោះឆ្នោត​សើ្ទរ​តែ​ទាំង​អស់​របស់​ខ្លួន​មក​ពី​ពួក​អ្នកប្រកាន់​នយោបាយ​ឆ្វេង​និយម ​ដោយ​មាន​ផល​ប៉ះ​ពាល់យ៉ាង​ខ្លាំង​លើ​បេក្ខភាព​របស់​លោកGore ​នៅ​ក្នុង​រដ្ឋ​នោះ។

ការ​បោះឆ្នោតឆ្នាំ ២០១៦ លោកស្រី Jill Stein បេក្ខជន​គណបក្ស​បៃតង ​ប្រ​ហែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឱកាស​របស់​លោកស្រី Hillary Clinton នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​រដ្ឋ​សំខាន់​ៗ​ដូចជា​រដ្ឋ Michigan រដ្ឋ Wisconsin និងរដ្ឋ Pennsylvania។

នៅ​រដ្ឋ​ទាំង​៣នោះ ​លោកស្រី​គ្លីនតុន ​បាន​ចាញ់​លោក​ត្រាំ​ខាង​គណបក្ស​សា​ធារណរដ្ឋ​ដោយ​សំឡេង​ឆ្នោត​តិច​ជាង​លោក​ស្រី Stein បាន​ទទួល។ ខណៈ​ដែល​គេ​នៅ​មិន​អាច​ដឹង​ថាតើ ​ពួក​អ្នកគាំទ្រ​របស់​លោកស្រី Stein បាន​បោះ​ឆ្នោត​ដែរ​ឬ​ទេ​នោះ ​ប្រសិនបើ ​លោកស្រី​មិនមាន​ឈ្មោះ​នៅលើ​សន្លឹក​ឆ្នោត​នោះ ​មាន​ការ​មូលមតិ​ដ៏​ធំមួយ​ថា លោក​ស្រី​ Stein ​បានធ្វើ​ឲ្យ​ប៉ះពាល់​លោកស្រី​គ្លីនតុន​ច្រើន​ជា​ង​លោក​ត្រាំ។

ការណ៍​នេះ​ជា​សក្តា​នុពល​មួយ​សម្រាប់​ការ​ឈរឈ្មោះ​របស់​លោក Schultz ដែល​ត្រូវ​គេចាត់​ទុក​ថា ជា​បេក្ខជន​បំបែក​សំឡេងឆ្នោត​ដែល​ពួកគណបក្ស​ប្រជាធិបតេយ្យ ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រកាស​របស់​លោក​នោះ។

លោក Michael Bloomberg អតីត​អភិបាល​ក្រុង​ញូវយ៉ក ​ដែល​កំពុង​ពិចារណា​ពី​ការ​ឈរ​ឈ្មោះ​សម្រាប់​ការ​តែងតាំងខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​និយាយថា លោក​បានរិះរកឈរឈ្មោះ​ជា​បេក្ខជន​ឯករាជ​ហើយ​ជឿ​ជាក់​ថា ​ការ​ឈរ​ឈ្មោះបែបនេះ​ផ្តល់​ប្រយោជន៍​ដល់​លោកត្រាំ។

លោក Bloomberg បាន​និយាយក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«នៅ​ឆ្នាំ​២០២០ទំនង​កាន់​តែ​ខ្លាំង​ឡើង​ថា ការ​ឈរឈ្មោះ​ឯករាជ ​នឹង​បំបែក​សំឡេង​ឆ្នោត​ប្រឆាំងលោកត្រាំ ​ហើយ​នឹង​បញ្ចប់​ដោយលោក​ត្រាំ​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​ម្តង​ទៀត។ ទិន្ន័យ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់។ ប្រសិន​បើ កម្លាំង​គណបក្ស​មួយ​ខ្លាំង​ហើយ​ប្រាកដ​ជា​ប្រព័ន្ធ​បោះ​ឆ្នោត​ជ្រើសរើស​ប្រតិភូ ​គ្មាន​ផ្លូវ​បេក្ខជន​ឯករាជ ​អាច​ឈ្នះបាន​ទេ។​ ការណ៍​នេះកាន់​តែ​ពិត​ឡើង​នៅពេល​ឥឡូវនេះ​ជាង​កាល​ពី​ពេល​មុន»។

ក៏ប៉ុន្តែ ​មិន​មែន​មនុស្ស​ទាំងអស់​ជឿជាក់​ថា បេក្ខភាព​របស់​លោក Schultz នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក Kondik ​បាន​និយាយ​ថា៖

«ខ្ញុំ​គិតថាអ្នក​បោះឆ្នោត​ភាគ​ច្រើន​ឲ្យ​បេក្ខជន​ដូច​ជា​លោក Schultz គឺ អ្នក​បោះឆ្នោត​ដែល​សម្បូរ​ទ្រព្យ​សម្បត្តិ ជនជាតិ​ស្បែកស​ដែល​បាន​ទទួល​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​នៅ​ជាយ​ក្រុង ​អ្នក​បោះឆ្នោត​ខ្លះដែល​អាច​ផ្លាស់​ប្តូរ​ពី​គណបក្ស​សាធារណរដ្ឋ​ទៅ​គណបក្ស​ប្រជាធិបតេយ្យ។ ​ពួកគេ​ប្រហែល​មិន​ពេញ​ចិត្ត​បោះឆ្នោត​ឲ្យ​លោកស្រី​គ្លីនតុនកាល​ពី​ឆ្នាំ២០១៦។ ពួកគេ​ប្រហែល​មិន​ពេញ​ចិត្ត​បោះឆ្នោត​ឲ្យ​លោក​ត្រាំ។ ពួក​គេ​ប្រហែល​បោះឆ្នោត​ឲ្យបេក្ខជន​គណបក្ស​ទី៣​ហើយ​ប្រហែល អ្នក​បោះ​ឆ្នោត​ខ្លះ​នៃ​អ្នក​បោះ​ឆ្នោត​ទាំង​នោះ ​នឹង​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ណាមួយ​ដូចជា​លោក Schultz»។

លោក Kondik បាន​និយាយ​ទៀត​ថា តាម​ពិត លោក Schultz អាច​ធ្វើ​ឲ្យ​ប៉ះពាល់​លោក​ត្រាំច្រើន​ជាង​លោក​ប្រហែលធ្វើ​ឲ្យ​ប៉ះពាល់​បេក្ខជន​ខាង​គណបក្ស​ប្រជា​ធិប តេយ្យ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG