ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឡាវ​សម្ពោធ​ផ្លូវរទេះ​ភ្លើង​ទៅ​ចិន ខណៈ​បំណុល​ក្រុងប៉េកាំង​កើនឡើង


នៅក្នុង​រូប​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បង្ហាញ​ពី​រទេះភ្លើង រត់​លើ​ស្ពាន​ធំ​មួយ​ឆ្លងកាត់​ទន្លេ Yuanjiang ក្នុង​ខេត្ត Yunnan ភាគនិរតី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុង​រូប​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បង្ហាញ​ពី​រទេះភ្លើង រត់​លើ​ស្ពាន​ធំ​មួយ​ឆ្លងកាត់​ទន្លេ Yuanjiang ក្នុង​ខេត្ត Yunnan ភាគនិរតី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

កាល​ពី​ថ្ងៃសុក្រ​ទី៣ ខែធ្នូ ​ក្រោយពី​ការប្រសិទ្ធិពរដោយ​ព្រះ​សង្ឃព្រះពុទ្ធសនា ​នាយករដ្ឋមន្ត្រី​ឡាវលោក Phankham Viphavanh ​បាន​ជិះរទេះភ្លើង​ទី​មួយតាមផ្លូវ​ដែកកសាង​ដោយ​ប្រទេស​ចិន ​មាន​តម្លៃ​៥,៩ ពាន់​ លាន​ដុល្លារ ​ដែល​ភ្ជាប់​ប្រទេស​ឡាវ​សំបូរ​ភ្នំ​ និង​មិនជាប់​នឹង​សមុទ្រ​ទៅ​នឹងផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែងបង្កើន​ពាណិជ្ជកម្ម។

រដ្ឋាភិបាលប្រទេស​ទាំង​ពីរ​ បាន​សរសើរផ្លូវ​ដែកមានប្រវែង​១.០៣៥​ គីឡូម៉ែត្រ​នេះ ពី​រដ្ឋធានី​វៀងចន្ទន៍នៃប្រទេសឡាវ​ ​ទៅ​កាន់ក្រុង​ Kunming ​នាតំបន់​និរតី​ក្រីក្រ​នៃ​ប្រទេស​ចិន​ថា​ ជាការជំរុញការលូតលាស់​សេដ្ឋកិច្ច។​ តែ​ផ្លូវរទេះភ្លើងនេះ​ បន្សល់បំណុល​ដែល​ពួក​អ្នក​ជំនាញ​បរទេស​ព្រមាន​ថា ប្រទេស​ឡាវ​ដែល​មាន​ប្រជារាស្ត្រ​៧​លាន​នាក់​នៅ​ចន្លោះ​ប្រទេស​ចិន​ ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ ប្រហែល​តស៊ូ​ដើម្បី​សង។

ផ្លួវ​ដែក​នេះ​ ជាគម្រោងការ​មួយ​ក្នុង​បណ្តា​គម្រោងការរាប់​រយ​នៃការផ្តើមគំនិតផ្លូវ​ក្រវាត់ពាណិជ្ជ​កម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ស្ថាបនា​កំពង់​ផែ ផ្លូវរទេះភ្លើងនិងហេដ្ឋារចនា​សម្ព័ន្ធ​ឯ​ទៀតៗ​នៅ​ទូទាំងទ្វីប​អាស៊ី ​អាហ្វ្រិក​ និង​តំបន់​មហា​សមុទ្រប៉ាស៊ីហ្វិក។​ ប្រទេស​ក្រីក្រស្វាគមន៍ការ​ផ្តើម​គំនិត​នេះ តែប្រទេស​ខ្លះ​ត្អូញ​ត្អែរ​ថាពួកគេ​ជំពាក់ប្រាក់ធនាគារ​ចិន​ជា​ច្រើន។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ឡាវ​បាន​រាយការណ៍ថា​ ​រទេះភ្លើង​ទី​មួយ​ បាន​បើក​ចេញ​ពីក្រុង​វៀងចន្ទន៍ ​បន្ទាប់ពីពិធីសម្ពោធ​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​ចិន​ Xi Jinping ​និង​សមភាគី​ឡាវ​របស់​លោក​ គឺ​លោក Thongloun Sisoulith ​តាម​ការភ្ជាប់វីដេអូពីរដ្ឋធានី​នៃ​ប្រទេស​ទាំង​ពីរ​។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មានឡាវ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែធ្នូ ព្រះសង្ឃឡាវ ​គ្រងចីពរ​លឿង បានធ្វើ​ពិធី​មួយ​សម្រាប់​ផ្លូវដែក​នេះ។​

នៅពេល​នេះ​ ផ្លូវ​ដែក​នេះ​ មាន​កំណត់​ដឹកតែ​ទំនិញឆ្លងកាត់​ព្រំដែនដោយសារ​មានការហាម​មិន​ឱ្យដឹក​អ្នក​ដំណើរ​ដើម្បីទប់ទល់​នឹង​វីរុស​កូរ៉ូណា។

ផ្លូវ​ដែករវាងក្រុង​វៀងចន្ទន៍ និង​ក្រុង Kunming ​នេះ​ ជា​ការភ្ជាប់​ជាមួយបណ្តាញផ្លូវ​រទេះភ្លើង​មួយ​ក្នុង​ពេលអនាគត​ដែលភ្ជាប់​ប្រទេស​ចិន​ជា​មួយប្រទេស​ថៃ ​ប្រទេស​វៀតណាម​ មីយ៉ាន់ម៉ា ​ម៉ាឡេស៊ី​ និង​សិង្ហបូរី។ ការណ៍​នេះ​ នឹងនាំ​ឱ្យប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ ​មានការចូល​ទាក់ទង​ច្រើន​ជាង​មុនជាមួយកំពង់ផែ​ និង​ផ្សារ​នាំទំនិញ​ចេញ​ក្រៅ​ប្រទេស។

ពួក​អ្នកម៉ៅការចិន កំពុង​កសាងផ្លូវរទេះ​ភ្លើង​លឿនមួយខ្សែ​ពី​រាជធានីបាងកក​នៃ​ប្រទេស​ថៃ​ ទៅកាន់​ព្រំដែន​ឡាវ​។​ ការ​ស្ថាបនា​ផ្លូវ​ដែក​នេះ នឹង​ចប់​សព្វគ្រប់​នៅ​ឆ្នាំ២០២៨​ ហើយនឹងបន្សល់​ទុកចន្លោះមួយរវាងព្រំដែន និង​ផ្លូវ​ដែក​ទៅ​ប្រទេស​ចិន។

ការ​ខ្ចី​ប្រាក់​មាន៦០%​នៃវិនិយោគផ្លូវ​ដែក។ ពួកអ្នក​ជំនាញបរទេសនិយាយ​ថា នេះ​ជាការខ្ចីប្រាក់​ច្រើន​មិនធម្មតា​សម្រាប់គម្រោងការ​ហេដ្ឋារចនា​សម្ព័ន្ធ​ ហើយ​បង្កើនការប្រថុយ​ប្រថានថា ​ផ្លូវ​ដែក​នេះ​ មិន​មានប្រាក់​ចំណូលគ្រប់គ្រាន់​សម្រាប់សង​ប្រាក់​បំណុល។

ប្រទេស​ឡាវ ជាប្រទេសមួយមាន​សេដ្ឋកិច្ច​លូតលាស់លឿនក្នុងពិភពលោកកាល​ពីទសវត្សរ៍​មុន ​តែនៅ​តែ​ជា​ប្រទេសក្រី​ក្រ។ ទិន្នផល​សេដ្ឋកិច្ចជា​មធ្យមភាគ​នៃ​ប្រទេស​នេះ​ក្នុង​មនុស្ស​ម្នាក់ៗ​ បានកើនឡើង​ជាងពីរដងចាប់ពី​ឆ្នាំ២០១០​មក​ តែនៅនឹង​ចំនួន​២៦០០​ដុល្លារ៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម​ សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG